−បង្កដោយសុក៖ ការដាច់ទងសុក ការដាច់សុកចេញពីជញ្ជាំងស្បូន ការដាច់ភ្នាសសុកមុនសម្រាល ការដាច់សរសៃឈាមទៅចិញ្ចឹមទារក ការហូរឈាមពីទារកទៅម្ដាយ ឬការបញ្ជូនសារធាតុចិញ្ចឹមពីសុកទៅទារកមិនគ្រប់គ្រាន់។
តោះឥឡូវ ទៅបន្ដតាមដាន និងស្វែងយល់កាន់តែលម្អិត ពីមូលហេតុនៃការបាត់បង់កូន ឬកូនមិននៅ ទាំង ២ផ្នែក (ការរលូតកូនដោយអចេតនា និង ការស្លាប់ក្នុងផ្ទៃ) ដែលបានបញ្ជាក់ខាងដើម។
១- រលូតដោយអចេតនា៖ អចេតនា មានន័យថា មិនដឹង ឬមិនបានតាំងចិត្ត។ ចំពោះរលូត ដោយអចេតនា ចង់សំដៅលើស្ត្រីជាម្ដាយ មិនដឹងថាកូនធ្លាក់ ឬកូនស្លាប់ (ព្រោះនៅសុខៗអត់នៅ)។ ភាគច្រើននៃការបាត់បង់កូន ក្នុងករណីនេះ ច្រើនតែកើតឡើងនៅចន្លោះត្រីមាសទីមួយ ឬ ទីពីរ អំឡុងពពោះ។
រោគសញ្ញា៖ ទោះជាបាត់បង់កូនក៏ដោយ តែស្រ្ដីជាម្ដាយមិនមានរោគសញ្ញាទូទៅណា ដែលបញ្ជាក់ថាកូនរលូតបាត់ហើយនោះទេ ប៉ុន្តែស្រ្ដីខ្លះអាចធ្លាក់ស (ពណ៌ត្នោត ឬ ក្រហម) ឈឺចាប់សុដន់ ក្អួតចង្អោរ ឬអស់កម្លាំង។ សញ្ញាមួយទៀតដែលធ្វើឲ្យអ្នកម្ដាយមិនចាប់អារម្មណ៍ថា កូនធ្លាក់បាត់ហើយនោះ គឺដោយសារតែសុក នៅតែបញ្ចេញអ័រម៉ូន ដែលជាសញ្ញាប្រាប់ថានៅមានផ្ទៃពោះធម្មតា។ ករណីដឹងច្បាស់ ១០០% ថាកូនក្នុងពោះ ឈប់លូតលាស់ ឬស្លាប់បាត់ហើយនោះ មានតែមើលអេកូ ដើម្បីតាមដាន និងពិនិត្យចង្វាក់បេះដូងទារកប៉ុណ្ណោះ។