backup og meta

ធុញ​ការងារ​កម្រិត​ណា សាក​វាស់​ខ្លួន​ឯង​ប៉ុន្មាន​ចំណុច​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chamnan Amrith · កែ May 15, 2019

    ធុញ​ការងារ​កម្រិត​ណា សាក​វាស់​ខ្លួន​ឯង​ប៉ុន្មាន​ចំណុច​នេះ

    ការងារ​អី​ក៏​ដោយ​ ក៏អម​ជាមួយ​ “ស្ត្រេស’ មិន​ដែល​ខាន ជា​ពិសេស​ចំពោះ​អ្នក​ធ្វើ​ការ​តួនាទី​ដដែល​យូរ​ឆ្នាំ​ទៅៗ ឬ​នៅ​កន្លែង​ការងារ​ច្រើនឆ្នាំ។ មាន​ចំណុច​ខ្លះ​ដែល​អាច​សម្គាល់​ថា ខ្លួន​កាន់​តែ​ធុញ កាន់​តែ​ណាយ​នឹង​ការងារ គ្រាន់​តែ​ជួន​កាល​យើង​ខ្លួន​ឯង អត់​ចាប់​អារម្មណ៍។ សាកពិនិត្យ​មើល​ប៉ុន្មាន​ចំណុច​នេះ នឹង​ដឹង៖

    ១- ឧស្សាហ៍​ឈឺ

    សុខភាព​ជា​ចម្បង ជា​រឿង​ត្រឹមត្រូវ​បំផុត ឯ​ការងារ​ដែល​យើង​ស្រលាញ់​ពេញ​ចិត្ត ក៏​ជា​រឿង​អាទិភាព​មួយ​ទៀត​ដើម្បី​សេដ្ឋកិច្ច​គ្រួសារ និង​ចំណូល​ផ្ទាល់​ខ្លួន។ យ៉ាង​ណា​ក្ដី បើ​ការងារ​ដែល​យើង​កំពុង​ធ្វើ ជះឥទ្ធិពល ឬ​ធ្វើ​ឲ្យ​សុខភាព​យើង​ដុនដាប​ដោយ​សារ​វា​ រាប់​តាំង​ពីចុក​ចង្កេះ បាក់​ទឹក​ចិត្ត ជំងឺ​បេះ​ដូង ធាត់​ខ្លាំង ក៏​អាច​រាប់​ថា យើង​នឿយ​ណាយ​នឹង​ការ​ងារ​ដែរ។ បើ​ពេលវេលា​ធ្វើ​ការ ឬ​ការ​ដោះដូរ​កម្លាំង​របស់​យើង​កំពុង​ធ្វើ​ឲ្យ​សុខភាព​កាន់​តែ​ពិបាក ប្រាកដ​ហើយ​ថា មាន​គ្នា​យើង​មួយ​ចំនួន ពិចារណា​ថា​តើ​ការ​ងារ​នេះ​ ​សម​ប្ដូរ​ ការ​លះបង់ នឹង​ចំណូល ឬ​លក្ខខណ្ឌ​ការងារ​នេះទៀត​ ឬអត់?

    ២- ចេះ​តែ​ស្ត្រេស ផ្ដោត​អី​មិន​ល្អ

    យោង​តាម​ការ​សិក្សា​ថ្មីៗ​នេះ ស្រ្តេស​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​ផ្នែក​ខាង​មុខ (prefrontal cortex) ដែល​មាន​មុខ​ងារ​ប្រតិបត្តិ។ មុខ​ងារ​ប្រតិបត្តិ​រួម​មាន​ការ​ចងចាំ ការ​សម្រេច​ចិត្ត និង​ផ្ដោត​អារម្មណ៍​ធ្វើ​អី​មួយ។ បើ​យើង​នឿយ​ណាយ​នឹង​ការងារ យើង​​ឧស្សាហ៍​ធ្វើ​ខុស ចេះ​តែ​ភ្លេច​រឿង​សំខាន់ៗ ឆេវ​ឆាវ​ឆាប់​ខឹង ឬ​សម្រេច​មិន​ត្រូវ ​ជា​ដើម។

    ៣- បង្ក​បញ្ហា ហើយ​មិន​ចុះសម្រុង​នៅ​កន្លែង​ធ្វើការ

    ស្ត្រេស​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​រឿង​គ្រប់​យ៉ាង​ដែល​យើង​ប្រព្រឹត្ត ជាពិសេស​ទំនាក់​ទំនង​ជាមួយ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​តែ​ម្ដង។ ពេល​ខ្លះ​ ទោះ​ជា​អាច​បង្ក្រាប​អារម្មណ៍តានតឹង​បាន​នៅ​កន្លែង​ធ្វើ​ការ​ក៏​ដោយ ក៏​ឥទ្ធិពល​ស្រ្តេស​ណែន​ក្បាល​នេះ ​អាច​ជះ​ឥទ្ធិពល​នៅ​ក្រៅ​កន្លែង​ធ្វើ​ការ ឬ​នៅ​ផ្ទះ​។ អារម្មណ៍​ឆេវឆាវ​នេះ នឹង​បង្ក​បញ្ហា កាត់​ផ្ដាច់​ភាព​ស្និទ្ធស្នាល ឬ​ខូច​ទំនាក់ទំនង​ជាមួយ​មនុស្ស​ល្អៗ​ជុំវិញ​ខ្លួន មិន​ថា​មិត្តភ័ក្ដិ ឬ​សមាជិក​ក្នុង​គ្រួសារ។

    ៤- ខ្វល់តែពីការងារ

    អាច​មក​ពី​សម្ពាធ​ការងារ​កាន់​តែ​ខ្ពស់ ទោះ​ធ្វើ​អី​អត់​បាន​ល្អ​ឥតខ្ចោះ ទោះ​មាន​ប្រកែក​ខ្លះនៅ​កន្លែង​ការងារ ប៉ុន្តែ​អារម្មណ៍​យើង​នៅ​តែ​ដក់​ជាប់ ហើយ​នឹក​ឃើញ​តែ​ការងារ ទោះ​ថ្ងៃ​សម្រាក​ក៏​ដោយ។ ចេះ​តែ​គិត​ថា​ តិច​ខ្វះ​នេះ​ខ្វះ​នោះ​ទៅ? សូម្បី​តែ​គេង​ ក៏​នឹក​ឃើញ​ដែរ។ មើល​ទៅ​បញ្ជាក់​ថា យើង​នៅ​បារម្ភ​ការងារ​ច្រើន តែ​ធាតុ​ពិត​នេះ​ជា​សញ្ញា​ធ្ងន់ធ្ងរ​ដែល​បញ្ជាក់​ថា​យើង​នឿយ​ណាយ​នឹង​ការងារ​ធ្ងន់​ដល់​កម្រិតហើយ។

    ៥- ចាប់​ផ្ដើម​អស់ចិត្ត

    ពេល​ចូល​ធ្វើ​ការ​ដំបូង សប្បាយ​រីក​រាយ​ណាស់ កិច្ចការ​អី​ក៏​ធ្វើ​ដោយ​ពេញ​ចិត្ត​ដែរ មិន​ទុក​យូរ​នោះ​ឡើយ។ តែ​ដល់​ពេល​នឿយ​ណាយ ធុញ​នឹង​ការ​ងារ​ហ្នឹង​ទៅ​ បាត់​អស់​ទឹក​ចិត្ត​ប្រឹង​ប្រែង​នោះ។ យើង​នៅ​តែ​បំពេញ​ការងារ​បាន​ដដែល តែ​មិន​មែន​ដោយ​ស្ទុះស្ទាដូច​មុន​ឡើយ។ ការ​ធុញថប់ ​ខក​បំណង សម្ពាធ​ការងារ​កាន់​តែ​គរ ឬ​បើ​មាន​ឱកាស ចាំ​តែ​ចេញ ឬ​ចង់​សម្រាក​មួយ​រយៈ​ពីការងារ នេះ​អ្វី​ដែល​កំពុង​ប្រាប់​យើង​ថា អារម្មណ៍​កាន់​តែ​ណាយ​ទៅៗ ព្រោះ​ហត់ពេក ទាំង​ចិត្ត​ទាំង​កាយ ហើយ​ចង់​សម្រាក។

    អត្ថបទពាក់ព័ន្ធ៖

    • បើ​ស្ត្រេស​ខ្លាំងសាក​វិធី ទាំង​នេះ ប្រហែល​ជួយ​បាន
    • “​ថប់​បារម្ភ” ជា​​ជំងឺ​​គួរ​​ឲ្យ​​ខ្លាច មិន​ចាញ់​ជំងឺ “បាក់ទឹកចិត្ត”

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Chamnan Amrith · កែ May 15, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម