backup og meta

ផឹក​​កាហ្វេ​​រាល់​​ថ្ងៃ មាន​​​ដឹ​ងអត់ ញ៉ាំ​​​ប៉ុន្មាន​​​ទើប​​​មិន​​ប៉ះពាល់​​សុខភាព?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jun 03, 2019

    ផឹក​​កាហ្វេ​​រាល់​​ថ្ងៃ មាន​​​ដឹ​ងអត់ ញ៉ាំ​​​ប៉ុន្មាន​​​ទើប​​​មិន​​ប៉ះពាល់​​សុខភាព?

    បច្ចុប្បន្ន​ គ្នា​យើង​​មួយ​ចំនួន​ប្រាកដ​​ជា ​ចាត់​ទុក​កាហ្វេ​ជា​ភេសជ្ជៈ​​ពេញ​និយម​មួយ​ក្នុង​បញ្ជី​​ភេសជ្ជៈ​​​ប្រចាំ​ថ្ងៃ មិន​ថា កាហ្វេ​ Ice Latte កាហ្វេ​  Cappuccinos កាហ្វេ​ទឹក​ដោះ​គោ​ធម្មតា ប៉ុន្តែ​​គ្នាយើង​ដឹង​ទេ​ថា កាហ្វេ​​ក្នុង​កម្រិត​ប៉ុន្មាន​ល្អ​សម្រាប់​សុខភាព​ និង​មិន​ល្អ​សម្រាប់​សុខភាព​?

    តាម​ការ​ស្រាវជ្រាវ​​របស់​សាកលវិទ្យាល័យ​ South Australia នៃ​ប្រទេស​អូស្រ្តាលី​បាន​បង្ហាញ​ថា កាហ្វេ​១​-២​​ ពែង​​​/ថ្ងៃ ពុំ​មាន​ហានិភ័យ​​សម្រាប់​សុខភាព​ទេ ថែម​ពី​នោះ​វា​អាច​ផ្តល់​ប្រយោជន៍​​ដល់​អ្នក​ផឹក​ទៀត​ផង។ តែ​យ៉ាង​ណា​មិញ បើ​ផឹក​លើស​ពី ​៦ ​ពែ​ង​ឡើង​/ថ្ងៃ យើង​​នឹង​ប្រឈម​នឹង​ហានិភ័យ​ជំងឺ​បេះដូង​​ ២២% នេះ​បើ​តាម​ការ​ស្រាវ​ជ្រាវ​​ជា​ច្រើន​ករណី​របស់​សាកលវិទ្យាល័យ​ដែល​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អូស្រ្តាលី​មួយ​នេះ​។

    ជា​​មួយ​​គ្នា​នេះ លោក​ស្រី​សាស្រ្តាចារ្យ​ Elina Hypponen នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ខាង​លើ ដែល​បាន​ផ្តោត​ការ​សិក្សា​ទៅ​លើ​បរិមាណ​កាហ្វេ​ដែល​អាច​​មាន​ឥទ្ធិពល​លើ​រាង​កាយ​មនុស្ស​បាន​បង្ហាញ​ថា កាហ្វេ​ក្នុង​បរិមាណ ៦​ ពែង គឺ​​ក្នុង​ ១ ​ពែង​មាន​​ជាតិ​កាហ្វេ​អ៊ីន ៧៥ ​មិល្លីក្រាម​ទៅ​ហើយ ដូច​នេះ​ជាតិ​កាហ្វេអ៊ីន​ ច្រើន​អាច​បង្ក​ឲ្យ​រាង​កាយ​ឡើង​សម្ពាធ​ឈាម​ខ្ពស់​ទៅ​វិញ ហើយ​ក៏​វាក៏ជំរុញ​ឲ្យ​មាន​ជំងឺ​បេះ​ដូង​ផង​ដែរ​។

    លោក​ស្រី​សាស្រ្តាចារ្យ​​បាន​និយាយ​ថា៖ “ប្រើ​សិន​បើ​យើង​​យក​ពែង​មួយ​ជា​រង្វាស់​គោល នោះ​ជាតិ​កាហ្វេអ៊ីន​ក្នុង​នោះ​មាន​ប្រមាណ​​ប្រហែល​ ៧៥ ​មិល្លីក្រាម ហើយ​ចំណែក​ពែង​ឬ​កែវ​កាហ្វេ​ពី​តាម​ហាង​ផ្សេង​ៗ អាច​លើស​ខ្វះ​គ្នា​​ក្នុង​បរិមាណ​​ច្រើន​គួរ​សម ​អាច​​មាន​ដល់​​ ១៥០ ​មិល្លីក្រាម​នៃ​ជាតិ​កាហ្វេ​អ៊ីន​​”។

    កាហ្វេ

    ​​​​​​ដោយ​ឡែក​ លោក​វេជ្ជបណ្ឌិត Gregg Fonarow អ្នក​ជំនាញ​ផ្នែក​បេះ​ដូង នៃ​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា​សហរដ្ឋអាមេរិក​ បាន​បញ្ជាក់​ថា ជាតិ​កាហ្វេអ៊ីន​អាច​មាន​ឥទ្ធិពល​លើ​បេះ​ដូង (បង្កើន​កម្លាំង) តែ​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ ដរាប​ណា​​មិន​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​​ច្រើន​ហួស​ហេតុ។ លោក​អះ​អាង​បែប​នេះ ក៏​ព្រោះ​​ក្រុម​ស្រាវជ្រាវ​របស់​លោក​បាន​រក​ឃើញ​ថា អ្នក​ធ្វើ​ការ​ដែល​មាន​ទម្លាប់​ផឹក​កាហ្វេ ១ ឬ ​២ ពែង​/ថ្ងៃ ពុំ​សូវ​មាន​អត្រា​ជំងឺ​បេះ​ដូង​ទេ តែ​ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​មិន​ដែល​ផឹក​សោះ បែរ​ជា​មាន​អត្រា​ជំងឺ​បេះ​ដូង​ខ្ពស់​ជាង​អ្នក​ធ្វើ​ការ​ទាំង​នោះ​ទៅ​វិញ​។

    លោក​សាស្រ្តាចារ្យ Gregg Fonarow បាន​បន្ថែម​ទៀត​ថា កាហ្វេ​មាន​ផ្ទុក​សារធាតុ​រាប់​ពាន់​សមាសធាតុ​ ដែល​​មាន​ទាំង​សារធាតុ​​ប្រឆាំង​មហារីក Antioxidant និង​មាន​សារធាតុ​ជួយ​​រាង​កាយ​ប្រឆាំងនឹង​ដំណើរ​ហើម​រលាក​ផង​ដែរ ដែល​ទាំង​នេះ​សុទ្ធ​សឹង​​ជា​គុណ​​សម្បត្តិ។

    ជា​មួយ​ការ​សិក្សា​ស្រាវជ្រាវ​​​មួយ​ធ្វើ​ឡើង​​នៅ​ចក្រភព​អង់គ្លេស​ឯ​ណោះ​វិញ បាន​​សិក្សា​ប្រមូល​ផ្តុំ​គ្នា​​​លើ​ទិន្នន័យ​សុរប​​ ពី​យុវជន​ប្រមាណ​ជិត​ ៣​ សែន​នាក់ ទូ​ទាំង​ចក្រភព​អង់គ្លេស ពោល​គឺមាន​ប្រទេស​អង់គ្លេស វ៉ែល ស្កុត​ឡែន និង​អៀរឡង់​ខាង​ជើង បាន​បង្ហាញ​ថា ការ​ញ៉ាំ​កាហ្វេ​ច្រើន​ ​លើស​ពី ​៦ ​ពែង/​ថ្ងៃ​ ​ពិត​ជា​បង្ក​ហានិភ័យ​ជំងឺ​ផ្សេង​ៗ​ដល់​យុវជន ទោះ​បី​ជា​ពួក​គេ​មាន​ប្រព័ន្ធ​ស៊ាំ​ការពារ​រាង​កាយ​ខ្លាំង​ក៏​ដោយ ដោយ​ឡែក​កាហ្វេ​ត្រឹម​តែ ១​-​២​ ពែង/ថ្ងៃ បែរ​ជា​មាន​អត្ថប្រយោជន៍​សម្រាប់​រាង​កាយ​ទៅ​វិញ​។ ​

    អត្ថបទពាក់ព័ន្ធ៖

    ​​​​ ករណី​ស្រាវជ្រាវ​ជា​ច្រើននៅ​តែ​បង្ហាញ​ថា កាហ្វេអ៊ីន​ប្រមាណ ៧៥​ មិល្លីក្រាម ឬ​ប្រមាណ​ ១-​២​ពែង/ថ្ងៃ គឺ​មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព​ដូច​ដែល​​បាន​រៀប​រាប់ តែ​យ៉ាង​ណា​មិញ ក្រុម​អ្នក​ជំនាញ​សុខភាព ក៏​ដូច​ជា​អ្នក​ស្រាវជ្រាវ នៅ​តែ​ទុក​​ករណី​​នេះ​ជា​ការ​​​សិក្សា​លម្អិត​វែក​ញ៉ែក​ជា​បន្ត​ទៀត៕ ​

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Jun 03, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម