Reishi Mushroom (ផ្សិតលីញជឺ)

ដោយ ត្រួតពិនិត្យដោយ Kim Kanel

ឈ្មោះទូទៅ: Reishi Mushroom (ផ្សិតលីញជឺ)

ស្វែងយល់ពីការប្រើប្រាស់

១- ផ្សិត​លីញជឺជួយអីខ្លះដល់រាងកាយ?

ផ្សិត​លីញជឺ (Reishi Mushroom) ជា​ប្រភេទ​​ផ្សិត​​មាន​សភាព​រឹង និង​លក្ខណៈ​ស្រដៀង​ឈើ ហើយ​​មាន​រស​ជាតិ​ល្វីង។ គេ​យក​ដើម​ និង​ឫស​​​វា​មក​ធ្វើ​ជា​ឱសថ។

គេ​យក​ផ្សិត​លីញជឺ (Reishi Mushroom) មក​ប្រើ​ដើម្បី៖

– បង្កើន​សមត្ថិភាព​ប្រព័ន្ធ​ការពារ​រាង​កាយ
– ព្យាបាល​ការ​ឆ្លង​រោគ​បណ្តាល​មក​ពី​វីរុស ដូច​ជា​ ផ្តាសាយ​ធំ ផ្តាសាយ​ជ្រូក (Swine flu) និង​ផ្តាសាយ​បក្សី
– ព្យាបាល​ជំងឺ​សួត ​ដូច​ជា ​ហឺត និង​រលាក​ទង​សួត
– ជំងឺ​បេះ​ដូង ​ដូចជា លើស​សម្ពាធ​ឈាម និង​លើស​ជាតិ​ខ្លាញ់
– ជំងឺ​តម្រង​នោម
– ជំងឺ​មហារីក
– ​ជំងឺ​ថ្លើម។

គេ​ក៏​យក​វា​មក​ប្រើព្យាបាល​អ្នកជំងឺ អេដស៍ ជំងឺ​ខ្លាច​កន្លែង​ខ្ពស់ (Altitude Sickness) អស់​កម្លាំង​ល្ហិត​ល្ហៃ គេង​មិន​លក់​​ដំបៅ​ក្រពះ​ ពុល​ចំណី និង​ការ​ឈឺ​ចាប់។ មួយ​វិញ​ទៀត ​គេ​ក៏​យក​វា​មក​ប្រើ​សម្រាប់​កាត់​បន្ថយ​ស្រ្តេស និង​ទប់​ស្កាត់​បញ្ហា​អស់​កម្លាំង។

គេ​ប្រើ​ផ្សិត​លីញជឺ (Reishi Mushroom)​ ​បូក​ជា​មួយ​ថ្នាំ​រុក្ខជាតិ​ដទៃ​ ដើម្បី​ព្យាបាល​ជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តាត។

២- វាដំណើរការម៉េច?

មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ការ​សិក្សា​អំពី​ ដំណើរ​ការ​របស់​ផ្សិត​លីញជឺ (Reishi Mushroom)​ នៅ​ឡើយ​ទេ។អាច​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ឱសថបុរាណ ឬ​គ្រូពេទ្យ​ដើម្បី​ដឹង​ពី​ព័ត៌មាន​បន្ថែម។ ប៉ុន្តែ​គេ​អាច​ដឹង​ថា​ផ្សិត​នេះ​មាន​ផ្ទុក​សារធាតុ​គីមី ផ្តល់​ផល​ល្អ​ជា​ច្រើន​សម្រាប់​សុខភាព មាន​ទាំង​ការ​ប្រឆាំង​ដុំសាច់​មហារីក និង​មាន​គុណសម្បតិ្ត​ដល់​ប្រព័ន្ធ​ការ​ពារ​រាង។

កត្តាគួរប្រុងប្រយ័ត្ន

៣- មុនប្រើគួរដឹងអីខ្លះ?

មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖

-​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។

– ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា
– ​មាន​ប្រតិកម្ម​ជាមួយផ្សិត​លីញជឺ ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ
– ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម
– ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។

លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។

៤- មានសុវត្ថិភាពកម្រិតណា?

ផ្សិត​លីញជឺ (Reishi Mushroom) ​ចម្រាញ់​យក​មក​ប្រើ​ប្រាស់​ គឺវា​មាន​សុវត្ថិភាព​សម្រាប់​ផឹក​រហូត​ដល់​ ១ ​ឆ្នាំ​ឯ​ណោះ។ ប៉ុន្តែ​បើយក​ផ្សិត​នេះ​ធ្វើ​ទៅ​ជា​ម្សៅ ការ​ប្រើ​ប្រាស់​អាច​មិន​មាន​សុវត្ថិភាព​ ពេលប្រើ​លើស​ពី ១ ខែ។ ការ​ប្រើ​ប្រាស់​ម្សៅ​ផ្សិត​លីញជឺ (Reishi Mushroom) អាច​ប៉ះ​ពាល់​ជា​មួយ​​ជាតិ​ពុល ជាហេតុ​នាំ​ឲ្យ​​ប៉ះ​ពាល់​ដល់​ថ្លើម​យើង​បាន។

៥- គួរប្រុងប្រយ័ត្ន 

– សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ និងបំបៅដោះ​កូន​៖ រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ព័ត៌​មាន​ច្បាស់​លាស់​ពី​ការ​ប្រើ​ប្រាស់ឱសថ​នេះ​​ឡើយ​ទេ។ ហេតុនេះមិន​គួរ​ប្រើ​ប្រាស់​វា​ អំឡុង​ពេល​ពពោះ ឬ​បំពៅដោះឡើយ។

– បញ្ហា​​ឈាម៖ ​ប្រើ​ប្រាស់​ផ្សិត​លីញជឺ (Reishi Mushroom) ច្រើន​អាច​បណ្តាល​ឲ្យ​កើន​ឡើង​ហានិភ័យ​​ហូរ​ឈាម​​ចំពោះ​មាន​ជំងឺ​​​ឈាម​ក្រ​កក។

– សម្ពាធ​ឈាម​ទាប៖ ដោយ​សារ ​ផ្សិត​លីញជឺ (Reishi Mushroom)​ ធ្វើ​សម្ពាធ​ឈាម​ចុះទាប ដូច​នេះ​វា​អាច​ប៉ះ​ពាល់​ដល់​សុខភាពយើង​បាន។ ​បើ​សម្ពាធ​ឈាមយើងទាបខ្លាំង អ្នក​មិន​គួរ​ប្រើ​ប្រាស់​ផ្សិតនេះឡើយ។

– ជំងឺប្លាកែតធ្លាក់ចុះ (Thrombocytopenia)៖ ដោយសារប្លាកែត​មាន​តួនា​ទីធ្វើឲ្យឈាម​កក ការ​ប្រើ​ប្រាស់​ផ្សិត​លីញជឺ (Reishi Mushroom) ច្រើន​ពេក​អាច​បណ្តាល​ឲ្យ​មាន​ការ​ហូរ​ឈាមខ្លាំង នាំឲ្យ​បញ្ហា​ជំងឺ​ប្លាកែត​ធ្លាក់ចុះ​កាន់​តែ​ធ្ងន់ធ្ងរ (Thrombocytopenia) ហេតុនេះ​មិន​គួរ​ប្រើ​ផ្សិតលីញជឺទេ។

– ការ​វះ​កាត់៖ ពេលប្រើ​ផ្សិត​លីញជឺ (Reishi Mushroom) អាច​បណ្តាល​ឲ្យ​មាន​ការ​ហូរ​ឈាម​ច្រើន​នៅ​អំឡុង​ពេល​វះ​កាត់។ ​គួរ​ឈប់​ប្រើ​ឱសថនេះ យ៉ាងហោច​ណាស់ ២ ​សប្តាហ៍​មុន​ពេល​ការ​វះ​កាត់​ចាប់​ផ្តើម។

ស្វែងយល់ពីផលរំខាន

៦- មានផលរំខានអីខ្លះ?

ផ្សិត​លីញជឺ (Reishi Mushroom) អាច​បង្កឲ្យ​មាន​ផល​រំខាន​ដូច​ជា ស្ងួត​មាត់ បបូរ​មាត់ បំពង់​ក ​រមាស់​នៅ​ជុំវិញ​​រន្ធ​ច្រមុះ ឈឺ​ក្រពះ ហូរ​ឈាម​ច្រមុះ និង​មាន​ឈាម​ក្នុង​លាមក។ ផឹក​ស្រា​ផ្សំ​ឡើង​ពី ផ្សិត​លីញជឺ (Reishi Mushroom) អាច​ធ្វើ​ឲ្យ​ឡើង​កន្ទួល​រមាស់។ ពេល​ដក​ដង្ហើម​ស្រូប​គ្រាប់ (Spore) របស់​ផ្សិត​អាច​ធ្វើ​ឲ្យ​អាលែកហ្ស៊ី​ធ្ងន់​ធ្ងរ។

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- មានអន្តរកម្មជាមួយអីខ្លះ?

ផ្សិត​លីញជឺ (Reishi Mushroom) អាច​មាន​អន្តរ​កម្ម​ជា​មួយ​ថ្នាំ​​កំពុង​ប្រើ ឬ​មាន​ផល​ប៉ះ​ពាល់​ជាមួយ​បញ្ហា​សុខភាពមួយ​ចំនួន។ ​​គួរ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ ឬ​គ្រូពេទ្យ​ឱសថបុរាណមុន​ពេល​ប្រើ។

ថ្នាំអាច​មាន​អន្តរ​កម្ម​ជា​មួយ​ផ្សិត​លីញជឺ (Reishi Mushroom) មាន​ដូច​ជា៖​

– ថ្នាំ​ព្យាបាល​ជំងឺ​លើស​ឈាម៖ ដោយ​សារ​ផ្សិត​លីញជឺ (Reishi Mushroom) ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប ដូច​នេះ​បើយើងប្រើ​វា​ជា​មួយ​ថ្នាំ​លើស​ឈាម​ទៀត​នោះ នាំឲ្យ​សម្ពាធ​ឈាម​ចុះ​កាន់​តែ​ទាប។

ថ្នាំ​​លើស​សម្ពាធ​ឈាម​មាន​ដូច​ជា Captopril (Capoten), Enalapril (Vasotec), Losartan (Cozaar), Valsartan (Diovan), Diltiazem (Cardizem), Amlodipine (Norvasc), Hydrochlorothiazide (HydroDIURIL), Furosemide (Lasix) និង​ថ្នាំ​ដទៃ​ផ្សេង​ទៀត។

-ថ្នាំ​ប្រឆាំង​កំណក​ឈាម (Anticoagulant) និង​ថ្នាំ​ប្រឆាំង​ប្លាកែត (Antiplatelet)៖ បើ​យើង​ប្រើ​ផ្សិត​ លីញជឺ (Reishi Mushroom) ក្នុង​កម្រិតច្រើន​ពេក​ ​អាច​ធ្វើ​ឈាម​មិន​ងាយ​កក។ ហេតុនេះ ​បើ​ប្រើ​ផ្សិតនេះ ជា​មួយ​ថ្នាំ​ប្រឆាំង​កំណក​ឈាម អាច​ធ្វើ​ឲ្យយើង​ងាយ​ជាំ​ស្បែក និង​ហូរ​ឈាម។ ​

ថ្នាំប្រឆាំង​កំណក មាន​ដូច​ជា Aspirin, Clopidogrel (Plavix), Diclofenac (Voltaren, Cataflam), Ibuprofen (Advil, Motrin), Naproxen (Anaprox, Naprosyn), Dalteparin (Fragmin), Enoxaparin (Lovenox), Heparin, Warfarin (Coumadin) និង​ថ្នាំ​ដទៃ​ទៀត។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

៨- កម្រិតប្រើធម្មតាម៉េចដែរ?

កម្រិតឱសថលើមនុស្សម្នាក់ៗ គឺខុសៗ​គ្នា ​អាស្រ័យ​លើកត្តា​អាយុ ស្ថាន​ភាព​សុខ​ភាព និង​ជំងឺ​ផ្សេងៗ។ ពពួកឱសថ​នេះ​ មិនមែនសុទ្ធ​តែ​មាន​សុវត្ថិ​ភាព​ទាំង​អស់ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​ដឹង​ពី​​កម្រិត​ថ្នាំត្រឹម​ត្រូវ​សម្រាប់យើង។

៩- អាចមានទម្រង់អីខ្លះ?

ផ្សិត​លីញជឺ (Reishi Mushroom) មានទម្រង់​ដូច​ខាង​ក្រោម៖

– ផ្សិត​លីញជឺ (Reishi Mushroom) ស្រស់
– ចម្រាញ់​ជា​ថ្នាំ​គ្រាប់ ៦០០​មីលីក្រាម
– ចម្រាញ់​ជា​ថ្នាំ​ទឹក
-ចម្រាញ់​ជា​ថ្នាំ​ប្រភេទ​ម្សៅ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​មករា 25, 2019 | កែសម្រួលចុងក្រោយ ខែ​មករា 25, 2019

ចង់​ដឹង​អាថ៌កំបាំង​សុខភាព​ល្អ​បំផុត?
តាម​ដាន​អត្ថបទ​សុខភាព​ថ្មីៗ​ប្រចាំ​ថ្ងៃ​របស់ "Hello គ្រូពេទ្យ"
អ្នកអាចចូលចិត្ត