backup og meta

កូនឆ្លាតទៅបានដោយសារកត្តារួមផ្សំអីខ្លះ? មើលម៉េចទើបដឹងថាកូនឆ្លាត?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 25, 2020

    កូនឆ្លាតទៅបានដោយសារកត្តារួមផ្សំអីខ្លះ? មើលម៉េចទើបដឹងថាកូនឆ្លាត?

    នាម​ជា​ម៉ាក់ប៉ា​គ្មាន​អ្វី​សប្បាយ​ស្មើ​នឹង​ឃើញ​កូនៗ​មាន​សុខភាព​ល្អ ថែម​ទាំង​ឆ្លាត​វាងវៃ​នោះ​ទេ តែ​ការ​ចិញ្ចឹម​បីបាច់​កូន​ឲ្យ​បាន​ល្អ​ ដូច​គិត ដូច​ចង់​បាន​បែប​នេះ មិន​មែន​ជា​រឿង​ងាយ​ឡើយ។ តើ​កូនៗ​យើង​អាច​ឆ្លាត​ទៅ​បាន​អាស្រ័យ​លើ​កត្តា​រួមផ្សំ​អីខ្លះ? ហើយ​ធ្វើ​ម៉េច​ទើប​ដឹង​ថា​កូន​យើង​ឆ្លាត ឬ​មិន​ឆ្លាត​នោះ?

    ១. កត្តា​ជំរុញ​ឲ្យ​កូន​ឆ្លាត

    មាន​កត្តា​រួមផ្សំ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​កូន​យើង​ក្លាយ​ក្មេង​ឆ្លាត​បាន ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​សុខភាព​ម្តាយ ជាពិសេស​អំឡុង​ពេល​បង្ក​កំណើត​​ មិន​មែន​ពាក់​ព័ន្ធ​ការ​ថែទាំ ឬបំប៉ន​កូន​ក្រោយ​ពេល​កើត​តែ​មួយ​មុខ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​កុមារ បញ្ចប់​ការ​សិក្សា​ពី​បារាំង និង​កូរ៉េ។ លោក​បាន​បញ្ជាក់​ថា កត្តា​រួម​ផ្សំ​ធ្វើ​ឲ្យ​កូន​ឆ្លាត ប្រាជ្ញាវាងវៃ​​មាន៖

     – ហ្សែន៖ ពិត​ណាស់ បើ​ម៉ាក់​ប៉ា​មាន​ហ្សែន​ល្អ នោះ​កូន​កើតមក​ក៏​លូតលាស់​បាន​​ល្អ​តាម​ហ្នឹង​ដែរ។ មិន​ខុស​ទេ ករណី​កូន​ដែល​កើត​ពី​ហ្សែន​ខ្សោយ ធ្វើ​ឲ្យ​ការ​លូតលាស់​ផ្នែក​រាង​កាយ ស្មារតី ​និង​ខួរក្បាល​ក៏​យឺត​ទៅ​តាម​នោះ​ដែរ។

    – ចំណីអាហារ៖ របប​អាហារ​របស់​កូន​ដើរ​តួនាទី​សំខាន់​ណាស់​ក្នុង​ជំរុញ​ការ​លូតលាស់​ទាំង​ផ្នែក​រាងកាយ និង​ស្មារតី​របស់​ពួក​គេ បែប​នោះ​ហើយ​ម៉ាក់ប៉ា​ត្រូវ​តែ​បំប៉ន​អាហារ​កូន​ឲ្យ​គ្រប់​គ្រាន់ ចម្រុះ​មុខ និង​ឲ្យ​កូន​ញ៉ាំ​អាហារ​ណា​ដែល​មាន​ផល​ប្រយោជន៍​ចំពោះ​សុខភាព ជាពិសេស​ អាហារសម្បូរ DHA ដែល​មាន​ក្នុង​ទឹកដោះគោ។ ចំពោះ​កូន​ដែល​កើត​មក​ខ្វះ​ការ​លូតលាស់​អ័រម៉ូន ឬ​ខ្វះ​អាហារូបត្ថម្ភ ពិសេស​ពពួក​ជីវជាតិ​ដែល​ជួយ​ដល់​ប្រព័ន្ធ​ការពារ​រាង​កាយ និង​ខួរក្បាល​ទៀត​នោះ សុខភាព​កូន​ងាក​ឈឺៗ ខ្សោយ​បញ្ញា​ស្មារតី ការ​លូតលាស់​មិន​ប្រក្រតី ឬ​កម្ពស់​ទាប ជាដើម។

    – សកម្មភាព​រាង​កាយ និង​ខួរ​ក្បាល៖ ការ​ធ្វើ​សកម្មភាព​រាង​កាយ និង​ខួរ​ក្បាល​របស់​ក្មេង ក៏​ជា​ចំណែក​ដ៏​សំខាន់​ជួយ​ដល់​ការ​វិវត្ត​ខួរក្បាល​កូន​ដែរ។ ការ​ហ្វឹក​ហាត់​សកម្មភាព​រាង​កាយ​របស់​ក្មេង មាន​ដូច​ជា ការ​ហាត់​ប្រាណ លេង​កីឡា ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ​ទៀត ចៀស​វាង​ឲ្យ​កូន​រស់នៅ​ក្នុង​បរិយាកាស​អាប់អួ ឬ​ស្មោកគ្រោក មិន​ស្អាត។ ចំណែក​សកម្មភាព​ខួរ​ក្បាល​វិញ យើង​ត្រូវ​និយាយ​លេង ឬ​សួរ​នាំ​កូន​ឲ្យ​ច្រើន និង​ត្រូវ​ជំរុញ​ឲ្យ​កូន​ប្រើ​ខួរក្បាល​ទាំង​ខាង​ឆ្វេង និង​ខាង​ស្តាំ។

    ២. មើល​ម៉េច​ទើប​ដឹង​ថា​កូន​ឆ្លាត?

    យើង​អាច​សម្គាល់​ថា កូន​យើង​ជា​ក្មេង​ឆ្លាត ឬ​មិន​ឆ្លាត​បាន ដោយ​​សង្កេត​មើល​របៀប​នៃ​ការ​និយាយ​ស្តី​របស់​កូន និង​ការ​ឆ្លើយ​តប​របស់​កូន​មក​យើង​វិញ។ លោក Christopher Lee ស្ថានិក​អង្គការ HEDC អន្តរជាតិ ថា ​ក្មេងឆ្លាត​ ជា​ក្មេង​ដែល​ពូកែ​សួរ​នាំ និយាយ​ច្រើន ប្រៀប​បាន​នឹង​ទស្សនវិទូ។ លោក​​បាន​លើក​ឡើង​ថា ឪពុកម្តាយ​ភាគ​ច្រើន​និយាយ​ច្រើន​ជ្រុល មិន​​ទុក​ឱកាស​ឲ្យ​កូន​និយាយ​ច្រើន​ទេ នេះ​ជា​កំហុស​ឆ្គង​ធំ​មួយ។

    “បើ​និយាយ​យើង​ជា​ឪពុក​ម្តាយ​និយាយ​ច្រើន កូន​យើង​នឹង​ឈប់​និយាយ ផ្ទុយ​ទៅ​វិញ បើ​យើង​ព្យាយាម​​ស្តាប់​កូនៗ​និយាយ ដូចជា​ពេល​គេ​ត្រលប់​មក​ពី​សាលា​វិញ យើង​សួរ​នាំកូន​នូវ​​សំណួរ​ណា​មួយ ឲ្យ​គេ​ស្តាប់ រួច​ឆ្លើយ នោះ​គេ​នឹង​ក្លាយ​ទៅ​ជា​ក្មេង​និយាយ​ច្រើន ហើយ​ឆ្លាត​វាង​វៃ”

    លោក​Christopher Lee បាន​បន្ត​ថា តួនាទី​របស់​ម៉ាក់​ប៉ា​ត្រូវ​ស្តាប់​កូន​ឲ្យ​ច្រើន ហើយ​បំផុស​នូវ​សេចក្តី​ក្លាហាន ដោយ​ឲ្យ​គេ​និយាយ​ឲ្យ​បាន​ច្រើន ដោយ​សួរ​នូវ​សំណួរ​វិញ។ ទោះ​បី​ជា​ពេល​ខ្លះ​ចម្លើយ​យើង​ដឹង​ហើយ​ក៏​ដោយ ក៏​យើង​នៅ​តែ​សួរ​កូន​នូវ​សំណួរ​ដដែល​នេះ ដើម្បី​ឲ្យ​ខួរក្បាល​កូន​វិវត្ត​ទៅ​មុខ​ជានិច្ច។

    ចង់​បាន​ចំណេះដឹង វិធីសាស្ត្រ និង​គន្លឹះ​ផ្សេងៗ​អំពី​អាហារូបត្ថម្ភ ការ​ចិញ្ចឹម​បីបាច់​កូន​ឲ្យ​លូតលាស់ល្អ ចាប់​ពី​ពេល​ពពោះ រហូត​ដល់​កូន​អាយុ​ ៥ឆ្នាំ។ កុំ​ភ្លេច​ចុះ​ឈ្មោះ​ជាមួយ​កូន​ឆ្លាត​ក្លឹប!

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ May 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម