backup og meta

ទាំងនេះជាប្រភេទជំងឺបេះដូងឧស្សាហ៍កើតបំផុតលើក្មេងៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 15, 2020

    ទាំងនេះជាប្រភេទជំងឺបេះដូងឧស្សាហ៍កើតបំផុតលើក្មេងៗ

    មិន​ថា​ក្មេង​ ឬ​ចាស់​ទេ គ្រប់​គ្នា​សុទ្ធ​តែ​អាច​កើត​ជំងឺ​បេះ​ដូង​បាន​ទាំង​អស់ ខុស​គ្នា​ត្រង់​ថា​មនុស្ស​ចាស់​វិវត្ត​ធ្ងន់​ធ្ងរ​ជាង​ក្មេង​ ពេល​មាន​ជំងឺ​បេះ​ដូង។ ជំងឺ​បេះ​ដូង​កើត​លើ​កូន​ក្មេង​ជាទូទៅ​ រួម​មាន ជំងឺ​បេះ​ដូង​ពី​កំណើត ជំងឺ​បេះ​ដូង​បណ្តាល​មក​ពី​ការ​ឆ្លង​រោគ និង​ជំងឺ​បេះ​ដូង​ដែល​បណ្តាល​មក​ពី​ជំងឺ​កម្រ ឬ​ជំងឺ​ត​ពូជ​ផ្សេង​ៗ។ ប៉ុន្តែ ​ដោយ​សារ​បច្ចេកវិទ្យា​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​កាន់​តែ​ទំនើប ជំងឺ​បេះ​ដូង​លើ​ក្មេងៗខ្លះ អាច​ព្យាបាល​បាន ហេតុ​នេះ​ម៉ាក់​ប៉ា​ត្រូវ​ស្វែង​យល់​ពី​ប្រភេទ​ជំងឺ​បេះដូង​លើ​ក្មេងៗ​ឲ្យ​បាន​ច្បាស់។

    ១- ជំងឺ​បេះដូង​ពី​កំណើត

    ជំងឺ​បេះ​ដូង​ពី​កំណើត ជា​ជំងឺ​កើត​លើ​ទារក​តាំង​ពី​ក្នុង​ផ្ទៃ​មក​ម្ល៉េះ វា​បណ្តាល​មក​ពី​ការ​វិវត្ត​របស់​អំប្រ៊ីយ៉ុង​មិន​ប្រក្រតី ហើយក៏​ជា​ជំងឺ​បេះ​ដូង​ឧស្សាហ៍​កើត​មាន​បំផុត ក្នុង​ចំណោម​ជំងឺ​បេះ​ដូង​ផ្សេង​ទៀត។ ទារក​ទើប​កើត ១០០០ ​នាក់ អាច​មាន​ជំងឺ​នេះ​រហូត​ដល់ ៨ នាក់។ ក្មេង​ទាំង​អស់​កើត​ជំងឺ​នេះ ច្រើន​មាន​បញ្ហា​ជា​មួយ​សាច់​ដុំ​បេះ​ដូង ឬ​បញ្ហា​ប្រឹ​ស​បេះ​ដូង​ ដូច​ជា៖

    ប្រឹស​បេះ​ដូង​​អា​អក (Aortic valve) ត្បៀត​ធ្វើ​ឲ្យ​ឈាម​ពិបាក​ហូរ

    – ប្រឹស​មីត្រាល​រួម​តូច (Mitral Valve Stenosis)

    មាន​បញ្ហា​បេះ​ដូង​មួយ​ចំនួន​ទៀត​ដូច​ជា៖

    – ខ្សោយ​បេះ​ដូង​ពី​កំណើត​ ធ្វើ​ឲ្យ​បេះ​ដូង​លូត​លាស់​មិន​ប្រក្រតី

    – បញ្ហា​​ទ្រង់​ទ្រាយបេះ​ដូង​ ពិសេស​ជញ្ជាំង​​​ចន្លោះ​ថត​បេះ​ដូង​ម្ខាង​ៗ និង​ចន្លោះ​រវាង​សរសៃ​ឈាម​សំខាន់ៗ​របស់​បេះ​ដូង ដូច​ជា​បញ្ហា Atrium, Ventricular Septal និង​បញ្ហា Patent ductus arteriosclerosis។

    – Fallot syndrome ជា​ជំងឺ​មាន​បញ្ហា​ចូល​គ្នា​ចំនួន​ ៤ រួម​មាន ដុំ​ឈាម​កក​ក្នុង​សួត (Pulmonary Embolism) ខូច​សន្ទះ​បេះដូង​ផ្នែក​ខាង​ក្រោម (Ventricular Septal Sefect) បញ្ហា Equestrian Aorta និង​ថត​ក្រោម​បេះដូង​ខាង​ស្តាំ​រីក​ធំ (Right Ventricular Hypertrophy)។

    ២- ក្រិន​សរសៃ​ឈាម

    ក្រិន​សរសៃ​ឈាម សំដៅ​លើ​ការ​ប្រមូល​ផ្តុំ​កំណក​​ខ្លាញ់​នៅ​ក្នុង​សរសៃ​ឈាម​អាកទែ។ កំណក​ខ្លាញ់​ប្រមូល​ផ្តុំ​នោះ ធ្វើ​ឲ្យ​សរសៃ​ឈាម​រឹង​ និង​កាន់​តែ​ចង្អៀត ហើយ​អាច​ធ្វើ​ឲ្យ​មាន​ដុំ​កំណក​ឈាម និង​បណ្តាល​ឲ្យ​មាន​បញ្ហាគាំង​បេះ​ដូង។ ជំងឺ​ក្រិនសរសៃឈាម មាន​រយៈ​ពេល​យូរ​ និង​ស្ងប់​ស្ងាត់​បំផុត មិន​ងាយ​លេច​ចេញ​រោគសញ្ញា​ឲ្យ​ដឹង​ឡើយ។ ប៉ុន្តែ​ ជាទូទៅ​ក្មេងៗ​កម្រ​មាន​បញ្ហា​ទាំង​នោះ​ណាស់។

    យ៉ាង​ណា បញ្ហា​លើស​ទម្ងន់ ជំងឺ​ទឹក​នោម​ផ្អែម លើស​សម្ពាធ​ឈាម និង​បញ្ហា​មួយ​ចំនួន​ផ្សេង​ទៀត​ អាច​ធ្វើ​ឲ្យ​កូន​​មាន​បញ្ហា​ក្រិន​សរសៃ​ឈាម​បាន។ គ្រូ​ពេទ្យ​​ណែនាំ​ឲ្យ​ប៉ា​ម៉ាក់​យក​កូន​ទៅ​ពិនិត្យ​សុខភាព ក្នុង​ករណី​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​ជំងឺ​សរសៃ​ឈាម​បេះ​ដូង ជំងឺ​ទឹក​នោម​ផ្អែម លើស​ទម្ងន់ ឬ​ធាត់។

    ការ​ព្យាបាល​ គឺ​តម្រូវ​ឲ្យយើងប្តូរ​របៀប​រស់​នៅ​គឺ​ ត្រូវ​ធ្វើ​លំហាត់​ប្រាណ និង​ញ៉ាំ​អាហារ​ណា​ដែល​ល្អ​ដល់​សុខភាព​។

    ជំងឺបេះដូងលើក្មេងៗ Hello គ្រូពេទ្យ

    អត្ថបទពាក់ព័ន្ធ៖

    • ម៉េច​សុខៗ​មាន​ជំងឺ​បេះដូង គួរ​ដោះស្រាយ និង​បង្ការ​យ៉ាង​ម៉េច?
    • គ្រោះ​ថ្នាក់​ណាស់! ត្រូវ​ដឹង ​អីខ្លះ​ជា​កត្តា​ប្រឈម​កើត​ជំងឺ​បេះដូង?

    ៣- ចង្វាក់​បេះដូង​ដើរ​មិន​ទៀង

    ចង្វាក់​បេះដូង​ដើរ​មិន​ទៀង ​សំដៅ​លើ​ចង្វាក់​បេះ​ដូង​មិន​ប្រក្រតី អាច​លោត​លឿន ឬ​យឺត​ជាង​ចង្វាក់​បេះ​ដូង​ធម្មតា ធ្វើ​ឲ្យ​ឈាម​ដែល​ត្រូវ​ច្របាច់​ចេញ​មាន​ការ​ប្រែ​ប្រួល។

    គេ​បែង​ចែក​បញ្ហា​ចង្វាក់​បេះដូង​ដើរ​មិន​ទៀង​ដូច​ជា៖

    – បេះ​ដូង​លោត​លឿន

    – បេះ​ដូង​លោត​យឺត

    – Long Q-T syndrome (LQTS)

    – Wolff-Parkinson-White Syndrome

    រោគ​សញ្ញា​ជំងឺ​នេះ​រួម​មាន៖

    – អស់​កម្លាំង

    – វិលមុខ

    – មិន​ឃ្លាន​អាហារ

    ការ​ព្យា​បាល អាស្រ័យ​លើ​ប្រភេទ​ណាមួយ​របស់​ជំងឺ​ចង្វាក់​បេះដូង​ដើរ​មិន​ទៀង​ក្មេង​កំពុង​កើត​មាន​ និង​មើល​លើ​ផល​ប៉ះ​ពាល់​លើ​សុខ​ភាព​ក្មេង​ជាដើម។

    ៤- ជំងឺ Kawasaki

    Kawasaki ជា​ជំងឺ​មួយ​ប្រភេទ​បណ្តាល​មក​ពី​ការ​រលាក​សរសៃ​ឈាម​នៅ​តាម​ដង​ខ្លួន ដូច​ជា សរសៃ​ឈាម​នៅ​ដៃ ជើង មាត់ បបូរ​មាត់ និង​បំពង់​ក។ រោគ​សញ្ញា​ផ្សេងៗ រួមមាន ក្តៅ​ខ្លួន និង​ហើម​​កូន​កណ្តុរ។ ប៉ុន្តែ ​មូល​ហេតុ​ជំងឺ Kawasaki ​នៅ​​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។

    យោង​តាម​សមាគម​បេះដូង​អាមេរិក (AHA) ជំងឺ​នេះ គឺ​ជា​បញ្ហា​ចម្បង​មួយ​នៃ​ជំងឺ​សរសៃ​ឈាម​លើ​ក្មេងៗ ជា​ពិសេស​មាន​អាយុ​ក្រោម​ ៥ ឆ្នាំ។

    ការ​ព្យាបាល គឺ​មើល​ទៅ​តាម​ស្ថានភាព​ធ្ងន់​ធ្ងរ​របស់​ជំងឺ ហើយ​ជា​ទូទៅ ពេទ្យ​ព្យាបាល​ដោយ​ចាក់​សេរ៉ូម​ប្រូតេអ៊ីន Gamma globulin និង​ថ្នាំ Aspirin។ ថ្នាំ Corticosteroids ក៏​អាច​កាត់​បន្ថយ​ផល​វិបាក​ជំងឺ​បាន​ខ្លះ​ដែរ។ ក្មេងៗ​មាន​ជំងឺ​នេះ ត្រូវ​ទៅ​ជួប​ជា​មួយ​គ្រូពេទ្យ​ពេញ​មួយ​ជីវិត។

    ជំងឺ​បេះ​ដូង​ទាំង​អស់​ខាង​លើ ជា​ជំងឺ​ឧស្សាហ៍​ជួប​ប្រទះ​បំផុត​លើ​ក្មេងៗ បើ​មាន​ការ​សង្ស័យ ឬ​ក្តី​បារម្ភ​ណា​មួយ សូម​នាំ​កូន​ទៅ​ជួប​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ជំនាញ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Jul 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម