ខ្លាច​មហារីក​មាត់​ស្បូន​អត់? បើខ្លាច​ត្រូវ​ស្វែងយល់អំពីវ៉ាក់សាំង HPV

ដោយ ត្រួតពិនិត្យដោយ Kim Kanel.

ធ្លាប់​ឮ ធ្លាប់​ដឹង​ហើយ ពិសេស​ស្រីៗ​គ្នា​យើង ពាក់​ព័ន្ធ​ជំងឺ​មហារីក​មាត់​ស្បូន និង​ជំងឺ​កាមរោគ​កាច​សាហាវ​ជាច្រើន​ទៀត ប៉ុន្តែ​ដឹង​អត់ អ្វី​ជាមូល​ហេតុ​បង្ក​ឲ្យ​មាន​ជំងឺទាំង​នេះ។ “Hello គ្រូពេទ្យ” ប្រាប់​ឲ្យ​ដឹង​ពេល​នេះ​តែ​ម៉ង​ចុះ មហារីក​មាត់​ស្បូន​ដែល​សម្លាប់​ស្រីៗ​ច្រើន​បំផុត​លំដាប់​ទី ២ លើ​ពិភពលោក​ ​បង្ក​ឡើង​ដោយ​សារ វីរុស HVP បើ​អ៊ី​ចឹង គួរ​ប្រុង​ប្រយ័ត្ន​ និង​ស្វែង​យល់​ពី​វីរុស​ប្រភេទ​នេះ​ និង​វិធី​ការពារ​ទាំង​អស់​គ្នា។

១- អ្វី​ទៅ​ជា​វីរុស HPV?

HPV មក​ពី​ពាក់​ពេញ Genital Human Papillomavirus ជា​មេរោគ​ងាយ​ជួយ​ប្រទះ​ជាង​គេ​បំផុត ក្នុង​ចំណោម​មេរោគ​កាម​រោគ​ទាំង​អស់។ គេ​រក​ឃើញ​ថា មេរោគ​នេះ​មាន​ប្រមាណ​ជាង ៤០​ប្រភេទ ហើយ​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ។

HPV ភាគ​ច្រើន​មិន​បង្កឲ្យ​មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់ ហើយ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​មាន​គ្នា​យើង​ជា​ច្រើន​ មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​មេរោគ​មួយ​នេះ ដោយ​សារ​ដឹង​ថា អាច​​បង្ក​ឲ្យ​កើត​មហារីក​នៅ​មាត់​ស្បូន ខណៈ​ស្រីៗ​រាប់​លាន​នាក់ បាត់​បង់​ជីវិត​ដោយ​សារ​មហារីក​ប្រភេទ​នេះ​ក្នុង​មួយ​ឆ្នាំៗ។

ក្រៅ​ពី​បង្ក​ជា​មហារីក​មាត់​ស្បូន HPV ក៏​អាច​បង្ក​ជា​មហារីក​មួយ​ចំនួន​ផ្សេង​ទៀត មាន​ដូច​ជា មហារីក​លិង្គ មហារីក​ទ្វារ​មាស មហារីក​រន្ធ​គូទ ជំងឺ​សិរ​មាន់​លើ​ប្រដាប់​ភេទ និង​ជំងឺ​ផ្លូវ​ដង្ហើម​ខាង​លើ។ ពេល​យើង​ឆ្លង​មេរោគ HPV គឺ​មិន​អាច​ព្យាបាល​ជា​ដាច់​បាន​ទេ ប៉ុន្តែ​អាច​ព្យាបាល​បញ្ហា​ទាំង​ឡាយ​​បង្ក​ឡើង​ដោយ​មេរោគ​នេះ​បាន។

អត្ថបទ​ពាក់​ព័ន្ធ៖ 

២- ចាក់​វ៉ាក់​សាំង HPV សំខាន់​ប៉ុណ្ណា?

ការ​សិក្សា​រក​ឃើញ​ថា ក្នុង​មួយ​ឆ្នាំៗ ស្រីៗ​ប្រមាណ ១២.០០០​នាក់ នៅ​អាមេរិក កើត​ជំងឺ​មហារីក​មាត់​ស្បូន ហើយ​ប្រមាណ ៤.០០០​នាក់ បាន​ស្លាប់​ដោយ​សារ​មហារីក​នេះ​ជា​រៀង​រាល់​ឆ្នាំ។

វ៉ាក់​សាំង​ការ​ពារ​មេរោគ HPV អាច​ការ​ពារ​យើង​ពី​មេរោគ HPV សំខាន់ៗ​ ៤​ប្រភេទ ខណៈ ៧០% ស្រីៗ​មាន​មហារីក​មាត់​ស្បូន កើត​ឡើង​ដោយ​សារ មេរោគ​ HPV ២ប្រភេទ ហើយ៩០% គ្នា​យើង​កើត​ជំងឺ​សិរមាន់​លើ​ប្រដាប់​ភេទ បង្ក​ដោយ​មេរោគ HPV ២ ប្រភេទផ្សេង​ទៀត។

ក្រុម​វេជ្ជ​បណ្ឌិតជឿ​ថា វ៉ាក់​សាំង​ការពារ​មេរោគ HPV អាច​ការ​ពារ​យើង​ពេញ​មួយ​ជីវិត ប៉ុន្តែ​ដោយ​សារ​វ៉ាក់​សាំង​មិន​អាច​ការ​ពារ​ពី​មេរោគ HPV បាន​គ្រប់​ប្រភេទ​នោះ ចាំ​បាច់​គួរ​តែ​ទៅ​ពិនិត្យ​រក​មហារីក​មាត់​ស្បូន

អត្ថបទ​ពាក់​ព័ន្ធ៖  តេស្តពិនិត្យរកមើល​មហារីក​មាត់​ស្បូន

៣- អ្នក​ណា​ខ្លះ​អាច​ចាក់​វ៉ាក់សាំង HPV បាន?

ក្រុម​វេជ្ជបណ្ឌិត បាន​ណែ​នាំ​ឲ្យ​ក្មេង​ស្រី​អាយុ​ចាប់​ពី ១១-១២ ឆ្នាំ​គួរ​តែ​ចាក់​វ៉ាក់​សាំង HPV។ ក្មេង​ស្រី​អាយុ ៩ ​ឆ្នាំ​ក៏​អាច​ចាក់​វ៉ាក់​សាំង​នេះ​បាន​ដែរ។ ក្មេង​ប្រុស​អាយុ​ចាប់​ពី ៩-២៦ ឆ្នាំ អាច​ចាក់​វ៉ាក់​សាំង HPV ប្រភទេ ៤ ដោយ​ចាក់​សរុប ៣ ដង។ វ៉ាក់សាំង HPV ប្រភេទ ៤ ត្រូវ​បាន​ប្រើ​ជាទូទៅ ដើម្បី​ការ​ពារ​ក្មេង​ស្រី ពី​ជំងឺ​សិរមាន់​លើ​ប្រដាប់​ភេទ។

វ៉ាក់សាំងការពារមហារីកមាត់ស្បូន

៤- ប្រសិទ្ធភាព​វ៉ាក់​សាំង​ចំពោះ​ស្រីៗ​ធ្លាប់​រួម​ភេទ​ច្រើន

ស្រីៗ​គួរ​តែ​ចាក់​វ៉ាក់​សាំង មុន​ពេល​ចាប់​ផ្ដើម​ប្រលូក​ប្រឡាក់​រឿង​រួម​ភេទ និង​មុន​ពេល​ប៉ះពាល់​ជាមួយ​មេរោគ HPV។ ខណៈ​សំណួរ​សួរ​ថា ស្រីៗ​រួម​ភេទ​ច្រើន​ ចាក់​វ៉ាក់​សាំង​មាន​ប្រសិទ្ធ​ភាព ដែរ​ឬ​អត់? ចម្លើយ​គឺ​មាន​ប្រសិទ្ធ​ភាព គ្រាន់​តែ​មិន​សូវ​មាន​ប្រសិទ្ធ​ភាព​ដូច​ស្រីៗ​មិន​ទាន់​រួម​ភេទ ដោយ​សារ​យើង​អាច​ប៉ះ​ពាល់​ជា​មួយ​មេរោគ HPV មួយ​ចំនួន​រួច​ទៅ​ហើយ។

ការ​សិក្សា​រក​ឃើញ​ថា អត្រា​ស្រីៗ​រួម​ភេទ​ច្រើន និង​បាន​ចាក់​វ៉ាក់​សាំង មាន​កម្រិត​ឆ្លង​មេរោគ​ HPV តិច​តួច​បំផុត។

៥- មាន​ផ្ទៃពោះ​ចាក់​វ៉ាក់សាំង​បាន​អត់?

គ្នា​យើង​មាន​ផ្ទៃ​ពោះ មិន​គួរ​ចាក់​វ៉ាក់​សាំង​នេះ​ឡើយ ទោះ​បី​ជា​ការ​សិក្សា​រក​ឃើញ​ថា​ មិន​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​បេប៊ី​ក្នុង​ផ្ទៃ​ក៏ដោយ។ បើ​មិន​ទាន់​សម្រាល​អូនៗ​ទេ មិន​គួរ​ចាក់​វ៉ាក់​សាំង​នេះ​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មីនា 13, 2019 | កែសម្រួលចុងក្រោយ ខែ​មីនា 13, 2019

ប្រភព
ចង់​ដឹង​អាថ៌កំបាំង​សុខភាព​ល្អ​បំផុត?
តាម​ដាន​អត្ថបទ​សុខភាព​ថ្មីៗ​ប្រចាំ​ថ្ងៃ​របស់ "Hello គ្រូពេទ្យ"
អ្នកអាចចូលចិត្ត