backup og meta

ពេញវ័យមិនទាន់ស្រួលបួល ប្រឡូករួមភេទ អាចប្រឈមបញ្ហាទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 15, 2020

    ពេញវ័យមិនទាន់ស្រួលបួល ប្រឡូករួមភេទ អាចប្រឈមបញ្ហាទាំងនេះ

    សម្រាប់​ក្មេងជំទង់ៗ ទើប​ពេញវ័យ ពិសេស​ក្មេង​ស្រី បើ​ឆាប់​ប្រឡូក​ក្នុង​ជីវិត​ផ្លូវ​ភេទ​លឿនពេក គឺ​មិន​ល្អ​ទេ អាច​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ជាច្រើន ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត។ “Hello គ្រូពេទ្យ’ នឹង​លើក​ឡើង​បញ្ហា​មួយ​ចំនួន អាច​កើត​ឡើង​ចំពោះ​ក្មេងៗ​ទើប​ពេញវ័យ និងឆាប់រួម​ភេទ។

    ១- ប្រឈមមុខជាមួយជំងឺមហារីកមាត់ស្បូន

    ការ​ព្រមាន​របស់​អ្នក​ស្រាវ​ជ្រាវ​បាន​លើក​ឡើង​ថា ក្មេង​ស្រីអាច​ប្រឈម​​ទ្វេ​ដងកើត​​ជំងឺ​មហារីក​មាត់​ស្បូន បើ​ពួក​គេ​ឆាប់​ប្រឡូក​ក្នុង​ការ​រួម​ភេទ​នៅ​វ័យ​ក្មេង។

    នៅ​ប្រទេស​អង់​គ្លេស មនុស្ស​ជា​ច្រើន​មិន​បាន​ពិនិត្យ​សុខភាព​នៅមន្ទីរពេទ្យទេ រហូត​ដល់​ពួក​គេ​មាន​អាយុ ២៥​ឆ្នាំ ខណៈ​ទម្រាំ​ដល់​ពេល​នោះ ក្មេង​ស្រីៗប្រហែល​បាន​ឆ្លង​មេរោគ HPV អស់​រយៈ​ពេល​ដប់​ឆ្នាំ​ទៅហើយ ហើយ​មេរោគ​កាម​រោគនេះ គឺ​ជាភ្នាក់​ងារ​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​មាត់​ស្បូន

    ២- ប្រឈមបញ្ហា​សតិអារម្មណ៍

    បើ​ក្មេង​ៗ​គ្រាន់​តែ​ចង់​សម្រេច​កាម​ខ្លួន​ឯង ឬ​ភ្ញោច​ដាស់​អារម្មណ៍​ផ្លូវ​ភេទ ​​មិន​មាន​ផល​ប៉ះពាល់​ដល់​ជីវិត​ទៅ​ថ្ងៃ​ខាង​មុខទេ។

    ប៉ុន្តែ​បើ​គេ​មាន​បទពិសោធ​ផ្លូវ​ភេទ ​មាន​លក្ខណៈ​ភ័យ​ខ្លាច​​កាល​ពី​នៅ​តូច ដូច​ជា​ ត្រូវ​បាន​បៀត​បៀនដោយមនុស្ស​ធំ រងការ​​ជួញ​ដូរផ្លូវ​ភេទ​ ត្រូវ​គេ​ប្រមាថធ្វើ​ឲ្យ​អាម៉ាស់ ឬ​រហូត​ដល់​មាន​ការ​ចាប់​រំលោភ នោះ​ពួក​គេ​អាច​នឹង​មាន​បញ្ហា​អសមត្ថភាព​​ផ្លូវ​ភេទ​នៅ​ថ្ងៃ​អនាគត។

    ៣- ប្រឈមមុខមានកូនទាំង​វ័យ​ក្មេង

    បើ​ឆាប់​ប្រឡូក​ក្នុង​រឿង​ផ្លូវ​ភេទ​លឿន​ពេក ក្មេង​ៗ​​អាច​នឹង​ប្រឈម​ការ​រួម​ភេទ​មាន​គ្រោះ​ថ្នាក់។ ការ​​សិក្សា​លើក​ឡើង​ថា ក្មេង​រួម​ភេទ​នៅ​អាយុ ១៣​ឆ្នាំ ​(នៅបរទេស) អាច​មាន​ដៃ​គូ​រួម​ភេទ​ច្រើន និង​រួម​ភេទ​ច្រើន​ដង រួម​ភេទ​ដោយ​មិន​បាន​ការពារ​ អាច​ប្រើ​គ្រឿង​ស្រវឹង ឬ​ថ្នាំ​ញៀន​មុន​ពេល​រួម​ភេទ។

    ការ​សិក្សា​ធ្វើ​ឡើង​ដោយ​វេជ្ជបណ្ឌិត Jennings Bryant បង្ហាញ​ថា ​ក្មេង​ប្រុស​លើស​ពី ៦៦% និង​ក្មេង​ស្រី​លើស​ពី​ ៤០% ចង់​សាក​ល្បង​សកម្មភាព​ផ្លូវ​ភទ ដូច​​ពួក​គេ​បាន​មើល​ឃើញ​ក្នុង​ប្រព័ន្ធ​អ៊ីន​ធឺណេត (នៅ​ពេលឈាន​​រៀន​ដល់​ថ្នាក់​វិទ្យា​ល័យ មាន​ក្មេង​ជា​ច្រើន​ បាន​ប្រព្រឹត្ត​សកម្មភាព​ទាំង​អស់​នោះ​រួច​ហើយ) ​ធ្វើ​ឲ្យ​ក្មេង​​ប្រឈម​មុខ​ខ្ពស់ ​ជាមួយ​ជំងឺ​កាម​រោគ និង​មាន​ផ្ទៃ​ពោះ​ដោយ​មិន​បាន​ត្រៀម​ទុក។

    អត្ថបទ​ពាក់​ព័ន្ធ៖

  • “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ
  • រួមភេទញឹកញាប់ពេក ខ្លាំងៗពេក ប៉ះពាល់សុខភាពអត់?
  • ចុះ​ទម្លាប់​ផ្លូវភេទ​របស់​ក្មេងៗ​មានប្រភពមកពីណា?

    ការ​សិក្សា​​ជា​ច្រើនបាន​លើក​ឡើង​ថា ក្មេង​​មើល​រឿង ឬ​ស្ដាប់​ចម្រៀង ​មាន​​និយាយពី​ការ​គ្រឿង​ស្រវឹង ប្រើ​ថ្នាំ​ញៀន ឬ​ប្រើ​អំពើ​ហិង្សា ពួក​គេ​អាច​រៀន​ចេះ​សកម្មភាព​ទាំង​អស់​នោះ។ ការ​សិក្សា​ក្នុង​ឆ្នាំ២០១២​ បាន​បង្ហាញ​ថា ខ្សែ​ភាព​យន្ដ អាច​ធ្វើ​ក្មេង​ចង់​ធ្វើ​សកម្មភាព​ផ្លូវ​ភេទ និង​មាន​អាកប្បកិរិយា​មិន​ល្អ​បាន។ ការ​សិក្សា​មួយ បោះ​ពុម្ភ​ផ្សាយ​លើ​កាសែត Psychological Science ​រក​ឃើញ​ថា ក្មេង​ៗ​បាន​ឃើញ​សកម្មភាព​ផ្លូវ​ភេទ​តាម​រយៈ​រឿង​កុន ហើយ​បើ​ពួក​គេ​ឆាប់​ប្រឡូក​ក្នុង​ជីវិត​ផ្លូវភេទ​ទាំង​វ័យ​ក្មេង អាច​ប្រព្រឹត្ត​ដដែល​ៗ ទាំង​មិន​បាន​​ការ​ពារខ្លួន​ពីជំងឺកាម​រោគ​ទៀតផង។

    ការ​សិក្សា​មួយ​ផ្សេង​ទៀត លើក​ឡើង​ថា ក្មេង​ប្រុស​​បាន​មើល​សកម្មភាព​ផ្លូវ​ភេទ​ក្នុង​ភាពយន្ត អាច​ឆាប់​ប្រឡូក​​រួម​ភេទ​តាម​មាត់ និង​តាម​ទ្វារ​មាស ក្នុងរយៈពេល​ ២ ឆ្នាំ​ក្រោយ គឺច្រើន​ជាង​ក្មេង​ប្រុស​មិន​បាន​មើលភាពយន្ត​ទាំង​នោះ​ ដល់​ទៅ ៣ ដង។ ក្មេង​ស្រី​មើល​រឿង​មាន​សកម្មភាព​ផ្លូវភេទ ងាយ​ប្រឡូក​ក្នុង​ការ​រួម​ភេទ លើស​ពី​ក្មេង​ស្រី​ធម្មតាដល់​ទៅ ២ ដង។ ការ​សិក្សា​បញ្ជាក់​ដែរ​ថា ក្មេង​ស្ដាប់​ចម្រៀង​ទាក់​ទង​ជាមួយ​រឿង​ផ្លូវភេទ ក៏​ងាយ​ប្រឡូក​ក្នុង​ការ​រួម​ភេទ ​ច្រើន​ជាង​ក្មេង​ដែល​មិន​បាន​ស្ដាប់ចម្រៀង​ប្រភេទ​នោះ​ដូច​គ្នា។

    មូលហេតុ​​ក្មេង​ៗ​ងាយ​​ប្រឡូក​ក្នុង​ការ​រួម​ភេទ បន្ទាប់​ពី​បាន​មើល ឬ​ស្ដាប់​រឿង​ទាំង​អស់​នោះ​ក្នុង​បណ្ដាញ​សង្គម គឺ​ដូច​យើង​អាន​សៀវ​ភៅ និង​ឲ្យ​កូនមើល​រឿង​មាន​តួ​ល្អ​ៗ​ ដោយ​សង្ឃឹម​ថា​ កូនអាច​រៀន​តាម​តួ​អង្គ​ទាំង​នោះ​​។ បណ្ដាញ​សង្គម ដែល​ផ្សព្វផ្សាយ​សកម្មភាព​ផ្លូវ​ភេទ រឿង​អាសអាភាស សុទ្ធតែ​​អាច​ធ្វើ​ឲ្យ​ក្មេង​ឆាប់​ប្រឡូក​ក្នុង​រឿងផ្លូវ​ភេទ រួម​ភេទ​មិន​ការ​ពារ ​មិន​ខ្វល់​ពី​ផល​អវិជ្ជមាន​ ផ្ទុយ​ពី​ក្មេងមាន​ប្រាជ្ញា​ល្អ មាន​ទំនាក់​ទំនង​ល្អ និង​មាន​ការ​យល់​ដឹង​ច្រើន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Jul 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម