backup og meta

ជួបអាការៈឈឺចាប់សាច់ដុំក្រោយហាត់ប្រាណ សាកតិចនិកនេះអាចដោះស្រាយ​បាន​

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 11, 2020

    ជួបអាការៈឈឺចាប់សាច់ដុំក្រោយហាត់ប្រាណ សាកតិចនិកនេះអាចដោះស្រាយ​បាន​

    ក្រោយ​ពី​ហាត់ប្រាណ​រួច គ្នាយើង​ភាគច្រើន​តែង​មាន​អាការៈ​ឈឺសាច់ដុំ។ ការ​ឈឺ​សាច់ដុំ​ក្រោយ​ហាត់ប្រាណ​បណ្ដាល​មក​ពី​ការ​ខូចខាត​នៃ​ជាលិកា​សាច់ដុំ។ នៅ​ពេល​សាច់ដុំ​មាន​ការខូចខាត ឬ​រហែក​តិច​តួច រាងកាយ​យើង​នឹង​ចាប់ផ្ដើម​ជួសជុល​ដោយ​ភ្ញោច​ការ​រលាក​នៅ​កន្លែង​របួស​នោះ​។ ជាទូទៅ​ការឈឺចាប់​នេះ​កើត​ឡើង​ក្រោយពី​ហាត់ប្រាណ​១២​ទៅ​២៤​ម៉ោង។ នៅ​ពេល​មាន​ការ​ឈឺចាប់​សាច់ដុំ​នេះ​គ្នាយើង​អាច​អនុវត្ត​វិធី​ងាយៗ​ខាងក្រោម​ដើម្បី​បន្ថយ​ការ​ឈឺចាប់​នេះ។

    . ផឹក​ទឹក​អំឡុងពេល​ហាត់​ និង​ក្រោយ​ពេល​ហាត់

    ការ​រក្សា​ជាតិទឹក​គឺ​សំខាន់​សម្រាប់​សាច់ដុំ​ក្នុង​ការ​ជា​សះស្បើយ​ឡើង​វិញ។ ទឹក​អាច​រក្សា​សារធាតុ​រាវ​ឲ្យ​ផ្លាស់ទី​ក្នុង​រាងកាយ​ដែល​​ជួយ​បន្ថយ​ការ​រលាក បញ្ចេញ​កាកសំណល់ និង​ជញ្ជូន​សារធាតុចិញ្ចឹម​ឲ្យ​សាច់ដុំ។ 

    . ក្រោយ​ពី​ហាត់ប្រាណ​ប្រើ​កម្លាំង​ខ្លាំង​គួរ​ញ៉ាំ​អាហារ​ក្នុង​រយៈពេល​៣០នាទីបន្ទាប់

    នៅ​ពេល​យើង​ញ៉ាំ​អាហារ សាច់ដុំ​នឹង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ដែល​ត្រូវការ​ក្នុង​ការ​ជួសជុល និង​ត្រលប់​មក​ដូច​ដើមវិញ យើង​ក៏​អាច​ពន្លឿន​ដំណើរការ​នៃ​ការ​ជា​សះស្បើយ​ដែរ។ អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​យើង​ញ៉ាំ​ប្រូតេអ៊ីន និងកាបូអ៊ីដ្រាត ២០ទៅ៤០ក្រាម ក្នុង​រយៈពេល​៣០នាទី​ក្រោយ​ពី​ហាត់ប្រាណ​ ដោយ​សារ​ពេល​ហាត់ប្រាណយើង​បានប្រើ​កម្លាំង​ច្រើន ឬ​មាន​រយៈពេល​យូរ​។ អាហារសម្រន់​ដែល​ល្អ​​គឺ យ៉ាអួ Greek ជាមួយ​នឹង​ផ្លែ​បឺរី និង​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ។

    ប្រូតេអ៊ីន​គឺ​សំខាន់​ក្នុង​ការ​ផ្ដល់​អាស៊ីដអាមីណូ​ដែល​ត្រូវការ​ដើម្បី​បង្កើត​សាច់ដុំ​ឡើង​វិញ ខណៈ​កាបូអ៊ីដ្រាត​មាន​តួនាទី​បំពេញ​ថាមពល​ដែល​សាច់ដុំ​ប្រើ​ពេល​ហាត់ប្រាណ។ ម៉្យាងទៀត ពពួក​ផ្លែឈើ និង​បន្លែ​អាច​ផ្តល់​ជាតិរ៉ែ និងវីតាមីន​ដូចជា​ស័ង្កសី និង​វីតាមីន C ដែល​ជួយ​ដល់​ការ​ឆាប់ជាសះស្បើយ។

    . ការ​គេង

    ការ​គេង​ក៏​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​ជាសះស្បើយ​ក្រោយ​ពី​ហាត់ប្រាណ​ដែរ​ព្រោះ​ការគេង​អាច​បង្កើន​ការ​ផលិត​ប្រូតេអ៊ីន​ដែល​ត្រូវការ​ក្នុង​ការ​ជួសជុល​សាច់ដុំ​ខូចខាត។ ដូចនេះ​យក​ល្អ​គួរ​គេង​ឲ្យ​បាន​យ៉ាង​តិច​៧ម៉ោង​ក្នុង​មួយ​ថ្ងៃ​។

    . ហាត់ប្រាណ​ស្រាលៗ

    ការ​ឈឺសាច់ដុំ​គឺ​ត្រូវការ​ការ​សម្រាក ប៉ុន្តែ​នេះ​មិនមាន​ន័យ​ថា​យើង​ត្រូវ​ឈប់​ហាត់ប្រាណ​នៅ​ថ្ងៃ​បន្ទាប់​ទៀតនោះទេ​។ ដូចនេះ​ នៅ​ថ្ងៃ​បន្ទាប់​យើង​អាច​ហាត់​លំហាត់ប្រាណ​ស្រាល​ៗ​ដូចជា​យ៉ូហ្គា ការ​ដើរ ហែលទឹក ឬ​ជិះកង់​ជាដើម។ ចំណុច​សំខាន់​គឺ​ចៀសវាង​​ហាត់​លំហាត់ប្រាណ​ដែល​ប្រើសាច់ដុំ​ដដែល​នៅ​ថ្ងៃ​បន្ទាប់។

    . ចៀសវាង​ប្រើ​ថ្នាំ​បំបាត់ការឈឺចាប់

    អ្នកជំនាញ​បាន​ព្រមាន​ថា​ការ​ផឹក​ថ្នាំ​បំបាត់ការឈឺចាប់​អាច​នឹង​ប៉ះពាល់​ដល់​ដំណើរការ​បង្កើត​សាច់ដុំ​ឡើង​វិញ។ ទោះបី​ថ្នាំ​នេះ​អាច​បន្ថយ​ការ​ឈឺចាប់​បាន​ ប៉ុន្តែ​អាច​រារាំង​សាច់ដុំ​មិនឲ្យ​​លូតលាស់​ធំ និង​រឹងមាំ​វិញ​ដែរ។

    . ប្រើ​កម្ដៅ

    យើង​អាច​ប្រើ​កម្ដៅ​ដើម្បី​បន្ថយ​ការ​ឈឺ​សាច់ដុំ​នេះ​ភ្លាមៗ​ក្រោយ​ពី​ហាត់ប្រាណ។ ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​កម្តៅ​អាច​សម្រាល​ការ​ឈឺចាប់។ យើង​អាច​ប្រើ​កន្សែង​សើម​ជ្រលក់​ទឹកក្ដៅ​ឧណ្ហៗ បន្ទះកម្ដៅ និង​ងូតទឹកក្ដៅ។

    . ប្រើ​ទឹកកក

    ការ​ប្រើ​ទឹកកក​គឺ​អាច​បន្ថយ​ការឈឺចាប់​នៃ​សាច់ដុំ និង​សន្លាក់​ដោយ​បន្ថយ​អាការៈ​ហើម និង​សកម្មភាព​ប្រព័ន្ធ​សរសៃ​ប្រសាទ។ ក្រោយ​ពី​ប្រើ​កម្ដៅ យើង​អាច​ប្តូរ​មក​ប្រើ​ទឹកកក​វិញ។ គួរ​ចងចាំ​ដែរ​ថា​មិន​ត្រូវ​ស្អំ​ទឹកកក​លើ​ស្បែក​ដោយ​ផ្ទាល់​ទេ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម