ទើប​​ជា​ពី​មហារីក​ដោះ​ ដឹងអត់រក្សា​គីឡូបែប​ណាបានល្អ?

ដោយ ត្រួតពិនិត្យដោយ Chan Sineth

ស្រីៗ​គ្នា​យើង​ដឹង​ច្បាស់​ជាង​គេ អារម្មណ៍​ពេល​កើត​មហារីក​ដោះ ថា​ឈឺ​ចាប់​ ភិតភ័យ​ប៉ុណ្ណា? ប៉ុន្តែ​ក្រោយ​ព្យាបាល​ជំងឺ​កាច​សាហាវ​នេះ​រួច ដឹង​ថា​រក្សា​ទម្ងន់​ប៉ុណ្ណា​ល្អ​សម្រាប់​យើង​អត់? បើ​មិន​ទាន់​ដឹង​ទេ​ចាំ “Hello គ្រូពេទ្យ” ប្រាប់​ត្រួសៗ​ទម្ងន់​សាក​សម​សម្រាប់​គ្នា​ និង​វិធី​រក្សា​ទម្ងន់​មាន​ប្រសិទ្ធភាព។

១- ថ្លឹងទម្ងន់

តើធ្វើ​ម៉េច​ទើប​អាច​ដឹង​ថា​​គីឡូ​ម៉ាន ​សុខភាព​ល្អ? ដើម្បី​ដឹង​បាន គួរ​ប្រើ​ក្បួន​គណនា​តាមសន្ទស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់ (BMI) ឬ​ពិភាក្សា​ជាមួយ​ពេទ្យ ពី​ស្ថានភាព​ទម្ងន់ ដែល​ត្រឹម​ត្រូវ។

២- ឡើង​ទម្ងន់

ជំងឺ​មហារីក​មិន​ប្រាកដ​ថា ធ្វើ​ឲ្យ​ស្រក​ទម្ងន់​ទាំង​អស់​នោះ​ទេ។ ក្នុង​ករណី​ខ្លះ​អាច​ឡើង​គីឡូ ដូចជា​ ការ​ព្យាបាល​ដោយ​អ័រម៉ូន​ ថ្នាំមួយ​ចំនួន​ ឬ​ការ​ព្យាបាល​ដោយ​សាធាតុ​គីមី។ វិធី​ព្យាបាល​ទាំង​នេះ​អាច​ឲ្យ​រាងកាយ​​​ស្តុក​ទឹក ទុក​ក្នុង​ខ្លួន​​ច្រើន ហើយ​ខ្លះ​ទៀត ធ្វើ​ឲ្យ​អ្នក​បរិភោគ​ច្រើន​ជាង​មុន​ ហើយ​ការ​ហត់​អស់​កម្លាំង ក្រោយ​ព្យាបាល​ក៏​អាច​ធ្វើ​ឲ្យ​ឡើង​គីឡូ​ដូចគ្នា។

គ្រប់​គ្រង​ការ​ឡើង​ទម្ងន់​តាម​រយៈ​អាហារ៖

– ប្រើ​ប្រាស់​ផលិត​ផល​ទឹក​ដោះ​គោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​
– កុំ​ញ៉ាំ​ប្រៃ​ពេក ព្រោះ​អំបិល​ទាញ​ទឹក​ទុក​ក្នុង​រាងកាយ
– ប្តូរ​វិធី​ចម្អិន​ម្ហូប អាច​សាក​បែប ​​ចំហុយ ស្ងោរ ដុត ឬអាំង​វិញ
– ញ៉ាំ​អាហារ​តិចៗ ឲ្យ​បាន​ច្រើន​ពេល។ ចម្អិន​ល្មម​ញ៉ាំ​បាន​ហើយ ដើម្បី​កុំ​ឲ្យ​ញ៉ាំ​ច្រើន​ជ្រុល
– ញ៉ាំ​ពពួក​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ ដូចជា សាច់សុទ្ធ (ជ្រូក គោ) កុំ​ញ៉ាំ​ស្បែក ព្រោះ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់។

– ហាត់​ប្រាណ៖ ហាត់​ប្រាណ​ត្រឹម​ត្រូវ​មួយ​ចំនួន​អាច​ជួយ​​​ឲ្យ​ស្រក​គីឡូ ដូចជា​ដើរ ហែល​ទឹក ជិះ​កង់ យូហ្គា ឬរត់​ជា​ដើម។ ព្យាយាម​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ ព្រោះ​វា​អាច​ជួយ​ឲ្យ​មាន​កម្លាំង​ឡើង​វិញ​ក្រោយ​ពី​ព្យាបាល​មហារីក។

– រក​ជំនួយ​ពី​អ្នក​ជំនាញ៖ អាច​និយាយ​ជាមួយ​គ្រូពេទ្យ អ្នក​ជំនាញ​ខាង​ផ្នែក​អាហារ និង​សារធាតុ​ចិញ្ជឹម ដើម្បី​ដឹង​ពី​មូល​ហេតុ​នៃ​ការ​ឡើង​គីឡូ បន្ទាប់​ពី​ព្យាបាល​ជំងឺ​មហារីក​សុដន់ ហើយ​នឹង​ជួយ​រៀបចំ​ផែន​ការ​សម្រក​គីឡូ​មួយ​ដ៏​សមរម្យ។

– ញ៉ាំ​ផ្លែឈើនិង​បន្លែ​ឲ្យ​បាន​ច្រើន ព្រោះ​ផ្លែ​ឈើសម្បូរ​វីតាមីន​ សារធាតុ​ខនិជ ជាតិ​សរសៃ និង​មាន​កាឡូរី​ទាប។ អាហារ​ទាំង​នេះ​ជួយ​ឲ្យ​ឆ្អែត​បាន​យូរ ហើយ​មិន​ឡើង​គីឡូ​ថែម​ទៀត។ ប៉ុន្តែ​កុំ​ភ្លេច​លាង​ទឹក​ឲ្យ​បាន​ស្អាត មុន​ពេល​ញ៉ាំ។

– ញ៉ាំ​អាហារ​ស្រូវ​សាឡី ដូចជា​នំប៉័ង​ស្រូវ​សាឡី ឬផាសតា (Pasta) សុទ្ធ​តែ​សំបូរ​ដោយ​សារជាតិ​សរសៃ។ ប៉ុន្តែ​​​គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន​ថា​អាហារ​ជាតិ​សរសៃ​នេះ​ល្អ​សម្រាប់​ឬ​អត់។

– ញ៉ាំ​អាហារ​ជាតិ​ខ្លាញ់​តិច តែ​មិន​មែន​មាន​ន័យ​ថា​អត់​ញ៉ាំ​នោះ​ទេ។ មិន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​សារជាតិ​ខ្លាញ់​ឆ្អែតដូចជា​ បឺរ អាហារ​បំពង ឬ​ម៉ាយូណេ (Mayonnaise)។ ដោយ​ឡែក គួរ​ញ៉ាំ​ពពួក​ខ្លាញ់​ដែល​ល្អ​ដូចជា ខ្លាញ់​អូមេហ្គា ៣ (Omega-3 fatty acids) មាន​ក្នុង​គ្រាប់​ធញ្ញជាតិ និង​ត្រី​សាល់ម៉ុន។

៣-ស្រក​ទម្ងន់

ការ​ស្រក​ទម្ងន់​អាច​កើត​ឡើង​ដោយ​សារ​ជំងឺ​ ឬ​ដោយ​សារ​ការ​ព្យាបាល។ បញ្ហា​ផ្លូវ​អារម្មណ៍​ដូចជា​ថប់​អារម្មណ៍ និង​ស្រ្តេស​ហើយ​បញ្ហា​ផ្នែក​រាង​កាយ ដូចជា ចង់​ក្អួត និង​អស់​កម្លាំង អាច​ធ្វើ​ឲ្យ​​​ស្រក​គីឡូ​បាន។

៤-គ្រប់​គ្រង​អាការៈ​ស្រក​ទម្ងន់​តាម​រយៈ​អាហារ

– ញ៉ាំ​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន និង​កាឡូរី​ខ្ពស់
– ញ៉ាំ​អាហារ​តិចៗ ឲ្យ​បាន​ច្រើន​ពេល ល្អ​ជាង​ញ៉ាំ​តែ​ ៣​ពេល តែ​ច្រើនៗ។
– ញ៉ាំ​អាហារ​ឲ្យ​ទៀង​ពេល មិន​គួរ​ចាំ​ដល់​ពេល​ឃ្លាន​ទើប​ញ៉ាំ​នោះ​ទេ ព្រោះ​​​អាច​ធ្វើ​ឲ្យ​មិន​ឃ្លាន​តែ​ម្តង នាំ​ឲ្យ​រាងកាយ​ទទួល​បាន​ជីវជាតិ​មិន​គ្រប់​គ្រាន់។

៥-ហាត់​ប្រាណ

ការ​ហាត់​ប្រាណ​អាច​ជួយ​ឲ្យ​​យើង​ឆាប់​ឃ្លាន​ ហើយ​ញ៉ាំ​បាន​ច្រើន។ គួរ​រើស​យក​លំហាត់​ប្រាណ​ស្រាលៗ ដូចជា ជិះ​កង់​ និង​ហែល​ទឹក។ វិធី​លំហាត់​ប្រាណ បញ្ចេញ​សកម្មភាព​ខ្លាំង​ៗដូចជា បាល់បោះ ឬបាល់​ទាត់ គួរ​តែ​កុំ​ល្អ​ជាង។

៦-ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ

អាច​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​គ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ផ្នែក​អាហារ ព្រោះ​អ្នក​ជំនាញ​ទាំង​នេះ ​អាច​ជួយ​យើង​​រក​មូល​ហេតុ​នៃ​ការ​ស្រក​គីឡូ ឬ​ឡើង​គីឡូ ហើយ​និង​របៀប​ដោះស្រាយ។

៧-ប្រើ​តិចនិក​ពិសេស

បើ​​មិន​អាច​ញ៉ាំ​តាម​មាត់​បាន អាច​ញ៉ាំ​តាម​បំពង់​សុង​អាហារ តែ​ចាំ​គ្រូពេទ្យ​ណែនាំ​ចាំ​ធ្វើ។ ការ​រក្សា​ទម្ងន់​ឲ្យ​បាន​ថេរ គឺ​សំខាន់​ណាស់ ជា​ពិសេស​ពេល​ព្យាបាល​មហារីក​សុដន់​រួច ព្រោះ​អាច​ជួយ​កាត់​បន្ថយ​​​បញ្ហា​សុខភាព​មួយ​ចំនួន ដូចជា កាត់​បន្ថយ​ហានិភ័យ​នាំ​ឲ្យ​លាប់​ជំងឺ​មហារីក​សុដន់ឡើង​វិញ។ ដូចនេះ បើ​ដឹង​ខ្លួន​ថា​លើស​គីឡូ​សូម​ព្យាយាម​សម្រក ហើយ​បើ​ស្រក​គីឡូ ​សូម​ព្យាយាម​ញ៉ាំ​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​ឡើង​គីឡូ​វិញ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កុម្ភៈ 1, 2019 | កែសម្រួលចុងក្រោយ ខែ​កុម្ភៈ 1, 2019

ប្រភព
ចង់​ដឹង​អាថ៌កំបាំង​សុខភាព​ល្អ​បំផុត?
តាម​ដាន​អត្ថបទ​សុខភាព​ថ្មីៗ​ប្រចាំ​ថ្ងៃ​របស់ "Hello គ្រូពេទ្យ"
អ្នកអាចចូលចិត្ត