ប្រយ័ត្នប្រុសៗ! មានបញ្ហាក្រពេញប្រូស្ដាត អាចងាប់អាអូនតូច

ដោយ ត្រួតពិនិត្យដោយ Chan Sineth

ប្រុសៗកុំគិតថាមានកម្លាំងមាំមួនជាងស្រីៗ អត់មានជំងឺធ្ងន់ធ្ងរគួរឲ្យបារម្ភឲ្យសោះ! ចឹងហើយ គួរប្រុងប្រយ័ត្នដូចគ្នា។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីរោគសញ្ញាប្រុសៗគ្នាយើងអាចនឹងកើតមហារីកប្រពេញប្រូស្តាត។

ឱកាសកើតមហារីកក្រពេញប្រូស្តាត គឺមានមួយក្នុងចំណោម ៧ អាចវិវត្តបានគ្រប់ពេលនៅក្នុងជីវិតប្រុសៗគ្នាយើង។ មានកត្តាជាច្រើន អាចបង្កឲ្យយើងកើតជំងឺនេះ ជាពិសេសជំងឺកាមរោគ និងបញ្ហាតម្រងនោមតែម្តង។ បើទោះជំងឺនេះអាចព្យាបាលបានក៏ពិតមែន ប៉ុន្តែវាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាច្រើន ពិសេសពាក់ព័ន្ធសុខភាពបន្តពូជ អាចឈានដល់ងាប់អាអូនតូចថែមទៀតផង។ ដើម្បីគេចផុតពីគ្រោះថ្នាក់ បើលេចចេញរោគសញ្ញាជំងឺ ត្រូវធ្វើរោគវិនិច្ឆ័យបានទាន់ពេល។

១- កត្តានាំឲ្យកើតមហារីកក្រពេញប្រូស្តាត

– តម្រងនោមមានបញ្ហា៖ រលាកតម្រងនោម រលាកបង្ហួរនោម
– ជំងឺកាមរោគ៖ ប្រមេះទឹកបាយ ប្រមេះទឹកថ្លា
– ជំងឺរបេង៖ ជំងឺរបេងផ្លូវបន្តពូជ ក៏ជាមូលហេតុកើតមហារីកក្រពេញប្រូស្តាត
– ដុះសាច់លើជញ្ជាំងក្រពេញប្រូស្តាត។

២- រោគសញ្ញា

រោគសញ្ញាមានបែងចែកជា ២ ក្រុមផ្សេងគ្នា៖

ក- អាការៈ និងរោគសញ្ញាដំណាក់កាលធម្មតា

– ផ្លាស់ប្ដូរទម្លាប់នោម គឺនោមញឹកជាងមុន ជាពិសេសពេលយប់
– តឹងណែន និងជំរុញឲ្យនោមពិបាកពេលចាប់ផ្ដើម ឬបញ្ឈប់ទឹកនោម
– នោមលែងចេញ លំហូរទឹកនោមខ្សោយ លំហូរទឹកនោមរអាក់រអួល មានអារម្មណ៍ថានោមចេញមិនអស់ និងក្រហាយចុកពេលនោម មានឈាមក្នុងទឹកនោម ឬទឹកកាម (hematuria)
– ឈឺចាប់ពេលសម្រេចកាម។

ខ- អការៈ និងរោគសញ្ញាដំណាក់កាលធ្ងន់ធ្ងរ

– ឈឺឆ្អឹង (ជាពិសេសនៅខ្នង ត្រគាក ភ្លៅ ឬ ក)
– ស្រកគីឡូ អស់កម្លាំង
– ចំនួនកោសិកាឈាមក្រហមធ្លាក់ទាប (anemia)
– ស្ពឹក ជើង ឬបាតជើង
– ខូចប្លោកនោម ឬពោះវៀនធំ។

ដើម្បីការពារហានិភ័យផ្សេងៗពីជំងឺនេះ ឬមហារីកដទៃទៀត ប្រុសៗគ្នាយើងគួរណាស់ត្រូវទៅធ្វើតេស្តពិនិត្យសុខភាព គ្រប់ពេលសង្ស័យមានភាពមិនប្រក្រតីណាមួយកើតឡើង។

៣- ការធ្វើរោគវិនិច្ឆ័យ

– ពិនិត្យប្រវត្តិជំងឺ និងសុខភាពរាងកាយ តាមរយៈប្រឹក្សាជាមួយគ្រូពេទ្យជំនាញ
– ពិនិត្យមើលតាមរន្ធគូទ (DRE) ដើម្បីស្ទាបមើលក្រពេញប្រូស្ដាតតាមជញ្ជាំងមានដុះសាច់ ឬយ៉ាងណា
– តេស្តរកអង់ទីករជាក់លាក់នៃក្រពេញប្រូស្ដាត​​ (PSA) វាស់ស្ទង់កម្រិត PSA ជាប្រូតេអ៊ីនផលិតដោយក្រពេញប្រូស្ដាត
– ឆ្លុះអេកូតាមរន្ធគូទ (TRUS) រកមើលរូបភាពក្រពេញប្រូស្ដាត

– ច្រឹបសាច់យកទៅពិសោធ៖ ដើម្បីធ្វើរោគវិនិច្ឆ័យរកមហារីកក្រពេញប្រូស្រ្ដាត ពេទ្យ​អាច​ច្រឹបសាច់ ក្រោយរកឃើញភាពមិនប្រក្រតីអំឡុងពេលធ្វើតេស្ត DRE ឬ តេស្ត TRUS ឬពេលប្រុសៗគ្នាយើងមានកម្រិត PSA ខ្ពស់ទៅតាមអាយុ ឬតាមរយៈពេល និងកើនឡើងឆាប់រហ័ស។

– ការពិនិត្យរាប់គោលិកាឈាម (CBC) វាស់ចំនួន និងគុណភាពកោសិកាឈាមស កោសិកាឈាមក្រហម និងប្លាកែត
– ការធ្វើតេស្តគីមីឈាម រកមើលសារធាតុគីមីមួយចំនួននៅក្នុងឈាម បង្ហាញពីមុខងារធ្វើការរបស់សរីរាង្គខ្លះ និងតាមដានរកភាពមិនប្រក្រតី

– ការពិនិត្យឆ្អឹង ដោយប្រើធាតុវិទ្យុសកម្ម (radiopharmaceuticals) និងប្រើកុំព្យូទ័រសម្រាប់បង្កើតរូបភាពឆ្អឹង។ ធ្វើបែបនេះ អាចដឹងថាជំងឺរីករាលទៅដល់ឆ្អឹង ឬក៏អត់។

ក្នុងករណីជំងឺបង្កឡើងដោយមេរោគ ឬជំងឺផ្សេងៗនៅតម្រងនោម ជំងឺកាមរោគ ការព្យាបាលអាចតម្រូវឲ្យប្រើថ្នាំផ្សះ និងព្យាបាលតាមរោគនីមួយៗ។ ប៉ុន្តែករណីបើជំងឺបង្កឡើងដោយដុះសាច់ ព្យាបាលដោយវះកាត់ ប្រាកដជាត្រូវធ្វើមិនខាន។

៤- របៀបបង្ការ

– មហារីកក្រពេញប្រូស្ដាត អាចបង្ការបានដោយមានទម្លាប់​រស់នៅត្រឹមត្រូវ ដូចជា របបអាហារមានជាតិខ្លាញ់ទាប ខណៈអាហារស្តុកផ្ទុកខ្លាញ់ខ្ពស់មាន ដូចជា សាច់ ប្រេង និងផលិតផលទឹកដោះគោ (ទឹកដោះគោ និងឈីស) មិនគួរញ៉ាំលើសម្រិតនោះទេ។

– ត្រី និងខ្លាញ់ត្រី ជាប្រភពអាហារសម្បូរវីតាមីន និងសារធាតុបំប៉នខ្ពស់ រាប់បញ្ចូលទាំងអាស៊ីដខ្លាញ់អូមេហ្គា៣ ជាប្រភេទអាស៊ីដជួយកាត់បន្ថយហានិភ័យមហារីកក្រពេញប្រូស្តាត។ វាមានក្នុងត្រីសាលម៉ុន ត្រីធូណា និងត្រីហារ៉ុង ឬអាចបន្ថែមអូមេហ្គា៣ តាមរយៈញ៉ាំសណ្ដែកមួយប្រភេទឈ្មោះថា Flaxseed ។

– ត្រូវធ្វើលំហាត់ប្រាណឲ្យបានច្រើនថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីរក្សាទម្ងន់។ របាយការណ៍សិក្សាពីការធ្វើលំហាត់ប្រាណ និងហានិភ័យកើតមហារីកក្រពេញប្រូស្តាតភាគច្រើន បានបង្ហាញថា ប្រុសៗហាត់ប្រាណអាចកាត់បន្ថយហានិភ័យបានច្រើន ក៏ដូចជួយឲ្យសុខភាពល្អ បន្ថយហានិភ័យជំងឺបេះដូង និងមហារីកផ្សេងៗទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 12, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 12, 2019

អ្នកអាចចូលចិត្ត