“ទៀបបារាំង” លាក់គុណប្រយោជន៍ពិសេស ការពារ​មហារីកច្រើន​ប្រភេទ

ដោយ ត្រួតពិនិត្យដោយ Chan Sineth.

គ្នា​យើង​ច្បាស់​ណាស់ ប្រាកដ​ជា​ស្គាល់​ទៀប​បារាំង​មិន​ខាន ប៉ុន្តែ​ក្រៅ​ពី​រសជាតិ​ជូរអែម​ឆ្ងាញ់ មាន​ដឹង​ថា ផ្លែ​ឈើ​ប្រភេទ​នេះ​លាក់​អាថ៌​កំបាំង​ពិសេស​អីទៀត​អត់? សំណួរ​នេះ​ភាគ​ច្រើន​ច្បាស់​ជា​មិន​ដឹង​មែន​ហើយ ចាំ “Hello គ្រូពេទ្យ” ប្រាប់​តែ​ម៉ង​ទៅ ទៀប​បារាំង ក្រៅ​ពី​ផ្អែម​ឆ្ងាញ់ សម្បូរ​វីតាមីន គឺ​នៅ​អាច​ជួយ​កែខៃ និង​ការពារ​យើង​ពី​ជំងឺ​កាច​សាហាវ​ជាច្រើន​ថែម​ទៀត។

១- ទៀប​បារាំង​ប្រឆាំង​ការ​រលាក

បើ​យើង​មាន​បញ្ហា ​រលាក​សន្លាក់ ទៀប​បារាំង គឺ​លាក់​កំពូល​អត្ថប្រយោជន៍ ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន ព្រោះ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​ការ​រលាក។ អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា បើ​យើង​ស្ងោរ​ទៀប​បារាំង​យក​មក​ធ្វើ​ជា​ថ្នាំ​លាប អាច​ព្យាបាល​អាការៈ​រលាក​លើ​ខ្លួនប្រាណ និង​បង្កើន​ល្បឿន​ព្យាបាល​កាន់​តែ​មាន​ប្រសិទ្ធិភាព។ សារធាតុ​ក្នុង​ទៀប​បារាំង ក៏​ជួយ​សម្រួល​បញ្ហា​ផ្លូវ​ដង្ហើម ដូចជា ក្អក ឬកក​ស្ទះ​ផ្នែក​ណា​មួយ​នៃ​ផ្លូវ​ដង្ហើម ជួយ​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្រាល និង​អាច​ជួយ​បំបាត់​ស្លេស្ម​ផង​ដែរ។

២- ទៀប​បារាំង​ជួយ​រក្សា​ស្បែក​មាន​សុខភាព​ល្អ

គ្រាប់​ទៀប​បារាំង​ អាច​ផលិត​ជា​សារធាតុ​មួយ​ប្រភេទ ទប់​ស្កាត់​ការ​វិវត្ត​ស្បែក កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ និង​ស្នាម​ជាំ​លើ​ផ្ទៃមុខ​យ៉ាង​មាន​ប្រសិទ្ធភាព ពិសេស​ពេល​ផ្ទៃ​មុខ​មាន​ស្នាម​ជាំ និង​អុច​ខ្មៅ។ បើ​ប្រើ​សារធាតុ​នេះ​ញឹកញាប់ ជួយ​ធ្វើ​ឲ្យ​ស្បែក​មាន​សុខភាព ការពារ​មិន​ឲ្យ​ឆ្លង​មេរោគ ឬ​បាក់តេរី។ ញ៉ាំ​ទៀបបារាំង ជួយ​ឲ្យ​ស្បែក​ស្រស់​ស្អាត ព្រោះ​សម្បូរ​សារធាតុ​ចិញ្ចឹម។

៣- ទៀប​បារាំង​ការពារ​មហារីក

ដោយសារ​តែ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ ដូចជា Acetogenins Quinolones និងជាតិ Alkaloids ទៀប​បារាំង ត្រូវ​គេ​ជឿ​ថា មាន​សមត្ថភាព​ទប់ស្កាត់​មហារីក និង​កាត់​បន្ថយ​ទំហំ​ដុំ​សាច់​មិន​ប្រក្រតី។

ការ​ស្រាវជ្រាវ​បង្ហាញ​ថា ទៀបបារាំង ជា​ជម្រើស​មួយ​ដើម្បី​ព្យាបាល​ជំងឺ​មហារីក។ សារធាតុ Acetogenin ក្នុង​ផ្លែ​ឈើ​នេះ ជួយ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ឈាម រារាំង​ការ​លូត​លាស់​នៃ​កោសិកា​មិន​ប្រក្រតី។ សារធាតុ​ទាំងនេះ​ កាត់​បន្ថយ​ហានិភ័យ មហារីកសុដន់មហារីកលំពែង​ មហារីកក្រពេញ​ប្រូស្តាត និង ​មហារីកសួត ជួយ​ឲ្យ​សរីរាង្គ​ទាំង​នោះ​​មាន​លក្ខណៈ​ប្រសើរ​ឡើង។ ចំណែក​សារធាតុ​អុកស៊ីតកម្ម​ក្នុង​ទៀបបារាំង ជួយ​បង្កើន​សមត្ថភាព​ប្រព័ន្ធ​ភាព​ស៊ាំ​រាងកាយ​ថែម​ទៀត​ផង។

អត្ថប្រយោជន៍ទៀបបារាំង Hellokrupet

អត្ថបទ​ពាក់​ព័ន្ធ៖

៤- កត្តា​គួរ​ស្វែង​យល់

យ៉ាង​ណា គ្មាន​ភស្តុតាង​គ្រប់​គ្រាន់​ណា​មួយ ណែនាំ​ឲ្យ​ញ៉ាំ​ទៀបបារាំង ឬ​ផលិត​ផល​ចម្រាញ់​ពី​ផ្លែ​ឈើ​ប្រភេទ​នេះ​នៅ​ឡើយ​ទេ។ ជា​ទូទៅ ទៀប​បារាំង ១ផ្លែ មាន​ផ្ទុក​សារធាតុ Aannonacin (សារធាតុ​គីមី​ពុល​អាច​ប៉ះ​ពាល់​ប្រព័ន្ធ​ប្រសាទ) ប្រហែល ១៥​មិល្លីក្រាម ហើយ​ក្នុង​ផលិត​ផល​ចម្រាញ់​ចេញ​ពី​ទៀប​បារាំង មួយ​កំប៉ុង មាន​ផ្ទុក​សារធាតុ​នេះ ៣៦ មិល្លីក្រាម។

មួយ​ទៀត ជាតិ Alkaloids ដ៏​ច្រើន​ក្នុង​ទៀប​បារាំង អាច​បណ្ដាល​មាន​រោគសញ្ញា​ម៉្យាង ស្រដៀង​គ្នា​នឹង​ជំងឺ Parkinson’s disease (ជំងឺញ័រ) ផងដែរ។

សូម​ញ៉ាំ​ទៀប​បារាំង​ក្នុង​កម្រិត​មធ្យម​បាន​ហើយ កុំ​ព្យាយាម​ព្យាបាល​បញ្ហា​សុខភាព​ដោយ​ផ្លែ​ទៀប​បារាំង ឬ​ទឹក​ចម្រាញ់​ពី​ទៀប​បារាំង​ ព្រោះ​មិន​អាច​ព្យាបាល​ជំងឺ​គ្រប់មុខ​នោះ​ទេ ហើយករណី​ធ្ងន់ធ្ងរ​អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី។ ហេតុនេះ ត្រូវ​សាកសួរ​វេជ្ជបណ្ឌិត​ជាមុន​សិន ដើម្បី​ឲ្យ​ដឹង​ថា​តើ​គួរ​ប្រើ​បែប​ណា​សមស្រប​ជាមួយ​ស្ថានភាព​ជំងឺ​យើង ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ខ្ពស់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូនទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មីនា 14, 2019 | កែសម្រួលចុងក្រោយ ខែ​មីនា 14, 2019

ប្រភព
អ្នកអាចចូលចិត្ត