បើសង្ស័យថាខ្លួនកំពុងញៀនរួមភេទមិនដឹងខ្លួន ចម្លើយមានក្នុងអត្ថបទនេះ

ដោយ ត្រួតពិនិត្យដោយ Kim Kanel

រួមភេទ ជារឿងធម្មជាតិ​របស់​មនុស្ស​។ ប៉ុន្តែ មនុស្ស​មួយ​ចំនួន មិន​អាច​គ្រប់​គ្រង​អារម្មណ៍​ផ្លូវភេទរបស់​ខ្លួន​បាន រហូត​ដល់​បង្ខិតបង្ខំ អាត្មានិយមពេល​ប្រតិបត្តិការ ប្រព្រឹត្ត​ខុស​សីលធម៌ មាន​ទោសទណ្ឌជាប់​ខ្លួនថែមទៀត។ បើ​ចង់​ដឹង យើងជា​មនុស្ស​ញៀន​រួមភេទ ឬអត់ សូម​ស្វែង​យល់​ចម្លើយ​ខាង​ក្រោម។

១- អ្វី​ជាការ​ញៀន​រួមភេទ?

មិន​ថា​ប្រុស ឬ​ស្រី សុទ្ធតែ​អាច​ជួប​ប្រទះ​បញ្ហា​ញៀន​រួម​ភេទ ដែល​សំដៅ​លើ​អារម្មណ៍​ផ្លូវភេទខ្ពស់ ​មាន​ចំណង់ខ្លាំង ​និង​សកម្មភាព​ផ្លូវ​ភេទ ​​ពិបាក​គ្រប់​​គ្រង ខណៈ​រោគ​សញ្ញា​ជា​ធម្មតា​មាន​ដូច​ជា៖

– មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន
– ខំ​ចៀស​វាង​អាកប្ប​កិរិយា​ទាក់ទង​ផ្លូវ​ភេទ​ដែល​មិន​ចង់​បាន តែ​ភាគ​ច្រើន​ត្រូវ​បរាជ័យ
– មាន​អារម្មណ៍ និង​អាកប្បកិរិយា​មិន​ល្អ តប់​ប្រមល់​ច្រើន បាក់ទឹក​ចិត្ត និង​អាច​មាន​បញ្ហា​ផ្លូវ​ច្បាប់​ទៀត​ផង។

២- អ្វី​ជា​មូល​ហេតុ​នាំ​ឲ្យ​ញៀនរួមភេទ?

– ភាគ​ច្រើន យើង​​មាន​ជំងឺ Bipolar Disorder (​ជា​ជំងឺ​ផ្លូវ​ចិត្ត​ម្យ៉ាង​ ធ្វើ​ឲ្យ​មាន​អត្តចរិត​ពីរ​ខុស​គ្នា​ ជួន​ខឹង​ជួន​ស្ងប់) ច្រើន​ប្រឈម​មុខ​ខ្ពស់​នឹង​សកម្មភាព​ផ្លូវ​ភេទ ស្ថិត​ក្នុង​ដំណាក់​កាល​មួយ យើង​មាន​អារម្មណ៍​ផ្លូវ​ភេទ​ខ្ពស់មិន​អាច​គ្រប់​គ្រង​បាន។

– ចំពោះ​អ្នក​​មាន​ជំងឺ Borderline Personality Disorder  (ជំងឺ​ផ្លូវ​ចិត្ត​ម្យ៉ាង​ ​ធ្វើឲ្យមិន​អាច​គ្រប់គ្រង​បញ្ហា​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ខាង​ក្រៅ ខ្លួន​ឯង ​ក៏ដូច​ជា​​ផ្លូវ​ចិត្ត) តែងរួម​ភេទ​​មិន​ការពារ ជាហេតុ​ធ្វើឲ្យ​​មាន​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង។

– ក្រុម​មនុស្ស​ភាន់ច្រឡំ​ភេទ​ខ្លួនឯង ច្រើន​មាន​អាកប្បកិរិយា​ផ្លូវ​ភេទ​កំរោល។

– ​​មាន​ជំងឺលើ​ចំណង់​ផ្លូវ​ភេទ ដូច​ជា ​ជំងឺ​ Pedophilia, Exhibitionism និង Severe fetishes។ ការ​ព្យាបាល​តែ​មួយ​មុខ​ មិន​គ្រប់​គ្រាន់​ឡើយ​ ដោយ​សារ​អ្នកមាន​ជំងឺ​ទាំង​នេះ អាច​នឹង​រំលោភ​បំពាន​លើ​អ្នក​ដទៃ ហើយ​មួយ​ចំនួន​ទៀតមាន​ជំងឺ​នេះ គឺ​​មាន​អត្ត​ចរិតប្រឆាំង​សង្គមទៀតផង។

– ​ធ្លាប់​ត្រូវ​​បំពាន​ផ្លូវ​ភេទ​ពី​ក្មេង អាច​នឹងធ្លាក់​ក្នុង​បញ្ហា​ញៀនរួមភេទ​ទាំង​មិន​ដឹង​ខ្លួន ​ព្រោះ​ចង់​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ ដែលធ្លាប់​​ត្រូវ​គេ​បំពាន​កាល​ពី​ក្មេង​។ ក្រុម​មនុស្ស​ប្រភេទ​នេះ ​ត្រូវ​បាន​ចាត់​ចូល​ក្នុង​ជំងឺផ្លូវចិត្ត Post-traumatic stress disorder។

– អាកប្បកិរិយា​ផ្លូវ​ភេទ​កំរោល​ អាច​មាន​លើ​មនុស្ស​មាន​ការ​លូត​លាស់​ផ្លូវ​ចិត្ត​យឺតយ៉ាវ និង​មនុស្ស​វ័យ​កណ្តាល។ បញ្ហា​នេះ​កើត​ឡើង ​ដោយ​សារ​តែ​ចំណេះ​ដឹង ​និង​សុខភាព​ផ្លូវ​ភេទ​មិន​ល្អ ឬ​មិន​ប្រក្រតី។ អ្នក​មាន​បញ្ហា​ខ្សោយ ​ឬ​លូត​លាស់​យឺត​នេះ​ មិន​អាច​យល់​ច្បាស់​គ្រប់​គ្រាន់ និង​មិន​អាច​បង្ហាញ​ពី​អារម្មណ៍​ខ្លួន​ឯង​ឲ្យ​បាន​ត្រឹម​ត្រូវ មិន​អាច​គ្រប់​គ្រង​ចំណង់ផ្លូវភេទ ​ក៏​​មិន​អាច​កសាង​ទំនាក់​ទំនង​ជាមួយ​នរណា​ម្នាក់ឲ្យ​​ពិត​ប្រាកដ​ដែរ។ ទាំង​នេះ គឺដោយ​សារ​ពួកគេ​មិន​យល់​ ឬ​មិន​អាច​បំពេញ​តម្រូវ​ការរស់​នៅ​បាន ជា​ហេតុ​នាំ​ឲ្យ​ធ្លាក់​ក្នុង​បញ្ហា​ញៀន​រួមភេទ ចូល​ចិត្ត​ស្វែង​រក​ភាព​សុខ​ស្រួល​រយៈ​ពេល​ខ្លី​ ខណៈទង្វើ​នេះ ​អាច​ធ្វើ​ឲ្យមាន​អាកប្បកិរិយា​ផ្លូវ​ភេទ​កំរោលលើ​ដៃគូ ឬ​អ្នក​ដទៃ។ លើស​ពី​នេះ អ្នក​មាន​បណ្ដុំ​រោគ​សញ្ញាផ្លូវចិត្ត Asperger (Asperger’s Syndrome) ក៏​ប្រឈម​​ខ្ពស់​នឹង​បញ្ហា​នេះ​ដូច​គ្នា។

– បញ្ហា​ញៀន​​រួម​ភេទ ​តែង​មាន​លើ​ក្រុម​មនុស្ស​ប្រើ​ថ្នាំ​ញៀន ​អាចដោយ​សារ​ថ្នាំញៀន​ទាំង​នោះ ​ធ្វើឲ្យ​មាន​អារម្មណ៍​​សម្រើប​ និង​ចំណង់ខ្លាំង ឬ​ដោយ​សារ​ការ​ផ្តាច់​ថ្នាំក៏​មាន។

– បញ្ហា​ញៀន​រួម​ភេទ ក៏​អាច​កើត​លើអ្នក​មាន​ជំងឺ Dependent Personality Disorder (ជំងឺញៀន​ស្នេហា) ដោយពួក​គេ​យល់​ថា​ ការ​រួម​ភេទ ​ជា​ការ​ទទួល​បាន​ក្តី​ស្រលាញ់​ពី​ដៃ​គូ ​បញ្ជាក់​​ពី​ទំនាក់​ទំនងល្អ​ជា​មួយ​គ្នា ជាហេតុនាំ​ឲ្យ​ត្រូវ​ការ​ដៃ​គូ​រួម​ភេទខ្លាំងៗ​ ​ខាន​មិន​បាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 14, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 14, 2019

ប្រភព
អ្នកអាចចូលចិត្ត