មុន ៥ ប្រភេទ និងរបៀបព្យាបាល គ្នាយើងកើតមុនគួរស្វែងយល់

ដោយ ត្រួតពិនិត្យដោយ Chan Sineth.

អាចថា អ្នកណាក៏កើត មុន ដែរ។ គ្រាន់តែថា យើងអត់ចាប់អារម្មណ៍ ឬយកចិត្តទុកដាក់ពីរបៀបព្យាបាលឲ្យបានត្រឹមត្រូវ ប្រយ័ត្ន​ខូច​មុខ​ខ្ទេច​ខ្ទី​អត់ទៅ។ “Hello គ្រូពេទ្យ” នឹងបញ្ជាក់ពីប្រភេទ មូលហេតុកើតមុន និងការព្យាបាលមួយចំនួនឲ្យគ្នាយើងបានដឹង។

ប្រភេទមុន៖

១- មុនមានក្បាល

ចែកជាពីរ គឺ មុនក្បាលខ្មៅ និង មុនក្បាលស។ ការស្ទះរន្ធញើស លាយឡំជាតិខ្លាញ់ និងកោសិកាស្បែកសឹករេចរឹល ឬងាប់ ជាមូលហេតុសំខាន់បំផុតនាំឲ្យមុនកើត។ មុនទាំងនេះ អាចក្លាយទៅជាដុំពក។ ពេលវាស្ថិតនៅក្រោមស្រទាប់ស្បែក ភាគច្រើនវាមានមុខពណ៌ស ឬហៅថា “មុនបិទមុខ” ឬ “មុនក្បាលស”។

“មុនក្បាលខ្មៅ” ភាគច្រើនស្ថិតលើផ្ទៃមុខ ជាតិខ្លាញ់មានប្រតិកម្មជាមួយខ្យល់ធ្វើឲ្យមុខវាប្រែពណ៌ទៅជាខ្មៅ ឬភាគច្រើនគេឲ្យឈ្មោះថា “មុនក្បាលបើក” ឬ “មុនក្បាលខ្មៅ”។ ក្បាលមុនខ្មៅនេះ មិនមែនកើតឡើងដោយសារធូលីដីទេ។

២- មុនកន្ទួលក្រហម

ពេលរន្ធញើសកាន់តែស្ទះខ្លាំង មុនមានក្បាលទាំងនោះ នឹងចាប់ផ្ដើមរលាក ហើយកាន់តែរីកធំឡើងកន្ទួលក្រហម។ មុនប្រភេទនេះ លេចឡើងជាដុំពកតូចៗពណ៌ក្រហមលើស្បែក។ ទោះជាឡើងកន្ទួលក្រហមកាន់តែធំ ឬឃើញច្បាស់យ៉ាងណាក៏ដោយ ត្រូវចៀសវាងឆ្កឹះ បើ​សិន​ជាមិនចង់សល់ស្នាម ពេលមុខរបស់វាសះ។

៣- មុនកន្ទួលក្រហមខ្ទុះ

ក៏ជាប្រភេទមុនមានក្បាលរលាកដែរ។ មុនបែបនេះ មានបាតពណ៌ក្រហម ក្បាលស និងខ្ទុះនៅខាងក្នុង។ បើសិនជាយើងទប់អារម្មណ៍មិនបាន ហើយញេច ឬឆ្កឹះ អាចបណ្ដាលឲ្យមានស្នាមជ្រៅ អាចធ្វើឲ្យស្បែកគ្រើម។

៤- មុនដុំពក

មុនដុំពក ចាត់ចូលជំងឺមុនកម្រិតធ្ងន់។ មុនបែបនេះ មានក្បាលរឹង ហើយរលាក និងឈឺចាប់ ពេលញេច។ ក្រោយជាសះ អាចនៅសល់ស្លាកស្នាមក្រហមៗ ឬក្រមៅ។

៥- មុនដុំគីស

មិនខុសពីមុនដុំពកប៉ុន្មានទេ គ្រាន់តែមានទំហំធំជាង។ ទីតាំងឧស្សាហ៍កើត គឺក្រោមស្រទាប់ស្បែកជ្រៅ ហើយពោរពេញដោយខ្ទុះ។ មុនប្រភេទនេះ មានលក្ខណៈទន់ៗ ឈឺខ្លាំង បើញេច ហើយនឹងសល់ស្នាមក្រោយសះ។ ពេលឡើងមុនប្រភេទនេះលើមុខ យើងប្រហែលមិនចង់ជួបអ្នកណាទេ។

ការព្យាបាល៖

ការព្យាបាលជំងឺមុន ឬកែខៃស្ថានការណ៍ឲ្យល្អប្រសើរ អាស្រ័យតាមស្ថានភាព និងកម្រិតជំងឺមុន។ យើងបែងចែកមុនជា ៣ កម្រិត៖

១- កម្រិតស្រាល

រាប់ថាស្រាល គឺពពួកមុនក្បាលខ្មៅ មុនក្បាលស និងមុនកន្ទួលក្រហមខ្ទុះ។ យើងអាចព្យាបាល៖

– លាងសម្អាតស្បែកមុខដោយទឹកក្ដៅឧណ្ហៗ ឬសាប៊ូលាងមុខកម្រិតស្រាល ២ ដង/ថ្ងៃ ដើម្បីជម្រះជាតិខ្លាញ់ កោសិកាស្បែកងាប់ ឬធូលី។ រឿងសំខាន់មួយទៀតត្រូវចាំ គឺកុំដុសខាត់ស្បែកឲ្យសោះ។
– លាបជាតិ Benzoyl Peroxide ដើម្បីជួយបន្ថយជាតិខ្លាញ់មិនល្អលើមុខ។
– លាបអាស៊ីដ Salicylic និងស្ពាន់ធ័រ ដើម្បីព្យាបាលមុនក្បាលស និងក្បាលខ្មៅ។
– ករណី ២ ខែហើយ នៅតែអត់បានផល កុំចាំទៀត ត្រូវទៅជួបពេទ្យ។

២- កម្រិតមធ្យម

សំដៅដល់ការរាលដាលប្រភេទមុនក្បាលខ្មៅ មុនក្បាលស មុនកន្ទួលក្រហម ឬមុនដុំពក ដែលរាលដាលទៅផ្នែកធំណាមួយនៃមុខ ឬរាងកាយ (បរិមាណច្រើន)។ មុនស្ថិតក្នុងស្ថានភាពអាចព្យាបាលបាន ប៉ុន្តែពិបាក និងស៊ីពេលជាងកម្រិតស្រាលបន្តិច។

ពេទ្យអាចណែនាំឲ្យប្រើថ្នាំអង់ទីប៊ីយ៉ូទិកប្រភេទលាប ឬអាស៊ីដ Retinoic អាចជាក្រែម ឬឡេ។ អាស៊ីដ Retinoic អាចជួយការពារស្បែកមិនឲ្យកើតមុនក្បាលខ្មៅ ឬមុនក្បាលស។ ការប្រើសារធាតុ Benzoyl peroxide មកលាបលើមុនទាំងនេះ ក៏ជាមធ្យោបាយល្អដែរ។

ពេទ្យក៏អាចណែនាំអង់ទីប៊ីយ៉ូទីកប្រភេទគ្រាប់ខ្លះដែរ ដើម្បីឲ្យការព្យាបាលកាន់តែឆាប់ជា។ ចំណុចនេះ ចំពោះស្ត្រីដែលកំពុងប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើត អាចធ្វើឲ្យប្រសិទ្ធភាពថ្នាំអង់ទីប៊ីយ៉ូទិក ធ្លាក់ចុះ។ អ៊ីចឹង ពិចារណាផ្លាស់ប្ដូរវិធីពន្យារកំណើតជាជម្រើសល្អ ដើម្បីព្យាបាលមុន កាន់តែមានប្រសិទ្ធភាព។

អំណាចថ្នាំ អង់ទីប៊ីយ៉ូទិក អាចធ្វើឲ្យស្បែកងាយរង ឬឆាប់ខូចខាតជាងធម្មតាពីកម្ដៅព្រះអាទិត្យ។ បើចេញក្រៅ ដឹងថាត្រូវថ្ងៃ គួរលាបឡេការពារកម្ដៅថ្ងៃ ឬស្លៀកពាក់ឲ្យជិតៗ។

៣- កម្រិតធ្ងន់ធ្ងរ

សំដៅដល់ “មុនដុំគីស” ដែលស្ថិតនៅកប់ជ្រៅ លើមុខ ជាងមុនផ្សេងទៀត ឯការព្យបាលក៏កាន់តែពិបាក និងស្មុគស្មាញ។ ប្រតិកម្មរបស់មុនប្រភេទនេះ អាចបង្កឲ្យឡើងកន្ទួលក្រហម ហើម និងខូចស្បែក។

ដើម្បីព្យាបាលត្រឹមត្រូវ ត្រូវទៅពេទ្យឯកទេសសើស្បែក ឬខាងគ្លីនិក។ មិនគួរអង្គុយកេះ ឬញេចខ្លួនឯងនៅផ្ទះទេ បើមិនចង់ខ្ទេចមុខ ព្រោះធ្វើខ្លួនឯង អត់មានអនាម័យ ហើយអាចឆ្លងមេរោគចូល អាចបង្កឲ្យស្នាមកាន់តែធំ។

នៅមន្ទីរពេទ្យឯកទេស ពេទ្យនឹងញេច ឬបូមខ្ទុះចេញ ជាដំណាក់កាល ដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ ពេទ្យនឹងប្រើគ្រាប់ថ្នាំអង់ទីប៊ីយ៉ូទិកព្យាបាលផងដែរ។ តែចំពោះដុំគីសធំវិញ ពេទ្យអាចនឹងប្រើថ្នាំចាក់បង្រួម ឬអាចប្រើថ្នាំ Accutane® ដែលជាថ្នាំមានប្រសិទ្ធភាពខ្ពស់ជាងថ្នាំដទៃ។ បើការព្យាបាលត្រឹមត្រូវ ហើយមានប្រសិទ្ធភាពនោះ យើងនឹងឃើញមុខវិលទៅរកភាពប្រក្រតី យូរបំផុតចន្លោះពី ៦-៨ សប្ដាហ៍។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កុម្ភៈ 13, 2019 | កែសម្រួលចុងក្រោយ ខែ​កុម្ភៈ 13, 2019

អ្នកអាចចូលចិត្ត