Stevia (ស្មៅ​ផ្អែម)

ដោយ ត្រួតពិនិត្យដោយ គឹម កាណែល

ស្វែង​យល់​ពី​ការ​ប្រើប្រាស់

១- ស្មៅ​ផ្អែម Stevia ប្រើ​ដើម្បីអ្វីខ្លះ?

ស្មៅ​ផ្អែម Stevia ជា​រុក្ខជាតិ​ប្រភេទ​គុម្ព មនុស្ស​ភាគ​ច្រើន​ស្គាល់​ថា ជា​រុក្ខជាតិ​​មាន​ជាតិ​ផ្អែម​ពី​ធម្មជាតិ។ គេ​ញ៉ាំ​ ស្មៅ​ផ្អែម ក្នុង​គោល​បំណង​ចញ្ចុះ​សម្ពាធ​ឈាម ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម ក្តៅ​ក្នុង​ទ្រូង លើស​ជាតិ​អាស៊ីដក្នុង​ឈាម សម្រក​ទម្ងន់ ជំនួយ​ចង្វាក់​បេះ​ដូង និង​សម្រាប់​ព្យាបាល​បញ្ហា​ចាល់​ទឹក​ក្នុង​ខ្លួន។

២- ស្មៅ​ផ្អែម​ដំណើរ​ការ​យ៉ាង​ម៉េច?

មិន​ទាន់​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ ដើម្បី​ដឹង​ពី​សកម្មភាព​ព្យាបាល​របស់​ ស្មៅ​ផ្អែម នៅ​ឡើយ​ទេ។ អាច​សួរ​គ្រូពេទ្យ ឬ​ពេទ្យ​ឱសថ​បុរាណសម្រាប់​​ព័ត៌មាន​បន្ថែម​។

កត្តា​គួរ​ប្រុង​ប្រយ័ត្ន

៣- មុន​ប្រើ​ស្មៅ​ផ្អែម​គួរ​ដឹង​អី​ខ្លះ?

ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ប្រសិន​បើ៖

– ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ព្រោះ ​នៅ​ពេល​កំពុង​ចង់​បាន​កូន ​ឬ​​បំបៅ​ដោះ​ ​គួរ​តែ​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​មាន​ការ​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។
– កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​ រាប់​បញ្ចូល​ទាំង​ថ្នាំ​មាន ឬ​​គ្មាន​វេជ្ជ​បញ្ជា។
– ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​​ស្មៅ​ផ្អែម​ ​​ថ្នាំពេទ្យ ​ឬឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត។
– មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ។
– ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ី​ប្រភេទ​ផ្សេង​ទៀត ​ដូចជា​ ជាមួយ​​ អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។

លក្ខខណ្ឌ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​ទាំង​នេះ។ ​ត្រូវ​ប្រាកដ​ថា​ អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​​ព័ត៌មាន​បន្ថែម។

៤- ធ្វើ​ម៉េច​អាច​ប្រើ​ស្មៅ​ផ្អែម​ដោយ​សុវត្ថិភាព?

ស្មៅ​ផ្អែម មាន​សារធាតុ​គីមី ដូច​ជា Stevioside និង Rebaudioside A គឺ​មាន​សុវត្ថិភាព ​បើ​​ប្រើ​វា​សម្រាប់​តែ​បន្ថែម​ជាតិ​ផ្អែម​ក្នុង​ម្ហូប​អាហារ​។ ជាតិ Rebaudioside A ត្រូវ​បាន​គេ​ស្គាល់​ជា សារធាតុ​​បន្ថែម​រស​ជាតិ​ផ្អែមក្នុង​អាហារ​ មាន​សុវត្ថិភាព​មួយ​​ក្នុង​សហរដ្ឋ​អាមេរិក។ តាម​ការ​សិក្សា​​បង្ហាញ​ថា ញ៉ាំ​ជាតិ Stevioside មាន​សុវត្ថិភាព​ គឺ​ស្ថិត​ត្រឹម​​កម្រិត ១៥០០​ មិល្លីក្រាម/​ថ្ងៃ​ និង​សម្រាប់​រយៈ​ពេល ២​ ឆ្នាំប៉ុណ្ណោះ។

៥- កត្តា​គួរ​ប្រុង​ប្រយ័ត្ន

– ស្ត្រី​​ពពោះ និង​កំពុង​​បំបៅដោះ​កូន​៖ រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ព័ត៌​មាន​ច្បាស់​លាស់​ពី​ការ​ប្រើ​ប្រាស់ស្មៅ​ផ្អែម​នៅ​ឡើយ​ទេ ហេតុនេះ​មិន​គួរ​ប្រើ​ប្រាស់​ស្មៅផ្អែម​​ អំឡុង​ពេល​ពពោះឡើយ។

– ​ប្រតិកម្ម​ជាមួយរុក្ខ​ជាតិ Ragweed និង​រុក្ខជាតិ​ស្រដៀង​នេះ៖ ស្មៅ​ផ្អែម (Stevia) ​ស្ថិត​ក្នុង​ក្រុម​រុក្ខជាតិ Asteraceae/Compositae។ រុក្ខ​ជាតិ​​មួយ​នេះ​ រួម​មាន​រុក្ខជាតិ Ragweed, Chrysanthemums, Marigolds, Daisies និង​រុក្ខ​ជាតិ​មួយ​ចំនួន​ទៀត។ តាម​ការ​សិក្សា​បញ្ជាក់​ថា បើយើង​​មាន​ប្រតិកម្ម​ជាមួយរុក្ខ​ជាតិ Ragweed ​ក៏​អាច​មាន​ប្រតិកម្ម​ជាមួយ ស្មៅ​ផ្អែម ដូច​គ្នាដែរ។

– មាន​ជំងឺ​ទឹក​នោម​ផ្អែម៖ ការ​សិក្សា​​បង្ហាញ​ថា សារធាតុ​គីមី​ក្នុង ស្មៅ​ផ្អែម អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ ក៏នឹង​ប៉ះ​ពាល់​ដល់​ការ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ខ្លួន​ដូច​គ្នា ប៉ុន្តែ​មាន​ការ​សិក្សា​ផ្សេង បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ។ យ៉ាង​នា បើ​​មាន ​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​ប្រើ​ប្រាស់ ស្មៅ​ផ្អែម ឬ​សារធាតុ​បន្ថែម​រស​ជាតិ​ផ្អែម​ផ្សេង​ទៀត ​គួរ​តាម​ដាន​ជាតិ​ស្ករ​ក្នុង​ឈាម​ ឲ្យ​បាន​ញឹក​ញាប់ និង​​ប្រញាប់​ប្រាប់​ទៅ​គ្រូពេទ្យ បើ​មាន​បញ្ហា​ណា​មួយ​កើត​ឡើង។

– ​មាន​សម្ពាធ​ឈាម​ទាប៖ មាន​ភស្តុតាង​បញ្ជាក់​ថា​ សារធាតុ​គីមី​ក្នុង​រុក្ខជាតិ​នេះ អាច​ធ្វើ​ឲ្យ​​សម្ពាធ​ឈាម​ចុះ​ទាប នាំ​ឲ្យ​អ្នក​ជំនាញ​ការ​បារម្ភ​ថា ​ស្មៅ​ផ្អែម អាច​នឹង​ធ្វើឲ្យ​​សម្ពាធ​ឈាម​កាន់​តែ​ចុះ​ទាប ​ចំពោះ​អ្នក​ជំងឺ​មាន​សម្ពាធ​ឈាម​ទាប​ស្រាប់។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន មុន​នឹង​ញ៉ាំ​រុក្ខជាតិ ឬ​សារធាតុ​ផ្អែម​​ផលិត​ចេញ​ពី​រុក្ខជាតិ​នេះ ​បើ​មាន​បញ្ហា​សម្ពាធ​ឈាម​ទាប។

ស្វែង​យល់​ពី​ផលរំខាន

៦- ស្មៅ​ផ្អែម​មាន​ផលរំខានរអ្វីខ្លះ?

​មនុស្ស​មួយ​ចំនួន​ក្រោយ​ពេល​ប្រើ ស្មៅ​ផ្អែម ឬសារធាតុ Stevioside អាច​ធ្វើ​ឲ្យ​ហើម​ពោះ ឬ​ចង្អោរ​ក្អួត ខណៈ​ខ្លះ​​ទៀត អាច​មាន​អារម្មណ៍​វិល​មុខ ឈឺ​សាច់​ដុំ និង​ស្ពឹក​ដៃ​ជើង។

មនុស្ស​គ្រប់​គ្នា​មិន​ប្រាកដ​ថា​ មាន​ផល​រំខាន​ទាំង​អស់​គ្នា​​ទេ ខណៈ​មាន​ផល​រំខាន​ជា​ច្រើន​ទៀត​ ​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ ហេតុ​នេះ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ បើ​មាន​កង្វល់​ជុំ​វិញ​ផល​រំខានរបស់​ស្មៅ​ផ្អែម។

អត្ថបទពាក់ព័ន្ធ៖

ស្វែង​យល់​ពី​អន្តរកម្ម​ថ្នាំ

៧- ស្មៅ​ផ្អែម​មានអន្តរកម្មជាមួយអ្វីខ្លះ?

ស្មៅ​ផ្អែម អាច​មាន​អន្តរ​កម្ម​ជា​មួយ​ថ្នាំ​យើង​​កំពុង​ប្រើ ឬ​មាន​អន្តរ​កម្ម​​ជាមួយ​បញ្ហា​សុខភាព​យើង​កំពុង​មាន។ ​គួរ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ ឬ​ពេទ្យ​ឱសថបុរាណ មុន​ពេល​ប្រើ​ប្រាស់។

ផលិត​ផល​​អាច​មាន​អន្តរ​កម្ម​ជាមួយ ស្មៅ​ផ្អែម (Stevia) មាន​ដូច​ជា៖

– សារធាតុ Lithium

កម្រិត​អន្តរ​កម្ម៖ មាន​កម្រិត​មធ្យម ដូច​នេះ​ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​ប្រើ​សារធាតុ​ទាំង​ពីរ​នេះ​បញ្ចូល​គ្នា។

ស្មៅ​ផ្អែម មាន​សកម្ម​ភាព​ដូច​គ្នា​ ជាមួយ​ថ្នាំ​បញ្ចុះ​ទឹក​នោម​។ ដូច​នេះ​ពេល​ប្រើ ស្មៅ​ផ្អែម អាច​ធ្វើ​ឲ្យ​យើង​​មាន​ភាព​ពិ​បាក​ក្នុង​ការ​បញ្ចេញ​ជាតិ Lithium ចេញ​ពី​ខ្លួន។ មាន​ការ​សិក្សា​មួយ​ទៀតអះអាង​ថា ស្មៅ​ផ្អែម​​ក៏​ធ្វើ​ឲ្យ​កម្រិត Lithium កើន​ឡើង​កាន់​តែ​ច្រើន​ និង​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​កើត​ឡើង។ ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​មុន​ពេល​ប្រើ​ប្រាស់​ឱសថ​នេះ បើ​អ្នក​កំពុង​ប្រើ​ប្រាស់ lithium។ ហើយ​គ្រូពេទ្យ​អាច​ប្តូរ​កម្រិត​ lithium ដែល​អ្នក​កំពុង​ប្រើ។

– ថ្នាំ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម (Antidiabetes drugs)

កម្រិត​អន្តរ​កម្ម៖ មាន​កម្រិត​តិច​តួច យ៉ាង​ណា​​​ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​ប្រើ​ថ្នាំ​នេះ​ចូល​គ្នា។

មាន​ការ​សិក្សា​មួយ​ចំនួន​លើក​ឡើង​ថា ស្មៅ​ផ្អែម អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ២ ធ្លាក់​ចុះ ប៉ុន្តែ​ការ​លើក​នេះ​ក៏​មិន​ទាន់​​ច្បាស់​នៅ​ឡើយ​ដែរ។ ហើយ​អន្តរ​កម្ម​រវាងស្មៅ​ផ្អែម ក៏​មិន​ទាន់​ដឹងជាក់​លាក់​ ដូច​នេះ​គួរ​តាម​ដាន​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ញឹក​ញាប់ បើ​ប្រើ​ប្រាស់ ស្មៅ​ផ្អែម ខណៈ​​គ្រូពេទ្យ​ អាច​ប្តូរ​កម្រិត​ថ្នាំ​ទឹក​នោម​ផ្អែមយើង​​កំពុង​ប្រើ​ប្រាស់​ឲ្យ​មកនៅ​កម្រិត​​ទាបវិញ។​

ថ្នាំ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​​មាន​ដូច​ជា Glimepiride (Amaryl), Glyburide (DiaBeta, Glynase PresTab, Micronase), Insulin, Pioglitazone (Actos), Rosiglitazone (Avandia), Chlorpropamide (Diabinese), Glipizide (Glucotrol), Tolbutamide (Orinase) និង​ថ្នាំ​មួយ​ចំនួន​ទៀត។

– ថ្នាំ​ព្យាបាល​ជំងឺ​លើស​ឈាម (Antihypertensive drugs)

កម្រិត​អន្តរ​កម្ម៖ មាន​កម្រិត​តិច​តួច យ៉ាងណា​​​ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​ប្រើ​ថ្នាំ​នេះ​ចូល​គ្នា។

ការ​សិក្សា​មួយ​ចំនួន​លើក​ឡើង​ថា ស្មៅ​ផ្អែម អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ទាប។ ក្នុង​ការ​សិក្សា​និយាយ​ថា ​ប្រើ​ប្រាស់ ស្មៅ​ផ្អែម ជា​មួយ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​អ្នក​ធ្លាក់​ចុះ​កាន់​តែ​ទាប។ ប៉ុន្តែ​មាន​ការ​សិក្សា​មួយ​ចំនួន​ផ្សេង​ទៀត មិន​បាន​និយាយ​អំពី​ ស្មៅ​ផ្អែម ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប​នោះ​ទេ។ យ៉ាង​ណា​ គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន ​ជាមួយ​អន្តរ​កម្ម​របស់ឱសថបុរាណ​​មួយ​នេះ។

ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ​មាន​ដូច​ជា Captopril (Capoten), Enalapril (Vasotec), Losartan (Cozaar), Valsartan (Diovan), Diltiazem (Cardizem), Amlodipine (Norvasc), Hydrochlorothiazide (HydroDiuril), Furosemide (Lasix) និង​ថ្នាំ​មួយ​ចំនួន​ផ្សេង​ទៀត។

ស្វែង​យល់​ពី​កម្រិត​ថ្នាំ

ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។

៨- កម្រិត​ប្រើ​ធម្មតា​ម៉េច​ដែរ?

កម្រិត​ប្រើ​ប្រាស់ ស្មៅ​ផ្អែម អាច​មាន​លក្ខណៈ​ខុស​គ្នា​សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ។ កម្រិត​​​ប្រើប្រាស់​អាស្រ័យ​លើ​កត្តាអាយុ​ សុខភាព ​និង​ស្ថានភាព​រាងកាយ​មួយ​ចំនួន​ទៀត។ ឱសថ​រុក្ខជាតិ​ មិន​មែន​តែង​មាន​សុវត្ថិភាព​ទាំង​អស់​នោះ​ទេ​ ហេតុ​នេះ ​សូម​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ឯកទេស​ឪសថ​រុក្ខជាតិ​ ឬ​គ្រូពេទ្យ​ជំនាញ​​ជាមុន​សិន។

៩- ស្មៅ​ផ្អែម​មាន​ទម្រង់​អ្វី​ខ្លះ?

ស្មៅ​ផ្អែម មាន​ជា​ប្រភេទ​ដូច​ខាង​ក្រោម៖

– ថ្នាំ​គ្រាប់ ​ចម្រាញ់​ចេញ​ពីស្មៅ​ផ្អែម
– ថ្នាំ​ប្រភេទ​ម្សៅ​ ចម្រាញ់​ចេញ​ពីស្មៅ​ផ្អែម
– ប្រភេទ​សារធាតុ​រាវ​ពណ៌​ខ្មៅ​ ចម្រាញ់​ចេញ​មក​ពីស្មៅ​ផ្អែម។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិនចេញវេជ្ជបញ្ជា មិន​ធ្វើរោគវិនិច្ឆ័យ ឬ​ព្យាបាលជូនទេ៕

ត្រួតពិនិត្យថ្ងៃទី ខែ​កក្កដា 3, 2019 | កែសម្រួលចុងក្រោយ ខែ​កក្កដា 3, 2019

ប្រភព
អ្នកអាចចូលចិត្ត