backup og meta

ពពោះ​ ៣ ខែដំបូង បើ​តម​ផ្តេស​ផ្តាស ប្រយ័ត្ន​ប៉ះពាល់​កូនក្នុង​ផ្ទៃ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 09, 2019

    ពពោះ​ ៣ ខែដំបូង បើ​តម​ផ្តេស​ផ្តាស ប្រយ័ត្ន​ប៉ះពាល់​កូនក្នុង​ផ្ទៃ

    អំឡុង​ពេល​ពពោះ​នៅ​ត្រី​មាស​ទី ១ អាច​ជា​ពេល​វេលា​ពិបាក​បំផុត​សម្រាប់​ស្រីៗ ព្រោះ​ជា​អំឡុង​ពេល​ចាញ់​គភ៌​ខ្លាំង​បំផុត​កើត​លើ​គ្នា​យើង​ភាគ​ច្រើន ខ្លះ​ធ្វើ​ឲ្យ​បាយ​មិន​នឹក ទឹក​មិន​ស្រេក ហើយ​បើ​ភ្នែក​ភ្លាម​រក​តែ​ក្អួត ស្រប​ពេល​មួយ​ចំនួន​តូច បែរ​ជា​ញ៉ាំ​បាន​នោះ​បាន ឡើង​គីឡូ​ស្រឺតៗ​ម៉ង ហើយ​ខ្លះ​ទៀត ញ៉ាំ​បាន បែរ​ជា​ខំ​តម​ខ្លាច​នេះ​ខ្លាច​នោះ។ “Hello គ្រូពេទ្យ’ ពេល​នេះ នឹង​បញ្ជាក់​លម្អិត​ពាក់​ព័ន្ធ​របប​អាហារ និង​ការតម​អាហារ​អំឡុង​ពេលពពោះ​ ៣ ខែ​ដំបូង។

    យោង​តាម​ការ​សិក្សា​មួយ​ចំនួន​របស់​សាកល​វិទ្យាល័យ កូឡុំបៀ រក​ឃើញ​ថា ស្រីៗ​មាន​ផ្ទៃ​ពោះ​ដែល​តម​អាហារ ពេល​កូន​កើត​មក​មាន​រូប​រាង​តូច​ល្អិត ឬ​កើត​មក​មាន​ទម្ងន់​តិច​ជាង​ធម្មតា។ អូនៗ​តូច​ល្អិត​នឹង​ប្រឈម​ផល​វិបាក​ នៅ​ពេល​ធំ​ឡើង ពិសេស​ការ​រៀន​សូត្រ​តែ​ម្តង។ ហេតុ​នេះ តម​អាហារ​អំឡុង​ពេល​ត្រី​មាស​ដំបូង មិន​ត្រូវ​បាន​គ្រូពេទ្យ​ណែនាំ​ឲ្យ​ធ្វើ​នោះ​ឡើយ។

    ១- តម្រូវ​ការ​អាហារូបត្ថម្ភ​អំឡុង​ពេល​ពពោះ​ដំបូង

    អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យាល័យ កូឡុំបៀ រក​ឃើញ​ថា នៅ​ពេល​ស្រីៗ​មាន​ផ្ទៃ​ពោះ ​តម​អាហារ ជា​ធម្មតា​កូន​កើត​មក​មិន​គ្រប់​គីឡូ។ ម៉ាក់ៗ​តម​អាហារ​កាន់​តែ​យូរ ធ្វើ​ឲ្យ​ទម្ងន់​អូនៗ​កាន់​តែ​តិច អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​អូនៗ​ទៀត​ផង។

    នៅ​ត្រី​មាស​ទី១ ពោល​ចាប់​ពីសប្តាហ៍ ១-១២ ស្រីៗ​មាន​គភ៌ នឹង​មាន​រោគ​សញ្ញា​មិន​ស្រួល​ខ្លួន​មួយ​ចំនួន ពិសេស​អាការៈ​ចាញ់​កូន ដូច​ជា ចង្អោរ ក្អួត ខ្សោយ វិល​មុខ ដោយ​សារ​តែ​បម្រែ​បម្រួល​អ័រ​ម៉ូន តម្រូវ​ឲ្យ​​យើង​ត្រូវ​សម្រប​ខ្លួន​ឲ្យបាន។ អាការៈ​ក្អួត ឬ​ចង្អោរ​ខ្លាំង នៅ​ត្រី​មាស​ដំបូង អាច​នាំ​ម៉ាក់ៗ​ខ្សោះ​ជាតិ​ទឹក ហេតុនេះ​ការ​ទទួល​បាន​សារ​ធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ គឺ​ចាំបាច់​បំផុត​សម្រាប់​ការ​លូត​លាស់​របស់​គភ៌​ក្នុង​ផ្ទៃ និង​ការ​ចាប់​ផ្តើម​ប្រែ​ប្រួល​លើ​រូប​រាង​ម៉ាក់ៗ​ផ្ទាល់។ តម​អាហារ អាច​នាំ​ឲ្យ​មាន​​ខ្សោះ​ជាតិ​ទឹក និង​កង្វះ​ជីវជាតិ​ក្នុង​រាង​កាយ។

    ២ – ពិគ្រោះ​ជាមួយ​ពេទ្យ​មុន​សម្រេច​ចិត្តតម​អាហារ

    តម្រូវ​ការអាហា​រូបត្ថម្ភសម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ គឺ​ខុសៗ​គ្នា ហើយ​មុន​តម​អាហារ យើង​ត្រូវ​ពិនិត្យ​ជា​មួយ​គ្រូពេទ្យ​ពី​ស្ថាន​ភាព​សុខ​ភាព​ទាំង​ម៉ាក់ និង​គភ៌​ក្នុង​ផ្ទៃ​ជា​មុន ថា​តើ​ខ្លួន​យើង​អាច​តម​បាន​អត់? ព្រោះ​ការ​តម​អាហារ គឺ​អាស្រ័យ​ទៅ​តាម​ស្ថាន​ភាព​សុខ​ភាពយើង និង​កូន​ផ្ទាល់។

    ពេល​ពេទ្យ​អនុញ្ញាត​ឲ្យ​យើង​តម​អាហារ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​អាហារូបត្ថម្ភ​យើង​ញ៉ាំ និង​អាហារ​ណា​ជួយ​យើង​មាន​សុខភាព​ល្អ។ ឯក​សារ​ខ្លះ លើក​ឡើង​ថា វិធី​តម​អាហារ​មាន​សុវត្ថិភាព​បំផុត គឺ​នៅ​ពេល​ភគ៌មាន​អាយុ​ ៤-៧ ខែ បើ​គភ៌​អាយុ​តិច​ជាង ៤ ខែ នឹង​មាន​ហានិភ័យ​រលូត​កូន។

    នៅ​ពេល​គភ៌​អាយុ​ច្រើន​ជាង ៧ ខែ ម៉ាក់​តែង​មាន​អារម្មណ៍​អស់​កម្លាំង និង​ត្រូវ​ការ​អាហារ​ច្រើន។ កង្វះ​សារ​ធាតុ​រាវ ឬ​ខ្វះ​ជាតិ​ទឹក អាច​បណ្តាល​ឲ្យ​ស្បូន​កន្ត្រាក់ ដូច្នេះ​បើ​យើង​តម​អាហារ​ក្នុង​អំឡុង​ពេល​ពពោះ បើ​មាន​អារម្មណ៍​ថា​កន្ត្រាក់​ស្បូន ឬ​ខ្សោះ​ជាតិ​ទឹក គួរ​ឈប់​តម​ភ្លាម ហើយ​ឆាប់​ទៅ​ជួប​គ្រូពេទ្យ។

    តមអាហារ​ពេលពពោះ Hello គ្រូពេទ្

    អត្ថបទ​ពាក់ព័ន្ធ៖

  • ខែ​ក្តៅ​ខ្លាំងបែប​នេះ បើពពោះ កុំឲ្យខ្វះជាតិទឹកឲ្យសោះ ព្រោះ​ប៉ះពាល់គភ៌
  • ទម្ងន់​​ស្តង់ដារកូន​ ២ គីឡូ​កន្លះ ចុះបើ​ភ្លោះ​ត្រូវ​​គុណទ្វេដង​មែន?
  • ៣- វិធី​សាស្ត្រ​តម​អាហារ​ពេល​ពពោះ​នៅ​ត្រី​មាស​ដំបូង

    – ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​តម្រូវ​ការ​អាហា​រូបត្ថម្ភ ហើយ​រាល់​អាហារ​ញ៉ាំ​ទាំង​អស់​អំឡុង​ពេល​កំពុង​តម ត្រូវ​មាន​កាបូអ៊ីដ្រាត ៥០% ប្រូតេអ៊ីន ២៥% ខ្លាញ់​ល្អ ១០-១៥ ភាគរយ ក៏​ដូច​ជា​វីតាមីន និង​សារ​ធាតុ​រ៉ែ។

    – យក​ចិត្ត​ទុក​ដាក់​លើ​ការ​ឡើង​ទម្ងន់ អំឡុង​ពេល​តម​អាហារ និង​ត្រូវ​រក្សា​ទម្ងន់ ក៏​ដូច​ជា​ពិគ្រោះ​ជាមួយ​ពេទ្យ​តាម​កាល​ណាត់។

    – ត្រួត​ពិនិត្យ​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ឲ្យ​ដឹង​ថា តើ​គភ៌​រអាច​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​អាហា​រូបត្ថម្ភ​យើង​កំពុង​តម​អំឡុង​ពេល​ពពោះ​បាន ឬ​យ៉ាង​ណា។

    – សម្រាក​ឲ្យ​បាន​ច្រើន កុំ​ឲ្យ​តាន​តឹង​អារម្មណ៍​ពេក ព្រោះ​ស្ត្រេស​អាច​បង្ក​បញ្ហា​ដល់​សុខ​ភាព​យើង។

    – ឈប់​តម​ភ្លាម បើ​សុខ​ភាព​យើង​លេច​ចេញរោគ​សញ្ញា​មិន​ល្អ ដូច​ជា ចង្អោរ វិល​មុខ អស់​កម្លាំង​ខ្លាំង និង​រោគ​សញ្ញា​ផ្សេង​ទៀត។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 09, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម