ពលរដ្ឋ​អាមេរិក ស្លាប់​ក្រោយ​ញ៉ាំ​អយស្ទ័រឆៅ

ដោយ ត្រួតពិនិត្យដោយ MEY Sansophea

ស្រ្តី​​ជន​ជាតិ​អាមេរិកាំង​​ម្នាក់​ បាន​ស្លាប់​​​​ក្រោយ​ពេល​ញ៉ាំ អយស្ទ័រ ឆៅ​ ប្រមាណ ២០ថ្ងៃ។ នេះ​បើតាម​ការ​ចេញ​ផ្សាយ របស់​បណ្តាញ​ព័ត៌មាន​យក្ស ជាច្រើន​ជុំវិញ​ពិភពលោក រាប់បញ្ចូល​ទាំង​បណ្តាញ​ព័ត៌មាន​នៅ អាមេរិក និងអង់គ្លេស។

​សារព័ត៌មាន​​អាមេរិក​ Inside Edition បាន​ឲ្យដឹង​ថា លោក​ស្រី​ Jeanette LeBlanc ​ជា​មួយ​ស្វាមី​​ បាន​ធ្វើ​ដំណើរ​ទៅ​លេង​​មិត្តភក្តិ​​​និង​សាច់​ញាតិ​នៅ​រដ្ឋ​ ឡូ​សា​នៀ​ និង​បានញ៉ាំអយស្ទ័រ ​​នៅ​ទីនោះ​។

ត្រឹម​​រយៈ​ពេល ​២៤​ម៉ោង លោក Bergquist ដែល​ជា​​ជាប្តី បាន​ឃើញ​ប្រពន្ធ​របស់​ខ្លួន​មាន​អាការៈ​មិន​ស្រួល​ខ្លួន​​ខ្លាំង និង​ពិបាក​ដក​​​ដង្ហើម​។

” អ្នក​អាច​ឃើញ​​សភាព​នាង​ ពិត​ជា​ពិបាក​ដក​ដង្ហើម កម្តៅ​ខ្លួន​នាង​ឡើង​ក្តៅ ហើយ​ជើង​របស់​នាង​ឡើង​រោល​កន្ទួល​”។ នេះ​បើ​តាម​ លោក Bergquist ។

ក្រោយ​ពេល​​បញ្ជូន​ ទៅ​មន្ទីរ​ពេទ្យ​​ភ្លាម​ៗ ក្រុម​វេជ្ជបណ្ឌិតប្រាប់​​ថា​​ លោក​ស្រី​ Jeanette​​ បាន​ញ៉ាំ​​អយស្ទ័រ​ឆៅ ​មាន​ផ្ទុក​​បាក់តេរី​​​ម្យ៉ាង​ឈ្មោះ Vibrio ដែល​​បាក់​តេរី​​នេះ​ភាគ​ច្រើន​​វិវត្ត​ខ្លួន ​ក្នុង​អាហារ​សមុទ្រ​ដូច​ជា ​អយ​ស្ទ័រ​ ជា​ដើម​។

តាម​ការឲ្យ​ដឹង​ពី​គ្រូ​ពេទ្យ​ ករណី​លោក​ស្រី​​ Jeanette ធ្លាប់​​មាន​ការ​វះ​កាត់​ក្រពះ ជាហេតុ​​បង្កឲ្យអាការៈ​​​លោក​ស្រី​កាន់​តែ​ធ្ងន់​ធ្ងរ​។ ទោះ​​បី​ជា​មាន​​ការ​ព្យាបាល​ពី​គ្រូ​ពេទ្យ​ អាការៈ​របស់​លោក​ស្រី Jeanette​​ ​កាន់​តែ​យ៉ាប់​យ៉ើន​​ និង​បាន​បាត់​បង់​ជីវិត​ក្នុង​រយៈ​ពេល ​២០ ​ថ្ងៃក្រោយ​។

តាម​​របាយ​ការណ៍​​របស់​មជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​បង្ការ​ជំងឺ​សហរដ្ឋអាមេរិក​ CDC បាន​​បង្ហាញ​ថា​ មក​ទល់​ពេល​នេះ ​ករណី​​អ្នកជំងឺ ឈឺ​​ដោយ​សារ​បាក់​តេរី​ Vibrio មាន​សរុប​ប្រហែល​ ៨​សែន​​នាក់ ក្នុង​នោះ ​បាន​ឆក់​ជីវិត​មនុស្ស​ជាង​ ១០០​នាក់ ​ក្នុង​មួយ​ឆ្នាំ​ៗ​។

ស្ថាប័ន​ដដែល​ ក៏​បាន​បង្ហាញ​ថា​ នៅ​សហរដ្ឋអាមេរិក​ អយស្ទ័រ​​​​ ត្រូវ​បាន​នេសាទ​ និង​បរិភោគ​ដោយ​សុវត្ថិភាព​ជា​រៀង​រាល់​ឆ្នាំ​​។ យ៉ាង​ណា​មិញ អ្នក​មាន​បញ្ហា​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​ថ្លើម ឬ​ធ្លាប់​វះ​កាត់​ក្រពះ​ ពុំ​គួរ​បរិភោគសត្វសមុទ្រប្រភេទ​នេះ​​ទេ ព្រោះ​អាច​ប្រឈម​​ហានិភ័យ​ដូច​ករណី​លោក​ស្រី​ Jeanette ខាង​លើ៕​​​​

​​​​​​​​ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មីនា 11, 2019 | កែសម្រួលចុងក្រោយ ខែ​មីនា 11, 2019

អ្នកអាចចូលចិត្ត