ជំងឺដ៏​សែន​គ្រោះថ្នាក់​មួយ កើត​នៅ​កន្លែង​ធ្វើការ ដោយអត់ដឹង​ខ្លួន

ដោយ ត្រួតពិនិត្យដោយ Chan Sineth.

ជំងឺ “នឿយហត់​ផ្លូវចិត្ត” អាច​កើតលើ​អ្នកធ្វើការគ្រប់​គ្នា មិនថា​មេ ឬបុគ្គលិកធម្មតា​ទេ។ អារម្មណ៍​តប់ប្រមល់ តានតឹង​ក្នុង​ខ្លួនក្នុង​រយៈពេល​យូរ​មួយ ​ជា​សញ្ញាបញ្ជាក់​ថា យើង​​កំពុង​​មាន​ជំងឺនឿយ​ហត់​ផ្លូវ​ចិត្ត នៅ​កន្លែង​ការងារ​ហើយ។

​នឿយហត់​ផ្លូវចិត្ត អាច​ធ្វើ​ឲ្យ​យើង​មិន​ទុក​ចិត្ត​អ្នក​ដទៃ ព្យាយាម​ដក​ខ្លួន​ពី​សកម្មភាព​នានា​​ជុំវិញ​ខ្លួន មាន​អារម្មណ៍​ថា​ខ្លួន​ឯង​អសមត្ថភាព ឬ​ធ្វើ​អ្វី​ក៏​អត់​សម្រេច។ ពេល​​មាន​ជំងឺនឿយហត់​ផ្លូវចិត្ត​ យើង​មិន​អាច​ធ្វើការ​បានដូច​ធម្មតា​ឡើយ។ រឿង​គ្រោះថ្នាក់​ គឺ​ស្ថានភាព​បែប​នេះ ​អាច​កើត​គ្រប់​ពេល ក្នុង​ការងារ។ ហត់​កម្រិត​ណា? អាច​ចំណាំ​តាម​ចំណុច​ណា​ខ្លះ? “Hello គ្រូពេទ្យ” បកស្រាយ​ខាង​ក្រោម៖

សញ្ញា​សំខាន់​ៗគួរ​ឲ្យសម្គាល់៖

១- គិត​តែ​រឿង​អវិជ្ជមាន

ក្នុង​ស្ថានភាព​នឿយហត់​ផ្លូវចិត្ត យើង​​អាច​មាន​អារម្មណ៍​ឆាប់​​ស្រងាកចិត្ត ​ខកចិត្ត​ និង​ខឹង​ច្រើន។ អារម្មណ៍​ទាំង​នេះ​អាច​ជះ​ឥទ្ធិពល​ដល់​ការងារ​ គម្រោង​នានា ឬ​ប៉ះពាល់​ដល់​ក្រុម​ការងារ។ ពេល​​មាន​អារម្មណ៍​មិន​ល្អ ក្នុង​ក្បាល​រវើរវាយ គិត​តែ​រឿង​អត់​ល្អប៉ាតណាបាតណី។ ភាគច្រើន ពួកគេ​តែង៖
– ចង់​នៅ​តែ​ឯង ជាជាងនៅ​សប្បាយ​ក្នុង​ក្រុម
– គិត​អត់​ល្អ​ចំពោះ​នរណា​ម្នាក់ ឬ​
– ឆាប់​ច្រណែន ថ្នាំងថ្នាក់​ចិត្ត​ច្រើនជាមួយ​ក្រុមការងារ ឬ​កូន​ក្រុម។

២- ពិបាក និង​មាន​សម្ពាធ

អ្នកមាន​ជំងឺនឿយ​ហត់​ផ្លូវចិត្ត មាន​អារម្មណ៍​ពិបាក​​ដោះស្រាយ​បញ្ហា ឬ​ការងារ​ផ្សេងៗ និង​តែងមាន​សម្ពាធ​ជានិច្ច។ ទោះបី​ជា​តាំង​ចិត្ត​ខ្ពស់ ថា​ធ្វើ​ម៉េច​ក៏​ដោយ ឲ្យ​ការងារ​ហ្នឹង​ចប់ រួច​ស្រេច​បាច់នៅ​ប៉ុន្មាន​ថ្ងៃ​ ឬប៉ុន្មាន​ម៉ោង​បន្ទាប់ តែ​ជា​រឿយៗ​ធ្វើ​មិន​ហើយ ឬ​ហើយ​ទាំង​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា​ល្អ។

៣- គេង​មិន​លក់

អាច​មិន​ចាប់​អារម្មណ៍ ព្រោះ​ដំបូងៗ ​យើង​​អាច​មាន​អារម្មណ៍​ថា “ប្រហែល​ពិបាក​គេង​​ប៉ុន្មាន​យប់​ប៉ុណ្ណោះ” តែ​យូរៗ​ទៅ បញ្ហា​នេះ​កើត​សឹង​រាល់​យប់ច្រើន​ថ្ងៃ។ ទោះ​បី​ជា​ពេលខ្លះ ​អស់​កម្លាំង​ ហត់​ខ្លាំង​ក៏​ដោយ​ ក៏​​នៅ​តែ​គេង​អត់​លក់។

៤- ប៉ះពាល់​ខួរក្បាល

អារម្មណ៍​អត់​មូល រក​ផ្ចង់​ធ្វើ​អី​មិន​កើត ថ្លោះធ្លោយ ​ភ្លេចភ្លាំង​ច្រើន បង្ក​កំហុស​ឆ្គង​ច្រើន ខួរ​ក្បាល​ស្ពឹក​ស្រពន់ ធ្វើ​អី​មិន​រហ័សដូចមុន។ ទាំង​នេះ​ហើយ​ ជា​សញ្ញា​ដំបូង​នៃ​ជំងឺ​នឿយហត់​ផ្លូវចិត្ត​នៅ​កន្លែង​ធ្វើ​ការ។ បើ​ស្ថិត​ក្នុង​ស្ថានភាព​អ៊ីចឹងៗ​យូរ​ទៅ ​អាច​ឈាន​ដល់​ដំណាក់កាលប៉ះពាល់​គុណភាព​ការងារ។

ដំណោះស្រាយ​ខ្លះៗ៖

១- កំណត់​ជំងឺ​ឲ្យ​ចំ

តើ​អ្វីនៅ​កន្លែង​ធ្វើ​ការ ដាក់​សម្ពាធ​​យើង​ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ? ពេល​ជួប​បញ្ហា ការ​ផ្ដើម​គំនិត​ដោះស្រាយ​បញ្ហា មិន​ចាំបាច់​ទាល់​តែ​​មេ ឬ​អ្នក​ដទៃបោះ​គំនិត​ឲ្យ​រហូត​ទេ ប៉ុន្តែ​ពេល​ខ្លះ ការ​ចាប់​ផ្ដើម​ពី​ខ្លួន​ឯង ថា​តើ​គួរ​ធ្វើ​ម៉េច​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​មាន? ស្ត្រេស​ពេក? ត្រូវ​ការ​ឈប់​សម្រាក​ប៉ុន្មាន​ថ្ងៃ​អត់? ដោះ​ដោយ​របៀប​ណា? ស៊ីពេល​ប៉ុន្មាន? ត្រូវ​មាន​អ្នក​ណា​ជួយ​ខ្លះ?

២- ដាក់​ថ្នាំ

អត់​មាន​ថ្នាំ​ណា​សម្រាប់​លេបឲ្យ​រោគ​ “នឿយ​ហត់​នៅ​កន្លែង​ធ្វើការ” ជា​សះ​បាត់​ទេ។ ​ស្វែងរក​ជំនួយ ជា​រឿង​សំខាន់ ដូចជា​ត្រូវ​ការ​ជជែក​ជាមួយ​មេ ប្រធាន​ផ្នែក​ធនធាន​មនុស្ស​ជួយ ឬ​រក​ក្រុមការងារ​ណាមក​ប្រឹក្សា ឬ​ជួយ​សម្របសម្រួល​ ជា​ដើម។

បើ​ដឹង​ខ្លួន​ថាមាន​បញ្ហា​ហើយ​ ត្រូវ​តាំង​ចិត្ត​ធ្វើ​ជា “អ្នក​ដោះស្រាយ​បញ្ហា” កុំ​បណ្ដែតបណ្ដោយឲ្យ​សុខភាព​ផ្លូវ​ចិត្ត​កាន់​តែ​ទ្រុឌទ្រោម ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កុម្ភៈ 11, 2019 | កែសម្រួលចុងក្រោយ ខែ​កុម្ភៈ 11, 2019

ប្រភព
ចង់​ដឹង​អាថ៌កំបាំង​សុខភាព​ល្អ​បំផុត?
តាម​ដាន​អត្ថបទ​សុខភាព​ថ្មីៗ​ប្រចាំ​ថ្ងៃ​របស់ "Hello គ្រូពេទ្យ"
អ្នកអាចចូលចិត្ត