backup og meta

អាហារ ៤ ប្រភេទនេះ អ្នកកើតហឺតកុំញ៉ាំឲ្យសោះ ព្រោះអាចធ្វើទុក្ខខ្លាំង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 15, 2019

    អាហារ ៤ ប្រភេទនេះ អ្នកកើតហឺតកុំញ៉ាំឲ្យសោះ ព្រោះអាចធ្វើទុក្ខខ្លាំង

    កើត​ហឺតជួបប្រទះផលវិបាកច្រើន ទាំងអាកាសធាតុ បរិស្ថានជុំវិញខ្លួន សូម្បីតែហាត់ប្រាណ ក៏ប្រទះផល​វិបាកច្រើនដូច​គ្នា ពិសេសចំពោះស្រីៗ កាន់តែពិបាកខ្លាំងរឿងពពោះតែម្តង។ អ្នក​កើតហឺត គួរ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ សូម្បីតែ​អាហារ​ខ្លះ ក៏ប៉ះពាល់​សុខភាពយើងដែរ ហេតុនេះ “Hello គ្រូពេទ្យ’ នឹងប្រាប់​គ្នា​យើងកើតហឺត ​កុំ​ញ៉ាំ​​អាហារ​ដូច​ខាងក្រោម​នេះ។

    ១- អាហារ​​មាន​ផ្ទុក​ជាតិស្ពាន់ធ័រ

    សារធាតុ​ស្ពាន់ធ័រ​ (Sulfurs) ដូចជា ​ឌីអុកស៊ីត​ស៊ុលផួរិច ​ត្រូវ​បាន​ប្រើប្រាស់​ ដើម្បី​បង្ការ​ផ្លែ​ឈើ​ក្រៀម​ កុំ​ឲ្យ​បាត់បង់​ពណ៌ ​ជួយ​កាត់​បន្ថយ​ការ​កកើត​​បាក់តេរី​ និងធ្វើ​ឲ្យ​មាន​ភាព​ទន់​ ងាយ​ស្រួល​ញ៉ាំ។ គ្នា​យើង​​មួយ​ចំនួន​ អាច​មាន​ប្រតិកម្ម​ស្រាល​ ដូចជា​ ឡើង​កន្ទួល​រមាស់​ និង​ខ្លះទៀត ​មាន​អាការៈ​ធ្ងន់ធ្ងរ​ ដូចជា ​ពិបាក​ដក​ដង្ហើម​ ​សន្លប់​ សម្ពាធ​ឈាមធ្លាក់​ចុះ ឈឺ​ពោះ​ ឬ​រាករូស។ សម្រាប់​អ្នកកើត​ហឺត បើ​ញ៉ាំ​​ផ្លែ​ឈើ​ក្រៀម ​មាន​ផ្ទុក​សារធាតុ​ស្ពាន់ធ័រ​នេះ​ តែង​មាន​ប្រតិកម្ម​​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទៀត​ផង​។

    សារធាតុ​ស្ពាន់ធ័រ​ មាន​ផ្ទុក​នៅ​ក្នុង​ផ្លែឈើ​ក្រៀម ​ដូច​ជា​ ទំពាំងបាយជូរក្រៀម ​ម្នាស់ក្រៀម ​ដំឡូង​បារាំង​​វិច​ខ្ចប់ ​ស្រា​ក្រហម ​ស្រា​បៀរ ​តែ ​ដំណាប់​ផ្លែ​ឈើ​ ទឹក​ផ្លែ​ឈើ​ គ្រឿង​ស៊ុប​ក្រៀម ​និង​បង្គារ​ក្រៀមជាដើម។ ហេតុ​នេះ​ គ្នា​យើង​មាន​ជំងឺ​ហឺត ​គួរ​មើល​ស្លាក​សញ្ញា​សិន ​មុន​​ទិញ​យក​មក​ញ៉ាំ។

    ២- ផលិតផល​ទឹក​ដោះ​គោ

    ផលិតផល​ទឹក​ដោះ​គោ​ ដូចជា ឈីស ​និង​ទឹក​ដោះ​គោ​ជូរ សុទ្ធ​តែ​ជាអាហារ​មាន​សារធាតុ​ច្រើន​ធ្វើ​ឲ្យ​ជំងឺ​ហឺត​រើ​ឡើង​ ព្រោះ​សកម្ម​ភាព​របស់​វា អាច​ធ្វើ​ឲ្យ​កក​ស្ទះ​ផ្លូវ​ដង្ហើម ​និង​បង្កើន​ស្លេស្ម។ ម៉្យាង​ទៀត ​ផលិតផលពី​​ទឹក​ដោះ​គោ​ មាន​​សារធាតុ​ខ្លាញ់​ខ្ពស់​ងាយ​​បង្ក​ការ​រលាក​បាន។ ប៉ុន្តែ​​បើ​ផឹក​ក្នុង​បរិមាណ​ត្រឹមត្រូវ ​មិន​ហួស​កម្រិត ​ផលិតផល​នេះ​អាចជួយ​ដល់​សុខភាព ​ឬ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យជាមុន ​ថា​តើ​ផលិតផល​ទឹក​ដោះ​គោ​ណា​សក្ដិសម​នឹងយើង។

    ៣- ​សាច់​កិន

    តាម​ការ​សិក្សា​ជា​ច្រើន​​បង្ហាញ​ថា​ ញ៉ាំ​អាហារ​សាច់​កិន​ ដូចជា ​សាច់ក្រក សាច់​ហេម ​និង​ឈីស​ អាច​ធ្វើ​ឲ្យ​ជំងឺ​ហឺត​​មាន​បញ្ហា​កាន់​តែ​អាក្រក់​ឡើង​ ព្រោះ​អាហារ​​រក្សា​ទុក​ទាំង​នេះ មាន​ផ្ទុក​សារធាតុ​នីទ្រិច ​ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម។ ម៉្យាង​ទៀត​ អាហារខ្លះ​ ជួនកាល​ផ្ទុក​នូវ​សារជាតិ​ខ្លាញ់​មិន​ល្អ និង​សូដ្យូម​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថានភាព​ជំងឺ​ហឺត​។ ដើម្បី​ទទួល​បាន​ប្រូតេអ៊ីន​ និង​​មាន​សុខភាព​ល្អ​វិញ​ គួរ​ញ៉ាំសាច់​ត្រី ​ឬ​សាច់​មាន់​គ្មាន​ស្បែក។

    អត្ថបទពាក់​ព័ន្ធ៖

  • បើពេលហាត់ប្រាណ ប្រទះ​អាការៈ​ទាំង​នេះ ត្រូវ​ប្រយ័ត្ន​ផង!
  • បើមិនចង់​ឲ្យ​ហឺតរើឡើង ត្រូវ​ដឹងប៉ុន្មាន​ចំណុច​នេះសិន
  • ៤- អាហារ​ប្រៃ

    អំបិល ​ឬ​សូដ្យូម​ ត្រូវ​បាន​ប្រើ​សម្រាប់​បង្កើន​រសជាតិ​អាហារ ​រក្សា​សោភ័ណភាព​ និង​ទុក​បាន​យូរ។ ប៉ុន្ដែ​ ញ៉ាំ​​ជាតិ​ប្រៃ​ច្រើន​លើសកម្រិត អាច​ធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​កាន់​តែ​អាក្រក់ ​និង​ធ្វើ​ឲ្យ​មាន​ការ​រើ​ឡើង​ ​ដោយ​ពេទ្យណែនាំ​ញ៉ាំ​អំបិល​ត្រឹម ២៣០០ ​មិល្លី​ក្រាម ​ឬ​តិច​ជាង​នេះ។ គួរ​រើស​យក​អាហារណា​​មាន​ដាក់​ស្លាក​សញ្ញា​ “គ្មាន​ជាតិ​សូដ្យូម ​ឬ​កម្រិត​សូដ្យូម​ទាប’ ​និងគួរ​ចៀស​វាងអាហារសម្បូរ​​ជាតិ​សូដ្យូម​ ដូចជា ​នំ​បុ័ង​មាន​រសជាតិ​ប្រៃ ឈីស​ អាហារ​កំប៉ុង ​នំ​ដំឡូង​បារាំង ​និង​នំ​ធុង។

    គួរ​បន្ថយ​ការញ៉ាំជាតិ​ប្រៃ​ ដើម្បី​កាត់​បន្ថយ​ឱកាស​កើតជំងឺ​លើស​សម្ពាធ​ឈាម ​ជំងឺ​បេះដូង​ ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ ជំងឺ​ឆ្អឹង​ ជំងឺ​តម្រង​នោម​ និង​បញ្ហា​សុខភាព​ផ្សេង​ទៀត។

    ជំងឺ​ហឺត​ អាច​កើត​មាន​ឡើង​ដោយ​សារ​តែរបប​អាហារ​មួយ​ចំនួន​ តែ​កុំ​បារម្ភ​ពេក​អី​ ព្រោះយើង​​នៅ​តែ​អាច​គ្រប់គ្រង​ស្ថានភាព​នេះ​បាន។ ប្រឹក្សា​យោបល់ពី​អាហារ​អាច​ធ្វើ​ឲ្យ​ជំងឺ​យើង​រើ​ឡើងជាមួយ​គ្រូពេទ្យ និង​កត់ត្រា​ទុក​ឲ្យ​បាន​ច្បាស់​លាស់។ ហើយ​​បើ​​ជំងឺ​ហឺត​រើ​ឡើង​ ក្រោយ​​ញ៉ាំ​អាហារ​អ្វី​មួយ ​​គួរ​តែ​កត់​ចំណាំ​អាហារ​នោះ​ទុក ​និង​អាការៈជំងឺ​ផង​។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 15, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម