backup og meta

គ្រោះ​ថ្នាក់​ណាស់! ត្រូវ​ដឹង​អីខ្លះ​ជា​កត្តា​ប្រឈម​កើត​ជំងឺ​បេះដូង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Apr 28, 2022

    គ្រោះ​ថ្នាក់​ណាស់! ត្រូវ​ដឹង​អីខ្លះ​ជា​កត្តា​ប្រឈម​កើត​ជំងឺ​បេះដូង?

    ជំងឺ​បេះដូង ជា​ប្រភេទ​ជំងឺ​រ៉ាំរ៉ៃ មិន​សះ​ស្បើយ អាច​ឆក់​យក​ជីវិត​គ្នា​យើង​គ្រប់​វិនាទី​ដោយ​មិន​ដឹង​ខ្លួន បើ​មិន​ចង់​កើត​ជំងឺ​នេះ​ គ្នា​យើង​ត្រូវ​តែ​ដឹង អ្វី​ខ្លះ​ជា​កត្តា​ប្រឈម​របស់​ជំងឺ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​កត្តា​ប្រឈម​មួយ​ចំនួន​ នាំ​ឲ្យ​កើត​ជំងឺ​បេះដូង ដោយ​ចែក​ចេញ​ជា​ពីរ គឺ​កត្តា​បង្ក ​ប៉ុន្តែ​អាច​កែខៃ ឬ​ព្យាបាល​បាន និង​កត្តា​មិន​អាច​កែ​ខៃ​បាន។

    ១- កត្តាអាចកែខៃបាន

    – ជំងឺ​លើស​ឈាម៖ ជា​កត្តា​គ្រោះថ្នាក់​ធំ​បំផុត ​បង្ក​ឲ្យ​មាន​ជំងឺ​បេះដូង ​ឬ​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ការ​ពិត​គេ​អាច​ព្យាបាល​ និង​បង្ការ​បាន​ បើ​គ្នា​យើង​ទៅ​ពិនិត្យ ​និង​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ។

    – កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់៖ រួម​មាន ​លើស​ជាតិ​ខ្លាញ់​ ទ្រីគ្លីសេរីត LDL (ខ្លាញ់​មិន​ល្អ) ឬ​ ជាតិ​ខ្លាញ់​ល្អ HDL មាន​កម្រិត​ទាប ដែល​សុទ្ធ​សឹង​ជា​កត្តា​បង្ក​ឲ្យ​មាន​ជំងឺ​បេះដូង ​និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ឆ្អែត (Saturated Fat) ខ្ពស់​ក៏​បង្ក​គ្រោះថ្នាក់​នេះ​ដូច​គ្នា។ បើ​អ៊ីចឹង​ ប្តូរ​របប​អាហារ ហាត់​ប្រាណ និង​ប្រើ​​ថ្នាំ អាច​ជួយ​កែ​សម្រួល​កម្រិត​ខ្លាញ់​យើង​ត្រឡប់​មក​ធម្មតា​វិញ​បាន។

    – ប្រើថ្នាំ​ជក់៖ មិន​ថា​ថ្នាំ​ចុក ​ឬ​បារី ​សុទ្ធ​តែ​ជា​កត្តា​បង្កើន​គ្រោះថ្នាក់​ដល់​បេះដូង ​ប្រឈម​កាន់​តែ​ខ្ពស់ ​បើ​គ្នា​យើង​ចាប់​ផ្តើម​ជក់​បារី​តាំង​ពី​ក្មេង និង​ជក់​ច្រើន​ជា​ប្រចាំ​ ពិសេស​ចំពោះ​ស្រីៗ​តែ​ម្តង។ ការ​ស្រូប​ផ្សែង​បារី ​ក៏​ជា​កត្តា​ប្រឈម​មួយ​ដែរ។ ហេតុនេះ​បើ​ចង់​កាត់​បន្ថយ​ការ​ប្រឈម​ជំងឺ​សរសៃ​ឈាម​បេះដូង ត្រូវ​ឈប់​ជក់​បារី ទោះ​បី​ជា​អ្នក​ញៀន​ប៉ុនណា​ក៏​ដោយ។

    – ហាត់​ប្រាណ៖ ជួយ​កាត់​បន្ថយ​ការ​ប្រឈម​ជំងឺ​បេះដូង​ដល់​ទៅ​ ៥០%។ ​ធាត់​ពេក ​ឬ​លើស​ទម្ងន់ ​ជា​កត្តា​ចម្បងធ្វើ​ឲ្យ​មាន​ជំងឺ​បេះដូង ​និង​ទឹក​នោម​ផ្អែម​ទៀត​ផង។

    – ​ទឹក​នោម​ផ្អែម៖ ពិសេស​ទឹក​នោម​ផ្អែម​ប្រភេទ ​២ អាច​ឲ្យ​យើង​ប្រឈម​ទ្វេដង ដោយ​សារ​កំណើន​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម។ មិន​បាន​ដឹង​ពី​ស្ថានភាព​ជំងឺ​ទាន់​ពេល​វេលា​ និង​មិន​​ព្យាបាល​ ជា​ផល​វិបាក​ចម្បង​នាំ​ឲ្យ​គាំង​បេះដូង ដាច់​សរសៃ​ឈាម​ខួរក្បាល ខ្សោយ​តម្រង​នោម ​អាច​ធ្វើ​ឲ្យ​ខូច​អវយវៈ​ និង​ខ្វាក់ភ្នែក​ទៀត​ផង។

    – សុខភាព​ផ្លូវ​ចិត្ត​៖ ក៏​ជា​ការ​ប្រឈម​ជំងឺ​បេះដូង ពិសេស​ចំពោះ​គ្នា​យើង​មាន​ជីវិត​រស់​នៅ​ពេញ​ដោយ​អារម្មណ៍​ស្ត្រេស ឯកោ មាន​ជំងឺ​បាក់​ទឹក​ចិត្ត ​និង​ថប់​បារម្ភ។

    – ផឹក​ស្រា៖ បើ​ផឹក​ត្រឹម ១-២​ កែវ​ក្នុង​មួយ​ថ្ងៃ គឺ​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​ជំងឺ​បេះដូង​បាន​ ៣០% តែ​បើ​លើស​ពី​នេះ ​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​សាច់​ដុំ​បេះដូង។

    – ឱសថ៖ ប្រភេទ​ថ្នាំ​មួយ​ចំនួន ដូច​ជា ​ថ្នាំ​ពន្យារ​កំណើត ថ្នាំ​អ័រម៉ូន ​ក៏​អាច​បង្កើន​ការ​ប្រឈម​នេះ​ដូចគ្នា។

    គាំងបេះដូង

    ២- កត្តាប្រឈមមិនអាចកែខៃបាន

    – កត្តា​អាយុ៖ កាន់​តែ​ចាស់ កាន់​តែ​ប្រឈម​ជំងឺ​សរសៃ​ឈាម​បេះដូង​ ដោយ​សារការ​ផ្លាស់​ប្តូរ​នៃ​សរីរាង្គ​តាម​អាយុ ​ទោះ​បី​ជាយើង​មិន​មានជំងឺអ្វី​ក៏​ដោយ។ តែ​បើ​មានជំងឺ​បេះដូង​ស្រាប់​ កត្តា​អាយុ​​នឹង​ជះ​ឥទ្ធិពល​លើ​ការ​ព្យាបាល​ថែម​ទៀត។

    – កត្តា​ភេទ៖ ប្រុសៗ​ប្រឈម​ជំងឺ​បេះដូង​ ច្រើន​ជាង​ស្រីៗ (​ស្រីៗ​មិន​ទាន់​អស់​រដូវ)។ តែ​នៅ​ពេល​អស់​រដូវ​ហើយ ភាគរយ​ប្រឈម​អាច​ប្រហាក់​ប្រហែល​គ្នា ពិសេស​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។

    – ប្រវត្តិ​គ្រួសារ៖ ហានិភ័យ​ប្រឈម​កើន​កាន់​តែ​ខ្ពស់ សមាជិក​គ្រួសារ​​មានជំងឺ​សរសៃ​ឈាម​បេះដូង ​ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​មុន​អាយុ​ ៦៥​ឆ្នាំ​ (ចំពោះ​ស្រីៗ) ឬ​ ៥៥​ឆ្នាំ (ចំពោះ​ប្រុសៗ)។

    បើ​គ្នា​យើង​សង្ស័យ​ខ្លួន​មាន​កត្តា​ប្រឈម​ច្រើន​ ​គួរ​ចាប់​ផ្តើម​កែ​តម្រូវ ​បង្ការ​ ដើម្បី​សុខភាព​ល្អ​ទាំង​អស់​គ្នា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Leng Pechsovatey · កែ Apr 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម