backup og meta

កុំ​គិត​ថា​មាន​តែ​ប្រុសៗ​ ស្រីៗ​ក៏​មាន​ទឹក​កាម​ដែរ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Apr 06, 2021

    កុំ​គិត​ថា​មាន​តែ​ប្រុសៗ​ ស្រីៗ​ក៏​មាន​ទឹក​កាម​ដែរ

    អារឿង​លើ​គ្រែ គឺ​ជា​ធម្ម​ជាតិ​របស់​មនុស្ស ក៏​ជា​សុភមង្គលមួយ​ក្នុង​ជីវិត​គ្រួសារ និង​ស្នេហា​សម្រាប់​មនុស្ស​ ២នាក់ អ៊ី​ចឹង​គ្មាន​អី​ត្រូវ​អៀន​ខ្មាស់​នោះ​ទេ។ “Hello គ្រូពេទ្យ’ ធ្លាប់​​ចែក​រំ​លែក​ចំណេះ​ដឹង​ច្រើន​ហើយ​ពាក់​ព័ន្ធ​សុខភាព​ផ្លូវ​ភេទ ដែល​គ្នា​យើង​ទាំង​ស្រី​ ទាំង​ប្រុស​សុទ្ធ​តែ​គួរ​ដឹង​ និង​ស្វែង​យល់។ សម្រាប់​ពេល​នេះ យើង​នឹង​អាច​ស្វែង​យល់​ពី​ចម្ងល់​គ្នា​យើង​ជា​ច្រើន​ធ្លាប់​ចោទ​សួរ ថា​តើ​ស្រីៗ​មានទឹក​កាម​ដូច​ប្រុសៗ​ដែរ​អត់​ពេល​ឈាន​ដល់​ចំណុច​កំពូល?

    ​មក​ទល់​នឹង​ប​ច្ចុប្បន្ន​នេះ​ គ្នា​យើង​ភាគ​ច្រើន សុទ្ធតែ​ជឿ​​ថា ស្រីៗ​មិន​អាច​បញ្ចេញ​ទឹក​កាម​ដូច​​ប្រុសៗ​បាន​ទេ ទោះ​ពេលណា​​ឈាន​ដល់​ចំណុច​កំពូល​ខ្លាំងក៏ដោយ ហើយ​​រឿងនេះ សម្រាប់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ នៅ​តែ​មាន​ការ​ជជែក​វែក​ញែក ថា​តើ​ទឹក​​ដែល​​បាញ់​ចេញ​មក​នោះ​​ ជា​ទឹក​អ្វី? ជា​ទឹក​នោម ឬ​គ្រាន់​តែ​ជា​ទឹក​រម្អិល​នៅ​តាម​ជញ្ជាំង​របស់​ទ្វារ​មាស​? ឬ​ជា​ទឹក​រម្អិល​ប្រភេទ​ផ្សេង បាញ់​ចេញ​មក​ពី​ក្រពេញ​​បំពង់​បង្ហួរនោម? ប៉ុន្តែ​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ បាន​បក​ស្រាយ​ច្បាស់​ពាក់​ព័ន្ធ​ចម្ងល់​ទាំង​នេះ

    ១- សារធាតុរាវចេញ​ពី​ប្រដាប់​ភេទ​ស្រីមាន ២ប្រភេទ

    វេជ្ជបណ្ឌិត Beverly Whipple សាស្ត្រាចារ្យ​​ផ្នែក​ប្រព័ន្ធ​ប្រសាទ នៅសាកល​វិទ្យាល័យ​ Rutgers University ក្រុង Newark រដ្ឋ New Jersey សហរដ្ឋ​អាមេរិក បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវពី​ការ​បញ្ចេញ​ទឹក​កាម​របស់​​ស្រីៗ ដោយ​ការ​សិក្សា​រក​ឃើញ​ផ្ទុយ​ពី​អ្វី​ដែល​យើង​គិត ហៅ​​យើង​អាច​ហៅ​ការ​បាញ់​ទឹក​កាម​របស់​​ស្រីៗ​ ផ្អែក​ទៅ​លើ​​សារ​ធាតុ​រាវ​ដូច​ទឹក​ដោះ​គោ ​បាញ់​ចេញ​មក​ក្រៅ​ ពេល​​ស្រីៗ​ដល់​ចំណុច​កំពូល​តែ​ប៉ុណ្ណោះ។ យើង​មិន​អាច​ហៅ​សារធាតុ​រាវ​ថ្លា ដែល​ចេញ​មក​នៅ​ពេល​មនុស្ស​ស្រី​ដល់​ចំណុច​​កំពូល ​ថា​ជា​ការ​បាញ់​ទឹក​កាម​បាននោះ​ទេ។ លោក​ស្រី​វេជ្ជបណ្ឌិត​រូប​នេះ ​​បញ្ជាក់​ទៀត​​ថា ទឹក​ថ្លា​​​ចេញ​មក​នោះ គឺ​ជា​ទឹក​នោម​ដែល​ត្រូវ​បាន​ពង្រាវ ដោយ​សារ​​សារ​ធាតុ​ចេញ​មក​ពី​​ប្រូស្តាត​ស្រីៗ និងបំពង់​បង្ហូរ​ទឹក​នោមប៉ុណ្ណោះ។

    សរុប​សេចក្តី​មក នៅ​ពេល​ក្រុមអ្នក​ស្រាវ​ជ្រាវ​បាន​យក​សារធាតុ​រាវ​ស្រីៗ​ពេល​​ដល់​ចំណុច​កំពូល​ យក​មទៅ​ពិនិត្យ​ដោយ​ប្រើ​មីក្រូទស្សន៍ គឺ​រក​ឃើញ​មាន​សារធាតុ​រាវ គឺមាន​​​ ២ប្រភេទ ​ទី​មួយ​វា​មាន​រចនា​សម្ព័ន្ធ​ស្រដៀង​គ្នា​ជាមួយ​នឹងទឹក​នោម ចំណែក​ឯ​មួយ​ប្រភេទ​ទៀត មាន​ផ្ទុក​អង់​ទី​ហ្សែន​របស់​កោសិកា​ប្រូស្តាត​បន្តិច​បន្តួច។ ប៉ុន្តែ​ការ​សិក្សា​មួយ​នេះ​នៅ​តែ​មិន​​ទាន់​ឆ្លើយ​បាន​ថា តើ​ការ​បញ្ចេញ​ទឹក​កាម​របស់​មនុស្ស​ស្រី​មាន​មុខងារ​អ្វី​នៅ​ឡើយ​ទេ។

    មិន​មែន​ជា​រឿង​ចម្លែក​ទេ ដែល​​ស្រី​ៗអាច​បញ្ចេញ​ទឹក​កាម​​បាន បើទោះការ​សិក្សា​​បង្ហាញ​ថា ​មាន​ស្រីៗពី ១០-៥០​ ភាគរយ អាច​បញ្ចេញ​ទឹក​កាម​បាន​​ នៅ​ពេល​ឈាន​ដ​ល់ចំណុច​កំពូល។ ប៉ុន្តែ​ការ​ពិត​នោះ​ គឺ​ស្រីៗ​គ្រប់​រូប ​សុទ្ធ​តែ​អាច​បញ្ចេញ​ទឹក​កាម​បាន ប្រសិន​បើ​ដៃ​គូយើង ​ដឹង​ច្បាស់​ពី​តិច​និក​លើ​គ្រែ​ ដែលរោល​រាល និង​ពុះ​កញ្ជ្រោល​។

    បើ​និយាយដល់​ចំនុច​ពុះ​កញ្ជ្រោល​របស់​ស្រីៗ យើង​ត្រូវ​និយាយ​ពី​​តំបន់ G-spot វិញ​ម្ដង ហេតុ​អ្វី​តំបន់​ G-spot ស្រីៗ ធ្វើ​ឲ្យ​​ប្រុស​ពិបាក​រក​​បែប​នេះ? អាច​បណ្ដាល​មក​ពី​ការ​យល់​ច្រឡំ​ តំបន់​នោះ​​ជា​​អ្វី ហើយ​វា​មាន​តួនាទីយ៉ាង​ម៉េច​ខ្លះ។ តាម​ពិត​ទៅ G-spot មិន​មែន​ជា​កន្លែង ​អាច​ធ្វើ​ឲ្យ​ស្រីៗ​ឈាន​ដល់​ចំណុច​កំពូល ដោយ​គ្រាន់​តែ​យក​ដៃ​ទៅ​ប៉ះ​ត្រង់​នោះ​បន្តិច​បន្តួច​នោះ​ឡើយ។ តំបន់​នេះ​ស្ថិត​នៅ​ផ្នែក​ខាង​មុខ​ជញ្ជាំង​ទ្វារ​មាស ​ជា​កន្លែង​​មាន​រំញោច​ខ្លាំង​ជាង​កន្លែង​ណាៗ​ទាំង​អស់។ អ្នក​ស្រាវ​ជ្រាវ​បញ្ជាក់​​ថា តំបន់​នេះ​ គឺ​រាប់​បញ្ចូល​ទាំង​ផ្នែក​ខាង​មុខ​របស់​ទ្វារ​មាស បំពង់​បង្ហូរ​នោម ប្រូស្តាត​របស់​ស្រីៗ កោសិកា និង​សាច់​ដុំ​នៅ​ជុំ​វិញ​នោះ និង​ផ្នែក​របស់​គ្លីតូរីស​ផង​ដែរ។ ​ការ​ស្រាវ​ជ្រាវ​បាន​ហៅ​តំបន់​នេះ​ថា Clitourethrovaginal complex (ជា​តំបន់​បញ្ចូល​គ្នា​របស់ គ្លីតូរីស បំពង់​បង្ហូរ​នោម និង​ទ្វារ​មាស)។

    យ៉ាង​ណា ស្រីៗ​គ្រប់​រូប​ មិនមែន​សុទ្ធ​តែ​មាន​​តំបន់ G-spot ទាំង​អស់​​នោះ​ទេ មានស្រីៗ​មួយ​ចំនួន​ ជាពិសេស​​គ្នា​យើង​​មាន​ជំងឺ​​នៅ​ប្រដាប់​ភេទ និង​មានបញ្ហា​​ឈឺ​ចាប់​ទ្វារ​មាស​ពេល​រួម​ភេទ ឬ​មិន​ទទួល​អារម្មណ៍​សម្រើប​គ្រប់​គ្រាន់ គឺ​ប្រហែល​មក​ពី​ពួក​​គាត់​មិន​មាន​ការ​រំញោច​នៅ​តំបន់ G-spot ​គ្រប់​គ្រាន់ ខណៈ​បញ្ហា​ធ្វើ​ឲ្យ​រំខាន​ដល់​ជីវិត​ផ្លូវ​ភេទ​​ដៃ​គូ​ស្នេហា​មាន​ដូចជា៖

    – តឹង​សាច់​ដុំ​របស់​ទ្វារ​មាស (Vaginismus)

    – ឈឺ​រ៉ាំ​រ៉ៃ​នៅ​មាត់​ទ្វារ​មាស ដោយគ្មាន​មូល​ហេតុ (Vulvodynia)

    ​- មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេល​ស៊ក​អ្វី​ចូល​ក្នុង​ទ្វារ​មាស អាច​ជា​ការ​ស៊ក​សំឡី​អនាម័យ ឬ​ការ​រួម​ភេទ (Vulvar Vestibulitis)

    – ឈឺ​ក្នុង​ប្លោក​នោម បណ្ដាល​មក​ពីមុខ​ងារ​របស់​អាង​ត្រគៀក​ធ្វើ​ការ​មិន​ល្អ (Interstitial cystitis)

    – ជាលិកា​របស់​ស្បូន​ទៅ​ដុះ​នៅ​កន្លែង​ផ្សេង​ក្រៅ​ពី​ក្នុង​ស្បូន (Endometriosis)

    – មិន​អាច​គ្រប់​គ្រង​សាច់​ដុំ​នៅ​ក្នុង​អាង​ត្រគៀក​របាន (Pelvic floor dysfunction​)។

    បើ​សិន​ស្រីៗ​គ្នា​យើង​​មាន​បញ្ហា​ទាំង​អស់​នេះ កុំ​ទាន់​បាក់​ទឹក​ចិត្ត​ឲ្យសោះ ដៃ​គូ​ខាង​ប្រុស​ក៏​ដូច​គ្នា កុំ​គិត​ថាមាន​តែ​តំបន់ G-spot ​ដែល​អាច​ធ្វើ​ឲ្យ​ស្រីៗ​រំពោច​អារម្មណ៍​នោះ​ ព្រោះ​នៅ​មាន​តំបន់​ផ្សេង​ទៀត ​អាច​ធ្វើ​ឲ្យស្រីៗ​​មាន​អារម្មណ៍​ល្អ​ជា​ច្រើ​នទៀត ដែល​យើង​មិន​ធ្លាប់​ដឹង ពិសេស​ចុង​សុដន់​ គឺ​​អាច​ធ្វើ​ឲ្យ​ស្រីៗ​ពុះ​កញ្ជ្រោល​បានដូច​គ្នា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Apr 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម