backup og meta

ហ្ស៊ីកាក៏ឆ្លងតាមការរួមភេទដែរ មិនបាច់​ចាំ​តែ​មូស​ខាំ​ទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Mar 22, 2019

    ហ្ស៊ីកាក៏ឆ្លងតាមការរួមភេទដែរ មិនបាច់​ចាំ​តែ​មូស​ខាំ​ទេ

    គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឮ​ជំងឺហ្ស៊ីកា ​មិន​ខាន ហើយ​ក៏ដឹង​ថា​វា​ឆ្លង​តាម​រយៈ​មូស​ខាំ​ទៀត​ផង។ ប៉ុន្តែ​កុំ​ទាន់​ច្រឡំ ហ្ស៊ីកា​ដែល​​អាច​បង្ក​ឲ្យ​ប៉ះ​ពាល់​ការ​វិវត្ត​ខួរ​ក្បាល​របស់​កូន​ក្នុង​ផ្ទៃនោះ ក៏​ឆ្លង​តាម​ការ​រួម​ភេទ​ដែរ។ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​ពី​វិធី​ទប់​ស្កាត់​ករណី​ឆ្លង​តាម​ការ​រួម​ភេទ​ឲ្យ​​យើង​ដឹង។

    ១- អ្វី​ទៅ​ជា​ជំងឺ​ហ្ស៊ីកា?

    ហ្ស៊ីកា ជា​ជំងឺ​ឆ្លង​មួយ​ប្រភេទ បង្ក​ដោយ​មេរោគ​ឈ្មោះ​ហ្ស៊ីកា អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ តាមរយៈ​មូស​ដែល​មាន​ផ្ទុក​មេរោគ និង​អាច​ចម្លង​តាម​ការ​រួម​ភេទ។ ជំងឺ​នេះ មិន​មាន​រោគ​សញ្ញា​ច្បាស់​លាស់ ឬ​បង្ក​ឲ្យ​មាន​អាការៈ​ជំងឺ​ធ្ងន់​ធ្ងរ​ចំពោះ​មនុស្ស​ធម្មតា​ឡើយ ប៉ុន្តែ​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ ហ្ស៊ី​កា អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ទៅ​លើ​ការ​វិវត្ត​របស់​ទារក​ក្នុង​ផ្ទៃ ធ្វើ​ឲ្យ​ការ​វិវត្ត​ផ្នែក​ខួរ​ក្បាល​របស់​គភ៌​ មាន​សភាព​យឺត​យ៉ាវ ឬ​មិន​លូត​លាស់​តែ​ម្តង ហើយ​ម៉ាក់ៗ​ប្រឈម​ករណី​រលូត ឬ​ទារក​កើត​មក​មាន​ក្បាល​តូច​ខុស​ធម្មតា។

    ២- ហ្ស៊ីកា​អាច​ឆ្លង​តាម​ការ​រួមភេទ

    មេរោគ “ហ្ស៊ីកា’ អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន តាម​រយៈ​ការរួម​ភេទ តាម​ទ្វារ​មាស រន្ធ​គូទ និង​មាត់។ លើស​ពីនេះ ​បើ​យើង​ប្រើ​ឧបករណ៍​សិច​ជាមួយ​ដៃ​គូ ករណី​ចម្លង​មេរោគ​ហ្ស៊ីកា មាន​កាន់​តែ​ខ្ពស់។

    ទោះ​បី​ជា​យើង​ជា​ដៃ​គូ​ស្មោះ​ស្ម័គ្រ​នឹង​គ្នា​ក្តី យើង​នៅ​តែ​អាច​ឆ្លង​មេរោគ​ហ្ស៊ីកា​បាន ហើយ​មេរោគ​ហ្ស៊ីកា​អាច​រស់​នៅ​ក្នុង​ទឹក​កាម បាន​យូរ​ជាង​រស់​នៅ​តាម​កន្លែង​ផ្សេងៗ​ក្នុង​រាង​កាយ។ មាន​ន័យ​ថា ករណី​ដៃ​គូយើង ឬ​យើង​ខ្លួន​ឯង​បាន​ឆ្លង​មេរោគ​នេះ​ ក្នុង​រយៈ​ពេល​យូរ​ប៉ុណ្ណា​ក៏​ដោយ ក៏​នៅ​តែ​មាន​ឱកាស​ចម្លង​ទៅ​គ្នា​បាន។

    ៣- វិធី​ការពារ​ឆ្លង​មេរោគ​ហ្ស៊ី​កា ​ពេល​រួមភេទ

    មិន​ខុស​គ្នា​ពី​មេរោគ​អេដស៍ និង​ជំងឺ​កាម​រោគ​ផ្សេងៗ យើង​អាច​ប្រើ​ស្រោម​អនាម័យ​ដើម្បី​ការ​ពារ​មេរោគ​ហ្ស៊ីកា​បាន​ដូច​គ្នា។ គួរ​​ប្រើ​ស្រោម​អនាម័យ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ជា​ពិសេស​រៀង​រាល់​ពេល​រួម​ភេទ ទោះ​បី​ជា​រួម​ភេទ​តាម​វិធី​ណា​ក្តី។

    ហ្ស៊ីកាអាចឆ្លងតាមការរួមភេទ Hellokrupet

    អត្ថបទ​ពាក់​ព័ន្ធ៖

    ៤- ធ្វើ​ម៉េច​ពេល​ដៃ​គូ​ត្រូវ​ធ្វើដំណើរ​ទៅ​កន្លែង​មាន​ផ្ទុះ​មេរោគ​ហ្ស៊ីកា?

    ស្រីៗ​មាន​ផ្ទៃ​ពោះ គួរ​នៅ​ឲ្យ​ឆ្ងាយ​ពី​កន្លែង​អាច​មាន​ផ្ទុក​មេរោគ ហ្ស៊ីកា ឬ​តំបន់​គេ​រក​ឃើញ​មាន​មេរោគ​ប្រភេទ​នេះ។ បើ​យើង​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ដំណើរ​ទៅ​ទីនោះ​ខាន​មិន​បាន គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​វិធី​ការ​ពារ​ខ្លួន។

    បើ​ស្រីៗ​មាន​ផ្ទៃ​ពោះ និង​ដៃ​គូ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​មាន​ផ្ទុក​មេរោគ​ហ្ស៊ីកា គួរ​ប្រើ​​ស្រោម​អនាម័យ​​រាល់​ពេល​រួម​ភេទ ឬ​ផ្អាក​រួម​ភេទ​មួយ​រយៈ​សិន ដើម្បី​ការពារ​ខ្លួន​ និង​អនាគត​សុខភាព​កូនក្នុង​ផ្ទៃ។

    គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ដោយ​សារ​តែ​មនុស្ស​មួយ​ចំនួន មិន​មាន​រោគ​សញ្ញា​នៃ​មេរោគ​ហ្ស៊ីកា​ទេ ទោះ​បី​ជា​បាន​ឆ្លង​មេរោគ​នោះ​ហើយ​ក៏​ដោយ។

    ៥- អ្នកមាន​ផែនការ​យក​កូន គួរ​ធ្វើ​ម៉េច?

    ប្តី​ប្រពន្ធ​​ចង់​បានកូន គួរ​រក​វិធី ដើម្បី​ការពារ​ពី​មេរោគ​ហ្ស៊ីកា។ គួរ​​ទៅ​ពិនិត្យ​សុខ​ភាព​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ប្រាកដ​ថា​​មាន​សុខភាព​ល្អ និង​អាច​មាន​បង្ក​កំណើត​បាន។ ​ជួប​គ្រូពេទ្យ​ពិភាក្សា​ពី​គ្រោះ​ថ្នាក់ និង​ដំណោះ​ស្រាយ​ល្អៗ​សម្រាប់​យើង។

    ៦- ចុះ​ប្តី​ប្រពន្ធ​ផ្សេង​ទៀត?

    ស្រីៗ ទោះ​ជា​​មិន​មាន​ផ្ទៃពោះ ឬ​មិន​ចង់​មាន​កូនក៏​ដោយ ក៏​ត្រូវ​ប្រយ័ត្ន​ខ្លួន​ជាមួយ​មេរោគ​ហ្ស៊ីកា​នេះ​ដូច​គ្នា ដោយ​សារ​តែ​រហូត​មក​ដល់​ពេល​នេះ​ គេ​មិន​ទាន់​រក​ឃើញ​វ៉ាក់​សាំង​អាច​ការពារ​ការ​ឆ្លង​មេរោគ​នេះ​នៅ​ឡើយ​។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អបំ​ផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Mar 22, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម