backup og meta

ចូលចិត្តរួមភេទតាមរន្ធគូទ ប្រយ័ត្នជួបគ្រោះថ្នាក់ធ្ងន់ធ្ងរទៅ!

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 13, 2020

    ចូលចិត្តរួមភេទតាមរន្ធគូទ ប្រយ័ត្នជួបគ្រោះថ្នាក់ធ្ងន់ធ្ងរទៅ!

    ​យោង​តាម​ការ​សិក្សា​ថ្មី​ៗ​នេះ​ ក្នុង​ចំណោម​គ្នា​យើង​រួម​ភេទ​តាម​រន្ធគូទ គឺមាន​​ប្រុសៗ​ចូលចិត្ត​រួម​ភេទដូច​គ្នាដល់​ទៅ ៩០% ខណៈ​​ស្រីៗ​ប្រហែល​ ៥-១០​ភាគ​រយប៉ុណ្ណោះ។ ទោះ​រួម​ភេទ​តាម​រន្ធ​គូទ មិន​មែន​ជារឿង​ចម្លែក​ក៏​ពិត​មែន ប៉ុន្តែ​គ្នា​យើង​ចូល​ចិត្ត​រួម​ភេទ​បែប​នេះ គួរ​ឲ្យ​ប្រយ័ត្ន​ប្រយែង​ឲ្យ​បាន​ច្រើន ព្រោះ​រន្ធគូទ​បណ្តុំ​ទៅ​ដោយ​សរសៃ​ប្រសាទ អាច​នឹង​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរមិន​ខាន ហើយ​គ្រោះ​ថ្នាក់​ទាំង​នោះ មាន​ក្នុង​អត្ថបទ​នេះ​តែ​ម្តង។

    ១- រួមភេទតាមរន្ធគូទមានសុវត្ថិភាពដែរទេ?

    ​រួម​ភេទ​តាម​រន្ធ​គូទ បង្ក​ជា​ផល​ប៉ះ​ពាល់​សុខភាព​ច្រើន ក៏​ជា​វិធី​រួម​ភេទ ​មាន​គ្រោះ​ថ្នាក់​ជាង​គេ​ក្នុង​ចំណោមតិច​និក​​រួម​​ភេទ​ទាំង​អស់ ដែល​កត្តា​គ្រោះ​ថ្នាក់​ទាំង​នោះ​មាន​ដូច​ជា៖

    – រន្ធ​គូទ​មិន​មាន​ទឹក​រម្អិល​ពី​ធម្មជាតិ​ ដូច​​ទ្វារ​មាស​ទេ៖ ការ​ស៊ក​លិង្គ​ចូលទៅ​ក្នុង​រន្ធគូទ ​អាច​ធ្វើ​ឲ្យ​ជាលិកា​នៅ​តំបន់​នោះ​ងាយ​រហែក ​បណ្ដាល​ឲ្យ​បាក់​តេរី និង​វីរុស ឆ្លង​​ចូល​ក្នុង​សរសៃ​ឈាម​បាន។ ការ​ជ្រៀបពី​ពពួក​បាក់តេរី ឬវីរុសទៅក្នុង​ឈាម អាច​បណ្ដាល​ឲ្យ​កើត​ជា​ជំងឺ​កាម​រោគ ជា​ពិសេស​ ​ជំងឺ​អេដស៍។ ការ​សិក្សា​​រក​ឃើញ​ថា ស្រីៗ ឬ​ប្រុស ដែល​ឲ្យ​ដៃ​គូមាន​ផ្ទុក​មេរោគ​អេដស៍​​ស៊ក​លិង្គ​ចូល​តាម​រន្ធ​គូទ ​ប្រឈម​ខ្ពស់​ឆ្លងមេរោគ​ ច្រើន​ជាង​ការ​​ស៊ក​លិង្គ​ចូល​ក្នុង​ទ្វារ​មាសដល់​ទៅ ៣០​ដង ​ឯ​ណោះ។ ក្នុង​ករណី​មួយ​ចំនួន​ យើង​​អាច​ប្រើ​ទឹក​រម្អិល​ជំនួយ​​បាន ប៉ុន្តែ​ទឹក​រម្អិល​ ក៏​មិន​អាច​ការ​ពារ​ការដាច់​រហែក​សាច់​រន្ធ​គូទ​បាន​ ១០០% ដែរ។

    – ជាលិកា​ក្នុង​រន្ធ​គូទ​ខុស​ពី​ស្បែក​ខាង​៖ ផ្ទុយ​ទៅ​នឹង​ស្បែក​ខាង​ក្រៅ ដែល​អាច​ការ​ពារ​យើង​ពី​ការ​ជ្រៀប​ចូល​ពី​ពពួកមេរោគ ឬ​បាក់តេរីនោះ ជាលិកា​រន្ធ​គូទ ​មិន​មាន​ការ​ពារ​យើង​ច្រើន​នោះ​ទេ។ ស្បែក​ខាង​ក្រៅ​​យើង​មាន​ស្រទាប់​កោសិកា​ងាប់​ចាស់​ៗ​ សម្រាប់​ដើ​រ​តួ​ជា​​ការ​ពារ​ប្រឆាំង​ជា​មួយ​ការ​ចម្លង​មេរោគ ខណៈ​ជាលិកា​ក្នុង​រន្ធ​គូទ ​មិន​មាន​ជញ្ជាំង​ការ​ពារ​មួយ​នេះ​ទេ ហេតុ​​នេះ​ហើយ​ ទើប​បាន​ជា​វា​ងាយ​រហែក និង​ងាយ​ចម្លង​មេរោគ​ណាស់។

    – រន្ធ​គូថជា​កន្លែង​ផ្ទុក​លាមក៖ ​សាច់​ដុំ​រង្វង់​នៅ​ជុំ​វិញ​រន្ធ​គូទ ​គឺ​ជា​សាច់​ដុំ​ខ្ជឹប វា​​ខ្ជឹប ​និង​បន្តឹង​រន្ធ​គូទ បន្ទាប់​ពី​យើង​បន្ទោរ​បង់​រួច ដោយ​សាច់​ដុំ​នោះ​មាន​សភាព​រឹង ដូច​នេះ​ពេល​ស៊ក​លិង្គ​ចូល​ អាច​ធ្វើ​ឲ្យ​ឈឺ និង​មាន​ការ​លំបាក។ រួម​ភេទ​តាម​រន្ធ​គូទ​ញឹក​ញាប់ អាច​ធ្វើ​ឲ្យ​សាច់​ដុំ​ខ្ជឹប​នោះ​ប្រែ​ទៅ​ជា​ខ្សោយ ​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ទប់​លាមក​ ទម្រាំ​ទៅ​ដល់​បន្ទប់​ទឹក អាច​នឹង​មាន​ការ​លេច​ធ្លាយ​លាមក​មិន​ខាន។ យ៉ាងណា គេ​មាន​វិធី​ហាត់​ប្រាណ​ម្យ៉ាង ហៅថា Kegel Exercises អាចជួយ​បន្តឹង​សាច់​ដុំ​ខ្ជឹប​របស់​រន្ធ​គូទ​យើង​បាន ក៏​​អាច​ដោះ​ស្រាយ​បញ្ហា​លេច​ធ្លាយ​លាមក​​បានដូច​គ្នា។

    – រន្ធ​គូទ​ពោ​ពេញ​ទៅ​​បាក់​តេរី៖ ទោះ​បី​ជា​ដៃ​គូ​រួម​ភេទ​ទាំង​ពីរ ​មិន​មាន​ផ្ទុក​ជំងឺ​កាម​រោគ​ ឬ​ជំងឺ​ដទៃ​ទៀតក៏​ពិត​មែន ប៉ុន្តែ​បាក់​តេរីមាន​ស្រាប់​​ក្នុង​រន្ធ​គូទ​ ​អាច​​ឆ្លង​ទៅ​ដៃ​គូយើង​អំឡុង​ពេល​រួម​ភេទ​បាន។ បើ​​រួម​ភេទ​តាម​ទ្វារ​មាស ​បន្ទាប់​ពី​រួម​ភេទ​តាម​រន្ធ​គូទ​ភ្លាម អាច​ធ្វើ​ឲ្យ​ភាគី​ខាង​ស្រី​ប្រឈម​មុខ​ជា​មួយ​ជំងឺ​រលាក​ផ្លូវ​ទឹក​នោម និង​រលាក​​ទ្វារ​មាស។

    ២- គ្រោះថ្នាក់ផ្សេងទៀតបណ្ដាលមកពីការរួមភេទតាមរន្ធគូទ

    ​រួម​ភេទ​តាម​រន្ធ​គូទ ​អាច​ធ្វើ​ឲ្យ​យើង​​ប្រឈម​មុខ​ជា​មួយ​ជំងឺ​ជា​ច្រើន​ប្រភេទ ពិសេស​បើ​ដាក់​លិង្គ​ចូល​ក្នុង​មាត់ ​បន្ទាប់​ពី​ស៊ក​ចូល​ក្នុង​រន្ធ​គូទរួច អាច​ធ្វើ​ឲ្យ​ដៃគូ​​ទាំង​សងខាង ​ប្រឈម​ជា​មួយ​ជំងឺ​ជា​ច្រើន​ដូច​ជា ជំងឺ​រលាក​ថ្លើម ជំងឺ​រើម ឆ្លង​មេរោគ HPV និង​ជំងឺ​ឆ្លង​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត។

    ទោះ​បី​ជា​គេ​មិន​សូវ​ឃើញ​មាន​ករណី​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរបណ្ដាល​មក​ពី​ការ​រួម​ភេទ​តាម​រន្ធ​គូទ​ក្ដី ប៉ុន្តែ​វា​នៅ​តែ​អាច​កើត​ឡើង​បាន​ដដែល។ អាការៈ​ហូរ​ឈាម​ក្រោយ​ពេល​រួម​ភេទ ​អាច​បណ្ដាល​មកពី​កើត ​ឬស​ដូង​បាត ឬ​មាន​រហែក​ត្រង់​កន្លែង​ណា​មួយ ហើយ​បញ្ហា​នេះ ​ជា​រឿង​ត្រូវ​ទៅ​រក​សេវា​ព្យាបាល​ឲ្យ​បាន​ឆាប់​រហ័ស។ វិធី​​​ព្យាបាល​មាន​ដូច​ជា ​ត្រូវ​គេង​ពេទ្យ ទទួល​ការ​វះ​កាត់ និង​ប្រើ​ថ្នាំ​ផ្សះ​សម្រាប់​ទប់​ស្កាត់​ការ​ចម្លង​រោគ។

    អត្ថបទ​ពាក់ព័ន្ធ៖

  • ប្រុសៗរួមភេទជាមួយគ្នា រន្ធគូទជួបបញ្ហាធំ និងងាយ​ឆ្លង​ជំងឺ​​ទាំងនេះណាស់
  • ចម្ងល់​រឿង​រួមភេទ ស្រីៗភាគ​ច្រើន​ចង់​ដឹង តែ​អត់ហ៊ាន​សួរ
  • ៣- វិធីការពារពីគ្រោះថ្នាក់បណ្ដាលមកពីរួមភេទតាមរន្ធគូទ

    វិធី​ការពារ​មាន​ប្រសិទ្ធ​ភាព​បំផុត គឺ​មាន​​តែ​មួយ​គត់ មិន​ត្រូវ​រួម​ភេទ​តាម​រន្ធ​គូទ​ជា​ដាច់​ខាត។ តែបើ​មិន​មាន​ជម្រើស គ្នា​យើង​​គួរប្រើ​ស្រោម​អនាម័យ ​ដើម្បី​ការពារ​ដៃ​គូទាំង​ពីរ​ កុំ​ឲ្យ​មាន​ការ​ចម្លង​មេរោគ ឬ​ជំងឺ​ណា​មួយ។ ខាង​ក្រោម​នេះ​ ជា​តិច​និក​ខ្លះ​ៗ​ ​ការពារ​ខ្លួន​ពី​គ្រោះ​ថ្នាក់​បណ្ដាល​មកពី​ការ​រួម​ភេទ​តាម​រន្ធ​គូទ៖

    – មិន​ត្រូវ​ដាក់​លិង្គ​ចូល​ក្នុង​មាត់ ឬ​ក្នុង​ទ្វារ​មាស ​ក្រោយ​ពី​​ស៊ក​ចូល​ក្នុង​រន្ធ​គូទជា​ដាច់​ខាត​ ឬ​ដៃ​គូ គួរ​តែ​ប្រើ​ស្រោម​អនាម័យ​ថ្មី​មុន​ពេល​ដាក់​ចូល​ក្នុង​មាត់។

    – ទឹក​រម្អិល​អាច​ជួយ​ការ​ពារ​កុំ​ឲ្យ​រហែក​ស្បែក។ ប៉ុន្តែ​ បើ​យើង​​ប្រើ​ស្រោម​អនាម័យ​ប្រភេទ​ឡាក់តិច ​ត្រូវ​ប្រើ​ទឹក​រម្អិល ​មាន​ជាតិ​ទឹក​ច្រើន។

    – ត្រូវ​បន្ធូរ​អារម្មណ៍​មុន​ពេល​ស៊ក​លិង្គ​ចូល​ អាច​ជួយ​កាត់​បន្ថយ​មិន​ឲ្យ​រហែក​ស្បែក​បាន។ យើង​អាច​ងូត​ទឹក​ក្ដៅ​ឧណ្ឌ​ៗ​​មុន​ពេល​រួម​ភេទ ឬ​គេង​ផ្ដាប់​មុខ​ចុះ​ក្រោម ​ដើម្បី​ឲ្យ​ងាយ​ស្រួល​ពេល​ស៊ក​លិង្គ​បញ្ចូល។

    – ត្រូវ​បញ្ឈប់​ការ​រួម​ភេទភ្លាម ​បើ​​មាន​អារម្មណ៍​មិន​ផាសុកភាព។

    ​បើ​​នៅ​តែ​​បន្ត​ធ្លាក់​ឈាម​ក្រោយ​រួម​ភេទ ឬ​នៅ​ឈឺ មាន​ឡើង​ហើម​ជុំ​វិញ​រន្ធ​គូទ ឬ​មាន​បញ្ហា​ណា​មួយ​មិន​ស្រួល​កើត​ឡើង ​ប្រញាប់​ទៅ​ជួប​ជា​មួយ​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​បាន។

    ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម