ហេតុ​ផល​ប្រុសៗ​​ចូល​បន្ទប់​សម្រាល​ជា​មួយ​​ប្រពន្ធ

ដោយ ត្រួតពិនិត្យដោយ Chan Sineth.

ប្តីល្អ កំពុង​ត្រៀម​ខ្លួន​ចាំ​ធ្វើប៉ាៗ និង​ផ្តល់​កម្លាំង​ចិត្ត​ឲ្យ​ម៉ាក់ៗ​ក្នុង​ថ្ងៃ​ពិសេស (ថ្ងៃសម្រាល) ប៉ុន្តែ​ប្រុសៗ​គ្នា​យើង​ខ្លះ​ ទោះ​ជា​ចូល​ដល់​បន្ទប់​សម្រាល​ជាមួយ​ប្រពន្ធ នៅ​តែ​មិន​ដឹង​ហេតុផល​នៅ​ពី​ក្រោយ មិន​ដឹង​គួរ​ធ្វើអ្វី​អំឡុង​ពេល​នោះ។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ពី​ហេតុផល​សំខាន់​មួយ​ចំនួន ដែលប៉ាៗ​ថ្មីថ្មោង​ទាំងអស់​ត្រូវធ្វើ​ជា​ចាំបាច់។

១- ហេតុផលចាំបាច់ចូលក្នុងបន្ទប់សម្រាល

ទោះបី​ប្រុសៗ​មិន​អាច​ពពោះ ឬ​រំលែក​ការ​ឈឺចាប់​ជំនួស​ប្រពន្ធ​បាន ប៉ុន្ដែ​ជា​ប្តី​ល្អ​ត្រូវ​ដើរ​តួជា​អ្នក​មើល​ថែ នៅ​ក្បែរ​ផ្ដល់​កម្លាំង​ចិត្តឲ្យ​ប្រពន្ធ ទោះជា​ត្រូវ​ចូល​ក្នុង​បន្ទប់​សម្រាល​អូនៗ​ក៏​ដោយ។ ពេល​ចូល​បន្ទប់​សម្រាល ប្រុសៗ​គ្នា​យើង ត្រូវ​នៅ​ក្បែរ​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​ប្រពន្ធ ចាប់​ពី​ដំណាក់​កាល​ដំបូង​នៃ​ការ​កន្រ្ដាក់​សាច់ដុំ​ស្បូន រហូតដល់​ពេល​សម្រាល​តែ​ម្តង។

ពិសេស​ជាង​នេះ គឺ​មុនថ្ងៃ​សម្រាល​យើង​គួរ​តែ​សួរ​នាំ​ប្រពន្ធ ថា​តើម៉ាក់ៗ​ត្រូវការ​អ្វី​បំផុត​អំឡុង​ពេល​នោះ ព្រោះការ​យោគយល់គ្នា​ទៅវិញ​ទៅមក​នឹង​ជួយ​ឲ្យ​យើង​ស្គាល់​ពី​គ្នា​កាន់តែ​ច្បាស់ សំខាន់​ជាងនេះ​ត្រូវចេះ​ជួយ​រៀបចំ​ជូនម៉ាក់ៗ​ទៅ​មន្ទីរពេទ្យ ប្រាប់​អំពី​ស្ថានភាព​ទៅ​កាន់​ក្រុមគ្រួសារ​ទាំង​សងខាង។

២- រឿងប្រុសៗត្រូវធ្វើក្នុងបន្ទប់សម្រាល

– ដំណាក់កាល​សាច់ដុំ​ស្បូនកន្រ្ដាក់៖ កាតព្វកិច្ច​សំខាន់​បំផុត​សម្រាប់​ប្រុសៗគ្នា​យើង ប៉ុន្មាន​ម៉ោង​ដំបូងនៃ​ការកន្រ្ដាក់​ស្បូន គឺ​ត្រូវតែ​បង្វែរ​ចំណាប់អារម្មណ៍​ប្រពន្ធ​ពី​ការ​ឈឺចាប់ ដូចជា​ចាក់​ចម្រៀង​ដែល​គាត់​ចូលចិត្ត ដើរអម​ជាមួយ​ប្រពន្ធ​ក្នុង​បន្ទប់ និង​សួរនាំប្រពន្ធ តើ​ត្រូវការ​ម៉ាស្សា​ខ្នង ឬ​បាតជើង ព្រោះ​ធ្វើបែបនេះ​នាំ​ឲ្យ​ពេល​សម្រាល​ងាយស្រួល ​បើ​ស្រីៗ​មាន​បេប៊ី ត្រូវ​ធ្វើ​ចលនា​ឲ្យ​ច្រើន ប្រសើរ​ជាង​អង្គុយ​នៅ​ស្ងៀម​មួយ​កន្លែង។

– ដំណាក់កាលសកម្ម៖ ពេលការ​កន្រ្ដាក់​សាច់ស្បូន​ខ្លាំង​ឡើង និង​ជិតឈាន​ដល់​សម្រាល ប្តី​ត្រូវតែ​ឲ្យ​ប្រពន្ធ​តាំង​អារម្មណ៍ ព្រោះ​ដោយសារ​ការ​កន្រ្ដាក់​ឈឺចាប់​ខ្លាំង អាច​បណ្ដាល​ឲ្យ​ម៉ាក់ៗ​ចុះ​ចាញ់ លែងចង់​ធ្វើ​ចលនាត​ទៀត។ គួរ​ព្យាយាម​មើល​ភ្នែកប្រពន្ធ កាន់ដៃ លួងលោម និង​រាប់​រាល់​ចង្វាក់​ដង្ហើម​ចេញ​ចូល លើក​ទឹកចិត្ត​ប្រពន្ធ​ជានិច្ច។

– ដំណាក់កាលសម្រាល៖ វាជា​ដំណាក់កាល​សំខាន់​បំផុត​សម្រាប់​ទាំង​ប្រុសៗ និង​ស្រីៗ ព្រោះ​នៅពេល​ប្រពន្ធ​កំពុង​ឈឺ​ខ្លាំង ប្តីត្រូវតែ​ទប់​អារម្មណ៍​ឲ្យ​បាន​នឹងន ព្យាយាម​បន្ថយ​ការ​ភិតភ័យ​របស់​ប្រពន្ធ។ តួនាទី​សំខាន់​ពេល​នោះ ត្រូវ​គាំទ្រ​ប្រពន្ធ​ជា​ទី​ស្រលាញ់ ពេល​​ពេទ្យ​កំពុង​ព្យាយាម​រុញច្រាន​កូន​ចេញ​មក​ក្រៅ បន្ថែម​ពីនេះយើង​អាច​ថើបថ្ងាស កាន់ដៃ និង​ទ្រខ្នង​ប្រពន្ធ​ជាដើម។ ត្រូវ​ពិនិត្យ​មើល​ដំណាក់​កាល​សម្រាល ក៏​ដូចជា​នៅពេល​អាអូន​ចាប់​កំណើត​ចេញ​មក​មើល​ពិភពលោក​ខាងក្រៅ ព្រោះ​អាច​ជា​ពេលវេលា​មួយ​យើង​ចងចាំ​មួយ​ជីវិត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ចុចស៊ែរឥឡូវនេះ

ត្រួតពិនិត្យថ្ងៃទី ខែ​កុម្ភៈ 25, 2019 | កែសម្រួលចុងក្រោយ ខែ​កុម្ភៈ 25, 2019

ប្រភព
អ្នកអាចចូលចិត្ត