backup og meta

វិធី​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ម្យ៉ាង ​ស្រីៗ​គួរ​ដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Mar 04, 2019

    វិធី​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ម្យ៉ាង ​ស្រីៗ​គួរ​ដឹង

    គ្រាន់តែឮ ក៏ញញើតទៅហើយ កុំថាឡើយឆ្លងនោះ ព្រោះកាមរោគជាជំងឺគ្រោះថ្នាក់ខ្លាំង និងងាយឆ្លងពីម្នាក់ទៅម្នាក់ តាមការរួមភេទ ប៉ុន្ដែរួមភេទជាផ្នែកមួយសំខាន់ក្នុងជីវិតរស់នៅ ហើយបើមិនអាចបោះបង់ចោលបាន មានតែការពារ និងបង្ការប៉ុណ្ណោះ។

    “Hello គ្រូពេទ្យ” នឹងប្រាប់ពីវិធីសាស្ត្របង្ការជំងឺកាមរោគដែលស្រីៗគួរដឹង ដោយមាន ៣ ចំណុចសំខាន់ៗ បូករួមនឹងអនាម័យប្រដាប់ភេទ ដូចជា ការលាងសម្អាតឲ្យបានត្រឹមត្រូវ និងទៀងទាត់។

    ១- ស្មោះស្ម័គ្រមួយនិងមួយ

    ដៃគូរួមភេទអាចទុកចិត្តបាន និងប្រាកដថាមិនមានឆ្លងកាមរោគ ទើបធ្វើឲ្យស្រីៗគ្នាយើងអាចចៀសផុតពីគ្រោះថ្នាក់។ ទោះយ៉ាងណា មុនចាប់ផ្ដើមទំនាក់ទំនងនេះបាន គួរនិយាយគ្នាដោយស្មោះត្រង់ និងស៊ីជម្រៅ ដើម្បីប្រាកដថាយើង និងដៃគូពិតជាគ្មានឆ្លងជំងឺកាមរោគ។

    ២- កាត់បន្ថយដៃគូ

    បើអាច ស្រីៗគួររួមភេទជាមួយដៃគូតែម្នាក់ដែលអាចជឿជាក់បំផុត ជាជាងផ្លាស់ប្ដូរដៃគូរួមភេទច្រើននាំឲ្យហានិភ័យខ្ពស់ឆ្លងជំងឺកាមរោគ។

    ៣- វិធីសាស្ត្រការពារ

    មុនរួមភេទ សំខាន់បំផុត យើងត្រូវដឹងច្បាស់ពីប្រវត្តិរួមភេទ និងប្រវត្តិជំងឺកាមរោគរបស់ដៃគូជាមុន។ ថ្វីបើស្រោមអនាម័យមិនមានប្រសិទ្ធភាព ១០០% បង្ការករណីមានផ្ទៃពោះ ឬជំងឺ​ផ្សេងៗ ប៉ុន្ដែវាពិតជាមានប្រសិទ្ធភាពបង្ការជំងឺកាមរោគ បើយើងប្រើប្រាស់ត្រឹមត្រូវ និងយកចិត្តទុកដាក់។

    ស្រោមអនាម័យទាំងសម្រាប់ប្រុសៗ និងស្រីៗមានច្រើនប្រភេទ ប៉ុន្តែស្រោមអនាម័យប្រុសៗពេញនិយមខ្លាំង និងមានប្រសិទ្ធភាពខ្ពស់បង្ការជំងឺកាមរោគ។ មួយទៀត យើងគួរប្រើស្រោមអនាម័យថ្មី រាល់ពេលរួមភេទ ទាំងតាមមាត់ ទ្វារមាស និងរន្ធគូទ។

    ប៉ុន្តែ បើយើងប្រតិកម្មជាមួយជាតិកៅស៊ូ គួរចៀសវាងប្រើស្រោមអនាម័យផលិតពីកៅស៊ូ ដោយជ្រើសរើសស្រោមអនាម័យបែបសំយោគគ្មានជាតិកៅស៊ូជំនួសវិញ តែត្រូវចាំ ស្រោមអនាម័យបែបសំយោគ គ្មានភាពស្វិតល្អនោះទេ បើធៀបនឹងស្រោម​អនាម័យផលិតពីកៅស៊ូ។ យើងក៏មិនគួរប្រើស្រោមអនាម័យផលិតពីស្បែកសត្វដែរ ពីព្រោះវាគ្មានប្រសិទ្ធភាពការពារជំងឺកាមរោគនោះទេ។

    មិនត្រូវរួមភេទតាមទ្វារមាស និងរន្ធគូទក្នុងពេលតែមួយនោះឡើយ ព្រោះវាអាចចម្លងបាក់តេរីពីរន្ធគូទ ចូលក្នុងទ្វារមាស ហើយបង្កជាជំងឺកាមរោគ។

    ដើម្បីការពារខ្លួនចៀសផុតពីជំងឺឆ្លងតាមការរួមភេទ យើងផ្ទាល់ត្រូវចងចាំវិធីសាស្រ្ដខាងលើ ហើយក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យ កុំបង្អង់យូរ ឆាប់ទៅជួបគ្រូពេទ្យជំនាញ ឬអ្នកផ្ដល់សេវាសុខភាព ដើម្បីប្រឹក្សាយោបល់ផ្នែកវេជ្ជសាស្រ្ដ ព្រមទាំងការណែនាំ និងការព្យាបាល។

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Mar 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម