backup og meta

តិចនិកជួយម៉ាក់ៗរវល់មើលកូនផង ធ្វើការផង អាចរស់នៅដោយសប្បាយចិត្ត

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Meng Vatana · កែ Jul 18, 2019

    តិចនិកជួយម៉ាក់ៗរវល់មើលកូនផង ធ្វើការផង អាចរស់នៅដោយសប្បាយចិត្ត

    ចំពោះ​ស្រីៗ​មាន​កូន បើ​នៅតែ​ផ្ទះ​មើល​កូន​ច្បាស់​ជា​អផ្សុក​ខ្លាំង ប៉ុន្តែ​បើ​ធ្វើ​ការ​វិញ ក៏​គេច​មិន​ផុត​ពីស្ត្រេសមិន​ខាន គិត​ការងារ​ផង មើល​កូន​ផង រកពេល​សម្រាក​គ្មាន​ទេ​មើល​ទៅ។ យ៉ាងណា មិន​មែន​មើល​ថែ​កូន ត្រូវ​តែ​បោះបង់​ការងារ​ចោល​ទេ ព្រោះ​អាច​ពាក់ព័ន្ធ​បញ្ហា​ហិរញ្ញវត្ថុ​គ្រួសារ នាំ​វិបត្តិ​ផ្លូវចិត្ត​កាន់តែ​ធ្ងន់ធ្ងរ​មិន​ខាន។ “Hello គ្រូពេទ្យ’ នឹង​ណែនាំ​តិចនិក​ខ្លះ ជួយ​គ្នា​យើង​រវល់​មើល​កូនផង ធ្វើ​ការ​ផង អាច​រស់​នៅ​ដោយ​សប្បាយ​ចិត្ត។

    ១- រៀប​ចំ​របប​អាហាររហ័សប៉ុន្តែ​​ផ្ដល់​សុខភាព​ល្អ

    ចម្អិន​អាហារ​មួយ​ឆ្នាំង ត្រូវ​ការ​ពេល​វេលា​ច្រើន ទាំង​ការ​រៀប​ចំ​សត្វ បន្លែ គ្រឿង​ផ្សំ​ ទើប​អាច​សម្រេច​ជា​ម្ហូន​សម្រាប់​ញ៉ាំ​បាន។ ហេតុ​នេះ យើង​អាច​ធ្វើ​អាហារ​ទុក​ជាស្រេច មិន​ចាំ​ទាល់​តែ​ដល់​ម៉ោង​ញ៉ាំ​ចាំ​ចម្អិន​ទេ អាច​ធ្វើ​មុខ​ពេល​ចេញ​ទៅ​ធ្វើ​ការ ហើយ​ពេល​​ត្រលប់​មក​វិញ​ គឺ​​មាន​អាហារជាស្រេច​ទៅហើយ រីឯ​ទឹក​ជ្រលក់​ផ្សេងៗ អាច​ធ្វើទុក​​​ជា​មុនឲ្យ​ហើយ​ ​ល្អ​ច្រក​ដប​ស្រេច រក្សា​ទុកក្នុង​ទូទឹកកក កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ពេល​ត្រឡប់​មក​ពី​ធ្វើ​ការ​។​

    ២- រក្សា​អនាម័យ

    ឲ្យ​កូនយល់​នូវ​សារៈសំខាន់​នៃ​ការ​ស្រឡាញ់​ និង​​ថែទាំ​ខ្លួនឲ្យ​បាន​ត្រឹម​ត្រូវ រក្សា​រាង​កាយ​កូន​ឲ្យបាន​ស្អាត និង​មាន​អនាម័យ​ជានិច្ច បែប​នេះ យើង​ក៏មិន​មាន​អារម្មណ៍​ធុញ​ទ្រាន់ ពេល​ត្រឡប់​ពី​ធ្វើ​ការ ឃើញ​កូន​កខ្វក់​នោះ​ដែរ​។​

    ៣- រៀប​ចំ​​កាល​វិភាគ​អ្វី​គ្រប់​យ៉ាង​ទាំង​អស់

    កត់​ត្រា​គ្រប់​រឿង​ និង​កិច្ច​ការដែល​ត្រូវ​ធ្វើ​ ទាំង​កិច្ច​ការ​ក្នុង​ផ្ទះ និង​កន្លែ​ងធ្វើ​ការ បែប​នេះ ធ្វើ​ឲ្យ​យើង​មិន​ភ័ន្ត​ច្រឡំ ឬ​ធ្វើ​កិច្ច​ការ​មិន​ត្រូវ​ពេល​វេលា​នោះ​ដែរ។ សំខាន់​ជាង​នេះ​ ត្រូវ​មាន​ភាព​ចេះ​បត់​បែន​តាម​កាលៈទេសៈ​ ជា​មួយ​នឹង​កិច្ច​ការជា​ទម្លាប់​ប្រចាំ​ថ្ងៃ ហើយ​កំណត់​ត្រា​ទាំង​នោះ​ នឹង​ជួយ​ត្រួស​ត្រាយ​ផ្លូវ​យើង​ឲ្យ​បំពេញ​កិច្ច​ការ​ងារទាំង​នេះ បាន​កាន់​តែ​លឿន និងត្រូវ​តាម​ពេល​វេលា។ មួយទៀត បើ​រវល់​ពេល ការងារ​ផ្ទះ ដូច​ជា​សម្អាត​តុទូ ក៏អាច​លើក​ទៅថ្ងៃ​ក្រោយ កុំ​ព្យាយាម​ធ្វើ​ឲ្យស្រ្តេស​ដោយ​សារ​រឿង​តូច​តាច​ទាំង​នោះ។

    ៤- ត្រូវធ្វើ​ខ្លួន​ឲ្យ​នៅ​ក្នុង​​បច្ចុប្បន្ន​កាលជា​និច្ច

    សម្ពាធ​រវាង​ការ​ងារ​ និងអារម្មណ៍ចង់​បាន​ ​អាចធ្វើ​ឲ្យ​យើង​មើល​រំលង​អ្វី​មួយ​សំខាន់​ក្នុង​ជីវិត​ក៏​ថា​បាន ហេតុនេះ គួរ​ចំណាយ​ពេល​ជា​មួយ​មនុស្ស​ជា​ទី​ស្រលាញ់​ ប្តី និងកូនៗ ឲ្យ​បាន​ច្រើន​ផង​។​ បើចៅហ្វាយ​អ៊ី​ម៉ែលមក​រឿង​ការងារ ចាំ​ ៣០នាទីក្រោយ តប​ទៅ​វិញ​ក៏​មិន​យឺត​ពេល​ដែល​។​ បិទ​កុំ​ព្យូ​ទ័រ ហើយ​សម្លឹង​មើលកែវ​ភ្នែកកូន​ជា​ទី​ស្រលាញ់​ អាច​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រីករាយ​បន្តិច ហើយ​ភាព​រីក​រាយ​ទាំងនេះ នឹង​ក្លាយ​ជា​​អនុ​ស្សាវរីយដ៏​ល្អ ចង​ចាំអស់​មួយ​ជីវិត​។​

    ៥- បង្កើតពេលវេលា​ដើម្បី​កម្សាន្តអារម្មណ៍

    មាន​ពេល​វេលា​ជាមួយ​កូនៗ យក​ចិត្ត​ទុកដាក់​ពួក​គេ​ឲ្យ​បាន​ច្រើន មិន​មែន​បែរ​ជាទៅតាម​ដានរឿង​ភាគ​លើទូរទស្សន៍ ឬទាក់​ទង​មិនភ័ក្តិ​និយាយ​គ្នា​លេង​នោះទេ ប៉ុន្តែ​បើ​ចង់​បែប​នេះ គួរ​ចាំ​ពេល​កូន​យើង​ចូល​គេង ឬគេង​លក់​ក៏​មិន​យឺត​ពេល​ដែរ។ នៅ​ផ្ទះ ក៏​អាច​ធ្វើ​ឲ្យ​ខ្លួន​យើង និង​កូន​សប្បាយ​ចិត្ត​បាន​ដូច​ជា អាច​លេង​ល្បែង​អ្វី​មួយ​ជាមួយ​កូន អាច​សាក​ស្លៀក​បំពាក់​ស្អាតៗ ចំណាយ​ពេល​បន្ធូរ​អារម្មណ៍ ដូចជា​អាន​សៀវភៅ ឬលេងបិទពួនជា​មួយ​កូនកាន់​តែ​ប្រសើរ។ ​ធ្វើ​បែប​នេះនឹង​ជួយ​ឲ្យ​កូន​មាន​អារម្មណ៍​ផា​សុកភាព ជួយ​ដល់​ការ​អភិវឌ្ឍន៍​ផ្នែក​ប្រាជ្ញា ស្មារតី សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ជាដើម។ ពិសេស​ជាង​នេះ អ្វី​ដែល​យើង​បាន​ធ្វើ នឹង​កាន់​តែ​បង្កើន​ចំណង​មិត្ត​ភាព​ជាមួយ​កូន​យើង កាន់​តែ​ស្និទ្ធ​ស្នាល។

    អត្ថបទ​ពាក់ព័ន្ធ៖

    • ស្តាប់​ហេតុផល​នេះ ប្រហែល​ប៉ាម៉ាក់​លែងចង់​ឈ្លោះ​គ្នា​មុខ​កូន​ទៀត​ហើយ!
    • ស្តាប់​ហេតុផល​នេះ ស្រីៗ​អាច​លែង​ចង់​នៅ​តែ​ផ្ទះ​មើល​កូន​ទៀត​ហើយ!

    ៦- កិច្ចការ​សាលា​

    ការ​សិក្សា​មួយ បាន​ណែ​នាំថា​ ក្មេងបាន​​ឆ្លង​កាត់​ភាព​តាន​តឹង​អារម្មណ៍​កាន់​តែ​តិច​ ប្រឈម​​ជំងឺ​គាំង​បេះ​ដូង​ កាន់​តែ​ទាប ក្នុង​ជីវិតគេ​នៅ​ថ្ងៃ​មុខ។​​​ បើ​មាន​អ្វី​មួយ​យើង​អាច​ធ្វើ​បាន ​ដើម្បី​បន្ថយ​ភាព​តាន​តឹង​អារម្មណ៍របស់​កូន​ ជា​ពិសេស​​កិច្ច​ការ​សាលា​រៀន​ គួរ​តែ​ធ្វើ​ទៅ​ ព្រោះ​អាច​ជួយ​កូន ឲ្យ​កសាង​នូវ​ទម្លាប់​ធ្វើ​កិច្ច​ការ​សាលា​ នៅ​ពេល​ក្រោយ​ដោយ​ខ្លួន​ឯង​។​ បើ​មេរៀន​ខ្លះ​ពិបាក​ចំពោះ​កូន​ ជាម៉ាក់ល្អ ត្រូវ​ចូល​រួម​ដើម្បី​ដោះ​ស្រាយ ព្រោះ​មាន​ភស្តុតាង​បញ្ជាក់ថា ពេលប៉ាម៉ាក់ ចូល​រួម​ពាក់ព័ន្ធ​ការ​អប់រំ​របស់​កូន​កាន់​តែ​ច្រើន ក្មេងនឹង​មាន​អារម្មណ៍​ ក៏​ដូច​ជាធ្វើកិច្ច​ការ​សាលា​​តែ​ប្រសើរ​នៅ​សាលា​រៀន​។​ យ៉ាង​ណា មិន​ត្រូវ​ជួយ​ធ្វើ​កិច្ច​ការ​សាលា​គ្រូដាក់​ឲ្យ​ធ្វើ​នៅ​ផ្ទះទាំង​អស់​ទេ ត្រូវ​ចូល​រួម​តាម​រយៈការ​ស្វែង​រក​ដំណោះ​ស្រាយ​ទាំង​អស់គ្នា បែបនេះក្មេង​នឹង​មាន​អារម្មណ៍​ទទួល​បាន​ការ​គាំទ្រ មិនមែន​ពឹង​ផ្អែក​លើ​យើង​ទាំង​ស្រុង​ដែរ។

    ៧- បង្រៀន​កូនឲ្យ​ស្គាល់​ពី​តម្លៃ​

    តម្លៃ​ គឺ​ជា​ចង្កូតដឹក​នាំ​កូន​យើង​ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​ត្រឹម​ត្រូវ​។ ត្រូវ​គិត​ពីអ្វី​មាន​តម្លៃ​បំផុត​យើង​ចង់​បាន​ពី​កូន​ នៅ​ពេល​យើង​ដឹង​ថា​តម្លៃ​ទាំង​នោះ​ជា​អ្វី ក៏​ជា​ឱកាស​បង្រៀន​កូន​ឲ្យ​យល់​ពីតម្លៃ​អស់​ទាំងនោះ​បាន​ ពិសេស​តម្លៃ​នៃ​ការ​និយាយ​ស្តី​ ភាព​អំណត់​ តម្លៃ​នៃ​ចិត្ត​ត្រជាក់បើ​ទោះ​ស្ថិត​​ក្នុង​ស្ថាន​ភាព​លំបាក​ តម្លៃ​ខ្លួន​ឯង តម្លៃ​ទទួលបាន​ពេល​គេ​ចេះ​ឲ្យ​តម្លៃ​ទៅ​អ្នក​ដទៃ​ជាដើម។​

    ៨- ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់​សម្រេចបញ្ហា​បន្ទាន់

    ត្រូវ​ចេះ​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​ កុំ​ស្លន់​ស្លោរ​បើ​ទោះ​ជា​ជួប​ប្រទះ​រឿង​អាសន្ន​មិន​បាន​ព្រៀង​ទុកក៏ដោយ ដូច​ជា​បញ្ហា​មាន​របួស ប្រអប់​ដាក់​ថ្នាំ​សង្គ្រោះ​បឋម​ និង​ថង់​សម្រាប់​ដាក់​ថ្នាំ ត្រូវ​តែត្រៀម​ក្នុង​ផ្ទះ​ឲ្យ​បាន​រួច​រាល់​។​ ព្រោះ​ពាក្យ​ថា​ អ្នក​ម្តាយ គឺសំដៅ​ទៅ​លើ​មនុស្ស​ម្នាក់ ហ៊ានពលី បំពេញ​កិច្ច​ការ​ងារ​ជាច្រើន ដើម្បី​ជា​ប្រយោជន៍​សម្រាប់​គ្រួសារ ក៏​ជា​មនុស្ស​ដ៏​អស្ចារ្យ និង​មាន​តម្លៃ​បំផុត​ក្នុង​​គ្រួសារដែរ។ តែ​ត្រូវ​ចាំ​ទុក​ថា ​មានជីវិត​មិន​មែន​​ត្រូវ​រាប់​រង​ភារកិច្ច​ធ្ងន់ធ្ងរ និង​យូរអង្វែង​នោះទេ យើង​ត្រូវ​ចេញ​យក​ចិត្ត​ទុក​ដាក់ និង​ថ្លឹង​ថ្លែង​ឲ្យ​បាន​ត្រឹម​ត្រូវ ​ចំពោះ​អ្វី​សំខាន់​បំផុត​ សម្រាប់​យើង​ និង​គ្រួសារ ទើប​ជីវិត​មាន​សេចក្តី​សុខ​។​

    ក្នុង​ករណី​មាន​សំណួរ​ ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក​ ​ជម្រើស​ល្អ​បំផុត​ ​សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។​ ​Hell​o​ ​Health​ Group​ មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ការ​ព្យា​បាល​ជូន​ទេ​៕​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Meng Vatana · កែ Jul 18, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម