គន្លឹះ​សាមញ្ញា តែ​​សំខាន់​បំផុត​សម្រាប់​ប្រុសៗ​ចង់​ហាត់​យក​សាច់ដុំ​ស្អាត

ដោយ ត្រួតពិនិត្យដោយ Chan Sineth

ប្រុសៗ​ចង់​បាន​ហាត់​យក​សាច់ដុំ​រឹង​មាំ​ស្អាត សង្ហា ទាមទារ​មាន​ផែនការ និង​ការ​តាំងចិត្តខ្ពស់។ “Hello គ្រូពេទ្យ” នឹង​លើក​យក​ចំណុច​ខ្លះៗ​សម្រាប់​អ្នក​គ្រោង​ចង់​ហាត់​យក​សាច់ដុំ។

១- ជំហាន​ដំបូង

សម័យនេះ កាន់​តែ​ងាយ​ស្រួល ព័ត៌មាន​ពាក់​ព័ន្ធ​ការ​ហាត់​ប្រាណ ពិសេស​ហាត់​ដើម្បី​យក​សាច់ដុំ​ធំៗ គឺ​មាន​គ្រប់​ទិស​ទី ជួយ​យើង​អាច​ហាត់​បាន​ដោយ​ជោគជ័យ ដោយ​មិន​ប៉ះពាល់ ឬ​ឈឺចាប់ ខូត​ខាត​សាច់​ដុំ​នោះដែរ។

ចាប់​ផ្តើម​ស្វែង​រក​កន្លែង​ហាត់​ស័ក្តិ​សម​សម្រាប់​ខ្លួន​យើង មើល​ទៅ​មាន​ផាសុកភាព មាន​កម្លាំង​ចិត្ត តស៊ូ​ហាត់​ដោយ​មិន​បោះ​បង់។ អាច​រក​គ្រូ​ជំនាញ ឬ​អ្នក​មាន​បទ​ពិសោធន៍​ណែនាំ ដើម្បី​ជា​ជំនួយ ដឹង​ថា​ត្រូវ​ចាប់​ផ្តើម​បែប​ណា សម្រាប់​គ្នា​យើង​មិន​ចេះអ្វី​ទាំង​អស់។

២- ហាត់​លើក​យឺតៗ​ដើម្បី​យក​សាច់​ដុំ​ធំៗ

លើក​ដាក់​ដុំ​ដែក​យឺតៗ ធ្វើ​ឲ្យ​ហាត់​បាន​យូរ និង​កាត់​បន្ថយ​កាឡូរី ក្នុង​អំឡុង​ពេល​ជាក់​លាក់។ ការ​ហាត់​លើក​ដាក់​ដុំ​ដែក យឺតៗ អាច​ជួយ​យើង​អាច​គ្រប់គ្រង​ទម្ងន់​បាន​ល្អ និងមិន​បណ្តាល​ឲ្យ​ឈឺ​ចាប់​នោះ​ទេ។

៣- ញ៉ាំ​ប្រូតេអ៊ីន​កាន់​តែ​ច្រើន​ សាច់​ដុំ​កាន់​តែ​ធំ​ល្អ

ប្រូតេអ៊ីន ​ជា​តម្រូវ​ការ​ចាំបាច់ ​ពេល​យើង​ចង់​ហាត់​យក​សាច់​ដុំ​ឲ្យ​បាន​ធំ ប៉ុន្តែ​ក៏​មិនមែន​ជា​គន្លឹះ​មាស​មួយ​មុខ​គត់ដែរ។ ស្រប​ពេល​ប្រូតេអ៊ីន កំពុង​ជំរុញអភិវឌ្ឍ​លើ​សាច់ដុំ យើង​មិន​ត្រូវ​សម្រុក​ស្រូប​យក​ប្រូតេអ៊ីន​ច្រើន​តាម​តែ​ចិត្ត​រៀង​រាល់​ថ្ងៃ​នោះ​ទេ ព្រោះ​បើ​ប្រូតេអ៊ីន​ច្រើន​ហួស​ហេតុ​ពេល រាង​កាយ​នឹង​បំបែក​⁣ទៅ​ជា​អាមីណូអាស៊ីដ និង​អាហ្សូត ហើយ​ក្លាយ​កាក​សំណល់ ឬ​បំប្លែង​ទៅ​ជា​កាបូអ៊ីដ្រាត រក្សា​ទុក​ក្នុង​រាង​កាយ​វិញ។

ហេតុនេះ បើ​ចង់​ឲ្យ​ប្រួតេអ៊ីនជួយ​សាច់ដុំ​ឲ្យ​តឹង​ណែន​ល្អ ត្រូវ​ញ៉ាំ​អាហារ​មាន​តុល្យភាព​រវាង​ប្រតេអ៊ីន និង​កាបូនអ៊ីដ្រាត (ជាតិ​ស្ករ​ធម្មជាតិ) ឲ្យ​បាន​ត្រឹម​ត្រូវ។ ល្អ​បំផុត ក្រោយ​ហាត់​ប្រាណ ត្រូវ​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​កាបូអ៊ីដ្រាត ៣​/៤ និង​ប្រូ​តេអ៊ីន ១/៤។

អត្ថបទ​ពាក់ព័ន្ធ៖

៤- កុំ​ប្រើ​សាច់​ដុំ​ទាំង​កំពុង​ឈឺ

បើ​សាច់ដុំ​យើង​ឈឺ​ខ្លាំង​នោះ យើង​ក៏​មិន​អាច​ធ្វើ​ចលនា​បាន​ស្រួល​នោះ​ដែរ សម្រាក ៤-៥ ថ្ងៃ​សិន ចាំ​ពេល​ឈប់​ឈឺ​ សឹម​បន្ត​ហាត់​ទៀត។ ទោះ​​សម្រាក​ ក៏​មិន​មាន​ន័យ យើង​ត្រូវ​ដេក​ស្ងៀម មិន​ធ្វើ​អី​នោះ​ដែរ។ អំឡុង​ពេល​សម្រាក អាច​ធ្វើ​លំហាត់​ប្រាណ​បែប​អេរ៉ូបិក​ស្រាលៗ សម្រួល​សាច់​ដុំ អាច​អាការៈ​ឈឺ​សាច់​ដុំ​ឆាប់​ធូរ​ស្រាល ព្រោះ​សកម្ម​ភាព​ទាំង​នេះ ជួយ​លំហូរ​ឈាម​ចូល​សាច់​ដុំ​បាន​ល្អ កម្ចាត់​កាក​សំណល់ និង​ពន្លឿន​ដំណើរ​ការ​ជួសជុល​សាច់​ដុំ​ឡើង​វិញ។

៥- ទាញ​សម្រួល​សាច់​ដុំ​ ការពារ​កុំ​ឲ្យ​ឈឺ​ចាប់

យើង​គួរ​​ទាញ​សម្រួល​សាច់​ដុំ ដូច​ជា កម្ដៅ​សាច់​ដុំ​មុន​ហាត់​ប្រាណ សុទ្ធ​តែ​អាច​ការពារ​សាច់​ដុំ​កុំ​ឲ្យ​ឈឺ​ចាប់​បាន ហើយ​ទាញ​សម្រួល​សាច់​ដុំ ក៏​ជួយ​អភិវឌ្ឍ​ភាព​រហ័ស​រហួន។

កត្តា​ពិត​ប្រាកដ​ជួយ​យើង​មិន​ឲ្យ​ឈឺ​សាច់​ដុំ គឺ​កម្ដៅ​សាច់​ដុំ​មុន​ហាត់​ប្រាណ​នេះ​ឯង ព្រោះ​បែប​នេះ រាង​កាយ​អាច​បង្កើន​លំហូរ​ឈាម​ចូល​សាច់ដុំ និង​ត្រៀម​សម្រាប់​ការ​ហាត់ប្រាណ​នា​ពេល​បន្តិច​ទៀត។ មាន​ន័យ​ថា បើ​ចង់​ហាត់​ប្រាណ​បង្កើន​សាច់​ដុំ​ជោគជ័យ​តាម​ផែន​ការ វិធី​កម្ដៅ​សាច់​ដុំ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ទៀង​ទាត់​មុន​ពេល​ចាប់​ផ្តើម​ហាត់។

ក្នុង​ករណី​មិន​ទាន់​ចេះ​វិធី​ទាញ​សម្រួល​សាច់​ដុំ គួរ​សាក​សួរ​អ្នក​ជំនាញ ឬគ្រូបង្វឹក​នៅ​កន្លែង​ហាត់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 17, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 17, 2019

អ្នកអាចចូលចិត្ត