backup og meta

"​ថប់​បារម្ភ" ជា​​ជំងឺ​​គួរ​​ឲ្យ​​ខ្លាច មិន​ចាញ់​ជំងឺ "បាក់ទឹកចិត្ត"

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Jul 15, 2020

    "​ថប់​បារម្ភ" ជា​​ជំងឺ​​គួរ​​ឲ្យ​​ខ្លាច មិន​ចាញ់​ជំងឺ "បាក់ទឹកចិត្ត"

    ជំងឺ​បាក់​ទឹក​ចិត្ត គ្នាយើងអាច​ដឹង​ឮ​ច្រើន តែ​​ភាគ​តិច​ណាស់​ស្គាល់​ជំងឺ​ផ្លូវ​ចិត្ត​ម្យ៉ាងទៀត គួរឲ្យ​ខ្លាច​ដូច ​ជំងឺ​បាក់​ទឹក​ចិត្ត ដែរ គេ​ហៅ​ថា ជំងឺ​ថប់​បារម្ភ (Anxiety Disorder) ដែល​កំពុង​កើត​មាន​លើ​មនុស្ស​ជាច្រើន​ជុំវិញ​ពិភពលោក។ “Hello គ្រូពេទ្យ” នឹង​លម្អិត​ពី​ជំងឺ​នេះ​ឲ្យ​​យើង​បាន​ដឹង។

    ១- អ្វី​ជា​ជំងឺ​ថប់​បារម្ភ?

    មាន​អ្វី​កើត​ឡើង​ ​បើ​ខ្ញុំ​ធ្លាក់​ចេញ​ពី​ឆាក? មាន​អ្វី​កើត​ឡើង ​បើ​ខ្ញុំ​និយាយ​អ្វី​ដែល​ឆោត​ល្ងង់? ចុះ​បើ​ខ្ញុំ​ប្រឡង​គណិត​ធ្លាក់ ​គិត​ម៉េច​ទៅ? សំណួរ​ទាំង​នេះ យើង​អាច​ជួប​ប្រទះ​រាល់​ថ្ងៃ សុទ្ធ​សឹង​ជា​កត្តា​ជំរុញ​អារម្មណ៍​យើង​កាន់​តែ​តានតឹង។ ថប់បារម្ភ ជា​អារម្មណ៍​ធម្មតា​របស់​យើង​គ្រប់​គ្នា កើត​ឡើង​គ្រប់​ពេល​យើង​គិត​ដល់​ស្ថាន​ភាព​គំរាម​កំហែង​ណា​មួយ​ អាច​កើត​មាននៅ​ពេល​អនាគត។​

    យើង​អាច​នឹង​ព្រួយ​បារម្ភ​ខ្លាំង មុន​ការ​ប្រឡង​មក​ដល់ ការ​ធ្វើ​បទ​បង្ហាញ ឬ​ចូល​រួម​ព្រឹត្តិការណ៍​សង្គម​នានា។ ជា​ការ​ឆ្លើយ​តប​បែប​ធម្មជាតិ អាច​ជួយ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន ផ្តោត​អារម្មណ៍ និង​ត្រៀម​ខ្លួន​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត។ ប៉ុន្ដែ ​ការ​ខ្វល់​ខ្វាយ​ទាំង​នេះ អាច​ជា​ឧបសគ្គ​ដ៏​លំបាក នាំ​ឲ្យ​រារាំង​ជីវិត​យើង​ នៅ​ពេល​ក្តី​បារម្ភ​ច្រើន​ឡើង​ហួស​ប្រមាណ។ ករណី​មាន​ការ​ថប់​បារម្ភ​ខ្លាំង ហើយ​យើង​មាន​អារម្មណ៍​បែប​នេះ​ទាំង​គ្មាន​មូល​ហេតុ អាច​បញ្ជាក់​ថា យើង​កំពុងមាន​ជំងឺ​ថប់​បារម្ភ​ហើយ។

    យើង​មាន​ជំងឺ​ថប់បារម្ភ ប្រឈម​នឹង​អារម្មណ៍​ឆេវឆាវ គិត​ច្របូក​ច្របល់ ព្រួយ​បារម្ភ​ច្រើន មាន​ការ​ប្រែប្រួល​លើ​រាង​កាយ ដូចជា ចង្វាក់​បេះដូង​លោត​លឿន និង​សម្ពាធ​ឈាម​ខ្ពស់។ មាន​ជំងឺ​ថប់​បារម្ភ ត្រូវ​ចៀស​វាង​នៅ​ក្នុង​ស្ថានភាព​ជាក់លាក់​ណា​មួយ ដែល​អាច​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច ឬ​ព្រួយ​បារម្ភ​ខ្លាំង (ស្រមើ​ស្រមៃ​កើត​លើ​ខ្លួន​ឯង)។

    ២- ប្រភេទជំងឺថប់បារម្ភ

    ជំងឺ​ថប់​បារម្ភ ត្រូវ​ចែក​ចេញ​ជា ៦ ប្រភេទ​សំខាន់ៗ​ផ្សេង​ពី​គ្នា មានជំងឺ​ថប់បារម្ភ​ទូទៅ (GAD) ជំងឺ​ស្លន់​ស្លោ ថប់បារម្ភ​ដោយ​សារ​ស្ថាន​ភាព​សង្គម ភ័យ​ខ្លាចគ្មាន​មូល​ហេតុ គិត និង​ធ្វើ​អ្វី​ដដែលៗ (OCD) និង​ជំងឺ​តានតឹង​ក្រោយ​រង​ការ​ប៉ះ​ទង្គិច (PTSD) ។ ជំងឺ​ថប់​បារម្ភ​ទូទៅ ជា​ជំងឺ​សាមញ្ញ​ក្នុង​ចំណោម​ជំងឺ​ថប់​បារម្ភ​ទាំង ៦ កើត​ឡើង​ក្រោយ​យើង​តស៊ូ​ជាមួយ​ការ​ថប់​អារម្មណ៍​ច្រើន​ពេក មានការ​ព្រួយ​បារម្ភ​​យូរ​អង្វែង ពិសេស​បញ្ហា​ជីវិត​មិន​ជាក់លាក់ និង​ស្ថាន​ភាព​ផ្សេងៗ។

    ការ​ព្រួយ​បារម្ភ អាច​មាន​កាន់​តែ​ខ្លាំង​ឡើង ក្រោយ​រង​ការវាយ​​ប្រហារ​ផ្លូវចិត្ត​យ៉ាង​ស្រួច​ស្រាវ។ ការ​វាយ​ប្រហារ​ពីជំងឺ​ថប់​បារម្ភ​ យើង​នឹង​មាន​អារម្មណ៍​ស្រដៀង​គ្នា​ទៅ​នឹង​អាការៈ​ជំងឺ​ថប់​បារម្ភ។ កើត​ឡើង​ភ្លាមៗ ក្រោយ​លេច​ចេញ​រោគ​សញ្ញា​ប្រមាណ ២-៣ នាទី ឬ​ពេល​ខ្លះ​អាច​មាន​រោគ​សញ្ញា​ដល់​ទៅ​រាប់​ម៉ោង។ ចំណុច​កំពូល​នៃ​អាការៈ​ថប់បារម្ភ អាច​ឡើង​ដល់ ១០​នាទី ហើយ​នឹង​ធូរ​ស្រាល​វិញ​ជាបន្ត​បន្ទាប់។ មនុស្ស​ម្នាក់ៗ​ប្រហែល​ជា​អស់​កម្លាំង មាន​អារម្មណ៍​ល្ហិតល្ហៃ បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​ពី​ជំងឺ។

    ករណី​ថប់​បារម្ភ​ជា​បន្ត​បន្ទាប់ ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រាងកាយ​យើង ដែល​គ្នា​យើង​ភាគ​ច្រើន​​មិន​ចាប់​អារម្មណ៍។ ករណី​នេះ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រែ​ប្រួល​លើ​ប្រព័ន្ធ​រំលាយ​អាហារ ហានិភ័យ​ឆ្លង​មេរោគ និង​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង ប្រព័ន្ធ​ទឹកនោម និង សូម្បី​តែ​ប្រព័ន្ធ​ដក​ដង្ហើម​ក៏​ប្រែ​ប្រួល​ដែរ។

    ជំងឺ​ថប់​បារម្ភ ក៏គួរ​ឲ្យ​ខ្លាច​ដែរ Hello គ្រូពេទ្

     អត្ថបទ​ពាក់​ព័ន្ធ៖

  • នុ៎ះប្រុសៗ! ប្រយ័ត្នកើត​ជំងឺបាក់​ទឹក​ចិត្តដោយមិនដឹងខ្លួន
  • ជំងឺដ៏​សែន​គ្រោះថ្នាក់​មួយ កើត​នៅ​កន្លែង​ធ្វើការ ដោយអត់ដឹង​ខ្លួន
  • ៣- ព្យាបាល​ជំងឺ​ថប់បារម្ភ

    ជំងឺ​ថប់​បារម្ភ ក៏ដូច​ជា​ជំងឺ​ដទៃ​ទៀត​ដែរ ទាម​ទារ​ឲ្យ​យើង​ចេះ​គ្រប់​គ្រង​ស្ថាន​ភាព​ជំងឺ តស៊ូជំនះ​​តាម​រយៈ​ជំនួយ និង​ការ​គាំទ្រ​ដ៏​ត្រឹម​ត្រូវ។ ជំងឺ​នេះ គឺ​អាស្រ័យ​លើ​យើង​ខ្លួន​ឯង​តែ​ម្តង។ ផ្តល់​ឲ្យ​ខ្លួន​ឯង​ទទួល​បាន​ជំនួយ​យើង​ត្រូវការ ហើយ​ពិភាក្សា​ជា​មួយ​នរណា​ម្នាក់ ពី​បញ្ហា​កំពុង​កើត​មាន ស្វែង​រក​ជំនួយ​ពី​អ្នក​ជំនាញ។

    “មាន​រូប​មាន​ទុក្ខ’ ជា​ពាក្យ​ត្រឹមត្រូវ ប៉ុន្តែ​យើង​ខ្លួន​ឯង​ត្រូវ​ចេះ​រៀន​គ្រប់​គ្រង រៀបចំ និង​សម្រប​ខ្លួន​ទៅ​តាម​លំនាំ និង​របៀប​គិត​ដែល​មាន​ប្រយោជន៍ និង​វិជ្ជមាន។

    បើ​ទោះ​គ្នា​យើង​កើត​ជំងឺ​នេះ ដូច​ជា​បាត់​បង់​ក្តី​សង្ឈឹម​ក្នុង​ជីវិត​ក៏​ពិត​មែន ប៉ុន្តែ​យើង​នៅ​តែ​អាច​គ្រប់​គ្រង​ស្ថាន​ភាព​ជំងឺ​ថប់បារម្ភ​បាន តាម​រយៈ​ជម្រើស​ព្យាបាល​មួយ​ចំនួន។ ជម្រើស​ព្យាបាល​មួយ អាច​ធ្វើ​ទៅ​បាន​ដើម្បី​ដោះ​ស្រាយ​ជំងឺ​ថប់​បារម្ភ គឺ​ធ្វើ​ឡើង​តាមរយៈ​វិធី​ព្យាបាល​លើ​ឥរិយាបថ និង​ការ​យល់​ដឹង (CBT) ។ វិធី​នេះ​ អាច​ជួយ​យើង​ធ្វើ​ការ​គិត​គូរ​ឡើង​វិញពី​គំនិត​អវិជ្ជមាន​ធ្លាប់​មាន ព្យាយាម​ជម្នះចិត្ត​ដោយ​ជឿជាក់ថា យើង​អាច​ព្យាបាល​ខ្លួន​ឯង​គេច​ផុត​ពី​ជំងឺ​នេះ​បាន។

    ជំនួយ​បន្ទាប់​បន្សំ​សម្រាប់​ជួយ​យើង និង​មិត្ត​ភ័ក្តិ​កំពុង​គាំទ្រ​យើង អាច​ជា​ការ​អាន​សៀវភៅ ឬ​អ្វី​មួយ​បង្កើត​ទស្សន​វិជ្ជមាន​បាន។ ទោះ​ជា​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ក្តី ការ​ប្រើ​ប្រាស់​ថ្នាំ ធ្វើ​សមាធិ និង​លំហាត់​ដក​ដង្ហើម​វែងៗ ការ​សម្រាក ក៏​ជា​ការ​ពិធី​ព្យាបាល​ពិសេស ដើម្បី​កម្ចាត់​រោគ​សញ្ញា​​ដូច​គ្នា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Jul 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម