backup og meta

ឆ្ងល់​អត់ ម៉េច​បាន​យើង​ចេះ​តែ​ងងុយ ក្រោយ​បាយ​ថ្ងៃ​ត្រង់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Jan 21, 2019

    ឆ្ងល់​អត់ ម៉េច​បាន​យើង​ចេះ​តែ​ងងុយ ក្រោយ​បាយ​ថ្ងៃ​ត្រង់?

    គ្នា​យើង​មិន​តិច​ទេ​ងងុយ​គេង ក្រោយ​បាយ​ថ្ងៃ​ត្រង់​ហើយ ដែល​ភាសា​សាមញ្ញ​ថា «ពុលបាយ»។ នៅ​ផ្ទះ​មិន​អី​ទេ អាច​ទម្រេត​បាន តែ​នៅ​សាលា ឬ​កន្លែង​ធ្វើ​ការ​វិញ ត្របក​ភ្នែក​ចេះ​តែ​ទាញ​ចុះ​ក្រោម​​រហូត។ បើ​បាន​លក់​មួយ​ភាំង​ទៀត មិន​ដឹង​ស្រួល​ប៉ុនណា​ទេ! ការ​ពិត បាយ​ថ្ងៃ​ហើយ ចេះ​តែ​ងងុយ មាន​ហេតុ​ផល​របស់​វា។

    ១. វដ្តរំលាយអាហារ

    អាហារ​ផ្ដល់​ថាមពល​ដល់​រាងកាយ​ដើម្បី​ដំណើរ​ការ​រាល់​មុខងារ​គ្រប់​ផ្នែក សូម្បី​តែ​ការ​ដក​ដង្ហើម​ក៏​ដោយ។ អំឡុង​ពេល​ដំណើរការ រាង​កាយ​យើង​ផលិត​កូលេស៊ីស្តូគីនីន (Cholecystokinin CKK) គ្លុយកាកុង (Glucacon) និង​អាមីលីន (Amylin) ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត។ ជាតិ​ស្ករ​ក្នុង​ឈាម​យើង កើន​ឡើង​នាំ​ឲ្យ​ការ​ផលិត​អាំងស៊ុយលីន ដែល​ជួយ​នាំ​ជាតិ​ស្ករ​ពី​ក្នុង​ឈាម​ទៅ​កាន់​កោសិកា​ដើម្បី​ផលិត​ថាមពល។

    ទន្ទឹម​គ្នា ក៏​ភ្ញោច​ឲ្យ​មាន​ចេញ​អ័រម៉ូន​សេរ៉ូតូនីន (Serotonin) ដែល​ធ្វើ​ឲ្យ​យើង​ងងុយ។ អ័រម៉ូន​មួយ​ទៀត​ធ្វើ​ឲ្យ​ងងុយ​ដែរ​នោះ គឺ​មេឡាតូនីន (Melatonin)។ ទោះ​ការ​រំលាយ​អាហារ​មិន​ផលិត​មេឡាតូនីន ក៏​ដោយ ប៉ុន្តែ​អ័រម៉ូន​នេះ​អាច​ទទួល​ឥទ្ធិពល​ពី​ចំណី​អាហារ​បាន។

    ២. ប្រភេទអាហារ

    ប្រព័ន្ធ​រំលាយ​អាហារ​យើង​ចាត់​ទុក​ចំណី​អាហារ​គ្រប់​ប្រភេទ​ដូចៗ​គ្នា ទោះ​អាហារ​នីមួយៗ​ជះ​ឥទ្ធិពល​ខុសៗ​គ្នា​មក​រាង​កាយ​ក៏​ដោយ។

    អាហារ​សម្បូរ​ប្រូតេអ៊ីន​ខ្ពស់ ដូចជា ទ្រូង​មាន់ ស្ពៃខៀវ សណ្ដែក​សៀង ស៊ុត ហ្វ្រូម៉ា តៅហ៊ូ និង​សាច់​ត្រី មាន​ផ្ទុក​សារធាតុ​ទ្រីបតូហ្វាន (Tryptophan)។ រាង​កាយ​យើង​ប្រើ​អាមីណូអាស៊ីដ​មួយ​នេះ ទៅ​ផលិត​មេឡាតូនីន (Melatonin) ដែល​ជា​អ័រម៉ូន​ធ្វើ​ឲ្យ​យើង​ងងុយ។ ផ្លែ​ឈើរី ធ្វើ​ឲ្យ​កម្រិត​មេឡាតូនីន កើន​ឡើង ពេល​កាបូអ៊ីដ្រាត ធ្វើ​ឲ្យ​មាន​បម្រែបម្រួល​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​រ៉ែ​ខនិជ​របស់​ចេក ជួយ​ឲ្យ​សាច់​ដុំ​សម្រាក។

    របស់​ញ៉ាំ​ទៅ​អត់​ងងុយ៖ បន្លែ គ្រាប់​ធញ្ញជាតិ​សុទ្ធ (Whole grains) និង​ប្រភេទ​ខ្លាញ់​ល្អ ដែល​ជួយ​បង្កើន​ថាមពល​ដល់​រាង​កាយ។ ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ ញ៉ាំ​ស្ករ​តិច ញ៉ាំ​អាហារ​តិច​ជាង​មុន​តែ​ញឹក​ដង ក៏​អាច​ជួយ​បាន​ច្រើន​ដែរ។

    ៣. គេងអត់គ្រប់

    បើ​សិន​ជា​គេង​អត់​គ្រប់ ងងុយ​ក្រោយ​បាយហើយ ជា​រឿង​ធម្មតា ព្រោះ​រាង​កាយ​ត្រូវ​ការ​សម្រាក​ឲ្យ​បាន​គ្រប់​ហើយ ដូច្នេះ​កាន់​តែ​ងងុយ ពេល​បាយ​ហើយ។ បើ​ឆ្លៀត​ដាក់​មួយ​ស្របក់ ១០-២០ នាទី​សិន ​ជា​ការ​ល្អ ព្រោះ​ជួយ​អារម្មណ៍​ស្រួល​ខ្លួន។

    ៤. ស្ថានភាពសុខភាព

    ជួនកាល សុខភាព​អត់​ល្អ​មាន​ជំងឺទឹកនោមផ្អែម ខ្វះ​គ្រាប់​ឈាម​ក្រហម ខ្សោយ​ក្រពេញ​ទីរ៉ូអ៊ីត បញ្ហា​ពោះវៀន ប្រតិកម្ម​អាហារ បញ្ហា​ដង្ហើម​ពេល​ដេក ប្រាកដ​ជា​ងងុយ​បើក​ភ្នែក​មិន​រួច​ក្រោយ​បាយ​មិន​ខាន។ បើ​មាន​អារម្មណ៍​ងងុយ​ញឹក​ញាប់ គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ។ ការ​ព្យាបាល​ដោយ​ស្វែង​រក​មូល​ហេតុ​ច្បាស់​លាស់ អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Leng Pechsovatey · កែ Jan 21, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម