backup og meta

លើសឈាម​ក្មេង​ក៏​កើត​ដែរ ហើយ​​ជា​ជំងឺ​រ៉ាំរ៉ៃ​ពេញ​មួយ​ជីវិត ទាំង​​នេះ​ជា​វិធី​ការពារ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Nov 15, 2019

    លើសឈាម​ក្មេង​ក៏​កើត​ដែរ ហើយ​​ជា​ជំងឺ​រ៉ាំរ៉ៃ​ពេញ​មួយ​ជីវិត ទាំង​​នេះ​ជា​វិធី​ការពារ

    ពី​មុន «លើសឈាម» ជា​ទូទៅ​មាន​តែ​ចាស់ៗ​ទេ​ដែល​កើត។ ប៉ុន្តែ ឥឡូវ​អ្វីៗ​ប្រែ​ប្រួល​អស់​ហើយ មិន​ថា​មនុស្ស​ពេញ​វ័យ​ក្មេង​ល្បាក់ៗ​ខ្ទង់ ២០ ជាង ជា​ពិសេស​ខ្ទង់ ៣០ ឆ្នាំ ដោយ​សារ​អាច​ថា​មក​ពី​របៀប​របប​ការ​រស់​នៅ​ស្រួល​ទៅៗ​អត់​ខ្ចី​ធ្វើ​លំហាត់​ប្រាណ ទម្លាប់​ហូប​ចុក​របស់​គ្នា​យើង​អី​ជា​ដើម សុទ្ធ​តែ​អាច​ប្រឈម​មុខ​នឹង​កើត​ជំងឺ​នេះ​ បាន​ដូចគ្នា។

    សំណួរ​សួរ​ថា គ្នា​យើង​កំពុង​អាន​អត្ថបទ​នេះ ធ្លាប់​វាស់​ឈាម​ខ្លួន​ឯង​ដែរ​អត់? ត្រូវ​ចាំ​ថា បើ​សម្ពាធ​ឈាម​ឡើង​ខុស​ធម្មតា គ្នា​យើង​អាច​មាន​ជំងឺ​លើស​ឈាម ព្រម​ទាំង​បណ្ដាល​ឲ្យ​គាំង​បេះដូង​ទៀត​ក៏​មាន។

    ដើម្បី​ចៀស​វាង​ជំងឺ​ដ៏​រ៉ាំរ៉ៃ​ពេញ​មួយ​ជីវិត​នេះ “Hello គ្រូពេទ្យ” សូម​ប្រាប់​វិធី​បង្ការ៖

    ១- របបអាហារសុខភាព

    គ្រប់​គ្នា​រីក​លូត​លាស់​ទៅ​បាន ដោយ​សារ​សារធាតុ​ចិញ្ចឹម​បាន​ពី​អាហារ​ហ្នឹង​ឯង អ៊ីចឹង​បើ​យើង​ញ៉ាំ​អាហារ​មិន​ល្អ សុខភាព​យើង​ក៏​ទៅ​តាម​ហ្នឹង​ដែរ។ គួរ​ញ៉ាំ​អាហារ​ណា​សម្បូរ​ប៉ូតាស្យូម ជាជាង​សូដ្យូម (ប្រៃ/អំបិល) ព្រោះ​ប៉ូតាស្យូម​អាច​ជួយ​កុំ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខុស​ធម្មតា។ គួរ​ញ៉ាំ​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន ជា​ពិសេស​ខ្លាញ់​ល្អ​នៅ​ក្នុង​សាច់​ត្រី ជាដើម។

    ២- ហាមចិត្តឈប់ញ៉ាំប្រៃពេក

    យោង​តាម​ការ​ណែនាំ​សុខភាព​ចំណី​អាហារ​សម្រាប់​ជនជាតិ​អាមេរិក (The Dietary Guidelines for Americans) ថា មនុស្ស​ពេញ​វ័យ​មិន​ត្រូវ​ញ៉ាំ​ជាតិ​ប្រៃ​លើស​ពី ២.៣០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ ហើយ​បើ​ដល់​វ័យ​ចាប់​ពី ៥០ ឆ្នាំ​ទៅ ត្រូវ​បន្ថយ​ឲ្យ​នៅ​ក្រោម ១.៥០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​វិញ។ វិធី​ងាយៗ​កាត់​បន្ថយ​ជាតិ​ប្រៃ​ក្នុង​អាហារ៖

    – មុន​ទិញ​អាហារ​កំប៉ុង ត្រូវ​អាន​តារាង​ធាតុ​ផ្សំ​លើ​សម្បក ហើយ​រើស​យក​មួយ​ណា​មាន​បរិមាណ​សូដ្យូម (អំបិល) តិច

    – បន្ថយ​ដើរ​ញ៉ាំ​ក្រៅ​ផ្ទះ និង​បន្ថយ​អាហារ Fast Food ព្រោះ​អាហារ​តាម​ហាង ភាគ​ច្រើន​ប្រៃ​លើស​កម្រិត

    – បើ​អាច ឈប់​បាន​ឈប់​ទៅ រឿង​ញ៉ាំ​អាហារ​កំប៉ុង អាហារ​ផ្អាប់ ប្រឡាក់​អី​ហ្នឹង ព្រោះ​សម្បូរ​អំបិល​ខ្លាំង​ណាស់

    – ចាប់​ផ្ដើម​ប្រើ​អំបិល​បន្ថយ ពេល​ធ្វើ​ម្ហូប តាម​តែ​អាច​ធ្វើ​បាន

    ៣- កុំចោលកីឡា

    ហាត់​ប្រាណ​សម្រក​គីឡូ ក៏​អាច​ជួយ​បន្ថយ​សម្ពាធ​ឈាម​ដែរ។ គួរ​ហាត់​ប្រាណ ឬ​លេង​កីឡា​ឲ្យ​បាន​ញឹក​ញាប់ បើ​មិន​បាន​រៀងរាល់​ថ្ងៃ ហោច​ណាស់ ក៏​គួរ​តែ ២-៣ដង​ក្នុង​មួយ​សប្ដាហ៍​ដែរ ទៅ​តាម​ចំណូលចិត្ត មិន​ថា​ម្នាក់​ឯង ឬ​ជា​ក្រុម។

    ៤- លះបង់រឿងស្រាបារី

    ស្រា និង​បារី ក៏​រួម​ចំណែក​ខ្លាំង​ណាស់​ដែរ​ក្នុង​ការ​បង្ក​ឲ្យ​លើស​សម្ពាធ​ឈាម អ៊ីចឹង​បើ​ចៀស​បាន ចៀស​ទៅ​គ្នា​យើង។ តែ​ក៏​មិន​មែន​ឲ្យ​ផ្ដាច់​ទាំង​ស្រុង​ដែរ។ ជា​ទូទៅ ស្រីៗ​អាច​ផឹក​មួយ​ថ្ងៃ​មួយ​កែវ ឯ​ប្រុសៗ​អាយុ​ក្រោម ៦៥ ឆ្នាំ​វិញ អាច​ផឹក​បាន​មួយ​ថ្ងៃ​ពីរ​កែវ។ តែ​ផឹក​ស្រា​ក្រហម​ល្អ​ជាង ព្រោះ​វា​គ្មាន​ជាតិ​អាល់កុល​ខ្ពស់។

    ៥- គ្រប់គ្រងស្ត្រេស

    នរណា​គេ​ក៏​ដោយ ក៏​មាន​ស្ត្រេស​ដែរ ពាក់ព័ន្ធ​ស្នេហា គ្រួសារ ការងារ ឬ​លុយកាក់ជាដើម។ យ៉ាង​ណា​ក៏​ដោយ គួរ​រក​ដំណោះ​ស្រាយ​ផ្សេងៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដូចជា រៀន​មាន​គំនិត​សុទិដ្ឋិនិយម បែងចែក​ពេលវេលា​មក​គិត ឬ​ដោះស្រាយ​បញ្ហា​ កុំ​ឲ្យ​ច្របូកច្របល់។ ត្រូវ​ចាំ​ថា មាន​មនុស្ស​ច្រើន​លាន​នាក់​ណាស់​ ដែល​មិន​សប្បាយ​ចិត្ត កំពុង​កើត​ទុក្ខ អ៊ីចឹង​បើ​យើង​ស្ថិត​ក្នុង​កាលៈទេសៈ​ដែល​យើង​គិត​ថា​តឹងតែង​មួយ​នេះ ក៏​នៅ​តែ​ល្អ​ប្រសើរ​ជាង​មនុស្ស​រាប់​លាន​នាក់​ផ្សេង​ទៀត​ដែរ។ ងាក​មកគិត​រឿង​សប្បាយ​ចិត្ត ហាត់​ប្រាណ​ លេងកីឡា​ទៀង​ទាត់ គេង​គ្រប់​គ្រាន់ ញ៉ាំឆ្ងាញ់ៗជាអ្វី​ដែល​គួរ​ធ្វើ ដើម្បី​បន្លប់​ការ​គិត​មួយ​ពេលៗ។

    ៦- ឧស្សាហ៍វាស់សម្ពាធឈាមខ្លួនឯង

    ការពារ​ប្រសើរ​ជាង​ព្យាបាល។ ប្រដាប់​វាស់​ឈាម មាន​លក់​ពេញ​ទឹក​ពេញ​ដី​តាម​​ឱសថស្ថាន មិន​បាច់​ទៅ​ពេទ្យ​នាំ​អស់​លុយ​ច្រើន។ តែ​ត្រូវ​ចាំ​ថា បើ​ចង់​បាន​លទ្ធផល​សុក្រឹត មុន​ពេល​វាស់ ត្រូវ​បន្ធូរ​អារម្មណ៍ អត់​ជក់​បារី អត់​ផឹក​កាហ្វេ ទើប​ហាត់​ប្រាណ​រួច ឬ​ទើប​ធ្វើ​អី​រួច ទៅ​វាស់​នោះ​ទេ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Nov 15, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម