អាអូនតូច​ទន់​បាក់​ក​មិន​ឡើង អាច​មក​ពីទម្លាប់​ញ៉ាំ​អាហារ​ទាំង​នេះ

ដោយ ត្រួតពិនិត្យដោយ Kim Kanel

គេ​ថា សុខភាព​ល្អ​ឬ​ដុនដាប គឺ​អាស្រ័យ​លើ​ទម្លាប់ និង​ការ​ហូបចុក។ សុខភាព​ផ្លូវ​ភេទ របស់​ប្រុសៗ​ក៏​ដូច​គ្នា។ ដឹង​ចំណី​ប៉ូវ ញ៉ាំ​មាន​អនាម័យ ក្នុង​កម្រិត​ល្អ ប្រាកដ​ជា​ជួយ​អាអូន​តូច​បាន​ច្រើន ហើយ​ធ្វើ​ការ​មិន​ទម្រន់។ ប្រដាប់​ភេទ​ប្រុសៗ អាច​ឡើង​រឹង​បាន​អាស្រ័យ​លើ​កម្រិត​អ័រម៉ូន តេស្ដូតេរ៉ូន។ ចំណី​អត់​ល្អ ហើយ​ជះ​ផល​អាក្រក់​ដល់​សមត្ថភាពផ្លូវ​ភេទ របស់​ប្រុសៗ​មាន៖

១- សាច់​ជាប់​ខ្លាញ់

សាច់​សត្វ ជាពិសេស​សាច់​ជាប់​ខ្លាញ់​ដែល​គ្នា​យើង​ថា​ឆ្ងាញ់ ពិត​ជា​ប៉ះពាល់​ដល់​សុខភាព​បេះដូង និង​បង្ក​ជា​បញ្ហា​លិង្គ​មិន​ឡើង​រឹង​ដែរ។ បញ្ហា​ចរន្ត​ឈាម​រត់​ល្អ គឺ​ជា​រឿង​ដែល​ចាំ​បាច់​ដើម្បី​ធ្វើ​​ឲ្យ​លិង្គ​​ឡើង​រឹង​បាន​ល្អ។ តែ​បើ​យើង​មាន​បញ្ហា​សរសៃ​ឈាម​បេះ​ដូង នោះ​ក៏​ប្រឈម​ជា​មួយ​បញ្ហា​អសមត្ថភាព​ផ្លូវ​ភេទ​ដូច​គ្នា។

កូលេស្តេរ៉ុល​ខ្ពស់ក្នុង​សាច់ នឹង​បង្ក​ឲ្យ​កើត​ជា​ជំងឺ​បេះ​ដូង និង​បញ្ហា​លិង្គ​មិន​ឡើង​រឹង​បាន។ បន្ថយ​សាច់​មិន​ល្អ (សាច់​ជាប់​ខ្លាញ់) ហើយ​ងាក​មក​ញ៉ាំ​ប្រភេទ​អាហារ​សម្បូរ​ប្រូតេអ៊ីន​ល្អ​ៗ រួម​មាន​អាស៊ីដ​ខ្លាញ់​អូមេហ្កា៣ (ត្រី) និង​ខ្លាញ់​បាន​មក​ពី​គ្រាប់​រុក្ខ​ជាតិ ផ្លែ​ប៊ើរ ឬ​អាច​ប្រើ​ប្រេង​អូលីវ​ជំនួស​វិញ​ក៏​បាន។

២- អាហារចៀន

អាហារ​ចៀន​ដោយ​ប្រើ​ប្រេង អាក្រក់​បំផុត​សម្រាប់​សុខភាព​បេះ​ដូង គឺ​អាហារ​ដែល​ចៀន​ដោយ​ប្រើ​ប្រេង និង​ដុត​ភ្លើង​ខ្លាំង។ បើ​យើង​ញ៉ាំចំណី​ចៀន នឹង​ធ្វើ​ឲ្យ​​ឡើង​គីឡូ ឬ​លើស​ទម្ងន់។ បើ​ធាត់ វា​ទាក់​ទង​ជាមួយ​បញ្ហា​បម្រែបម្រួល​អ័រម៉ូន​មនុស្ស​ប្រុស​បាន​ដូច​គ្នា។ របស់​ចៀន​ភាគ​ច្រើនដែល​អត់​គួរ​ញ៉ាំ មាន​ដូច​ជា សាច់​ចៀន ឬ​បំពង ដែល​បៀម​ខ្លាញ់​ច្រើន ដំឡូង​ចៀន នំ​ដូណាត់។ល។ ក្រៅ​ពី​បង្ក​បញ្ហា​ដល់​បញ្ហា​បេះដូង ឡើង​គីឡូ ក្រុម​អាហារ​ទាំងនេះ ក៏​អាច​បង្ក​ជា​បញ្ហា​មហារីក​​ក្រពេញ​ប្រូស្តាត ឬ​ដុះ​ដុំ​សាច់​នៅ​ក្រពេញ​ប្រូស្តាត​បាន។

៣- សណ្ដែកសៀង

ការ​សិក្សា​មួយ​របស់​សាលាសុខភាព​សាធារណៈ Harvard​ (Harvard School of Public Health) នៅ​អាមេរិក ​រក​ឃើញ​ថា ចំនួន​មេ​ជីវិត​ប្រុសៗ​នឹង​ធ្លាក់​ចុះ​ប្រមាណ ៤០​% បើ​ផឹក​ទឹក​សណ្ដែកសៀង​​កន្លះ​កែវ​ក្នុង​មួយ​ថ្ងៃ។ អ្នក​ស្រាវ​ជ្រាវ​ក៏​បាន​រក​ឃើញ​ដែរ​ថា បើ​អ្នក​ញ៉ាំ​សណ្ដែក​សៀង​កាន់​តែ​ច្រើន នោះ​អ័រម៉ូន​តេស្តូស្ដេរ៉ូន​ក្នុង​ខ្លួន​​​កាន់​តែ​ធ្លាក់​ចុះ។ នេះ​​​បណ្ដាល​មក​ពី​ក្នុង​សណ្ដែក​សៀង មាន​ផ្ទុក​សារធាតុ​ម្យ៉ាង​ដែល​ស្រដៀង​គ្នា​ជាមួយ​នឹង​អ័រម៉ូន អឺស្ត្រូហ្សែន អ័រម៉ូន​មនុស្ស​ស្រី ដែល​មាន​វត្តមាន​បន្តិច​បន្តួច​នៅ​ក្នុង​ខ្លួន​មនុស្ស​ប្រុស។

ការ​ញ៉ាំ​សណ្ដែក​សៀង​អាច​បណ្ដាល​ឲ្យ​មាន​វិបត្តិ​អតុល្យភាព​រវាង​អ័រម៉ូន​អឺស្ត្រូហ្សែន ​និង​អ័រម៉ូន​តេស្តូស្ដេរ៉ូន ដែល​បញ្ហា​មួយ​នេះ​នឹង​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​លើ​ជីវិត​ផ្លូវ​ភេទ​របស់​មនុស្ស​ប្រុស​បាន។ ដូច​នេះ​ហើយ​ មនុស្ស​ប្រុស​​មិន​គួរ​ផឹក​ទឹក​សណ្ដែក​សៀង ជា​ពិសេសចម្រាញ់​ចេញ​ពី​អាហារ​ ឬ​គ្រឿង​អ្វី​ផ្សេង​ឡើយ ប៉ុន្តែ​បើ​ជា​ទឹក​សណ្ដែក​ដែល​គេ​ផលិត​តាម​បែប​ធម្មជាតិ គឺ​អាច​ផឹក​បាន។

៤- អាហារកំប៉ុង ឬអាហារច្រកថង់​ប្លាស្ទិក

សារ​ធាតុ Bisphenol A ដែល​គេ​ច្រើន​ស្គាល់​ថា BPA គឺ​ជា​សារ​ធាតុ​គីមី​ម្យ៉ាង​ដែល​ច្រើន​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​អាហារ​កំប៉ុង និង​ពពួក​អាហារ​ច្រក​ទុក​ក្នុង​ថង់​ប្លាស្ទិក ដែល​មាន​ទំនាក់​ទំនង​នឹង​បញ្ហា​អសមត្ថភាព​របស់​ប្រុស​ៗ រឿង​លិង្គ​អត់​ងើប បញ្ហា​បាត់​ចំណង់​ផ្លូវ​ភេទ ឬបញ្ហា​អត់​កូន។

​ប្រុសៗ​គួរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ពពួក​អាហារ​កំប៉ុង និង​ពពួក​អាហារ​ច្រក​ក្នុង​ថង់​ប្លាស្ទិក។ បើ​គេច​ញ៉ាំ​របស់​កំប៉ុង​មិន​រួច​ ​គួរ​​ព្យាយាម​ប្រើ​កំប៉ុង​អាហារ​ប្រភេទ​ផ្សេង ឬ​រក​មើល​អាហារ​ដែល​មាន​បិទ​ស្លាក​ថា “BPA-free”។ លើស​ពី​នេះ គប្បី​កាត់​បន្ថយ​ប្រើ​​ទឹក​ច្រក​ក្នុង​ដប​ប្លាស្ទិក ហើយ​បើ​យក​ល្អ​ ​គួរ​​​ឈប់​ផឹក​តែ​ម្ដង​កាន់​តែ​ល្អ។

៥- ដាក់​គ្រឿងស្រវឹង​ច្រើន​

អ្នក​វិទ្យាសាស្ត្រ​បាន​លើក​ឡើង​ថា ផឹកគ្រឿង​ស្រវឹង​ចាប់​ពី ៥​ ដង ​ឬ​លើស​ពី​នេះ​ក្នុង​មួយ​ថ្ងៃ អាច​ធ្វើ​ឲ្យ​បរិមាណ​អ័រម៉ូន​តេស្តូស្ដេរ៉ូន​ធ្លាក់​ចុះ។ បើ​ញ៉ាំ​ក្នុង​កម្រិត​តិច អត់​អី​ទេ។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ​ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 18, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 18, 2019

ប្រភព
អ្នកអាចចូលចិត្ត