នេះជាមូលហេតុ ដែលយើងចង់រក្សារាងឲ្យស្វែល តែពិបាក

ដោយ ត្រួតពិនិត្យដោយ Chip Chet

បច្ចុប្បន្ននេះ សម្បូរ​អ្នកលើស​ទម្ងន់​ជាច្រើន មិនថា ប្រុស ឬស្រី​នោះទេ ហើយ​អ្នកខ្លះ ក៏ដាក់​គោលដៅ​សម្រក​ទម្ងន់ ចង់​រក្សា​ទម្ងន់​ឲ្យ​សក្តិសម​នឹង​រាងកាយ ដើម្បី​មាន​សុខភាព​ល្អ ក៏ដូច​ជា​រាងស្អាតសង្ហារ​ដែរ។ តែក្រោយ​ស្រក​បាន​ខ្លះ ក៏ត្រឡប់​មក​ទម្ងន់​ដដែល ហើយ​កើនលើស​ហ្នឹង​ទៀត ក៏មាន​ដែរ។

ហេតុអ្វីបាន​រាងកាយ​របស់​យើង ហាក់ដូចជា ងាក​ទៅរក​តែបញ្ហា​លើស​ទម្ងន់​ដូច្នេះ?

ចេញផ្សាយ​លើគេហទំព័រ​វេជ្ជសាស្ត្រ WebMD ការសិក្សា​មួយ បាន​បកស្រាយ​ពី​បញ្ហា​នេះ ដោយ​ផ្អែក​លើ​ការវិវត្ត​របស់​មនុស្ស ជាមួយ​នឹង​យន្តការ​ប្រឆាំង​ការ​អត់ឃ្លាន ដែល​ផ្ដោត​សំខាន់​លើ​រាងកាយ​រក្សា​ជាតិ​ខ្លាញ់។ ចំណុច​សំខាន់​នៃ​យន្តការនេះ គឺប្រូតេអ៊ីន​មួយ ហៅថា “RAGE” ដែល​អ្នកវិទ្យាសាស្ត្រ​យក​ទៅ​សាកល្បង​លើ​សត្វ​កណ្ដុរ។ អ្នកវិទ្យាសាស្ត្រ​ជឿថា RAGE ជួយ​មនុស្ស​សម័យ​បុរាណ ពី​ការ​អត់ឃ្លាន នៅពេល​ពួកគេ​ខ្សត់​អាហារ។

ប៉ុន្ដែ បច្ចុប្បន្នេះ RAGE ត្រូវ​ផលិតឡើង ដើម្បី​ប្រឆាំង​កោសិកា​ស្ត្រេស បណ្ដាល​មក​ពី​ការញ៉ាំ​ច្រើនពេក។ ប្រូតេអ៊ីននេះ ហាក់ដូចជា​បង្កើត​កំហុស​លើ​កោសិកា​ស្ត្រេស ក៏ដូចជា ការ​អត់ឃ្លាន និង​បាន​ផ្លាស់ប្ដូរ​សមត្ថភាព​រាងកាយ ដើម្បី​ដុត​ជាតិ​ខ្លាញ់។ ជាលទ្ធផល ជាតិខ្លាញ់ ងាយ​នឹង​កើនឡើង តែ​ពិបាក​នឹង​ធ្លាក់ចុះ។

អ្នកវិទ្យាសាស្ត្រ បាន​ឈានដល់​ការបង្កើត​ថ្នាំ​ប្រឆាំង​នឹង​ជំងឺធាត់ ដោយ​កម្ចាស់​ប្រូតេអ៊ីន RAGE។ ពួកគេ បាន​ពិសោធន៍​លើ​សត្វកណ្ដុរ ដោយ​ឲ្យ​វាស៊ីអាហារ​មាន​ជាតិ​ខ្លាញ់ខ្ពស់ និង​បំបាត់​ប្រូតេអ៊ីន RAGE ចេញ។ លទ្ធផល រកឃើញ​ថា កណ្ដុរ​ពុំកើត​មាន​ជំងឺ​ធាត់នោះទេ ហើយ​អវត្តមាន​ប្រូតេអ៊ីន RAGE ក៏មិនធ្វើឲ្យ​កណ្ដុរ ជួប​គ្រោះថ្នាក់ដែរ ដោយ​ការបន្ដពូជ និង​មុខងារ​ចងចាំ នៅ​ដដែល។

អត្ថបទពាក់ព័ន្ធ៖

យោងតាម​ការសិក្សា ប្រូតេអ៊ីន RAGE ក៏បណ្ដាល​ឲ្យ​មាន​ការរលាក​លើ​រាងកាយផងដែរ ដូច្នេះ ការ​បំបាត់​ប្រូតេអ៊ីន​នេះ ចេញពី​រាងកាយ អាចជួយ​ការពារ​ផលវិបាក​ការរលាក​មួយ​ចំនួន នៃ​ជំងឺធាត់ ទឹកនោមផ្អែម មហារីក និង​ជំងឺបាត់ការចងចាំ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់​ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កក្កដា 17, 2019 | កែសម្រួលចុងក្រោយ ខែ​កក្កដា 17, 2019

អ្នកអាចចូលចិត្ត