ប្រយ័ត្នប្រយែង​សុខភាព ​ដើរ​លេង​ចូល​ឆ្នាំ ត្រូវ​មាន​របស់ទាំង​​នេះ​តាម​ខ្លួន

ដោយ ត្រួតពិនិត្យដោយ Deth Thonny

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ ក្រៅពី​ជួបជុំ​គ្រួសារ យើង​គ្រប់​គ្នា​ពិតជា​មាន​ដំណើរ​កម្សាន្ត​ទៅ​កាន់​ទី​ជិត​ឆ្ងាយ​តាម​រមណីយដ្ឋាន​ផ្សេង​ៗ។ តែ​មុន​នឹង​ទៅ យើង​គួរតែ​ត្រៀម​របស់​ការពារ​មួយ​ចំនួន ដើម្បី​ទុក​បង្ការ​កុំ​ឲ្យ​មាន​ជំងឺ​ឈឺថ្កាត់ អំឡុង​ពេល​ដើរ​លេង​សប្បាយ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ណែនាំ​ឲ្យ​យើង​មាន​ការ​ប្រុងប្រយ័ត្ន និង​ត្រៀម​ថ្នាំ ព្រម​ជាមួយ​របស់របរ​ប្រើប្រាស់​ចាំបាច់​មួយ​ចំនួន​ដូចជា៖

១- មុង​ជ្រលក់​ថ្នាំ និង​ស្ព្រៃយ៍​បាញ់​ស្បែក​ការពារ​មូស​ខាំ

សម្រាប់​អ្នក​ចង់​ទៅ​ដើរ​លេង​នៅ​តាម​ព្រៃ ភ្នំ ហើយ​ស្នាក់​នៅ​ទី​នោះ គួរតែ​ត្រៀម​មុង​ជ្រលក់​ថ្នាំ និង​ស្ព្រៃយ៍​បាញ់​ស្បែក​ការពារ​កុំ​ឲ្យ​​មូស​ខាំ ពិសេស​កូន​តូចៗ​ងាយ​នឹង​កើត​ជំងឺ​គ្រុនឈាម។

២- ថ្នាំ​សង្កូវ​ផ្សេង​ៗ

មិន​ថា​ដើរ​លេង​នៅ​តាម​កន្លែង​ណា​នោះ​ទេ យើង​គួរតែ​ត្រៀម​ថ្នាំ​មួយ​ចំនួន​ដូចជា ថ្នាំ​រាក ថ្នាំ​ក្ដៅ​ខ្លួន ឈឺក្បាល ផ្ដាសាយ ទាំង​មនុស្ស​ចាស់ និង​កូន​ក្មេង ជាពិសេសថ្នាំ​រឹត​បំបាត់​អាការៈ​ឈឺចាប់​សាច់ដុំ ជាដើម។

វិធីការពារ​ខ្លួន​កុំឲ្យ​ឈឺHello_គ្រូពេទ្យ

៣- ឧបករណ៍​វាស់​កម្ដៅ

ដើម្បី​ច្បាស់​ថា​យើង​មាន​អាការៈក្ដៅ​ខ្លួន​មែន ឬ​ទេ ត្រូវ​មាន​ឧបករណ៍​មួយ​នេះ ទើប​ដឹង​អាការៈ​ពិត​ៗ។

៤.ទឹក​លាង​ដៃ

វា​មាន​ប្រយោជន៍​ខ្លាំង​ណាស់ ព្រោះ​អាច​ជួយ​ទប់ស្កាត់​មេរោគ មិន​ឲ្យ​ឆ្លង​ពី​ដៃ​ទៅ​ក្នុង​ខ្លួន​មនុស្ស​បាន​មួយ​ចំនួន។

៥- បន្ទះ​ត្រជាក់

បើ​យើង​មាន​អាការៈ​ឈឺក្បាល ឬ​ក្ដៅ​ខ្លួន អាច​បិទ​វា​ដើម្បី​បន្ថយ​អាការៈ​ទាំង​នោះ​បាន។

៦- ឡេ​ការពារ​កម្ដៅ​ថ្ងៃ

ខែចែត្រ​ចូលឆ្នាំ​ពិត​ជា​ក្តៅ​ខ្លាំង​មែន​ទែន ដើម្បី​​ជួយ​សង្គ្រោះ​ស្បែក​មិន​ឲ្យ​ខូច ពេល​ដើរលេង​ចូល​ឆ្នាំ មិនត្រូវ​តែ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ ព្រោះ​​ជួយ​រារាំង​ស្បែក​ពី​កាំរស្មី​អុលត្រាវីយូឡេ​ពី​ព្រះអាទិត្យ។

៧- វ៉ែនតា​ខ្មៅ

វ៉ែនតា​អាច​ជួយ​ការពារ​ភ្នែក​ពី​ពន្លឺ​ថ្ងៃ​បានយ៉ាង​​ល្អ មិន​ធ្វើឲ្យ​ហូរ​ទឹកភ្នែក និង​ស្រវាំង ហើយ​ក៏​ស្ទីល​មួយ​ដែរ។

៨- មួក ឬ​ឆត្រ

ដើម្បី​កាត់បន្ថយ​កម្ដៅ​មិន​ប៉ះ​លើ​ខ្លួន​យើង​ទាំង​ស្រុង គួរតែ​ប្រើ​មួក ឬ​ឆត្រ។ មិន​តែ​ប៉ុណ្ណោះ​ពេល​មាន​ភ្លៀង​ធ្លាក់ វា​ក៏​អាច​ការពារ​មិន​ឲ្យ​យើង​សើម​ខ្លួន​បាន​ទៀត​ផង។

វិធីការពារ​ខ្លួន​ថ្ងៃចូលឆ្នាំHello_គ្រូពេទ្យ

អត្ថបទពាក់ព័ន្ធ៖ ​វិធីថែសុខភាពខែក្ដៅ ការពារកុំ​ឲ្យខ្យល់គរ វិលមុខ ដួលសន្លប់

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មេសា 12, 2019 | កែសម្រួលចុងក្រោយ ខែ​មេសា 12, 2019

អ្នកអាចចូលចិត្ត