​ចូល​ចិត្ត​ដើរ​ព្រៃ​ គួរ​ប្រយ័ត្ន! ​ស្លាប់​ និង​ពិការ​រាប់​សែន​នាក់​ដោយ​ពស់​ចឹក​

ដោយ ត្រួតពិនិត្យដោយ Chip Chet

ការ​ដើរ​លេង​ ពិសេស​នៅ​​កន្លែង​ធម្មជាតិ​ៗ ព្រៃ​ភ្នំ ទឹក​ជ្រោះ​​​ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា សាក​ថ្ម​ជីវិត​ឡើង​វិញ តែ​ទន្ទឹម​នឹង​នេះ​ ក៏​គួរ​ប្រុង​ប្រយ័ត្ន​​ខ្លះ​​ដែរ ដោយ​ថ្មី​ៗ​​នេះ​ អង្គការ​សុខភាព​ពិភព​លោក ​(WHO) ​​បាន​ចេញ​របាយការណ៍​ថា មាន​មនុស្ស​រាប់​សែន​នាក់​បាន​ស្លាប់ និង​ពិការ​ដោយ​សារ​តែ​ពស់​ចឹក​ ឬ​ខាំ​។

តាម​សារព័ត៌មាន​ BBC អង្គការ​សុខភាព​ពិភព​​លោក​បាន​​ចាត់​ទុក​​ថា “ពស់ចឹក” គឺ​ជា​វិបត្តិ​​ដ៏​ធំ​មួយ​ដែល​​លាក់​ខ្លួន​យូរ​មក​ហើយ ហើយ​គួរ​តែ​ត្រូវ​ដោះ​ស្រាយ​។ ការ​ចាត់​ទុក​ថា​រឿង​ពស់​ចឹក​ជា​វិបត្តិ​​​បែប​នេះ ក៏​ព្រោះ​តែ​របាយការណ៍​របស់​អង្គការ​ពិភព​លោក​នេះ បង្ហាញ​ថា​ ជារៀងរាល់​​​​ឆ្នាំ​ មាន​​ករណី​ពស់​ចឹក​​ប្រហែល​ ២,៧​ លាន​​ករណី​ (ក្នុង​នោះ​រាប់​ទាំង​ករណី​ពស់​បាញ់​ពិស​ចូល​ភ្នែក​ផង​ដែរ​) ដែល​ករណី​ទាំង​នោះ​​ឆក់​យក​ជីវិត​មនុស្ស​ប្រមាណពី​​ជាង ៨ ម៉ឺន​នាក់ ​ទៅ ជិត ​១៤ ​ម៉ឺន​​​​នាក់​រៀង​រាល់​ឆ្នាំ ហើយ​ប្រមាណ​ ៤​ សែន​នាក់​​ក្លាយ​ជា​មនុស្ស​ពិការ​​ ដោយ​សារ​ត្រូវ​កាត់​អវៈយវៈ​ចោល​។

លោក​វេជ្ជបណ្ឌិត Williams ជា​អ្នក​ជំនាញ​សិក្សា​ផ្នែក​ពិស​ពស់​ និង​ជា​មន្រ្តី​នៃ​ WHO បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ភាគ​ច្រើន​ជា​ប្រជាពលរដ្ឋ​​នៅ​តាម​សហគមន៍​ក្រី​ក្រ​ដែល​រស់​នៅ​បណ្តា​ប្រទេស​អាស៊ី អាហ្វ្រិក​ និង​អាមេរិក​ឡាទីន ​(អាមេរិក​ខាង​ត្បូង)។ ជន​រង​គ្រោះ​ទាំង​នោះ​ច្រើន​ជា​កសិករ​ ក្មេង​ៗ និង​អ្នក​ធ្វើ​ការ​​ក្បែរ​ធម្មជាតិ​ច្រើន។

អង្គការ​សុខភាព​ពិភព​លោក​​​​នា​ពេល​នេះ ​ក៏​កំពុង​រៀប​ចំ​ផ្សព្វ​ផ្សាយ​ពី​ផែន​ការ​សម្រាប់​បន្ថយ​អត្រា​មរណៈ​ និង​ពិការភាព​ដោយ​សារ​ពស់​ចឹក ឬ​ខាំ​នេះ​ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០៣០​​។

អត្ថបទពាក់ព័ន្ធ៖

ពិស​ពស់​ជា​សារធាតុ​ពុល​ដែល​អាច​បង្ក​ឲ្យ​ប្រព័ន្ធ​សរសៃ​ឈាម​មនុស្ស និង​ប្រព័ន្ធ​ខាង​ការពារ​ខាង​ក្នុង ​​គាំង​លែង​ដំណើរ​ការ​ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ក្នុង​រយៈ​ពេល​ខ្លី ​បើ​សង្គ្រោះ​មិន​ទាន់។ ដូច​នេះ​ ការ​ប្រុង​ប្រយ័ត្ន​នា​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តាម​ព្រៃ​ភ្នំ​ ជា​​រឿង​មួយ​​គប្បី​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​៕​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​ឧសភា 18, 2019 | កែសម្រួលចុងក្រោយ ខែ​ឧសភា 18, 2019

អ្នកអាចចូលចិត្ត