មានផ្ទៃពោះមិនលូតលាស់ជាគភ៌ បែរជាកូនពង មកពីអ្វី?

ដោយ ត្រួតពិនិត្យដោយ Chan Sineth

កូន​ពង មាន​បញ្ហា​អាការៈ​ដូច​មាន​ផ្ទៃពោះដែរ ប៉ុន្តែ​មេជីវិតឈ្មោល​ដែល​ទៅ​ជួបមេជី​វិត​ញី មិន​អាច​លូតលាស់ជា​គភ៌​បានទេ គឺអាច​កជាដុំ​សាច់ ឬពងទឹក​ប៉ុណ្ណោះ។ “Hello គ្រូពេទ្យ” នឹង​លម្អិត​​ពី​បញ្ហា​នេះ ដើម្បី​ឲ្យ​ស្រីៗ​យើងបាន​យល់​ និង​ប្រុង​ប្រយ័ត្នឲ្យ​បាន​ច្រើន។

១- អ្វីជាកូនពង?

កូន​ពង​ (Molar Pregnancy) គឺ​ជា​ដុំ​សាច់​ស្លូត​ដែល​លូត​លាស់​នៅ​ក្នុង​ស្បូន ត្រូវ​គេ​ស្គាល់​​ថា​ជា Hydatidiform Mole។ កូន​ពង​ កើត​ឡើង​នៅ​ពេល​មេ​ជីវិតឈ្មោះ​បាន​ទៅ​ជួប​មេជីវិតញី និងលូត​លាស់ជា​ដុំ​សាច់ ឬពងទឹកមួយ ឬច្រើន ប៉ុន្តែ​មិន​អាច​លូតលាស់ទៅ​ជា​គភ៌​បាន ហើយ​ប្រែ​ទៅ​ជា​ដុំ​គីស​​មិន​ប្រក្រតី។

កូន​ពង​ពេញ​លេញ (Complete Molar pregnancy) មិន​មាន​ចេញ​សញ្ញា​បង្ហាញ​ពី​អំប្រ៊ីយ៉ុង ឬ​សុក​ទេ ឯ​កូន​ពង​មិន​ពេញ​លេញ (Partial Molar pregnancy) គឺ​មាន​អំប្រ៊ីយ៉ុង​ តែមិន​គ្រប់​លក្ខណៈ ហើយ​អំប្រ៊ីយ៉ុងនោះ​ ក៏​មិន​អាច​នៅ​រស់​ក្នុង​ស្បូន​បាន​ដែរ។

២- ធ្វើម៉េច​ទើប​ដឹង​ថា​មានកូន​ពង?

ដំណាក់​កាល​​ដំបូង កូន​ពង ធ្វើ​​ឲ្យ​យើង​​មាន​អារម្មណ៍ដូចមាន​ផ្ទៃ​ពោះ​ធម្មតា​អ៊ីចឹង ប៉ុន្តែ​វា​នឹង​មាន​រោគ​សញ្ញា​ខ្លះទៀត ខុស​ពី​ការ​ពពោះ​ធម្មតា​ ដូច​ជា៖

– ហូរ​ឈាម​ពណ៌​ក្រហម ឬ​ត្នោត​ចាស់នៅ​ទ្វារមាស ​អំឡុង​ពេល​ត្រីមាស​ទី​១
– ករណី​ខ្លះ នៅ​រន្ធ​ទ្វារ​មាស មាន​ចេញ​ជា​ដុំ​គីស​ជាប់ៗ​គ្នា (Grape-like cysts)
– ចង្អោរ ​និង​ក្អួតធ្ងន់ធ្ងរ
– កម្រ​មាន​សម្ពាធ ​ឬ​ឈឺលើ​អាង​ត្រគាក

សញ្ញា​ធំ​ៗ​ផ្សេង​ទៀត​របស់​កូន​ពង៖

– ស្បូន​រីក​ធំ​លឿន
– សម្ពាធ​ឈាម​ខ្ពស់
– បម្រុងក្រឡា​ភ្លើង
– ដុំគីស​នៅ​ក្រពេញ​អូវែ
-​ ស្លេក​ស្លាំង
– ក្រពេញ​ទីរ៉ូអ៊ីត​សកម្ម​ខ្លាំង

៣- មូល​ហេតុកើតមាន​កូន​ពង

អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា បញ្ហា​កូន​ពង​ ​បណ្ដាល​មក​ពី​ការ​ខូច​មុខ​ងារសេនេទិកមេជីវិត​ញី ឬ​មេ​ជីវិត​ឈ្មោល។ កូន​ពងពេញ​លេញ  កើត​ឡើង​នៅ​ពេលមេ​ជីវិត​ញីខូចមុខងារសេនេទិក លូត​លាស់​ដោយ​ពឹង​ផ្អែក​លើ​មេ​ជីវិត​ឈ្មោល ប៉ុន្តែមិនវិវត្តទៅ​ជា​គភ៌ បែរ​ជា​វិវត្តទៅ​ជា​ដុំ​ជាលិកា​ពេញ​នៅ​ក្នុង​ស្បូន​ទៅ​វិញ។

ឯ​កូន​ពង​ មិន​ពេញ​លេញ​វិញ កើត​ឡើង​នៅ​ពេល​មេជីវិត​ញីមួយ​រីក​លូត​លាស់​ដោយសារ​មេ​ជីវិត​ឈ្មោល​ដល់​ទៅពីរ សុក​ក្លាយ​ទៅ​ដុំ​លូត​លាស់​មួយ​ធំ ហើយ​ជាលិកា​ទារក​កកើត​ឡើង មាន​ការ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ។

៤- កត្តាហានិភ័យ​នាំ​ឲ្យ​មាន​កូន​ពង

– អាយុចាប់​ពី ៣៥​ ឆ្នាំ​ឡើង មានហានិភ័យ​នាំ​ឲ្យ​មាន​កូន​ពង​កាន់​តែ​ខ្ពស់
– ប្រវត្តិ​ធ្លាប់​មាន​កូនពង​ពីមុន
– ប្រវត្តិ​ធ្លាប់​រលូត​កូន​
– របប​អាហារ​មាន​កម្រិតអាស៊ីដ​ហ្វូលិក ឬ​ការ៉ូទែន (Carotene) ទាប។

អត្ថបទ​ពាក់​ព័ន្ធ៖

៥- វិធី​ព្យាបាល​បញ្ហា​កូន​ពង

ដោយ​សារ​ដុំ​ជាលិកា​ពងមិន​អាច​លូតលាស់​ជា​គភ៌បាន ហេតុនេះ​យើង​ត្រូវ​តែ​យក​វា​ចេញ ដើម្បី​សុវត្ថិភាព ខណៈ​ជម្រើសព្យាបាល​មាន​ដូច​ជា៖

– វីធីបូម និងកោស​សម្អាត​ស្បូន (Dilation & curettage)៖ ​នេះជា​វិធី​មួយ​ដែលគ្រូពេទ្យ​ប្រើដើម្បី​យក​ដុំ​សាច់​ជាលិកា​នោះ​ចេញ។ អំឡុង​ពេលបូម និងកោស​ស្បូន​សម្អាត​ជាលិកា​មិន​ប្រក្រតី គ្រូពេទ្យ​នឹងឲ្យ​យើង​ប្រើ​ថ្នាំស្ពឹក​នៅ​នឹង​កន្លែង ឬ​ថ្នាំ​សណ្ដំ ហើយ​ដេក​ផ្ងារ​ដោយ​លើក​ជើង​ឡើង​។ ដូច​ការ​ពិនិត្យ​ត្រគាក​ដែរ គ្រូពេទ្យ​នឹង​ដាក់​ឧបករណ៍​ស្ពេកូឡូម (ចំពុះ​ទា) ចូល​ក្នុង​ទ្វារ​មាស​ ហើយបន្ទាប់​ពី​ស្បូន​​រីក គ្រូពេទ្យ​នឹង​យក​សាច់​នោះ​ចេញ​ដោយ​ប្រើ​ឧបករណ៍​បូម​ម៉្យាង។ ជា​ទូទៅ ត្រូវ​​ចំណាយ​ពេល​ប្រហែល​ពី ១៥​-៣០ នាទី។

– វិធី​វះ​កាត់​ស្បូនចេញ (Hysterectomy)៖ ក្នុងករណី​ធ្ងន់​ធ្ងរ ​បើ​ជាលិកា​ពង​រីក​ធំ​ពេក ហើយ​យើង​ក៏​សម្រេច​ឈប់យក​​កូន​ទៅ​ថ្ងៃ​ក្រោយ គ្រូពេទ្យ​អាច​​ណែនាំ​ឲ្យ​​វះ​កាត់​យក​ស្បូន​​ចេញ ដើម្បី​ការ​ពារ​កុំ​ឲ្យ​ជាលិកា​មិន​ប្រក្រតីវិវត្ត​ទៅ​ជា​ជំងឺ​មហារីកបាន។

បន្ទាប់​យក​ដុំ​សាច់ចេញ​រួច គ្រូពេទ្យ​នឹង​តាម​ដាន​អ័រម៉ូន HCG (Human chorionic gonadotropin) រហូត​ទាល់​តែ​ត្រលប់​មក​កម្រិត​ធម្មតា​វិញ។ ​បើយើង​​នៅ​តែ​បន្ត​មាន​អ័រម៉ូន HCG ក្នុង​ឈាម ​នឹង​ត្រូវ​​ព្យាបាល​បន្ថែម​ទៀត ដើម្បី​ប្រាកដ​ថា ​មិន​មាន​សល់​ជាលិកា​ពង​នោះ​នៅ​ក្នុង​ស្បូន​ ហើយ​ពេទ្យ​អាច​តាម​ដាន​កម្រិត​អ័រម៉ូន​នេះ​ ចាប់​ពី ​៦-១២ ខែ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​មិថុនា 14, 2019 | កែសម្រួលចុងក្រោយ ខែ​មិថុនា 14, 2019

អ្នកអាចចូលចិត្ត