backup og meta

មើល​ឲ្យ​ហើយ! ពេលចាស់​ទៅ​ ក្នុង​ខ្លួន​យើង​ប្រែប្រួល​ម៉េចខ្លះ?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Meng Vatana · កែ Feb 10, 2019

    មើល​ឲ្យ​ហើយ! ពេលចាស់​ទៅ​ ក្នុង​ខ្លួន​យើង​ប្រែប្រួល​ម៉េចខ្លះ?

    អាយុ​កាន់​តែច្រើន ប្រព័ន្ធ​ភាពស៊ាំ ឆ្អឹង សាច់ដុំ ការចងចាំ មុខងារ​មួយ​ចំនួន​ទៀត កាន់​តែ​ខ្សោយ ហើយ​នេះ​ជា​រឿង​ធម្មជាតិ។ ពេល​រាងកាយ​ចាប់​ផ្ដើម​ទ្រុឌ​ទ្រោម​ចុះ​ថមថយ ជា​ហេតុដែល​មាន​រោគ និង​ជំងឺ​ ងាយ​នឹងចូល​លុកលុយ​។ ខាង​ក្រោម​នេះ ជាចំណុច​សំខាន់ៗ​ដែល​​ខាង​ក្នុង​រាងកាយ​យើងប្រែប្រួល ពេល​ចាស់​ទៅ ហើយ​អាច​ប៉ះពាល់​កម្រិត​ណា។

    ផ្នែកខាងក្នុងសំខាន់ៗប្រែប្រួល

    – ប្រព័ន្ធ​បេះដូង​សរសៃ​ឈាម

    កាន់​តែចាស់ កាន់​តែ​ងាយ​មាន​អត្រា​ចង្វាក់​បេះដូង (ជីពចរ) ទាប ខណៈ​បេះដូង​​អាច​នឹង​ប្រែ​​កាន់​តែ​ធំ​ឡើង​ ដោយសារ​សរសៃ​ឈាម និង​សរសៃ​អាកទែ​ កាន់​តែ​រឹង​ជាងមុន។ អាច​ពិបាក​ឲ្យ​ឈាម​ធ្វើ​ហូរ បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ (ជំងឺលើសឈាម) និង​បញ្ហា​បេះដូង​សរសៃ​ឈាម​ដទៃ​ផ្សេង​ទៀត។

    – សន្លាក់ឆ្អឹង និង​សាច់ដុំ

    បន្ទាប់​ពី​ធ្វើ​ការ​ជា​ច្រើន​ឆ្នាំ​មក ឆ្អឹង​អាច​ខ្សោយ ហើយ​រួញ​តូច​ ដែលទាក់ទង​នឹង​ទំហំ និង​កំហាប់ឆ្អឹង។ នេះ​មាន​ន័យ​ថា សកម្មភាព​រាងកាយ​​ខ្លាំងៗ ​អាច​ធ្វើ​ឲ្យ​ឆ្អឹង​ឈឺចាប់ ឬ​រង​របួស​បាន​ដោយ​ងាយ។ ​មនុស្សចាស់​ថែម​ទាំង​អាច​ប្រែ​ជា​ទាប​ជាង​មុន​ទៀត​ផង។ ​ឯ​សាច់​ដុំ​​កាន់​តែ​មិន​សូវ​ងាយ​បត់​បែន​បាន​ស្រួល និង​មិន​សូវ​ខ្លាំង បណ្ដាល​ឲ្យ​មាន​បញ្ហា​ក្នុង​ការ​ទប់​លំនឹង​ដង​ខ្លួន និង​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ។

    – ប្រព័ន្ធរំលាយអាហារ

    ជំងឺ​ទល់​លាមក ​ជា​អ្វី​ដែល​ឃើញ​មាន​ញឹកញាប់​ជា​ធម្មតា​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​អ្នក​វ័យ​កាន់​តែ​ជ្រេ ហើយ​មាន​ហេតុផល​យ៉ាង​ច្រើន ដូចជា​ របប​អាហារ​មាន​ជាតិ​កាក​សរសៃ​ទាប ញ៉ាំទឹកតិច អត់​ធ្វើលំហាត់​ប្រាណ ជំងឺ​ទឹក​នោម​ផ្អែម និង​ប្រជុំ​រោគ​សញ្ញា​ពោះវៀន​ខ្សោយ។ ថ្នាំខ្លះ ក៏​អាច​ជា​បុព្វហេតុ​នៃ​ជំងឺ​ទល់​លាមកដែរ ដូចជា ថ្នាំ​បញ្ចុះ​ទឹក​នោម និង​ថ្នាំបំពេញ​បន្ថែម​ជាតិ​ដែក។

    – ប្លោក​នោម និង​ផ្លូវ​នោម

    មនុស្ស​ចាស់​តាម​ធម្មតា ​ប្រឈម​ការ​លំបាក​ទាក់ទង​នឹង​ការ​នោម ហើយ​សភាព​វេជ្ជសាស្ត្រ​មួយ​ចំនួន​ អាច​ជា​កត្តា​ចូលរួម​ចំណែក។ ជាក់ស្ដែង ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​ជំងឺ​ទឹក​នោម​ផ្អែម និង​ភាព​មិន​អាច​គ្រប់គ្រង​​បន្ទោ​បង់​បាន។

    – ប្រព័ន្ធការចងចាំ

    កាន់​តែ​ចាស់​ កាន់​តែ​ភ្លេច នេះ​ជា​សញ្ញា​បញ្ជាក់​ថា ប្រព័ន្ធ​ចងចាំក្នុង​វ័យ​ចាស់ កាន់​តែ​ចុះ​ខ្សោយ។ ត្រូវ​ដឹងថា ​ការ​ចងចាំ​ចុះ​ខ្សោយ​ ​អាច​ជា​រោគសញ្ញា​នៃ​ជំងឺបាត់​បង់​ការ​ចងចាំរបស់​មនុស្ស​ចាស់ (Alzheimer’s disease)ជំងឺបាត់​បង់​ការ​ចងចាំ របស់​មនុស្ស​ចាស់​នេះ មិន​គ្រាន់​តែ​បណ្ដាល​ឲ្យ​បាត់បង់​ការ​ចងចាំ​តែ​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើ​ឲ្យ​ពិបាក​រក្សា​ភាព​រហ័សរហួន​ផ្នែក​បញ្ញា​ទៀត​ផង។

    អាចពន្យឺតភាពចាស់យ៉ាងម៉េច?

    ទម្លាប់​ញ៉ាំ ឬ​របប​អាហារ ជា​រឿង​សំខាន់​បំផុត​មួយ​ក្នុង​ចំណោមមធ្យោបាយ​ផ្សេង ដើម្បី​ពន្យឺត​​ភាព​ចាស់ ក្នុង​វ័យ​កាន់​តែ​ច្រើន។ គួរ​ញ៉ាំរបប​អាហារ​មាន​តុល្យភាព ផ្ដល់​សុខភាព​ល្អ ដូចជា៖

    ជាតិប្រៃ ខ្លាញ់ និង​ប្រេង​ឲ្យ​តិច

    – កុំ​ញ៉ាំអាហារ​សម្បូរ​ជាតិ​ផ្អែម​ពេក

    – អាហារ​ធ្វើ​ពី​ទឹក​ដោះគោ ដូចជា​ ទឹក​ដោះគោ និងស៊ុត

    – ត្រី ជា​ពិសេស​ត្រី​ដែល​មាន​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ ខ្ពស់ ដែល​ល្អ​សម្រាប់​បេះដូង ហើយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​បេះដូង។

    – ញ៉ាំបន្លែឲ្យច្រើន។ បន្លែ​មាន​ជាតិ​កាក​សរសៃ វីតាមីន និង​​រ៉ែ​ខនិជ​​ចាំ​បាច់ សម្រាប់​ត្រូវ​ការ​រាង​កាយ។

    – ញ៉ាំ​ផ្លែឈើ​ប្រភេទ​ខុសៗ​គ្នា​ឲ្យ​បាន​ច្រើន។ ផ្លែឈើ​​ជួយ​បន្ថយ​ហានិភ័យ​​កើតជំងឺលើសឈាម បេះដូង ​ស្ទះ/ដាច់​សរសៃ​ឈាម​ខួរក្បាល ធាត់ និង​មហារីក​មួយ​ចំនួន។

    – នំប៉័ង បាយ ដំឡូងបារាំង និងអាហារ​មាន​ជាតិ​ម្សៅ​អាមីដុង​ដទៃ​​ទៀត​ ក្នុង​បរិមាណសមស្រប។

    – ផលិត​ផល​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ​ទាំងមូល​ ក៏​ល្អដែរ។

    ចំណុច​សំខាន់​មួយ​ទៀត គឺ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ដូច​ជា ​ដើរ រត់ រាំ ជិះកង់ ​យ៉ូហ្កា ឬ​ថៃជី ជាដើម។ អ្វី​ដែល​ចាស់ៗ ត្រូវ​ប្រកាន់​ខ្ជាប់​ដាច់ខាត​ គឺកុំ​ស្មុគ ឬ​ស្ត្រេស​ពេក។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Meng Vatana · កែ Feb 10, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម