ប្រើ​កាស​រួមគ្នា ឬ​ឧស្សាហ៍​ឲ្យពួក​ម៉ាក​ខ្ចី​ប្រើ ​អាច​បង្ក​​បញ្ហា​អី​ខ្លះ?

ដោយ ត្រួតពិនិត្យដោយ Chip Chet

កាសប្រភេទ​ដាក់​ចូល​ត្រចៀក​​ស្ដាប់សំឡេង ​មាន​ទាំង​ប្រភេទ មាន​ខ្សែ និង​អត់ខ្សែ ហើយ​មាន​យុវជន​ជាច្រើន​ប្រើប្រាស់។ ពាក់ព័ន្ធ​ការប្រើ​កាស​នេះ ប្រសិនបើ​ពួកម៉ាក ឬ​អ្នក​រួម​ការងារ​ជាមួយ​យើង អត់មាន ឬ​ភ្លេច​យក​តាម​ខ្លួន តើ​ការ​ឲ្យ​ពួកគេ​​ខ្ចី​ ប្រើ​រួម​គ្នា​ដូច្នេះ មិន​អី​ទេ​ ឬ​បង្ក​បញ្ហា​កម្រិត​ណា?

តាមពិត ត្រចៀក​របស់​យើង មាន​ការការពារ​ប្រឆាំង​នឹង​បាក់តេរី នោះ​គឺ អាចម៍​ត្រចៀក ដែល​វាអាច​ប្រឡាក់​ជាប់​នឹង​កាស ក្រោយ​យើង​ពាក់​កាស​ក្នុង​ត្រចៀក។ អាចម៍​ត្រចៀក មិន​បង្ក​គ្រោះថ្នាក់​ទេ ហើយ​ថែមទាំង​ជួយ​សម្អាត និង​ការពារ​ត្រចៀក​របស់​យើង​ទៀត ដូចជា​រារាំង​ធូលី មិន​ឲ្យ​ចូលទៅ​ផ្នែក​ខាងក្នុង​នៃ​ត្រចៀក។ ប្រសិន​បើ​ត្រចៀក មាន​អាចម៍​ច្រើន យើង​អាច​ប្រើក្រណាត់ ដើម្បី​សម្អាត​រន្ធត្រចៀក ហើយ​បើ​វា​ធ្វើ​ឲ្យ​ស្ទះ ឬ​ប៉ះពាល់​ដល់​ការ​ស្ដាប់​សំឡេង យើង​ចាំបាច់​ត្រូវ​ទៅ​ជួប​ពេទ្យ។

ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​មេរោគ​វិញ វាមាន​ហានិភ័យ​តិចតួច ចំពោះ​ការ​ប្រើកាស​រួមគ្នា។ គេហទំព័រ Business Insider បាន​តេស្ដ​សាកល្បង​កាស ចំនួន ២២​គូ នៅ​ក្នុង​មន្ទីរពិសោធន៍ នៃ​សាកលវិទ្យាល័យ Columbia របស់​អាមេរិក។ ដូច​ការរំពឹង​ទុក អ្នកស្រាវជ្រាវ រកឃើញ បាក់តេរី Staphylococcus ជា​ប្រភេទ​បាក់តេរី​ម្យ៉ាង មាន​នៅ​លើ​ស្បែក​របស់​យើង។ តែ​អ្វីដែល​ធ្វើ​ឲ្យ​អ្នក​ស្រាវជ្រាវ​ភ្ញាក់ផ្អើល គឺ​ការ​ប្រទះ​ឃើញ មេរោគ​ផ្សិត ដែល​អាច​ឆ្លង​ចូល​ក្នុង​ត្រចៀក​បាន។

អត្ថបទពាក់ព័ន្ធ៖

ទោះបីជា​បាក់តេរី ភាគច្រើន បង្ក​ផលប៉ះពាល់​តិចតួច​ក្តី តែ​ការ​ប្រើកាស​រួមគ្នា គឺ​ជា​នាំ​បាក់តេរី​ថ្មី ចូល​ក្នុង​ត្រចៀក​របស់​យើង ហើយ​វាក៏​អាច​វិវត្ត​ទៅជា​ការឆ្លង​មេរោគ ឬ​កើត​ផ្សិត​ក្នុង​ត្រចៀក​បាន​ដែរ។

ជម្រើស​ល្អបំផុត យើងគួរចៀសវាង​ការប្រើប្រាស់​កាស​រួមគ្នា ហើយ​ប្រសិន​ចាំបាច់​ខ្លាំង ត្រូវតែ​ប្រើ​រួមគ្នា​ហើយ យើង​គួរ​ប្រើ​អាល់កុល ឬ​ស្ព្រាយ​ជូត​កាស ដើម្បី​បញ្ចៀស​ការ​ឆ្លង​បាក់តេរី។

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 14, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 14, 2019

អ្នកអាចចូលចិត្ត