ស្វែងយល់ពីកំពូលគុណប្រយោជន៍ពីវីតាមីន B Complex

ដោយ ត្រួតពិនិត្យដោយ Kim Kanel

វីតាមីន គឺ​ជា​សារធាតុ​បំប៉ន​ចាំ​បាច់​បំផុតសម្រាប់​ការលូតលាស់ និងការពារ​រាង​កាយពីជំងឺ​កាចសាហាវជាច្រើន។ ដូចយើង​ដឹងស្រាប់​ វីតាមីន​មាន​ច្រើន​ប្រភេទ និង​មាន​គុណ​សម្បត្តិផ្សេងៗ​ពីគ្នា។ “Hello គ្រូពេទ្យ” ថ្ងៃនេះ នឹងលើក​យក​ពពួកវីតាមីន B Complex មក​ណែនាំ​ឲ្យ​គ្នា​យើង​បាន​ស្គាល់​ច្បាស់ តើ​មាន​ប៉ុន្មាន​ប្រភេទ មានអត្ថបទ​ប្រយោជន៍​អ្វីខ្លះ?​

១- ក្រុម​វីតាមីន B Complex

ក្រុម​វីតាមីន B ​ត្រូវ​គេ​ស្គាល់​ថា​ ជា​វីតាមីន B Complex គឺ​មានសរុប​​ទាំង​អស់ ៨ ប្រភេទ ដូចជា៖
– B1 (Thiamine)
– B2 (Riboflavin)
– B3 (Niacin)
– B4 (Pantothenic acid)
– B6
– B7 (Biotin)
– B9 ឬ អាស៊ីដ​ហ្វូលីក (Folic acid)
– B12

វីតាមីន B ជួយ​ដល់​ការ​ដំណើរ​ការ​ផលិត និង​គ្រប់​គ្រង​ថាម​ពល​​ក្នុង​រាង​កាយ​ ក៏​ដូច​ជា​បង្កើត​កោសិកា​ឈាម​ក្រហមមាន​សុខភាព​ល្អ ដើម្បី​ដឹក​នាំ​អុកស៊ីហ្សែន ចិញ្ចឹម​គ្រប់​កោសិកាទាំង​អស់។

២- អត្ថប្រយោជន៍វីតាមីន B Complex

ជា​ទូ​ទៅ​ក្រុម​​វីតាមីន B ត្រូវ​បាន​គេ​ជឿ​ថា ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ជម្រុញ​ប្រព័ន្ធ​ភាព​ស៊ាំ អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ប្រសើរ​ឡើង កាត់​បន្ថយបញ្ហា​ថប់​បារម្ភ ជួយ​ជំរុញ​ដល់​សុខ​ភាព និង​បន្ថយ​ការ​រលាក​ស្បែក។ វីតាមីន B នីមួយ​ៗ​ មាន​អត្ថ​ប្រយោជន៍​រៀង​ៗ​ខ្លួន ដូចជា៖

– វីតាមីន B1 និង B2 រួម​គ្នា​ជួយ​ដល់​សុខ​ភាព​សាច់​ដុំ សរសៃ​ប្រសាទ និង​បេះ​ដូង។ B1 ជំរុញ​ដល់​ការ​បង្កើត​កោសិកា​ថ្មី​ៗ​ នៅ​ពេល​ដែល B2 ជួយ​ដល់​ការ​ផលិត​កោសិកា​ឈាម​ក្រហម និង​ប្រឆាំង​ពី​រ៉ាឌីកាល់​សេរី។

– វីតាមីន B3 មាន​តួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការ​គ្រប់​គ្រង​លើ​ប្រព័ន្ធ​សរសៃ​ប្រសាទ និងប្រព័ន្ធ​រំលាយ​អាហារ អាច​ជួយស្រូប​​យក​ថាម​ពល​ពី​អាហារ​​យើងបាន​ញ៉ាំ។

– វីតាមីន B5 ទទួល​ខុស​ត្រូវ​លើ​ការ​បំបែកជាតិ​ខ្លាញ់ និង​ជាតិ​ស្ករ​កាបូ​អ៊ី​ដ្រាត​ ឲ្យ​ក្លាយ​ទៅ​ជា​ថាម​ពល​ដើម្បី​ប្រើ​ប្រាស់។ វីតាមីន B ប្រភេទ​នេះ​សំខាន់​ណាស់សម្រាប់​ការ​ផលិត​អ័រ​ម៉ូន ខណៈ​រាង​កាយ​យើង ​ត្រូវ​ការ​វីតាមីន B5 និង B12 ដើម្បី​ការ​លូត​លាស់រាង​កាយ​ឲ្យ​បាន​ពេញ​លេខ និង​ត្រឹម​ត្រូវ។

– វីតាមីន B6 ប្រៀប​ដូច​ជា​មិត្ត​ដ៏​ល្អ​របស់​ប្រព័ន្ធ​ភាព​ស៊ាំក្នុង​ខ្លួន​យើង ​ចាំ​បាច់​សម្រាប់​ដំណើរ​ការ​ផលិត​អ័រ​ម៉ូន និង​ប្រូតេអ៊ីន។
– វីតាមីន B7 ក៏​ជាវីតាមីន​សំខាន់​មួយ​ទៀត​ក្នុង​ការ​ផលិត​អ័រ​ម៉ូនដូច​គ្នា។
– វីតាមីន B9 (អាស៊ីដហ្វូលីក) ជួយ​ដល់​ការ​បង្កើត​កោសិកា និង​ថែរក្សា DNA ជំរុញ​ការ​ផលិត​កោសិកា​ឈាម​ក្រហម។
– វីតាមីន B6 B9 និង B12 រួម​គ្នា​ជួយ​ដល់​ការ​កំណត់​នូវ​កម្រិត​​អាមី​ណូ​អា​ស៊ីដ (Homocysteine) ព្រោះ​នៅ​ពេល​​កម្រិត​អាស៊ីដទាំង​នេះ​កើន​ឡើង​ខ្ពស់ យើង​នឹង​ប្រឈម​ជំងឺ​បេះ​ដូង។

អត្ថបទ​ពាក់​ព័ន្ធ៖

៣- ទំនាក់​ទំនង​រវាង​វីតាមីន B Complex និងលក្ខខណ្ឌសុខភាព

ក្រុម​អ្នក​ស្រាវ​ជ្រាវ​​ជឿ​ថា ​ការ​ប្រើ​ប្រាស់​ពពួក​វីតាមីន B complex អាច​ការ​ពារ​​ជំងឺ​មួយ​ចំនួន ដូចជា៖

– បើយើងមាន ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ ២ អាច​បន្ថយ​ហានិភ័យ​​ជំងឺ​តម្រង​នោម​ ដោយ​ការ​ប្រើ​ប្រាស់​វីតាមីន B1។ វីតាមីន B1 ក៏​អាច​បន្ថយ​ហានិភ័យ​ជំងឺ​ភ្នែក​ឡើង​បាយ​ផង​ដែរ។
– វីតាមីន B2 អាច​ការពារ​ប្រឆាំងអា​ការៈ​ឈឺ​ក្បាល​ប្រកាំង​។
– វីតាមីន B3 ជួយ​បង្កើន​នូវ​កម្រិត​ខ្លាញ់​ល្អ HDL និង​កាត់​បន្ថយ​កម្រិត​ខ្លាញ់​កូឡេ​ស្តេ​រ៉ុល​បាន។
– វីតាមីន B6 ជួយ​បន្ថយ​​ហានិភ័យ ​ជំងឺ​បេះ​ដូង បន្ថយ​រោគ​សញ្ញា PMS និងអាការៈចាញ់កូន។
– វីតាមីន B7 មាន​ទាក់​ទង​ខ្លាំង​ជាមួយ​​សុខ​ភាព​ស្បែក សក់ និង​ក្រចក។
– វីតាមីន B9 ត្រូវ​បាន​គេ​ជឿ​ថា​ អាច​ការ​ពារ ​ជំងឺ​មហារីក​សុដន់ មហារីក​ពោះ​វៀន​ធំ និង​មហារីក​លំពែង។ ចំណោះ​ស្រីៗ​មាន​ផ្ទៃ​ពោះ​ វីតាមីន​ប្រភេទ​នេះ អាច​កាត់​បន្ថយ​ន​ហានិភ័យ​មិន​ប្រក្រតីទារក​ក្នុង​ផ្ទៃ​បាន​ទៀត​ផង។
– វីតាមីន B12 ជួយ​ដល់​មនុស្ស​ចាស់​កាត់បន្ថយបញ្ហា​វង្វេងវង្វាន់ និង​គ្រប់​គ្រង​ដល់​កម្រិតអាមីណូអាស៊ីដ (Homocysteine) ។

យ៉ាង​ណា ​វីតាមីន B Complex មិន​មែន​ជាថ្នាំ​ព្យាបាល​ សម្រាប់​ជំងឺ​គ្រប់​លក្ខ​ខណ្ឌ​ទាំង​អស់​នោះ​ទេ ព្រោះ​​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ ការ​ប្រើ​ប្រាស់​វីតាមីន B6 និង B12 និង​អាស៊ីត​ហ្វូ​លីក​ (B9) រយៈ​ពេល​យូរ​ មិន​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បាក់ទឹក​ចិត្ត ចំពោះ​ស្រីៗ​វ័យ​ចំណាស់​បាន​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កក្កដា 12, 2019 | កែសម្រួលចុងក្រោយ ខែ​កក្កដា 12, 2019

ប្រភព
អ្នកអាចចូលចិត្ត