មូលហេតុ​កូន​បៅរួច ​ចេះ​តែ​ក្អែចេញ​មក​វិញ ម៉ាក់ៗ​ចាំបាច់​ត្រូវ​ដឹង

ដោយ ត្រួតពិនិត្យដោយ Chan Sineth

ក្មេង​ទើប​នឹង​កើត ពេល​បៅ​ដោះ ឬ​ម៉ឹម​ទឹកដោះ​គោ​រួច​តែ​ចេះ​ក្អែចេញ​មក​វិញ ម៉ាក់​ប៉ា​ចេះ​តែ​ឆ្ងល់​ថា តើ​វា​មក​អ្វី​ឲ្យ​ប្រាកដ?

បើ​តាម​ការ​រៀប​រាប់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ហា​កូន​តូច​ម៉ឹម​ដោះ​ម៉ាក់ ឬ​ទឹក​ដោះ​គោ​រួច ក្អែចេញ​មក​វិញ មូល​ហេតុ​ចម្បង​មក​ពី​យើង​ឲ្យ​កូន​បៅ​ឆ្អែត​ជ្រុល។ លោកវេជ្ជបណ្ឌិត​​ថា “ក្មេង​នៅ​តូច ក្រពះ​ក៏​នៅ​តូច​ដែរ អ៊ីចឹង​ហើយ​កាលណា​តែ​ម៉ាក់​បំបៅ​ច្រើន​ជ្រុល ទៅ​ជា​ក្អែ​ចេញ​មក​ក្រៅ​វិញ”

ក្រៅ​ពី​មូលហេតុ​ខាង​លើ​នេះ ក៏​នៅ​មាន​កត្តា​រួម​ផ្សំ​មួយ​ទៀត គឺ​ការ​បំបៅដោះ​កូន​មិន​បាន​ត្រឹម​ត្រូវ​តាម​ក្បូន​ខ្នាត ដោយ​ឲ្យ​កូន​ដេក​បៅ ឬ​បៅ​រួច​ភ្លាម​ឲ្យ​កូន​គេង​ភ្លែត។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​កូន​បៅ​រួច​ក្អែ​ចេញ​មក​វិញ​នេះ គ្រូពេទ្យ​ឯកទេស​ជំងឺ​ទូទៅ ចាន់ ស៊ីណេត បាន​ផ្តល់​ជា​តិចនិក​ក្នុង​ការ​បំបៅ​កូន​ថា ពេល​បំបៅ​ដោះ​ម្តាយ ឬ​ទឹក​ដោះ​គោ ម៉ាក់ៗ​មិន​ត្រូវ​ឲ្យ​កូន​ម៉ឹម​ឆ្អែត​ជ្រុល​នោះ​ទេ ត្រូវ​ឲ្យ​កូន​ម៉ឹម​តិចៗ តែ​ច្រើន​ដង​វិញ។ ចំពោះ​ឥរិយាបថ​ក្នុង​ការ​បំបៅ​វិញ យើង​ត្រូវ​បញ្ឈរ​ខ្លួន​កូន​បន្តិច មិន​ត្រូវ​បំដៅ​ដេក​នោះ​ទេ បន្ទាប់​ពី​បំបៅ​រួច កុំ​អាល​ឲ្យ​កូន​គេង​ភ្លាម ត្រូវ​បី​កូន​ដាក់​លើ​ស្មា រួច​អង្អែល​ខ្នង​តិចៗ ដើម្បី​ឲ្យ​ទឹកដោះ​ធ្លាក់​ចុះ មិន​ក្អែ​ចេញ​មក​ក្រៅ។

អត្ថបទពាក់ព័ន្ធ៖ 

ក្មេងក្អែ តិចនិកចិញ្ចឹមកូន

ទោះ​ជា​កូន​ក្អែ​មិន​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​មែន តែ​លោក​វេជ្ជបណ្ឌិត​ថា បើ​កូន​យើង​ម៉ឹម​រួច ក្អែញឹក​ញាប់ និង​បាញ់​ចេញ​ក្នុង​បរិមាណ​ច្រើន​នោះ កូន​អាច​មាន​បញ្ហា​ក​ក្រពះ​តូចត្បៀត​ ត្រូវប្រញាប់​ទៅ​ជួប​គ្រូពេទ្យភ្លាម ព្រោះ​អាច​ឲ្យ​កូន​តូច​បាត់​បង់​ជាតិ​ទឹក​ខ្លាំង និង​អាច​គ្រោះថ្នាក់ដល់​ជីវិត។ ជំងឺ​នេះ​យើង​អាច​សម្គាល់​លើ​ទារក​ទើប​កើត​ ដល់​អាយុ ៦ ខែ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 13, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 13, 2019

អ្នកអាចចូលចិត្ត