មិន​ចង់​ឆាប់​ទឹក​នោម​ផ្អែម ត្រូវ​ចៀសវាង​អាហារ​ពេល​ព្រឹក​ទាំង​នេះ

ដោយ ត្រួតពិនិត្យដោយ Kim Kanel

អាហារ​ពេល​ព្រឹក គឺ​សំខាន់​ណាស់​សម្រាប់​ទ្រទ្រង់​សុខភាព​រាង​កាយ បើ​មិន​ញ៉ាំ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេះដូង។ ប៉ុន្តែ យើង​​ធ្លាប់​ដឹងអត់​ថា អាហារ​ពេល​ព្រឹក​បែប​ណា​គួរ​ញ៉ាំ ឬ​មិន​គួរ​ញ៉ាំ​? “Hello គ្រូពេទ្យ” នឹង​ប្រាប់​យើង​ឲ្យ​ដឹង​ច្បាស់ពី​អាហារ​ពេល​ព្រឹក​មិន​គួរ​ញ៉ាំ ចៀសវាង​ឆាប់​ទឹកនោម​ផ្អែម។

១- ពពួក​នំ​ដុត

ភាគ​ច្រើន ​យើង​ធ្លាប់​ឃើញ​គេ​ញ៉ាំ​អាហារ​ប្រភេទ​នេះជា​អាហារ​ពេល​ព្រឹក​តែ​ក្នុង​ភាព​យន្ដ។ ញ៉ាំ​បែប​នេះ​មិន​ខុស​នោះ​ទេ ប៉ុន្តែ​ក៏​ជម្រើស​អាក្រក់​បំផុត។ នំ​ដូណាត់ និង​ពពួក​នំ​ដុត​ដទៃ​ផ្សេង​ទៀត សុទ្ធ​តែ​ផ្ទុក​ជាតិ​ស្ករ​ច្រើន មិន​សូវ​មាន​ផ្ទុក​ជាតិ​សរសៃ ឬ​គ្មាន​សោះ​តែ​ម្ដង អាច​ធ្វើឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់។ បើ​យើង​ចង់​ញ៉ាំ​របស់​ផ្អែមៗ​នៅ​ពេល​ព្រឹក គួរ​ជ្រើស​រើស​យក​ផ្លែឈើ​មាន​ជាតិ​សរសៃ​ច្រើន ដូចជា ផ្លែ​ប៉ោម ផ្លែសារី ឬ​ចេក​ ជាដើម។

២- ទឹក​ផ្លែ​ឈើ

ទឹក​ផ្លែ​ឈើ ​​ល្អ​សម្រាប់​សុខភាព​ ដោយ​សារ​វា​មាន​ផ្ទុក​វីតាមីន​ច្រើន​ប្រភេទ គឺ​ជា​ជម្រើស​ដ៏​ល្អ បើ​យើង​ជ្រើស​រើស​យក​ទឹក​ផ្លែ​ឈើ​ស្រស់ៗ​មក​ផឹក។ ប៉ុន្តែ​ ពពួក​ទឹក​ផ្លែ​ឈើ​ដប ឬ​កំប៉ុង​ទិញ​ពី​ផ្សារ ឬ​តាម​តូប​ចាប់​ហួយ គឺ​សុទ្ធ​តែ​ផលិត​ឡើង​ដោយ​ដាក់​ជាតិ​ស្ករ​គេ​បម្លែង​រួច បន្ថែម​រស​ជាតិ​សប្បនិម្មិត និង​បន្ថែម​ពណ៌ ដូច​នេះ​ទឹក​ផ្លែ​ឈើ​ទាំង​អស់​នោះ មិន​មាន​វីតាមីន ឬ​សារធាតុ​បំប៉ន​ច្រើន​នោះ​ទេ។

លើស​ពី​នេះ ដោយ​សារ​ក្នុង​ទឹក​ផ្លែ​ឈើ​ដប ឬ​កំប៉ុង​មាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជាតិ​ស្ករ​ក្នុង​ឈាម​ វាអាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍មាន​កម្លាំងភ្លាមៗ បន្ទាប់​ពី​ផឹក​រួច។ ប៉ុន្តែ ថាម​ពល​បែប​នេះនឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល ២-៣ ម៉ោង​បន្ទាប់។ ហេតុ​នេះ បើ​ផឹក​ទឹក​ផ្លែ​ឈើ​ប្រភេទ​នេះ​ជំនួស​អាហារ​ពេល​ព្រឹក មិន​ល្អ​ទេ។ បើ​អាច​ គួរ​ផឹកទឹក​ផ្លែ​ឈើ​ស្រស់ៗ​ជំនួស​វិញ ឬ​ធ្វើ​ទឹក​ផ្លែ​ឈើ​ដោយ​ខ្លួន​ឯង ដោយ​មិន​បាច់​ថែម​ស្ករ​ឡើយ។

៣- នំបុ័ង​អាំង

បើ​ញ៉ាំ​នំប៉័ង​អាំង​ទទេ គ្មាន​អ្វី​ខុស​ខាត​ទេ ប៉ុន្តែ​បើ​បៀក​សូកូឡា និង​ប័រ​បន្ថែម​ទៀត យើង​នឹង​មាន​អារម្មណ៏ ដូច​ជា​អ័រម៉ូន​អាដ្រេណាលីន​ចាល់​ឡើង​ក្នុង​ខ្លួន នឹង​មិន​ឃ្លាន​អ្វី​រាប់​ម៉ោង​ឯណោះ។ ប៉ុន្តែ​ ត្រូវ​ដឹង​ថា វា​មិន​ល្អ​សម្រាប់​សុខភាព​ឡើយ ហើយ​បើ​គ្មាន​ជម្រើស អាច​សាក​ល្បង​អាហារ​មិន​មាន​ជាតិ​គ្លុយ​តង់ (Gluten-free) និង​បន្ថែម​គ្រឿង​បន្តិច​បន្តួច​បាន​ហើយ។

អត្ថបទ​ពាក់ព័ន្ធ៖

៤- គ្រាប់​ធញ្ញជាតិ​ផ្អែមៗ

ជន​ជាតិ​អាមេរិក ចូល​ចិត្ត​អាហារ​គ្រាប់​ធញ្ញជាតិ​ដាក់​ស្ករ​នេះ​ណាស់។ វា​មិន​មែន​ជា​ជម្រើស​ល្អ​នោះ​ទេ ព្រោះ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​មួយ​ចាន​គោម​សម្រាប់​អាហារ​ពេល​ព្រឹក ពិត​ជា​ងាយ​ស្រួល​ និង​រហ័ស​បំផុត​សម្រាប់គ្នា​យើង​តែង​ក្រោក​ពី​គេង​យឺត​ពេល។ គ្រាប់​ធញ្ញជាតិ​ក្នុង​ប្រអប់ មាន​ផ្ទុក​ជាតិ​ស្ករ បន្ថែម​រស​ជាតិ បន្ថែម​ពណ៌ សារធាតុ​គីមី និង​មាន​ផ្ទុក​សារធាតុ​រក្សា​គុណ​ភាព​បាន​យូរ។

៥- នំ​ពុម្ពដុត

អាច​ញ៉ាំ​នំពុម្ភ​ដុត​បាន ប្រសិន​បើ​ចង់​ញ៉ាំ​ជាតិ​ម្សៅ ប្រេង ឬ​ប័រ និង​ត្រូវ​ការ​ជាតិ​ស្ករ​ក្នុង​ខ្លួន​ច្រើន។ អាហារ​ប្រភេទ​នេះ មាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន​ណាស់ ដូច​នេះ​ក៏​មិន​មែន​ជា​អាហារ​ពេល​ព្រឹក​ល្អនោះ​ដែរ។ បើ​គ្មាន​ជម្រើស អាច​ញ៉ាំ​នំ​ដុត​ដោយ​ប្រើ​ម្សៅ​គ្មាន​ជាតិ​គ្លុយ​តង់ ប្រើ​ស្ករ​ក្រហម​ជំនួស​ស្ករ​កែ​ច្នៃ ចាក់​ទឹក​ស្ករ​បន្ថែម ឬ​ប្រើ​ទឹក​ប៉ម និង​ទឹក​ចេក។

៦- នំ​បន្ទះ

នំ​បន្ទះ ជា​នំ​ដំបូង​គេ​បំផុត ត្រូវ​បាន​ផ្សាយ​បោក​បញ្ឆោត​ថាជា​នំ​ល្អ​សម្រាប់​សុខ​ភាព​នៅ​តាម​កញ្ចក់​ទូរទស្សន៍។ នំ​បន្ទះ​ទាំង​នោះ មាន​ជាតិ​ស្ករ​កែ​ច្នៃ​ខ្ពស់​ណាស់ ហើយ​ក៏​ផ្ទុក​ជាតិ​ខ្លាញ់​មិន​ល្អ​ជា​ច្រើន​ដូច​គ្នា។ បើ​ចង់​ញ៉ាំ​នំ​បន្ទះ​នេះ អាច​ធ្វើ​វា​ដោយ​ខ្លួន​ឯង ដោយ​ប្រើ​ស្រូវ​សាឡី លាយ​ជាមួយ​ប័រ​ធ្វើ​ពី​សណ្ដែក ទឹក​ឃ្មុំ អាច​បន្ថែម​ផ្លែ​ប៉ោម ឬ​ប្រើ​សណ្ដែក​ដី ដើម្បី​ឲ្យ​នំ​កាន់​តែ​ស្រួយ​ឆ្ងាញ់។

៧- នំ​ផែន​ខេក និង​ទឹក​សេរ៉ូ Maple សិប្បនិម្មិត

ក្មេងៗ​ភាគ​ច្រើន ចូល​ចិត្ត​នំ​ផែន​ខេក​ខ្លាំង​ណាស់ ដោយ​សារ​តែ​វា​ទន់ ស្រាល​នៅ​ខាង​ក្នុង និង​មាន​រស​ជាតិ​ផ្អែម។ នំ​ផែន​ខេក និង​ទឹក​សេរ៉ូ Maple សិប្បនិម្មិត​នេះ អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ឡើង​ខ្ពស់​យ៉ាង​លឿន។ អាហារ​ប្រភេទ​នេះ ក៏​មិន​ងាយ​រំលាយ​ដែរ ហេតុ​នេះ​មិន​ថា​យើង​ញ៉ាំ​វា​នៅ​ពេល​ណា​ក៏​ដោយ ក្រពះ​មិន​ងាយ​រំលាយ​វា​បាន​រហ័ស​នោះ​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 14, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 14, 2019

ប្រភព
អ្នកអាចចូលចិត្ត