លេបថ្នាំ​ផ្សំ​ផ្តេសផ្តាស ជំងឺ​មិនជា​ហើយ​​ប៉ះពាល់​សុខភាព​ទៀត

ដោយ ត្រួតពិនិត្យដោយ Chan Sineth

ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​ថា នៅ​ទីក្រុង ឬ​ជនបទ​នោះ​ទេ តែង​មាន​ទម្លាប់​ផ្សំ​ថ្នាំ​លេប ១លេប ២លេប ៣លេប។ ការ​ទៅ​ទិញ​ថ្នាំ​នៅ​តាម​ឱសថស្ថាន កន្លែង​លក់​ថ្នាំពេទ្យ ដោយ​មិនមាន​វេជ្ជបញ្ជា ការ​ធ្វើ​រោគ​វិច្ឆ័យ​ពី​គ្រូពេទ្យ​ទេ នឹង​មានផល​ប៉ះពាល់​ដល់​សុខភាព ពិសេស​ក្មេងៗ។

ការ​ទិញ​ថ្នាំ​ដោយ​គ្មាន​វេជ្ជ​បញ្ជា​មួយ​ចំនួន ដូចជា ប៉ារ៉ាសេតាម៉ុល ថ្នាំវីតាមីន ជាដើម​នោះ មិន​មាន​អ្វី​ប៉ះពាល់​សុខភាព​នោះ​ទេ។ តែ​ប្រការ​គួរ​ចៀសវាង គឺ​ការ​ផ្សំថ្នាំ​ច្រើន​មុខ​ដើម្បី​​ព្យាបាល​ជំងឺ។ គ្រូពេទ្យមិនតម្រូវឲ្យយើង​ទៅទិញថ្នាំដោយខ្លួនឯងឡើយ ឯ​ឱសថស្ថាន​ក៏​ពុំ​មាន​សិទិ្ធ​ក្នុង​ការ​ផ្សំ​ថ្នាំ​ឲ្យ​អ្នក​ជំងឺ​ដោយគ្មានវេជ្ជបញ្ជាដូច​គ្នា។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

តើ​ការ​ប្រើ​ថ្នាំ​ផ្សំ​ផ្តេសផ្តាស​ប៉ះពាល់​អ្វីខ្លះ?
ក្រៅ​ពី​មនុស្ស​ចាស់ កូន​ក្មេង​ប៉ះពាល់​សុខភាព​ខ្លាំង​បំផុត​នៅ​ពេល​ប្រើ​ថ្នាំ​ផ្សំ ជាពិសេស​ថ្នាំផ្សំ​ដែល​កិន​ឲ្យ​ម៉ដ្ត​បញ្ចូលគ្នា ដូច្នេះ​កម្រិត​ជាតិ​ថ្នាំ​បែង​ចែក​ពុំ​បាន​ស្មើគ្នា​នោះ​ទេ ឯ​ប្រភេទ និង​ឈ្មោះ​ថ្នាំ​យើង​ក៏​មិន​បាន​ដឹង តើ​ជា​ថ្នាំ​អ្វី​ឲ្យ​ពិត​ប្រាកដ។ ម្យ៉ាង​វិញ​ទៀត​ការ​ប្រើ​ថ្នាំ​ផ្សំ​មិន​ត្រឹមត្រូវ​តាម​ក្បូន និងចំនួនថ្ងៃនៃការព្យបាល មិន​គ្រប់កម្រិតថ្នាំ ឬ​លើស​ថ្ងៃខែបរិច្ឆេទត្រឹមត្រូវ អាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ ​ អាច​​ឲ្យអ្នក​ជំងឺ​ស៊ាំថ្នាំ ពិបាក​ព្យាបាល ឬ​វិវត្ត​ទៅ​ជា​ជំងឺ​​អ្វីមួយ​ផ្សេង​ទៀត។

ជំងឺ​ប្រភេទ​ណា​មិន​បាច់​ទៅ​ជួប​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ច័យភ្លាមៗ?
មិន​មែន​សុទ្ធ​តែ​គ្រប់​ប្រភេទ​ជំងឺ​នោះ​ទេ មាន​ករណី​លើក​លែង​មួយ​ចំនួន ដូចជា​ជំងឺ​ផ្តាសាយ ក្តៅខ្លួន​តិចតួច យើង​មិន​ចាំបាច់​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ធ្វើ​រោគ​វិច្ឆ័យ និង​ចេញ​វេជ្ជ​បញ្ជា​ឡើយ។ យើង​អាច​ទិញ​ថ្នាំបញ្ចុះ​កម្តៅមក​លេប​ដោយ​​ខ្លួន​ឯង ត្រូវ​មាន​អនាម័យ និងញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ក្នុង​ករណី​មិន​ធូរស្រាល នោះ​ចាំ​យើង​ទៅ​ជួប​គ្រូពេទ្យ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មីនា 12, 2019 | កែសម្រួលចុងក្រោយ ខែ​មីនា 12, 2019

អ្នកអាចចូលចិត្ត