​ប្រយ័ត្ន​បន្តិច ពកក​ឧស្សាហ៍​កើត​លើ​ស្រីៗ​ណាស់ ដោយសារ…

ដោយ ត្រួតពិនិត្យដោយ Chan Sineth

​ជំងឺ​ពក​ក នៅ​តែ​កើត​ឡើង​ច្រើន ជាពិសេស​ស្រីៗ ​ព្រោះ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ដិត​ដល់​។ “Hello គ្រូពេទ្យ” នឹង​លម្អិត​ពាក់​ព័ន្ធ​អ្វី​ជា​ក្រពេញ​ទីរ៉ូអ៊ីតដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​ពកក អាច​បង្ក​បញ្ហា​អី​ខ្លះ? ហេតុ​អី​បាន​ជា​កើត​ឡើង​ភាគ​ច្រើន​លើ​ស្រីៗ។

១- អ្វី​ជា​ក្រពេញ​ទីរ៉ូអ៊ីត?

ទីរ៉ូអ៊ីត ជា​ក្រពេញ​តូច​មួយ មាន​សណ្ឋាន​ដូច​មេ​អំបៅ ស្ថិត​នៅ​បាត​របស់​ក។ ក្រពេញ​នេះមាន​នាទី​សំខាន់​ផលិត​អ័រម៉ូនដើម្បី​គ្រប់​គ្រង​ស្ទើរ​គ្រប់​ដំណើរ​ការ​មេតា​បូលីស​ទាំង​អស់ រាប់​បញ្ចូល​ទាំង​ការ​ដុត​កម្ទេច​កាឡូរី​ក្នុង​រាង​កាយ​ឲ្យ​បាន​រហ័ស ក៏​ដូច​ជា​ដំណើរ​ការ​លោត​ញាប់​ ឬ​យឺត​របស់​បេះដូង​យើង​តែម្តង។ ករណី​ខ្លះ ទោះ​បើ​យើង​មាន​បញ្ហា​មិន​ប្រក្រតី​ទៅ​លើ​ក្រពេញ​ទីរ៉ូអ៊ីត ក៏​គ្មាន​ទុក្ខ​ទោស​អ្វី​លើ​រាង​កាយ តម្រូវ​ឲ្យ​មាន​ការ​ព្យា​បាល​នោះ​ដែរ ប៉ុន្តែ​ករណី​ខ្លះ​ទៀត អាច​នឹង​គំរាម​កំហែង​អាយុ​ជីវិត​យើង​បាន។

បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត សំដៅ​លើ​កំណើន​ការ​ផលិត​អ័រម៉ូន​របស់​ក្រពេញ​នេះ​ច្រើន​លើស​កម្រិត ឬ​តិច​តួច​មិន​គ្រប់​គ្រាន់​សម្រាប់​រាង​កាយ​ប្រើ​ប្រាស់។ មនុស្ស​ស្រី ​មាន​អត្រា​ប្រឈម​​ហានិភ័យ​ខ្ពស់ មាន​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត ពិសេស​ក្រោយ​សម្រាល​កូន​ និង​ពេល​អស់​រដូវ។

២- បញ្ហា​ក្រពេញ​ទីរ៉ូអ៊ី​ប៉ះពាល់​អ្វី​ខ្លះ​ចំពោះ​ស្រីៗ?

បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត អាច​នឹង​បណ្តាល​ឲ្យ​រដូវ​មិន​ទៀង​ទាត់ ព្រោះ​វា​ក៏​ដើរ​តួ​នា​ទី​ជួយ​ឲ្យ​ធ្លាក់​ឈាម​រដូវ​ផង​ដែរ។ បញ្ហា​អត់​មក​រដូវ​ជា​ស្ថាន​ភាព​សុខភាព​មួយ​ពាក់ព័ន្ធ​ក្រពេញ​ទីរ៉ូអ៊ីត អាច​ធ្វើ​រាំង​រដូវ​ជា​ច្រើន​ខែ ឬ​ឈាន​ដល់​ឆ្នាំ​ទៀត​ផង។ បើ​មាន​បញ្ហា​ក្រ​ពេញ​ទីរ៉ូអ៊ីត ដែល​បង្ក​ឡើង​ដោយ​ប្រព័ន្ធ​ភាព​ស៊ាំ អាច​និយាយ​បាន​ថា​ក្រពេញ​អូវែ ក៏​រង​ប៉ះ​ពាល់​ដូច​គ្នា។ យើង​អាច​ជួប​ប្រទះ​បញ្ហា​អស់​រដូវ​ ឬ​មក​រដូវ​មុន​ពេល​កំណត់។

ដោយសារ​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត រំខាន​ជ្រៀត​ជ្រែក​ជា​មួយ​ការ​មក​​ឈាម​រដូវ ការ​ទុំជ្រុះ​មេ​ជីវិត​ញី ក៏​អាច​នឹង​ត្រូវ​បង្អាក់​ដូចគ្នា​ ធ្វើ​ឲ្យ​វា​កាន់​តែ​ពិបាក​សម្រាប់​គ្នា​យើង​ចង់​បាន​កូន។ លើស​ពី​នេះ បញ្ហា​ក្រ​ពេញ​ទីរ៉ូអ៊ីត កើត​ចេញ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អាច​បង្កើន​ហានិភ័យ​សុខ​ភាព​ទាំង​ម៉ាក់ៗ និង​គភ៌​ក្នុង​ផ្ទៃ។

៣- អ្នក​ណា​ខ្លះ​ងាយ​ប្រឈម​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត?

ស្រីៗ​យើង​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​សុខភាព ឬ​មាន​ប្រវត្តិ​ជំងឺ​មួយ​ចំនួន ងាយ​ប្រឈម​ហានិភ័យ​ខ្ពស់​កើត​មាន​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត​ ដូច​ជា៖

– ធ្លាប់​មាន​ប្រវត្តិ​មាន​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត​ពី​មុន
– ធ្លាប់​វះ​កាត់​ ឬ​ការ​ព្យាបាល​ដោយ​បាញ់​កាំ​រស្មី ព្រោះ​អាច​ជះ​ឥទ្ធិពល​ប៉ះ​ពាល់​ដល់​ក្រ​ពេញ​ទីរ៉ូអ៊ីត
– មាន​ជំងឺ​ពក​ក​ ស្លេក​ស្លាំង​ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១។

អត្ថបទពាក់ព័ន្ធ៖

៤- បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត​ឧស្សាហ៍​កើត​លើ​ស្រីៗ​មាន​អ្វី​ខ្លះ?

បញ្ហា​ក្រ​ពេញ​ទីរ៉ូអ៊ីត​ខ្លះ ជះ​ឥទ្ធិ​ពល​ប៉ះ​ពាល់​ស្រីៗ​ច្រើន​ជាង​ប្រុស ដោយ​បញ្ហា​ឧស្សាហ៍​ជួប​ប្រទះ​មាន​ដូច​ជា៖

– ជំងឺ​ខ្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត៖ ជា​ស្ថាន​ភាព​មួយ ដែល​ក្រពេញ​ទីរ៉ូអ៊ីត​ផលិត​អ័រម៉ូន​បាន​តិច​តួច​ពេក ហើយ​ត្រូវ​គេ​ស្គាល់​ថា បញ្ហា​ខ្សោយ​ក្រពេញ​ទីរ៉ូអ៊ីត។ ស្ថាន​ភាព​នេះ ធ្វើ​ឲ្យ​មុខ​ងារ​រាងកាយ​ដំណើរ​ការ​យឺត​ខុស​ប្រក្រតី ហើយ​ជា​រឿយៗ បង្ក​ឡើង​ដោយ​ ជំងឺ​ហាស៊ីម៉ូតុ (Hashimoto) ការ​ព្យាបាល​បំបាត់​បញ្ហា​លើស​អ័រម៉ូន​ទីរ៉ូអ៊ីត ការ​ព្យា​បាល​ដោយ​បាញ់​កាំ​រស្មី ការ​កាត់​យក​ចេញ​ក្រពេញ​ទីរ៉ូអ៊ីត​ជា​ដើម​។

– ជំងឺ​លើស​អ័រម៉ូន​ទីរ៉ូអ៊ីត៖ ត្រូវ​គេ​ស្គាល់​ថា​ ជា​បញ្ហា​ក្រ​ពេញ​ទីរ៉ូអ៊ីត​សកម្ម​ជ្រុល​ កើត​មាន​ឡើង​ពេល​ក្រ​ពេញ​នេះ​ផលិត​អ័រម៉ូន​ច្រើន​លើស​កម្រិត នាំ​ឲ្យ​មុខ​ងារ​រាង​កាយ​ដំណើរ​ការ​លឿន​ខុស​ប្រក្រតី។ ជំងឺ​លើស​អ័រម៉ូន​ទីរ៉ូអ៊ីត ជា​ធម្មតា​បង្ក​ដោយ​ជំងឺ​ Graves ដែល​ជា​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ។

– ជំងឺ​រលាក​ក្រពេញ​ទីរ៉ូអ៊ីត៖ កើត​មាន​ឡើង​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​បញ្ចេញ​អង់ទីករ វាយ​ប្រហារ​ក្រ​ពេញ​ទីរ៉ូអ៊ីត បណ្តាល​ឲ្យ​រលាក ហើយ​ជា​ធម្មតា​ឃើញ​ជា​ញឹក​ញាប់​ជំងឺ​រលាក​ក្រ​ពេញ​ទីរ៉ូអ៊ីត បង្ក​ដោយ​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ១ និង​ជំងឺ​រលាក​សន្លាក់​ កត្តា​សេនេទិច​ ការ​បង្ក​រោគ​ពី​វីរុស ឬ​បាក់​តេរី​ និង​ឱសថ​មួយ​ចំនួន។

– ជំងឺ​ពក​ក៖ សំដៅ​លើ​ការ​រីក​ធំ​ក្រពេញ​ទីរ៉ូអ៊ីត ដោយ​ពេល​ខ្លះ​ ជំងឺ​ពក​ក​ អាច​បាត់​ទៅ​វិញ​​ដោយ​ខ្លួន​ឯង មិនចាំ​បាច់​ការ​ព្យាបាល​ទេ។ ប៉ុន្តែ​ក្នុង​ករណី​ដទៃ​ទៀត​ ក៏​អាច​ជា​សញ្ញា​ធ្ងន់​ធ្ងរ​នៃ​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត​ផង​ដែរ។

– ដុំ​កំ​ពក​ក្រ​ពេញ​ទីរ៉ូអ៊ីត៖ គឺ​ជា​ការ​ហើម​ផ្នែក​ខ្លះ​របស់​ក្រ​ពេញ​នេះ ដោយ​ដុំ​កំពក​អាច​នឹង​ត្រូវ​បាន​ផ្ទុក​ដោយ​សារ​ធាតុ​រាវ ឈាម ឬ​វត្ថុ​រឹង។

– មហារីក​ក្រ​ពេញទីរ៉ូអ៊ីត៖ កើត​ឡើង ពេល​កោសិកា​មហារីក​លូត​លាស់​នៅ​ក្នុង​ជាលិកា​ក្រ​ពេញ ខណៈ​គ្នា​យើង​មួយ​ចំនួន​អាច​នឹង​មិន​ជួប​ប្រទះ​រោគ​សញ្ញា​អ្វី​មួយ​ឡើយ។ ខ្លះ​អាច​មាន​ការ​ហើម ឬ​ដុំ​ពក​នៅ​ត្រង់​ក​ បណ្តាល​ឲ្យ​មាន​សំឡេង​ស្អក​ ឬ​បញ្ហា​ជាមួយ​នឹង​ការ​លេប​អាហារ ឬផឹក​ទឹក​ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 25, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 25, 2019

ប្រភព
ចង់​ដឹង​អាថ៌កំបាំង​សុខភាព​ល្អ​បំផុត?
តាម​ដាន​អត្ថបទ​សុខភាព​ថ្មីៗ​ប្រចាំ​ថ្ងៃ​របស់ "Hello គ្រូពេទ្យ"