backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Atenolol (ឱសថ Atenolol)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Dec 19, 2019

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Atenolol ព្យាបាលអីខ្លះ?

ថ្នាំ Atenolol សម្រាប់​ព្យា​បាល​ជំងឺ​លើស​សម្ពាធ​ឈាម ហើយ​ការ​បញ្ចុះ​សម្ពាធ​ឈាម​ អាច​ជួយ​ការ​ពារ​ពី​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ​គាំង​បេះ​ដូង និង​ជំងឺ​តម្រង​នោម។ ថ្នាំនេះ​ក៏​ប្រើ​សម្រាប់​ព្យា​បាល​បញ្ហា​ឈឺ​ក្នុង​ទ្រូង និង​ដើម្បី​ឲ្យ​អ្នក​ជំងឺ​រស់​បាន​យូរ ក្រោយ​កើត​ជំងឺ​គាំង​បេះ​ដូង។

Atenolol ស្ថិត​នៅ​ក្នុង​ពពួកថ្នាំ Beta blockers មាន​នាទី​ជា​អ្នក​​បង្អាក់​សកម្ម​ភាព​របស់​សារ​ធាតុ​គីមី​​ក្នុង​ខ្លួន​យើង​ដូច​ជា អេពីណេព្រីន ដែល​មាន​នៅ​ក្នុង​បេះ​ដូង និង​នៅ​តាម​សរសៃ​ឈាម។ សកម្ម​ភាព​នេះ​អាច​ជួយ​បន្ថយ​ចង្វាក់​បេះ​ដូង សម្ពាធ​ឈាម និង​ការ​កន្រ្តាក់​បេះ​ដូង។  គ្រូពេទ្យ​អាច​យក​ថ្នាំ​មួយ​នេះ​មក​ព្យាបាល​ជំងឺ​ផ្សេង​ទៀត​ដូច​ជា ចង្វាក់​បេះ​ដូង​លោត​មិន​ទៀង ខ្សោយ​បេះ​ដូង រោគ​សញ្ញា​ញៀន​ក្រោយ​ឈប់ផឹក​ស្រា និង​ប្រើ​ដើម្បី​ការ​ពារ​ឈឺ​ក្បាល​ប្រកាំង។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

​លេប​ថ្នាំ Atenolol ជាមួយ​អាហារ ឬ​លេប​​ពោះ​ទទេ​បាន​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ ហើយ​ជា​ទូទៅ​យើង​ត្រូវ​លេប​ ១-២ ដង/ថ្ងៃ។ ទឹក​ផ្លែ​ប៉ោម និង​ទឹក​ក្រូច​អាច​កាត់​បន្ថយ​អត្រា​បឺត​ស្រូប​របស់​ថ្នាំ Atenolol ដូច​នេះ​យើង​មិន​ត្រូវ​ញ៉ាំទឹក​ផ្លៃ​ប៉ោម ឬ​ទឹក​ក្រូច​នៅ​អំឡុង​ពេល ៤ ម៉ោង​មុន​លេប​ថ្នាំ Atenolol បាន​ឡើយ។ កម្រិត​ថ្នាំ​គឺ​អាស្រ័យ​លើ​ស្ថាន​ភាព​ជំងឺ ​ត្រូវ​ប្រើ​ថ្នាំ​នេះ​ឲ្យ​ទៀង​ទាត់ ដើម្បី​ទទួល​បាន​ប្រសិទ្ធ​ភាព​ខ្ពស់ ទោះ​បី​ជា​យើង​បាន​ធូរ​ស្រាល​ហើយ​ក្តី។ ​ជំងឺ​លើស​ឈាម​ភាគ​ច្រើន មិន​មាន​បង្ហាញ​រោគ​សញ្ញា​ឲ្យ​យើង​ឃើញ​ឡើយ។

បើ​គ្រូ​ពេទ្យ​ឲ្យ​យើង​ប្រើ​ថ្នាំ​នេះ​សម្រាប់​ព្យា​បាល​ជំងឺ​ឈឺ​ក្នុង​ទ្រូង អ្នក​ត្រូវ​លេប​វា​ឲ្យ​បាន​ទៀង​ទាត់ និង​មិន​គួរ​ប្រើ​ថ្នាំ​នេះ​នៅ​ពេល​កំពុង​ឈឺ​ទ្រូង​នោះ​ទេ។ យើង​អាច​ប្រើ​ថ្នាំ​ផ្សេង​ជំនួស ដូច​ជា Nitroglycerin ​ដាក់​ក្រោម​អណ្តាត ដើម្បី​កាត់​បន្ថយ​បញ្ហា​ឈឺ​ទ្រូង​បាន។

អ្នក​អាច​ប្រើ​ថ្នាំ​នេះ​រហូត​ដល់ ១-២​ សប្តាហ៍​ទើប​ឃើញ​ប្រសិទ្ធ​ភាព។ ត្រូវ​ប្រាប់​គ្រូពេទ្យ​បើ​ជំងឺ​​មិន​បាន​ធូរស្បើយ (សម្ពាធ​ឈាម​នៅ​តែ​ខ្ពស់ ឬ​កាន់​តែ​កើន​ឡើង ឬ​​ឧស្សាហ៍​មាន​បញ្ហា​ឈឺ​ក្នុង​ទ្រូង)។

៣- រក្សាទុកដោយវិធីណា?

ថ្នាំ Atelonol អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Atelonol ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវដឹងអ្វីខ្លះមុនប្រើ?

ត្រូវ​ពិភាក្សា​ជាមួយ​​វេជ្ជបណ្ឌិត ​ឬ​ឱសថការី បើ​យើង​កំពុង​ស្ថិត​ក្នុង​ករណី​ដូច​ខាង​ក្រោម៖

– កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះ​កូន។ យើង​អាច​ប្រើ​ថ្នាំ​នេះ​បាន​នៅ​ពេល​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ​ប៉ុណ្ណោះ។

– កំពុង​ប្រើថ្នាំ​ផ្សេង​ទៀត រាប់​បញ្ចូល​ទាំង​ថ្នាំ​មា​ន ឬ​គ្មាន​វេជ្ជបញ្ជា ថ្នាំ​បូរាណ ឬ​ថ្នាំ​បំប៉ន​សុខ​ភាព​ជា​ដើម។

– ​មាន​ប្រតិកម្ម​ជាមួយ​គ្រឿង​ផ្សំ​របស់​ Atenolol ឬ​​ជាមួយ​ថ្នាំ​ផ្សេង​ទៀត

– ​មាន​ជំងឺ​ ឬ​បញ្ហា​អ្វី​ផ្សេងទៀត​នៅ​ក្នុង​ខ្លួន។

ប្រាប់​គ្រូពេទ្យ​បើ​មាន ឬ​ធ្លាប់​មាន​ជំងឺ​ហឺត សួត ទឹក​នោម​ផ្អែម អាលែកហ្ស៊ី​ធ្ងន់​ធ្ងរ លើស​អ័រម៉ូន​ក្រពេញ​ទីរ៉ូ​អ៊ីត ដុំ​សាច់​លើ​ក្រពេញ​អាដ្រេណាល់ ជំងឺ​បេះ​ដូង បេះ​ដូង​លោត​ខ្សោយ បញ្ហា​ប្រព័ន្ធ​ចរន្ត​ឈាម ឬ​ជំងឺ​តម្រង​នោម​​ជា​ដើម។

បើ​ត្រូវ​វះ​កាត់ រាប់​ទាំងការ​វះ​កាត់​បញ្ហា​ធ្មេញ យើង​ត្រូវ​ប្រាប់​គ្រូពេទ្យ ថា​យើង​កំពុង​ប្រើ​ថ្នាំ Atenolol។ ​ត្រូវ​ចង​ចាំ​ថា បើ​យើងធ្លាប់​មាន​អាលែកហ្ស៊ី​ជា​មួយ​សារធាតុ​អ្វី​មួយ នឹង​កាន់​តែ​ធ្ងន់​ធ្ងរ ពេល​យើងប្រើ​ប្រាស់ថ្នាំ Atenolol ហើយ​ប្រតិកម្ម​នេះ​មិន​អាច​បន្សាប​ដោយ​​ ថ្នាំ​អេពីណេហ្វ្រីន ​​ចាក់​នៅ​ក្នុង​កម្រិត​ធម្មតា​បាន​នោះ​ទេ។

៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​សុវត្ថិភាព​ការ​ប្រើ​ថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត D សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់

– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួន

– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ

– D = មាន​ភស្តុតាងជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់

– X = ហាម​ប្រើ

– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផលរំខានមានអ្វីខ្លះ?

ត្រូវ​ប្រញាប់​ទាក់​ទង​ទៅ​គ្រូពេទ្យ បើ​យើង​មាន​សញ្ញា​បញ្ជាក់​អំពី​បញ្ហា​ប្រតិកម្ម​ដូច​ជា ឡើង​កន្ទួល​រមាស់ ពិបាក​ដក​ដង្ហើម ហើម​មុខមាត់ អណ្តាត ឬ​បំពង់​ក។

ផល​រំខាន​មិន​សូវ​ធ្ងន់​ធ្ងរ​៖

– បាត់​បង់​ចំណង់​ផ្លូវ​ភេទ មិន​ងាយ​ឈាន​ដល់​ចំណុច​កំពូល

– គេង​មិន​លក់

– អស់​កម្លាំង

– ថប់​អារម្មណ៍ និង​គិត​ច្រើន។

ផល​រំខាន​​ធ្ងន់​ធ្ងរ​៖

– បេះ​​ដូង​លោត​ខ្សោយ ឬ​មិន​ទៀង​ទាត់

– ​ស្រាល​ក្នុង​ក្បាល ឬ​សន្លប់

– ហត់ ឬ​មាន​អារម្មណ៍​ថប់ៗ

– ហើម​ជើង ឬ​កែង​ជើង

– ចង្អោរ​ ឈឺ​ក្នុង​ពោះ ក្តៅ​ខ្លួន​តិចៗ

– មិន​ឃ្លាន​អាហារ ឡើង​លឿង​លើ​ស្បែក

– ទឹក​នោម​ពណ៌ខ្មៅ លាមកស

– បាក់​ទឹក​ចិត្ត

– ត្រ​ជាក់​នៅ​តាម​ចុង​ដៃ​ចុង​ជើង។

មនុស្ស​​គ្រប់​គ្នា​មិន​ប្រាកដ​ថា​ មាន​ផល​រំខាន​ទាំង​អស់​គ្នា​នោះ​ទេ។ មាន​ផល​រំខាន​ជា​ច្រើន​ទៀត​ ដែល​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ ដូច​នេះ​យើង​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ បើ​នៅ​មាន​កង្វល់​ជុំ​វិញ​ផល​រំខាន​របស់​ថ្នាំ។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- អន្តរកម្មថ្នាំ

Atenolol អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ផ្សេង​ទៀត​យើង​កំពុងប្រើ ធ្វើឲ្យ​ផ្លាស់​ប្ដូរ​អំពើ​របស់​ថ្នាំ ​បង្កើន​គ្រោះ​ថ្នាក់ ​ផល​រំខានទៅ​ដល់​យើង។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិត​ផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ឬ​ផ្លាស់ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

អន្តរកម្ម​ពេលប្រើថ្នាំ​ Atenololជា​មួយ​ថ្នាំ​ដទៃ​ទៀត​មាន​ដូចជា៖ ថ្នាំ​ព្យាបាល​ប្រតិកម្ម​អាលែកហ្ស៊ី ថ្នាំ Amiodarone (Cordarone, Pacerone) ថ្នាំ Clonidine (Catapres) ថ្នាំ Digoxin (digitalis, Lanoxin), ថ្នាំ Disopyramide (Norpace), ថ្នាំ Guanabenz (Wytensin), ថ្នាំ MAO inhibitor ដូច​ជា Isocarboxazid (Marplan), tranylcypromine (Parnate), phenelzine (Nardil), or selegiline (Eldepryl, Emsam), ថ្នាំ​ទឹក​នោម​ផ្អែម​ដូច​ជា អាំង​ស៊ុយ​លីន  Glyburide (Diabeta, Micronase, Glynase), glipizide (Glucotrol), chlorpropamide (Diabinese), ឬ metformin (Glucophage), ថ្នាំ​បេះ​ដូង​ដូច​ជា nifedipine (Procardia, Adalat), reserpine (Serpasil), verapamil (Calan, Verelan, Isoptin), diltiazem (Cartia, Cardizem), ថ្នាំ​ព្យាបាល​ជំងឺ​ហឺត ឬ ជំងឺ​ដង្ហើម​ផ្សេង​ៗ​រួម​មាន Albuterol (Ventolin, Proventil), bitolterol (Tornalate), metaproterenol (Alupent), pirbuterol (Maxair), terbutaline (Brethaire, Brethine, Bricanyl) និង theophylline (Theo-Dur, Theolair) ក៏ដូច​ជា ថ្នាំ​ផ្តា​សាយ ថ្នាំ​កម្លាំង ឬ​ថ្នាំ​សម្រក​ទម្ងន់​ជា​ដើម។

៨- ​អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង

Atenolol អាច​មាន​ប្រតិកម្ម​ជាមួយ​​អាហារ ឬ​ស្រា ​អាច​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​អំពើ​របស់​ថ្នាំ បង្កើន​ហានិភ័យ​ ផល​រំខាន​ធ្ងន់ធ្ងរ។ មុន​នឹង​ប្រើ​ថ្នាំ​នេះ ត្រូវ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ឬ​ឱសថការី ​បើ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ​ ឬ​ស្រា។

៩- ​​អន្តរ​កម្ម​ជាមួយ​សុខភាព

ថ្នាំ Atenolol អាច​មាន​អន្តរកម្ម​ជាមួយ​សុខភាព​យើង ​នាំឲ្យ​ស្ថាន​ភាព​​សុខភាព​​កាន់តែ​ដុនដាប ឬ​អាច​ផ្លាស់ប្ដូរ​អំពើ​ថ្នាំ​ទៀត​ផង។ សំខាន់​បំផុត ​ត្រូវឲ្យ​វេជ្ជបណ្ឌិត ​និង​ឱសថការី ​ដឹង​ពី​ស្ថានភាព​សុខភាព​ទាំងអស់​ដែល​កំពុង​កើត​មាន​ពេល​បច្ចុប្បន្ន។

បញ្ហា​សុខ​ភាព​អាច​មាន​អន្តរ​កម្ម​ជាមួយ​ថ្នាំ Atenolol៖

–​ បេះ​ដូង​លោត​យឺត

– ចង្វាក់​បេះ​ដូង​មិន​ប្រក្រតី

– ខ្សោយ​បេះ​ដូង

– Pheochromocytoma (​ដុំ​នៅ​លើ​ក្រពេញ​អាដ្រេណាល់​លើ​តម្រង​នោម)

– ទឹក​នោម​ផ្អែម

– លើស​អ័រម៉ូន​ក្រពេញ​ទីរ៉ូ​អ៊ីត

– ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប

– ជំងឺ​តម្រង​នោម

– ជំងឺ​សួត (ជំងឺ​ហឺត រលាក​ទង​សួត និង​ជំងឺស្វិត​សួត)។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

ព្យាបាល​លើស​សម្ពាធ​ឈាម​លើ​មនុស្ស​ពេញ​វ័យ៖

– កម្រិត​ដំបូង៖ លេប ៥០មិល្លីក្រាម លេប​មួយ​ថ្ងៃម្តង

– កម្រិត​បន្ទាប់៖ លេប ៥០​-១០០ ​មិល្លីក្រាម លេប​មួយ​ថ្ងៃម្តង។

– កម្រិត​អតិ​បរមា៖ ១០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។

កម្រិត​ប្រើ​ Atenolol Pectoris Prophylaxis លើ​មនុស្ស​ពេញ​វ័យ៖

– កម្រិត​ដំបូង៖ លេប ៥០មិល្លីក្រាម លេប​មួយ​ថ្ងៃម្តង។ ដំឡើង​ទៅ ១០០​មិល្លីក្រាម​ លេប​មួយ​ថ្ងៃម្តង បើ​មិន​ទាន់​ឃើញ​ប្រសិទ្ធ​ភាព​ក្រោយ​ប្រើ​បាន​ ១​ សប្តាហ៍។

– កម្រិត​បន្ទាប់៖ លេប ៥០-២០០​ មិល្លីក្រាម លេប​មួយ​ថ្ងៃម្តង។

– កម្រិត​អតិ​បរមា៖ ២០០ ​មិល្លីក្រាម/ថ្ងៃ។

កម្រិត​ប្រើ​សម្រាប់​ព្យាបាលចុកទ្រូងលើ​មនុស្ស​ពេញ​វ័យ៖

– កម្រិត​ដំបូង៖ លេប ៥០មិល្លីក្រាម លេប​មួយ​ថ្ងៃម្តង។ ដំឡើងទៅ ១០០​មិល្លីក្រាម​ លេប​មួយ​ថ្ងៃម្តង បើ​មិន​ទាន់​ឃើញ​ប្រសិទ្ធ​ភាព​ក្រោយ​ប្រើ​បាន​ ១ ​សប្តាហ៍។

– កម្រិត​បន្ទាប់៖ លេប ៥០-២០០​មិល្លីក្រាម លេប​មួយ​ថ្ងៃម្តង។

– កម្រិត​អតិ​បរមា៖ ២០០​មិល្លីក្រាម/​ថ្ងៃ។

កម្រិត​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​រលួយសាច់ដំុបេះដូង

– លេប ៥០​មិល្លីក្រាម ២​ដង​/​ថ្ងៃ ឬ​ លេប ១០០មិល្លីក្រាម មួយ​ថ្ងៃ​ម្តង។

កម្រិត​ប្រើ​​សម្រាប់​ព្យា​បាល​​លើស​សម្ពាធ​ឈាម​លើ​មនុស្ស​ចាស់៖

– កម្រិត​ដំបូង៖ ត្រូវ​ឲ្យ​គាត់​​​ចាប់​ផ្តើម​លេប ២៥​មិល្លីក្រាម លេប​មួយ​ថ្ងៃ​ម្តង។

១១- ក្មេងត្រូវប្រើកម្រិតណា?

មិន​​ទាន់​មាន​កម្រិត​ប្រើ​សម្រាប់​កុមារ​នៅ​ឡើយ​ទេ អាច​នឹង​មិន​មាន​សុវត្ថិភាព​សម្រាប់​កូន​យើង​។ សូម​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។

១២- មានទម្រង់បែបណាខ្លះ?

ថ្នាំ​គ្រាប់​សម្រាប់លេប ២៥មិល្លីក្រាម ៥០មិល្លីក្រាម និង ១០០ មិល្លីក្រាម។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើថ្នាំ

បើ​ភ្លេច​លេប​ថ្នាំ សូម​លេប​វា​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​លេប​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ លេប​ថ្នាំ​តាម​ពេល​​ត្រូវ​លេប​បន្ត​បាន​ហើយ កុំ​លេប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Dec 19, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម