backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

អាយុ ១៨ សប្តាហ៍៖ ទាយមើល៍ ល្បែងអីពេញនិយមចំពោះអូនតូច?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Chamnan Amrith · កែ Feb 19, 2021

អាយុ ១៨ សប្តាហ៍៖ ទាយមើល៍ ល្បែងអីពេញនិយមចំពោះអូនតូច?

ការលូតលាស់ និងអាកប្បកិរិយា

មក​ដល់​ពេល​នេះ កូន​យើង​អាច​លេង​ដៃ ឬ​ជើង​គេ​បាន ២-៣ នាទី។ អាអូន​អាច​ចូល​ចិត្ត​ធ្វើ​អ្វី​ដដែលៗ​រហូត​ដល់​បាន​លទ្ធផល ហើយ​ក៏ប្តូរ​ទៅ​ធ្វើអ្វី​ផ្សេង​ដើម្បី​ចង់​ដឹង​ថា​បាន​លទ្ធផល​ខុស​គ្នា ឬ​យ៉ាង​ណា។ ម៉ាក់ប៉ា​មាន​ចាប់​អារម្មណ៍​ទេ កូន​យើង​ស្ងាត់​ខុស​ពី​មុន​ដែល​តែង​តែ​យំ​ពេល​ភ្ញាក់​ឡើង ពេលនេះ​អាអូន​ចូល​ចិត្ត​គេង​លេង​ក្នុង​អង្រឹង។

នៅ​ក្នុង​សប្តាហ៍ ទី ១៨ នេះ កូន​យើង​អាច៖

– ទប់​ក្បាល​នឹង​បាន

– ងើប​ខ្លួន​ពេល​គេង​ផ្កាប់​មុខ​ដោយ​ប្រើ​កម្លាំង​ដៃ

– ចាប់កាន់​របស់​លេង​ដាក់​លើ​ដៃ

– ប្រើ​ដៃ និង​ជើង​ស្រប​ពេល​គ្នា

– លេង​ក្នុង​គ្រែដេក

– ចេះ​លេង​របស់​តូចៗ

– ធ្វើ​សកម្មភាព​ដដែល​ៗ​ទាល់​បាន​លទ្ធផល​ទើប​ទៅ​លេង​អ្វី​ថ្មី

-ចេះ​សើច​ក្អាកក្អាយ។

១- បង្រៀនកូនពីអីខ្លះ?

ម៉ាក់ប៉ា​អាច​ជំរុញ​ការ​វិវត្ត​របស់​កូន​ដោយ​លេង​​ជាមួយ​គេ​ឲ្យ​បាន​ច្រើន។ មាន​ល្បែង​ជា​ច្រើន​ដែល​ភ្ញោច​ដល់​វិញ្ញាណ​ទាំង ៥ របស់​កូន ដូច​ជា​ការ​ចាប់​កាន់​របស់​រូប​រាង​ខុស​គ្នា ពណ៌​ខុស​គ្នា​ ដែល​នឹង​ភ្ញោច​ដល់​កាយ​វិញ្ញាណ និង​ចក្ខុ​វិញ្ញាណ​កូន។ ល្បែង​ដែល​ក្មេង​ៗ​ចូល​ចិត្ត​នោះ​គឺ​លេង​ពួន​បិទមុខ ដែល​យើង​ចំណាំ​ហៅ​ថា វ៉ាក់អ៊ើ ល្បែង​នេះ​ពេញ​និយម​ចំពោះ​ក្មេងៗ​ណាស់ ដោយ​គ្រាន់​តែ​យក​ដៃ​បិទ​មុខ​ហើយ​ស្រែក​ថា​វ៉ាក់​អើ​ រួចធ្វើ​មុខ​គួរ​ឲ្យ​ស្រឡាញ់ នោះ​អាអូន​នឹង​សើច​កក្អឹក។

សុខភាព និងសុវត្ថិភាព

២-​ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

អាអូន​លូតលាស់​បាន​ល្អ ម៉ាក់ប៉ា​ប្រហែល​ជា​មិន​មាន​រឿង​​ច្រើន​ត្រូវ​សួរ​គ្រូពេទ្យ​នោះ​ទេ ដោយ​គ្រូពេទ្យ​គ្រាន់​តែ​ពិនិត្យ​តែ​រាងកាយ និង​ការវិវត្តនៃ​ចលនា​តែ​ប៉ុណ្ណោះ។

– ពិនិត្យ​កម្លាំង​កាយ រួម​ទាំង​បញ្ហា​មុនៗ​ឡើង​វិញ​

– វាយ​តម្លៃ​ការ​វិវត្តចលនា​ក្បាល​ ដៃ

– ពិនិត្យ​ការ​មើល ស្តាប់ ប្រាស្រ័យ​ទាក់​ទង។

៣- ត្រូវដឹងពីអីខ្លះ?

នៅ​សប្តាហ៍​ទី ១៨ នេះ​ម៉ាក់ប៉ា​អាច​​សង្កេត​ឃើញ អាអូន​មាន​បញ្ហា​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ៖

ភ្នែក​ក្រហម៖ ជា​ការ​រលាក​នៃ​ស្រទាប់​ភ្នែក​ដោយ​ពពួក​វីរុស​ បាក់តេរី ឬ​អាលែកហ្ស៊ី។ ស្រទាប់​គ្រប​គ្រាប់ភ្នែក​ពណ៌ស​ និង​ក្រោម​ត្របក​ភ្នែក​ឡើង​រលាក ធ្វើ​ឲ្យ​ភ្នែក​ទៅ​ជា​ក្រហម ស្ងួត មាន​អាចម៍​ភ្នែក​ពណ៌​ស លឿង ឬ​បៃតង។ អាអូន​អាច​ហៀរ​ទឹក​ភ្នែក និង​ពិបាក​បើក​ភ្នែក​នៅ​ពេល​ព្រឹក។ ជំងឺ​នេះ​អាច​កើត​លើ​ភ្នែក​តែ​ម្ខាង ឬ​ទាំងសង​ខាង។ បើ​ក្មេង​មាន​រោគ​សញ្ញា​ទាំង​នេះ ម៉ាក់ប៉ា​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូ​ពេទ្យ​ឲ្យ​បាន​រួស​រាន់​ដើម្បី​​ព្យាបាល​ត្រឹម​ត្រូវ។

ជំងឺភ្នែក​ក្រហម​ជា​ជំងឺ​ឆ្លង ដូច​នេះ​គួរ​ការ​ពារ​ខ្លួន​យើង​ឆ្លង​ពី​កូន ដោយ​លាង​សម្អាត​ដៃ​ឲ្យបាន​ទៀង​ទាត់​ ជា​ពិសេស​មុន និង​ក្រោយ​​ប៉ះ​ភ្នែក​ក្មេង។ គួរ​ទុក​កូន​នៅ​ផ្ទះ មិន​ឲ្យ​ទៅ​ក្រៅ ឬ​សាលា​រៀន និង​សម្អាត​កន្លែង​គេង សម្លៀក​បំពាក់ និង​កន្សែង​កូន​ឲ្យ​បាន​ញឹក​ញាប់។ ជំងឺ​នេះ​បណ្តាល​មក​ពី​បាក់តេរី​គ្រូ​ពេទ្យ​នឹង​ឲ្យ​ប្រើ​ថ្នាំ​បន្តក់​ភ្នែក ឬ​ក្រែម​លាប​ភ្នែក។ បើ​វីរុស អាអូន​នឹង​មាន​រោគ​សញ្ញា​​ផ្តាសាយ​ផ្សំ នោះ​គ្រូ​ពេទ្យ​នឹង​ឲ្យ​ម៉ាក់ប៉ា​រក្សា​អនាម័យ​កូន​ឲ្យ​បាន​ល្អ ដោយ​សម្អាត​ភ្នែក​ជាមួយ​កន្សែង​ជ្រលក់​ទឹក​ក្តៅ​​ឧណ្ហៗ ហើយ​អាអូន​នឹង​ជា​ទៅ​វិញ​ក្នុងរយៈពេល​ ១ អាទិត្យ។

ចំពោះ​ការ​ប្រតិកម្ម​វិញ គ្រូពេទ្យ​នឹង​ជួយ​រក​មូល​ហេតុ​ពិត​ប្រាកដ ហើយ​ទារក​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​សារធាតុ​នោះ។ ពេល​ខ្លះ​ក៏​អាច​ឲ្យ​ប្រើ​ថ្នាំ​បន្តក់​ភ្នែក​។​

ស្គម​ពេក៖ ជាទូទៅ បើ​ក្មេង​លេង​ច្រើន និង​លូត​លាស់​ល្អ នឹង​ឡើង​ទម្ងន់​ជា​ធម្មតា។ តែ​បើ​ទារក​មិនគ្រប់គីឡូ​វិញ ម៉ាក់ប៉ា​គួរ​តាម​ដាន​ វាស់​កម្ពស់​ដើម្បី​ដឹង​ពី​ការ​លូត​លាស់​របស់​កូន។ មាន​កត្តា​ជា​ច្រើន​ដែល​ពាក់​ព័ន្ធ​នឹង​ការ​លូត​កម្ពស់ និង​ឡើង​ទម្ងន់​របស់​ក្មេង​ដូច​ជា កត្តា​តំណ​ពូជ ចំណីអាហារ ការ​លេង -ល-។ បើម៉ាក់ ឬប៉ា ស្គម​តូច នោះ​កូន​អាច​មាឌ​ដូច​យើង ឯ​ការ​លេង​ច្រើន​ពេក​ក៏​អាច​ឲ្យ​អាអូន​ស្រក​សាច់​ដែរ។

លើស​ពី​នេះ​ទៀត​អាហារ​ដែល​មាន​សារ​ធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​សំខាន់​បំផុត យើង​មិន​គួរ​បង្អត់​អាហារ​ក្មេង​​តាម​តែ​ចិត្ត ​គ្មាន​ក្បួន​ខ្នាត​នោះ​ឡើយ។ បើ​សិន​ជា​យើង​គិត​ថា​កូន​មិន​គ្រប់​ទម្ងន់ ដោយ​សារ​មិន​អាច​ស្រូប​យក​សារធាតុ​ចិញ្ចឹម ឬ​មាន​ជំងឺ​អ្វី​នោះ ត្រូវ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ដើម្បី​ព្យាបាល​ទាន់​ពេល។

ការព្រួយបារម្ភ

៤- រឿងអីខ្លះត្រូវបារម្ភ?

បៀម​មេដៃ៖ ស្ទើរ​តែ​គ្រប់​ក្មេង​ទាំង​អស់​សុទ្ធ​តែ​បៀម​មេ​ដៃ​ពេល​នៅ​តូចៗ ខ្លះ​ក៏​បៀម​តាំង​ពី​ក្នុង​ពោះ​មក​ម៉្លេះ។ នេះ​មិន​មែន​ជា​រឿង​កម្រ​នោះ​ទេ ដោយ​សារ​មាត់​មិន​ត្រឹម​តែ​សម្រាប់​ការ​ញ៉ាំ​នោះ​ទេ វា​ក៏​អា​ចឲ្យ​ក្មេង​ដឹង​ពី​អ្វី​នៅ​ជុំ​វិញ និង​ផ្តល់​នូវ​ភាព​រីករាយ។ ដំបូង​ឡើយ​អាអូន​ចេះ​តែ​បៀម​លេង​ៗ​ម្តង​ម្កាល​ទេ តែ​យូរ​ៗ​ទៅ​អាច​នឹង​យល់​ថា​ការ​បៀម​ដៃ​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​រីករាយ ហើយ​ក៏​ក្លាយ​ជា​ទម្លាប់​ទៅ។ ទារក​បៀម ដៃគួរ​ស្រលាញ់ ដល់​ពេល​អាអូន​រឹត​តែ​ធំ ហើយ​ដៃ​មាន​ចាប់​កាន់​របស់​កខ្វក់​ទៀត​នោះ ម៉ាក់ប៉ាច្បាស់​ជា​មិន​ស្រួល​ចិត្ត​ទេ តែង​តែ​ហាម និង​ទាញ​ដៃ​កូន​ចេញ​ពី​មាត់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​យើងមិន​ចាំបាច់​ព្រួយ​បារម្ភ​នោះ​ទេ ព្រោះ​មិន​មាន​ភស្តុតាង​បង្ហាញ​ថា​ទម្លាប់​ជញ្ជក់​ដៃ​របស់​កូន​កើត​ចេញ​ពី​ភាព​ខ្សោយ​ខាង​ផ្លូវ​ចិត្ត អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​​ដល់​​ការ​តម្រឹម​ធ្មេញ ឬ​បណ្តាល​ឲ្យ​ខូច​ទ្រង់​ទ្រាយ​មាត់​ឡើយ។

តាម​ការ​ពិត​ក្មេង​ភាគ​ច្រើន​នឹង​បោះ​បង់​ទម្លាប់​នេះ​នៅ​ពេល​មាន​អាយុ​ពី ៤-៦ឆ្នាំ​។ អ្នក​ជំនាញ​ជា​ច្រើន​បាន​ណែនាំ​ថា​ម៉ាក់ប៉ា​មិន​គួរ​បញ្ឈប់​ទម្លាប់​បៀម​ដៃ​មុន​ពេល​នេះ​ទេ។ ការ​សិក្សា​ខ្លះ​បាន​បង្ហាញ​ថា​ក្មេង​ប្រមាណ​ជាង​ពាក់​កណ្តាល​មាន​ទម្លាប់​បៀមដៃ​នេះ​ពេល​នៅ​ក្មេង ភាគ​ច្រើន​នៅ​អាយុ​ ១៨-២១ ខែ ទោះ​មាន​អ្នក​ខ្លះ​ផ្តាច់​ហើយក៏​ដោយ។ ជាង ៨០% បាន​ឈប់​នៅ​អាយុ ៥ ឆ្នាំ ហើយ ៩៥% ឈប់​នៅ​អាយុ ៦ ឆ្នាំ និង​ឈប់​ដោយ​ខ្លួន​ឯង​មិន​បាច់​មាន​គេ​ជួយ​ឡើយ។

វិធី​ងាយៗ​ដែល​ជួយ​ឲ្យ​កូន​លែង​បៀម​ដៃ ម៉ាក់ប៉ា​គ្រាន់​តែ​ឲ្យ​កូន​ងាក​មក​លេង​របស់​លេង​ដែល​ប្រើ​ដៃ​ជំនួស ប៉ុណ្ណោះ យូរៗ​ទៅ​កូន​នឹង​ភ្លេច​បៀម​ដៃ​ដោយ​ខ្លួន​ឯង។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Chamnan Amrith · កែ Feb 19, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម