backup og meta

កំពុង​ពពោះ ធ្វើ​រឿងទាំង​នេះ កូនក្នុង​ផ្ទៃនឹង​រីករាយ​​ខ្លាំង សុខភាព​ក៏​ល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jun 05, 2020

    កំពុង​ពពោះ ធ្វើ​រឿងទាំង​នេះ កូនក្នុង​ផ្ទៃនឹង​រីករាយ​​ខ្លាំង សុខភាព​ក៏​ល្អ

    អំឡុង​ពេល​កំពុង​ពពោះ​​ ម៉ាក់ៗ និង​បេប៊ី​ក្នុង​ផ្ទៃ​ ប្រៀប​បាន​ជា​មនុស្ស​តែ​​មួយ​ ពុំ​អាច​កាត់​ផ្តាច់​បាន​ទាំង​អារម្មណ៍ ការ​គិត សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​គ្នា ខណៈការ​សិក្សា​​ចិត្ត​សាស្ត្រ​បង្ហាញ​ថា អូនៗអាច​ដឹង​​ពី​​ចិត្ត​គំនិត​ និង​ការ​ប្រព្រឹត្ត​របស់​ម៉ាក់ៗ​​​បាន​ទៀត​ផង។ ចុះ​ស្រីៗនា​យើងកំពុង​ពពោះ មាន​ធ្លាប់​ដឹង​ថា​ អូនៗ​កំពុង​គិតអី ធ្វើ​អី​ខ្លះ​អត់ ​អំឡុង​ពេល​ក្នុង​ផ្ទៃ? “Hello គ្រូពេទ្យ’ ប្រាប់​ពេល​នេះ​តែ​ម្តង។

    ផ្អែក​លើ​ការ​សិក្សា​ថ្មីចេញ​ផ្សាយ​ដោយ​គេហទំព័រ BrightSide កូននៅ​ក្នុង​ផ្ទៃ​ អាច​​​ទទួល​សញ្ញា​តាម​រយៈ​ចលនា​រាង​កាយ ​ក៏​ដូច​ជា​អារម្មណ៍​​របស់ម៉ាក់ៗ​​ ដូច​នេះយើង​គប្បី​​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា និង​សកម្មភាព​ល្អ​ៗ​​​ ដើម្បី​ឲ្យ​អូនៗ​ទទួលបាន និង​មានអារម្មណ៍​ល្អៗ​ដូច​យើង​ដែរ។

    ១- សើច​

    តាម​បច្ចេក​វិទ្យា​អេកូ​​បង្ហាញ​ឃើញ​ថា បេប៊ី​ចាប់​ផ្តើម​​ធ្វើ​ចលនា​យ៉ាង​ល្អ​ ​នៅ​ពេល​ម៉ាក់ៗ​សើច​ ​មាន​ន័យ​ថា បើម៉ាក់ៗផ្ទុះសំណើច​ បេប៊ីក្នុង​ផ្ទៃ​ក៏​កាន់​តែ​រំញោចដោយ​ភាព​រីក​រាយ។​ នេះ​ដោយ​សារ​តែ​ទំនាក់​ទំនង​​រវាង​សាច់​ដុំ​ភ្ជាប់​រវាងម៉ាក់ៗ និង​បេប៊ី​។ នៅ​ពេល​សើច អ័រម៉ូន​​ក្តី​សុខ បាន​បញ្ចេញ​ មាន​អត្ថប្រយោជន៍​​​ចំពោះបេប៊ី ហេតុនេះ ត្រូវ​ប្រាកដ​ថា យើង​ខ្លួន​ឯងអាច​បង្កើត​អារម្មណ៍​ល្អ​ៗ ​​តាម​ដែលអាច​ធ្វើ​បាន​។

    ២- ​សម្រាក​

    អំឡុង​ពេល​សម្រាក​​ក្រោយ​​សកម្មភាព​ប្រចាំ​ថ្ងៃ​ គឺ​ជា​ក្តី​សុខ​​មួយ​ ដោយ​បេប៊ី​​ក្នុង​ផ្ទៃ​អាច​​ចាប់​ផ្តើម​​ប្រលែង​លេង​ដោយ​ក្តី​រីក​រាយ មាន​ន័យ​ថា ជា​ពេល​បេប៊ី​ចាប់​ផ្តើម​រវល់​ម្តង​ ចាប់​ផ្តើម​​លេង​ និង​ទទួល​អារម្មណ៍​ថ្មី​ៗ​។ តែ​​កុំ​បារម្ភ បេប៊ី​ជាធម្មតា​​មិន​​​ប្រលែង​យូរ​ពេក​ទេ ហេតុនេះ​ យើង​នៅតែអាច​សល់​ពេល​សម្រាក​ដដែល។

    ៣- ហាត់​ប្រាណ​

    គន្លឹះ​​ជ្រើស​យក​លំហាត់​ប្រាណ​ស័ក្តិសម​​ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​​នោះ​ គឺ​ត្រូវ​តែជាលំហាត់​ប្រាណ​​មាន​សុវត្ថិភាព​ សមរម្យ និង​ណែនាំ​ដោយ​គ្រូ​ពេទ្យ​ជំនាញ​។ បេះ​ដូង​បេប៊ី​ចាប់ផ្តើម​វិវត្ត​ប្រសើរ និង​ខ្លាំងក្លា​ នៅ​ពេល​ម៉ាក់ៗមាន​ទម្លាប់​​ហាត់​ប្រាណ​ជា​ប្រចាំ​។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ៤- ស្តាប់​តន្ត្រី​

    ស្តាប់​តន្រ្តី​មុន​ពេលថ្ងៃ​សម្រាល​ចូល​មក​ដល់​ គឺផ្តល់​ផល​ប្រយោជន៍​ច្រើន ព្រោះ​តន្រ្តី​ជួយ​ឲ្យ​រាង​កាយ​ផលិត​អ័រម៉ូនសេរ៉ូតូនីន និង​ជំរុញរាង​កាយ​បញ្ចេញ​អ័រម៉ូន​អង់ដូរហ្វីន ដោយ​អ័រម៉ូន​ល្អ​ៗ​ទាំង​នេះ​ ​នឹង​បញ្ជូនបន្ត​​ទៅ​ដល់​បេប៊ីដូច​គ្នា។ ផល​ប្រយោជន៍​សម្រាប់កូន​ក្នុង​ផ្ទៃ​ គឺ​តន្រ្តី​ជួយជំរុញ​ឲ្យ​អារម្មណ៍​បេប៊ីឆាប់​ដឹង និង​ជួយ​ឲ្យ​ខួរ​ក្បាល​វិវត្តបាន​ល្អ​។ ត្រូវ​ចាំ​ ចាក់​ភ្លេង​ ឬ​តន្រ្តី​ក្នុង​កម្រិត​សម​ល្មមបាន​ហើយ ព្រោះ​បេប៊ីនៅ​តែ​អាច​ស្តាប់​ឮ​ពី​ក្នុង​ពោះ​បាន​ ឬអាច​ទៅ​កន្លែង​ណា​មាន​សំឡេង​​ធម្មជាតិ​ ស្តាប់​ភ្លេង​ស្រទន់​ៗ ដែល​ល្អ​សម្រាប់​​គភ៌​។

    ៥- ស្តាប់​សំឡេងម៉ាក់ៗ

    អំឡុង​សប្តាហ៍​ទី​ ២៥-​២៦ បេប៊ី​អាច​ឮ​សំឡេង​ពី​ខាង​ក្រៅ​​បាន​ ហើយ​សំឡេង​​ម៉ាក់ៗ​ផ្ទាល់ ជា​សំឡេងអាច​ទទួល​បាន​ច្បាស់​ជាង​គេ​ នឹងគេ​​ចាប់​ផ្តើម​ស្គាល់​សំឡេង​យើង​តែ​ម្តង​។ សំឡេង​​ម៉ាក់ៗ​ ក៏​ធ្វើ​ឲ្យបេប៊ី​​ក្នុង​​ផ្ទៃ​មាន​អារម្មណ៍​កក់​ក្តៅ ​ផ្តល់​ទំនុក​ចិត្ត​ថែម​ទៀត​ផង​។ វិធីមាន​ប្រសិទ្ធភាព​ ជួយ​បេប៊ី​​ឆាប់​ស្គាល់​ ចាំសំឡេង​ម៉ាក់ៗ​បាន​លឿន គឺ​ការ​អាន​ និងនិយាយ​លេង​ជាមួយ​គេ។

    វិធី​ដែល​មាន​ប្រសិទ្ធិភាព​ ជួយ​អភិវឌ្ឍ​​ឲ្យ​ទារក​ក្នុង​ផ្ទៃ​​ឆាប់​ស្គាល់​ ឆាប់​ចាប់​សំឡេង​​​

    ៦- ការ​អង្អែល​ពោះ​ថ្នម​ៗ​

    សរសៃ​ប្រសាទ​របស់​​​​​គភ៌​ចាប់​​ផ្តើមវិវត្តនៅ​អំឡុង​​​សប្តាហ៍​ទី​ ៨ ហើយ​នៅ​សប្តាហ៍​ទី ​២០​ បេប៊ី​អាច​ដឹង​​ពី​អារម្មណ៍​ តាម​រយៈ​ការ​ប៉ះ​ថ្នម​ៗ​ពី​ក្រៅ​ផ្ទៃ។ អំឡុង​ពេល​នេះ​ យើង​អាច​ប្រលែង​លេង​ជា​មួយ​កូន ដោយ​អង្អែល​ថ្នម​ៗ​ ហើយ​ប៉ាៗ​ក៏​​អាច​​ចូល​រួម​ធ្វើ​បែប​នេះ ព្រោះ​កាន់តែ​ជួយ​ឲ្យ​បេប៊ីសប្បាយ​ចិត្ត​។

    ៧- ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗ

    ពេល​​បេប៊ីក្នុង​ផ្ទៃ​​​មាន​ទំហំ​ធំ​​ល្មម​ ម៉ាក់ៗ​អាច​ឃើញ​ចលនា​កូន​នៅ​លើ​ស្បែក​ពោះ​ មាន​ន័យ​ថា​ បេប៊ីយើង ​អាច​ដឹង​ពី​​សីតុណ្ហ​ភាព​ប្រែ​ប្រួល​បាន​។ ដូច​នេះ​ ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗ ជួយ​​ឲ្យម៉ាក់ៗ និង​បេប៊ី​​ក្នុង​ផ្ទៃ​ មាន​អារម្មណ៍​ស្ងប់ បន្ធូរ​ភាព​តាន​តឹង​ ខណៈ​សំឡេងទឹក​ហូរ​​ ក៏​ជួយ​ឲ្យ​បេប៊ី​មាន​អារម្មណ៍​ល្អ​ផង​ដែរ​។

    ត្រូវ​ចាំថា អំឡុង​ពេល​ព​ពោះ ជា​ពេលយើង​​គប្បី​ទទួល​បានអារម្មណ៍​​ល្អ​ៗ ស្រស់​ស្រាយ​​​ក្នុង​ចិត្ត​។ កាន់​តែ​មាន​អារម្មណ៍​​ល្អ សុខភាព​ និង​ភាព​រីក​រាយ​របស់​បេប៊ីក្នុង​ផ្ទៃ​ ក៏​ល្អ​ទៅ​តាម​នោះ​ដែរ​។​ គប្បី​ធ្វើ​រឿង​ល្អ​​ៗ​ ដើម្បី​ជា​ប្រយោជន៍​ដល់​សុខភាព ទាំង​ម៉ាក់ៗ និងអូនៗ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Jun 05, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម