តិចនិក​បំបៅ​ដោះ​សម្រាប់​ស្រីៗមាន​កូនភ្លោះ

ដោយ ត្រួតពិនិត្យដោយ Kim Kanel

រឿង​បំបៅ​ដោះ​អូនៗ​មិន​មែន​ងាយៗ​ឯណា ពិសេស​សម្រាប់​ម៉ាក់ៗ​ថ្មី​ថ្មោង ព្រោះ​មាន​អ្វី​ច្រើន​យើង​ត្រូវ​ដឹង ទាំង​ជំនាញ និង​បច្ចេកទេស​បំបៅ​ទើប​អាច​ទៅ​រួច។ ត្រឹម​អូនៗ​ម្នាក់​ពិបាក​ទៅ​ហើយ ចុះ​ទម្រាំ​ភ្លោះ​ទៀត មិន​ដឹង​ពិបាក​ប៉ុណ្ណា​ទេ ត្រូវ​អត់? ឈប់​ខ្វាយ​ខ្វល់​ទៀត ពិសេស​គ្នា​យើង​ទើបសម្រាល ឬ​ត្រៀម​សម្រាល​បេប៊ី​ភ្លោះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​បច្ចេកទេស​ខ្លះៗ អាច​ជួយ​បាន។

១- រៀប​ចំ​កាល​វិភាគ

រៀប​ចំ​កាល​វិភាគ​មាន​ភាព​បត់បែន ជា​រឿង​ល្អ ដោយសារ​តែ​បេប៊ី​ម្នាក់ៗ ​អាច​ខុសៗ​គ្នា ​ម៉ោង​ពេល​បំបៅ​ដោះ​ក៏​ខុស​គ្នា​តាម​ហ្នឹង​ដែរ។ បេប៊ី​មួយ​ក្នុង​ចំណោម​បេប៊ី​ភ្លោះ អាច​ចង់​មឹម​រាល់ ៣ ម៉ោង​ម្តង ហើយ​មួយ​ទៀត​ អាច​នឹង​ចង់​មឹម ២ ម៉ោង​ម្តង។ បើ​យើង​បង្កើត​ទម្លាប់​ខ្លះ​មិន​អាច​ផ្លាស់​ប្តូរ​បាន អាច​នឹង​បង្ក​ភាព​លំបាក​ដល់​ម៉ាក់ៗ និង​បេប៊ី អំឡុង​ពេល​បេប៊ី​នៅ​តូច​ពេក ពិបាក​ទាំង​ការបំបៅ​តែ​ម្តង។ យ៉ាង​ណា​មិញ ទារក​នឹង​ទម្លាប់​ខ្លួន​បាន នៅ​សប្តាហ៍​ទី ៦ ហើយ​ការ​បំបៅ​ដោះ ក៏​នឹង​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ដែរ។

២- បំបៅ​ក្នុង​ពេល​តែ​មួយ

បើ​សិន​ជា​បេប៊ី​ទាំង​ពីរឃ្លាន​ក្នុង​ពេល​តែ​មួយ អ្វី​គួរ​ធ្វើ គឺ​ប្រើ​កន្សែង​រុំ ឬ​ខ្នើយ​ដើម្បី​ជា​ជំនួយ។ ជាមួយ​គ្នា​នេះ គ្នា​យើង​អាច​ផ្លាស់​ប្តូរ​ទម្លាប់ ដូច​ជា បី​ដៃ​ពីរ បី​ដៃ​មួយ បី​ក្រោម​ក្លៀក ដេក​ផ្អៀង ដេក​ផ្ងារ ជាដើម។ កាន់​តែ​ល្អ អាច​ប្តូរ​ដោះ​បំបៅ​ចុះ​ឡើង ដើម្បី​ជួយ​ឲ្យ​ការ​ផលិត​ទឹក​ដោះ​បាន​ស្មើ​គ្នា​ទាំង​សង​ខាង។

លើស​ពី​នេះ បើ​គ្នា​យើង​បំបៅ​ដោះ​បេប៊ី​ភ្លោះ​ក្នុង​ពេល​តែ​មួយ ត្រូវ​ប្រាកដ​ថា យើង​បាន​បី ​បេប៊ី​ម្នាក់​ត្រឹមត្រូវ និង​មាន​លំនឹង ចាំ​បី បេប៊ី​ម្នាក់​ទៀត​ឡើង រួច​សឹម​បន្ត​បំបៅ​ដោះ។ ប៉ុន្តែ​យល់​ល្អ​ បំបៅ​ម្តង​មួយ​សិន​ទៅ រហូត​ដល់​ពេល​យើង​មាន​ជំនាញ​ច្បាស់ ចាំ​អនុវត្ត​បែបនេះ។

តិចនិក​បំបៅ​ដោះ​សម្រាប់​ស្រីៗមាន​កូនភ្លោះ Hello គ្រូពេទ្យ

អត្ថបទ​ពាក់​ព័ន្ធ៖

៣- ផលិត​ទឹកដោះ​ឲ្យ​បាន​គ្រប់គ្រាន់

បើ​ម៉ាក់ៗ​គ្មាន​ទឹក​ដោះ​គ្រប់គ្រាន់​សម្រាប់​បេប៊ី​ទាំងពីរ​ទេ តែ​ចង់​បន្ត​បំបៅ​ដោះ​នោះ ចាំ​បាច់​ត្រូវ​បំបៅ​ឲ្យ​បាន ៨ ដង/​ថ្ងៃ។ តែ​កុំ​បារម្ភ​អី រឿង​ទឹក​ដោះតិច អាច​ដោះ​ស្រាយ​បាន ដោយ​គ្រាន់​តែ​ឲ្យ​កូន​មឹម​ញឹកញាប់​បន្តិច ហើយ​ម៉ាក់ៗ អាច​ញ៉ាំ​អាហារ​មួយ​ចំនួន​ជួយ​ភ្ញោច​ការ​ផលិត​ទឹក​ដោះ​ឲ្យ​បាន​ច្រើនផង​ដែរ។

៤- វិធី​មើល​ថែ​កូន​មួយ​ពេលកំពុង​បំបៅ​កូន​មួយទៀត

បើ​ត្រូវ​មើល​ថែ​ទាំ​បេប៊ី​ម្នាក់ ទាំង​កំពុង​បំបៅ​បេប៊ី​មួយ​ទៀត គួរ​ធ្វើ​យ៉ាង​ម៉េច? ម៉ាក់ៗ អាច​សាក​ល្បង​វិធី​​នេះ​បាន ដូចជា អង្គុយ​រាប​ស្មើ​មួយ​កន្លែង បន្ទាប់​មក​ដាក់​អូនៗ​មិន​​មឹម​នៅ​លើ​កន្សែង​ និង​ក្បែរ​ខ្លួន​យើង ធ្វើ​បែប​នេះ​គឺ​អាច​បំបៅ​អូនៗ​មួយ​ផង មើល​ថែរ​អូនៗ​មួយ​ទៀត​ផង។

៥- សុំ​ជំនួយ

គ្នា​យើង​ អាច​ចូល​រួម​ក្នុង​ក្រុម​ស្រីៗ​មាន​កូន​ភ្លោះ​ដូច​គ្នា ដើម្បី​ចែក​រំលែក​បទពិសោធន៍ និង​គន្លឹះ​មាន​ប្រយោជន៍​ជាមួយ​គ្នា។ អាច​សុំ​ជំនួយ​ពី​ម៉ាក់​យើង ពី​ប្តី ឬ​សមាជិក​គ្រួសារ​ផ្សេង​ទៀត ឬ​អាច​ជួល​អ្នក​មើល​ថែ​ក្មេង​មក​ជួយ​ក៏​បាន។

៦- ត្រូវ​ថែ​ទាំ​ខ្លួន​ឯង​ផង

ចិញ្ចឹម​មើល​ថែ​បេប៊ី​ភ្លោះ ច្បាស់​ជា​រឿង​ពិបាក​ណាស់ លើស​ពី​នេះ គ្នា​យើង​មាន​កូន​ភ្លោះ​ គឺ​ប្រឈម​ហានិភ័យ​ខ្ពស់​កើត ​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​ពេល​សម្រាល។ ហេតុនេះ ម៉ាក់ៗគួរ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ មើល​ថែ​ខ្លួន​ឲ្យ​បាន​ល្អ ទទួល​ជំនួយ ហើយ​ក្នុង​ខ្លាច ឬ​អៀន​ខ្មាស​សុំ​ជំនួយ​នៅ​ពេល​យើង​ត្រូវ​ការ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 19, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 19, 2019

ប្រភព
អ្នកអាចចូលចិត្ត