ធុំក្លិនខ្លួន នេះវិធីដោះស្រាយ

ដោយ ត្រួតពិនិត្យដោយ Chan Sineth

គ្នា​យើង​មិន​តិច​ទេ​ជួប​បញ្ហា​ក្លិន​ខ្លួន។ ប្រឹង​ដុស​ខាត់​ផង លាប​ផង បាញ់​ផង នៅ​តែមិន​បាត់ ឬ​ពេល​អស់​ក្លិន ចេញ​ញើស ក្លិន​ដ៏​គួរ​ឲ្យ​ស៊ាំ​នេះ ត្រឡប់​មក​វិញ​ទៀតដដែល។ ​ឆ្ងល់​អត់​ថា ម៉េច​បាន​អ្នក​ខ្លះ​មាន​ក្លិន​ខ្លួន ក្លិន​ក្លៀក ពិបាក​ទ្រាំ ឯ​ខ្លះទៀត​គ្មាន?

១-​ ម៉េចបានមានក្លិនខ្លួន?

ក្លិន​ខ្លួន​វិវត្ដមក​ពីបាក់តេរីលើស្បែក បំបែក​ជាតិ​អាស៊ីដ​ក្នុងញើស បំប្លែង​បាន​ជា​ក្លិន។ បើ​តាម​ផ្នែក​វេជ្ជសាស្ត្រ គេ​ហៅ​ថា ក្លិនសា​អាក្រក់ (​Bromhidrosis)។  ​វ័យ​គ្រប់​ការ ទាំង​ប្រុស​ទាំង​ស្រី ជា​ដំណាក់កាលមាន​ក្លិន​សា (ក្លិន​មិន​ល្អ) ពេល​ក្រពេញញើស​​បញ្ចេញ​មក​ក្រៅខ្លួន។ ដោយសារ​ប្រុសៗបែក​ញើស​ច្រើន​ជាងស្រីៗ ​គេងាយ​​មានក្លិន​ខ្លួន​ណាស់ បើ​ធៀប​នឹង​ស្រីៗ។

២- កត្តាអីទៀតធ្វើឲ្យក្លិនខ្លួនកាន់តែយ៉ាប់? 

ក្រៅពី​ទាក់ទង​នឹង​ភេទហើយ​ មាន​រឿងជាក់លាក់​ខ្លះដែល​អាច​ធ្វើឲ្យក្លិន​កាន់​តែ​អាក្រក់៖
– ធាត់លើសទម្ងន់​
– ថ្នាំព្យាបាល​ជំងឺ​បាក់ទឹកចិត្ត
– ម្ហូប​ហឹរ និងភេសជ្ជៈ ​(ស្រា ខ្ទឹមស​ និង​ពពួកគ្រឿងទេសដទៃទៀត)
– បញ្ហាសុខភាព​ អ្នកកើត​ទឹកនោម​ផ្អែម​ជារឿយៗ ​មានក្លិន​ដូចផ្លែឈើ ​ខណៈអ្នក​​មាន​ជំងឺថ្លើម ​ឬតម្រង​នោម​ ​អាច​នឹងធុំក្លិន ​ដូចទឹក​អូសាវ៉ែល​បោក​ខោអាវ)។

៣- ក្លិនអាក្រក់

​បែកញើស​ខ្លាំង​ហួសហេតុ ​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ជំងឺ Hyperhidrosis។ Hyperhidrosis ​បង្ក​ឲ្យ​មាន​ក្លិន​ប្រអប់​ជើងមិនល្អ។ ស្បែកជើង ​ឬ​ស្រោម​ជើងខ្លះ​ អាច​​ពិបាកឲ្យ​ញើសហួត ឬបឺត (ញើស​មិន​ស្ងួត) ដែល​ជា​ឱកាស​​បាក់តេរីបង្ក​ជា​ក្លិនអាក្រក់។

៤- វិធីដោះស្រាយក្លិនអាក្រក់

ក្លិនខ្លួន​មាន​ប្រភព​​ចេញ​ពីការ​បែកញើសលាយឡំ​នឹង​បាក់តេរី។ ហេតុនេះ ​ការកម្ចាត់​បាក់តេរី​លើស្បែក​​មិន​​ល្អ ​រក្សា​ក្លៀក​ឲ្យស្អាត និងស្ងួត​តាមធម្មតា ​ជា​គន្លឹះ​ដ៏​សំខាន់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ យើង​មាន​វិធីសាស្ត្រ​មួយ​ចំនួនគួរ​ពិចារណា និង​អនុវត្ត៖

– ងូតទឹក​ហោចណាស់ម្ដងក្នុងមួយថ្ងៃ៖ ​ការរក្សា​ខ្លួន​ឲ្យស្អាត ជាពិសេស​បរិវេណ​ក្រពេញ​បញ្ចេញ​ញើសច្រើន។ ងូតទឹក​ជួយយើង​ឲ្យលាងសម្អាត​ញើស និង​បាក់តេរីបាន។ ជា​ធម្មតា យើង​ងូត​ ២-៣ ដងក្នុង​មួយ​ថ្ងៃ។

– ប្រើសាប៊ូប្រឆាំងមេរោគ៖ សាប៊ូ​ប្រឆាំង​មេរោគ​សម្រាប់​​បង្អាក់​បាក់តេរី​​កុំឲ្យ​មាន​សកម្មភាព។ ​ប្រើ​ជា​ប្រចាំ រឹត​តែ​ល្អ កម្ចាត់​បាក់តេរីបាន​ក្នុង​ប្រសិទ្ធភាព​ខ្ពស់។

– ជូតខ្លួនឲ្យស្ងួតល្អ៖ ក្រោយពី​ងូតទឹ​ករួច​ អ្វី​ដែល​​គួរ​ធ្វើ​បន្ទាប់ គឺ​ជូត​ខ្លួន​ឲ្យ​ស្ងួត​ទាំងស្រុង។ ផ្តោត​លើ​តំ​បន់​ដែល​​ងាយ​​បែក​ញើស ដូច្នេះ​បាក់តេរីប្រាកដ​ពិបាក​លូតលាស់ ឬ​ពង្រីក​ខ្លួនវិវត្ត​​លើស្បែក​ស្ងួតណាស់។​

– ប្តូរសម្លៀកបំពាក់ជាប្រចាំ៖ ធ្វើ​ខ្លួន​ឲ្យ​ស្អាត ​ជួយ​យគ្រប់គ្រង​ក្លិន​ខ្លួនបានល្អ។ ​បើ​យើង​មានក្លិន​ប្រអប់​ជើងមិនល្អ ​កុំភ្លេច​ផ្លាស់ប្តូរ​ស្រោម​ជើងឲ្យ​ញឹកញាប់​តាម​ស្ថាន​ភាព​ជាក់ស្ដែង។ បើ​ស្រោម​ជើង​ថ្មី​ ហើយ​នៅ​តែមាន​ក្លិន​អាក្រក់ គួរ​​ប្រើ​ផលិត​ផល​​បំបាត់​​ក្លិន​​ជាម្សៅដាក់​ក្នុងស្បែក​ជើង​ ដើម្បី​បង្អន់​ក្លិន។ ទ្រនាប់​បាតស្បែកជើង​ខាងក្នុង គួរប្តូរ​ឲ្យបាន​ញឹកញាប់។ បើ​អាច​ ​សូមប្រើជើងទទេ។

– ប្រើ​ផលិតផលបំបាត់​ក្លិន ​​ឬបំបាត់ការបែកញើស៖ ផលិតផល​បំបាត់​ការបែក​ញើស ​ត្រូវបាន​បង្កើត​រូបមន្ត​ឡើងដោយមាន​ជាតិ​អាលុយមីញ៉ូមក្លរីត (aluminum chloride)។ ម្យ៉ាងទៀត ផលិតផលបំបាត់ក្លិន បានត្រឹមគ្របបិទ​​បាំងក្លិន​​លើស្បែក ​ដោយមិន​បាន​​រំខាន​ជ្រៀតជ្រែក​ដល់កា​របែកញើស​ឡើយ។ គួរ​ប្រើ​ផលិតផល​បំបាត់ក្លិន​ ឬ​ផលិតផល​បំបាត់ការ​បែក​ញើស ២ ដងក្នុងមួយ​ថ្ងៃ (ប្រើ​ពេល​ព្រឹក-ល្ងាច)។

ក្នុង​​ករណី​មាន​សំណួរ​ ឬមន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អបំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិនចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កុម្ភៈ 6, 2019 | កែសម្រួលចុងក្រោយ ខែ​កុម្ភៈ 6, 2019

ប្រភព
ចង់​ដឹង​អាថ៌កំបាំង​សុខភាព​ល្អ​បំផុត?
តាម​ដាន​អត្ថបទ​សុខភាព​ថ្មីៗ​ប្រចាំ​ថ្ងៃ​របស់ "Hello គ្រូពេទ្យ"