backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Clotrimazole (ឱសថ Clotrimazole)

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Dec 19, 2019

ស្វែងយល់ពីការប្រើប្រាស់

១- ថ្នាំ Clotrimazole ព្យាបាលអីខ្លះ?

Clotrimazole ជា​ថ្នាំ​សម្រាប់​ព្យាបាល​ការ​ឆ្លង​រោគ​លើ​ស្បែក​ដូច​ជា បញ្ហា​របក​ស្បែក (Athlete’s Foot) រមាស់​ស្បែក​នៅ​កន្លែង​ចង្អៀត (Jock Itch) ជំងឺ​សើ​ស្បែករាង​ជា​រង្វង់​បង្ក​ដោយ​​ផ្សិត (Ringworm) និង​ជំងឺ​ឆ្លង​រោគ​លើ​ស្បែក​ផ្សេងៗ។

ក្រៅ​ពី​នេះ ថ្នាំ Clotrimazole ​ត្រូវ​គេ​យកទៅ​ប្រើ​ព្យាបាល​ជំងឺ​ស្បែក​មួយចំនួន​​ទៀត ​មាន​ដូចជា កើត​ភ្លឺ Pityriasis (Tinea Versicolor) បង្ករ​ពពួក​ផ្សិតធ្វើឲ្យ​ស្បែក​ឡើង​ពណ៌​ស​ ឬ​​ខ្មៅ​ខុស​ធម្មតា នៅ​ត្រង់​ ក ទ្រូង ដៃ ឬ​ជើង។ Clotrimazole ជា​ពពួក​ថ្នាំ​​ប្រឆាំង​មេរោគ​ផ្សិត មាន​នាទី​ទប់​ស្កាត់​មិន​ឲ្យ​ពពួក​ផ្សិត​លូត​លាស់​បាន។

២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច?

អាច​ប្រើ​ថ្នាំ​នេះ​នៅ​តែ​លើ​ស្បែក​​មួយ​មុខគត់ ដោយ​ត្រូវ​សម្អាត​កន្លែង​លាប​ថ្នាំ​ជាមុន ​យក​ថ្នាំលាប​លើ​ស្បែក​ឆ្លង​រោគ ហើយ​ជា​ទូទៅ​​ ត្រូវ​លាប​ ២​ ដង​ក្នុង​ថ្ងៃ ឬ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​អ្នក។ មិន​ត្រូវ​ប្រើ​ថ្នាំ​នេះ​ លើស​ពី​ការ​កំណត់​របស់​គ្រូពេទ្យ​ទេ ព្រោះ​​មិនត្រឹម​តែ​ មិន​អាច​ជួយ​ឲ្យ​ឆាប់​ជាសះ​ស្បើយ​នោះទេ ផ្ទុយ​ទៅ​វិញ​បង្ក​ជា​ផល​រំខាន​កាន់​តែ​ច្រើន។

យើង​អាច​លាប​ថ្នាំ​នេះ​​លើ​ស្បែក​មាន​មេរោគ និង​​នៅ​ជុំវិញបន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។ បន្ទាប់​ពី​លាប​ថ្នាំ​នេះ​រួច ​ត្រូវ​លាង​ដៃ​ឲ្យ​ស្អាត មិន​ត្រូវ​យក​អ្វី​មក​រុំលើ​មុខ​របួស លុះ​ត្រា​តែ​​មាន​ការ​ណែនាំ​ឲ្យ​ធ្វើ​បែប​នេះ។ មិន​ត្រូវ​យក​ថ្នាំ Clotrimazole មក​លាប​លើ​ភ្នែក ច្រមុះ​ មាត់ ឬ​ប្រដាប់​ភេទ​ឡើយ។

ត្រូវ​ប្រើ​ថ្នាំ​នេះ​ឲ្យ​គ្រប់​កម្រិត​តាម​វេជ្ជបញ្ជា​ និង​លាប​ឲ្យ​បាន​ទៀង​ពេល​វេលា​ប្រចាំ​ថ្ងៃ ដើម្បី​ទទួល​ប្រសិទ្ធភាព​ព្យាបាលខ្ពស់។

ត្រូវ​ប្រើ​ថ្នាំ​ Clotrimazole ឲ្យ​គ្រប់​រយៈ​ពេល​កំណត់​ ទោះ​បី​ជា​រោគ​សញ្ញា​បាន​ធូរ​ស្រាល​ក៏​ដោយ។ បើ​ឈប់​ប្រើ​មុន​កំណត់ មេរោគ​នៅ​អាច​បន្ត​លូតលាស់ ធ្វើ​ឲ្យ​យើង​មាន​ជំងឺ​ម្តង​ទៀត។

ប្រាប់​ទៅ​គ្រូពេទ្យ​បើអាការៈ​ជំងឺនៅ​ដដែល ឬ​កាន់​តែ​ធ្ងន់​ធ្ងរ​។

៣- រក្សា​ទុកដោយ​វិធី​ណា?

ថ្នាំ Clotrimazole អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Clotrimazole ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។

ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។

កត្តាគួរប្រុងប្រយ័ត្ន

៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ​?

គ្រប់​ថ្នាំ​ទាំង​អស់​សុទ្ធ​តែ​មាន​ផល​ល្អ​ និង​អាក្រក់។ ដូច​នេះ​ការ​សម្រេច​ចិត្ត​ប្រើ​ប្រាស់​ថ្នាំ អាច​ជារឿង​ពិបាក ហើយ​អាច​នឹង​ជួប​ប្រទះ​ក្រោយ​ប្រើ​ថ្នាំ​នេះ​មាន​ដូចជា៖

– ប្រតិកម្ម​អាលែកហ្ស៊ី៖ ត្រូវ​ប្រាប់​គ្រូពេទ្យ​បើ​​ធ្លាប់​មាន​អាការៈ​មិន​ស្រួល ឬ​ធ្លាប់​មាន​ប្រតិកម្ម​ជា​មួយ​ថ្នាំ​នេះ ឬ​ថ្នាំ​ដទៃ។ ប្រាប់​គ្រូពេទ្យ​បើ​មាន​ប្រតិកម្ម​ផ្សេងៗ ដូចជា ប្រតិកម្ម​ជាមួយ​អាហារ ជាតិ​ពណ៌ សាធាតុ​រក្សា​គុណភាព​អាហារ​បាន​យូរ ឬ​មាន​ប្រតិកម្ម​ជាមួយ​សត្វ។ សម្រាប់​ថ្នាំ គ្មាន​វេជ្ជបញ្ជា​ត្រូវ​អាន​ក្រដាស​ណែ​នាំ ឬ​ពិនិត្យ​រក​មើល​គ្រឿង​ផ្សំ​របស់​ថ្នាំ​ជាមុន។

– សម្រាប់​ក្មេង៖ ថ្នាំ​នេះ​ត្រូវ​បាន​គេ​ធ្វើ​តេស្ត​លើ​កូន​ក្មេង​ ក្នុង​កម្រិត​ថ្នាំ​សម្រាប់​ព្យាបាល។ ប៉ុន្តែ​ការ​ធ្វើ​តេស្ត​មិន​បាន​បង្ហាញ​អំពី​ផល​រំខាន ឬ​បញ្ហា​អ្វី​ធំដុំ​លើស​​ផល​រំខាន​​មានចំពោះ​មនុស្ស​ធំ​នោះ​ទេ។

– សម្រាប់​មនុស្ស​ចាស់៖ មាន​ថ្នាំ​ជា​ច្រើន​ ​មិន​បាន​សិក្សា​លើ​មនុស្ស​ចាស់ ហេតុនេះ​ទើប​មិន​អាច​ដឹង​​ថា ថ្នាំ​ទាំង​នោះដំណើរ​បាន​ល្អ​លើ​មនុស្ស​ចាស់ ដូច​មនុស្ស​ពេញ​វ័យ​ដែរ​អត់។ ទោះយ៉ាង​ណា​ មិន​មាន​ព័ត៌​មាន​ណា​មួយ​ បញ្ជាក់​ពី​ផលរំខាន​ផ្សេងៗ លើ​មនុស្ស​ពេញ​ចាស់ ក្រោយ​ប្រើថ្នាំ​នេះនៅ​ឡើយ​ទេ។ ក្រុម​អ្នក​ជំនាញ​គិត​ថា ថ្នាំ​នេះ​មិន​អាច​ផ្តល់​ផល​រំខាន​លើ​មនុស្ស​ចាស់​ ច្រើន​ជាង​មនុស្ស​ពេញ​វ័យ​ដូចគ្នា។

៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ?

មិនមាន​ព័ត៌មាន​ពី​សុវត្ថិភាព​ការ​ប្រើថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី​នៅ​ឡើយ​ទេ។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ យោង​តាម​រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​ នៅ​អាមេរិក (FDA) ថ្នាំ​នេះ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជីថ្នាំ​គ្រោះថ្នាក់​កម្រិត C សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ។

ចំណាត់​ថ្នាក់​កម្រិត​គ្រោះថ្នាក់​នៃ​ថ្នាំ​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​របស់ FDA មាន​ដូច​ខាង​ក្រោម៖

– A = គ្មាន​គ្រោះថ្នាក់

– B = គ្មាន​គ្រោះថ្នាក់ ក្នុង​ការ​សិក្សា​មួយ​ចំនួនឮ

– C = អាច​មាន​គ្រោះថ្នាក់​ខ្លះៗ

– D = មាន​ភស្តុតាង​ជា​វិជ្ជមាន​ថា​មាន​គ្រោះថ្នាក់

– X = ហាម​ប្រើ

– N = មិន​មាន​ព័ត៌មាន។

ស្វែងយល់ពីផលរំខាន

៦- ផលរំខានមានអ្វីខ្លះ?

​ត្រូវ​បញ្ឈប់​ប្រើ​ថ្នាំ Clotrimazole ភ្លាម ហើយ​ប្រញាប់​ទាក់​ទង​​ទៅ​គ្រូពេទ្យ​ជា​បន្ទាន់ ​បើ​ប្រទះ​រោគ​សញ្ញា​​ប្រតិកម្ម​ថ្នាំ ​ដូច​ជា ពិបាក​ដក​ដង្ហើម បំពង់​ក​រួម​តូច ហើម​បបូរ​មាត់ អណ្តាត មុខ ឬ​កន្ទួល​រមាស់។

ផល​រំខាន​របស់​ថ្នាំនេះ មិន​សូវ​​មាន​ឃើញ​កើត​ឡើង​ច្រើន​ទេ។ យើង​អាច​បន្ត​ប្រើ​ប្រាស់​ថ្នាំ និង​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ បើ​អ្នក​មាន​បញ្ហា​ដូច​ជា៖

– ចង្អោរ ឬ​ឈឺ​ក្រពះ

– ក្អួត

– រមាស់

– មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​មាត់

មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់​ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ ឬ​ឱសថការី​បន្ថែម។

ស្វែងយល់ពីអន្តរកម្មថ្នាំ

៧- អន្តរកម្ម​ថ្នាំ​

ថ្នាំ​យើង​កំពុង​ប្រើ​មួយ​ចំនួន ​អាច​ធ្វើឲ្យ​ប៉ះ​ពាល់​​ប្រសិទ្ធ​ភាព​ថ្នាំ Clotrimazole ឬ​​​បង្កើន​ផល​ប៉ះ​ពាល់​នៃ​ថ្នាំ​កាន់​តែ​ច្រើន។ ដើម្បី​ចៀស​វាង​អន្តរកម្ម​ពី​ថ្នាំ​នេះ ​គួរ​រក្សា​ទុក​បញ្ជី​ឈ្មោះ​ថ្នាំ​ទាំងអស់​យើង​កំពុង​ប្រើ ទាំង​មាន ឬ​គ្មាន​វេជ្ជបញ្ជា​ និង​ផលិតផល​ពី​រុក្ខជាតិ យក​បញ្ជី​នោះ​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី​ពិនិត្យ​មើល។ ដើម្បី​សុវត្ថិភាព កុំ​ចាប់ផ្ដើម​ប្រើ​ ឬ​ឈប់​ប្រើ ផ្លាស់​ប្ដូរ​កម្រិត​ថ្នាំ​ដោយ​គ្មាន​ការ​ណែនាំ​ និង​យល់​ព្រម​ពី​វេជ្ជបណ្ឌិត​ឲ្យ​សោះ។

ប្រើ​ប្រាស់ Clotrimazole ជាមួយ​ថ្នាំ​ដទៃ​ទៀត ពិសេស​ថ្នាំ Fentanyl, Tacrolimus, Trimetrexate អាច​បណ្តាល​ឲ្យ​​ផល​រំខាន​កាន់​តែ​ច្រើន ប៉ុន្តែ​ពេល​ខ្លះ​ការ​ប្រើ​ប្រាស់​ថ្នាំ​ពីរ​មុខ​ចូល​គ្នា ជា​ជម្រើស​ល្អ​សម្រាប់​ព្យាបាល​ជំងឺ​ ហេតុនេះ​គ្រូពេទ្យ​អាច​សម្រេច​ធ្វើ​ការ​កាត់​បន្ថយ​កម្រិត​ថ្នាំ​ឲ្យ​ទាប ឬ​កាត់​បន្ថយ​កុំ​ឲ្យ​ប្រើ​ប្រាស់​ថ្នាំ​ញឹក​ញាប់​ពេក។

៨- អន្តរកម្ម​ជាមួយ​អាហារ ​ឬ​គ្រឿង​ស្រវឹង​

អាហារ ​និង​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​របស់​ថ្នាំ មាន​ការ​ប្រែប្រួល អាច​ធ្វើ​ឲ្យ​មាន​​គ្រោះ​ថ្នាក់​ ឬ​ផល​ប៉ះ​ពាល់​កាន់​តែ​​ធ្ងន់ធ្ងរ។ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ដើម្បី​ដឹង​ពី​ប្រភេទ​អាហារ និង​គ្រឿង​ស្រវឹង​ទាំង​នោះ មុន​ពេល​ចាប់​ផ្តើម​ប្រើប្រាស់​ថ្នាំ។

៩- ​អន្តរ​កម្ម​ជាមួយ​សុខភាព​

ថ្នាំ Clotrimazole ​អាចមាន​អន្តរកម្ម​ជាមួយ​​​បញ្ហា​សុខ​ភាពមួយ​ចំនួនធ្វើ​ឲ្យ​ស្ថាន​ភាព​សុខ​ភាព​កាន់​តែ​ធ្ងន់ធ្ង​រ ឬ​ប្រសិទ្ធភាព​ថ្នាំ​ធ្លាក់​ចុះ។ សំខាន់​បំផុត ​ត្រូវ​ប្រាប់​គ្រូពេទ្យ​គ្រាប់​បញ្ហា​សុខ​ភាព​យើង​កំពុង​មាន​បច្ចុប្បន្ន។

ស្វែងយល់ពីកម្រិតថ្នាំ

ព័ត៌មាន​ទាំងនេះ ​ មិន​បាន​រាប់​ជា​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​នោះ​ទេ។ ​ត្រូវ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ឬ​ឱសថការី ​មុន​ពេល​ចាប់​ផ្តើម​ប្រើ​ប្រាស់​ថ្នាំ​ប្រភេទ​នេះ។

១០- មនុស្សពេញវ័យត្រូវប្រើថ្នាំកម្រិតណា?

– ព្យាបាល​ជំងឺ Tinea Corporis៖ លាប​ថ្នាំ Clotrimazole ឲ្យ​បាន​សព្វ​លើ​ស្បែក​ដែល​ឆ្លង​រោគ និង​តំបន់​ជុំវិញ​នោះ​ឲ្យ​បាន​លឿន ​លាប​ ២ ​ដង/​ថ្ងៃ ​រយៈ​ពេល​ ៤​ សប្តាហ៍​ (អាស្រ័យ​ទៅ​តាម​ស្ថាន​ភាព​ និង​ប្រភេទ​មេរោគ​នៅ​លើ​ស្បែក)។

– ព្យាបាល​ជំងឺ Tinea Cruris៖ លាប​ថ្នាំ Clotrimazole ឲ្យ​បាន​សព្វ​លើ​ស្បែក​ដែល​ឆ្លង​រោគ និង​តំបន់​ជុំវិញ​នោះ​ឲ្យ​បាន​លឿន លាប​ ២ ដង/​ថ្ងៃ ​រយៈ​ពេល​ ២​ សប្តាហ៍ (អាស្រ័យ​ទៅ​តាម​ស្ថាន​ភាព​ និង​ប្រភេទ​មេរោគ​នៅ​លើ​ស្បែក)។

– ព្យា​បាល​ទឹក​ស៊ី​ជើង Tinea Pedis៖ លាប​ថ្នាំ Clotrimazole ឲ្យ​បាន​សព្វ​លើ​ស្បែក​ដែល​ឆ្លង​រោគ និង​តំបន់​ជុំវិញ​នោះ​ឲ្យ​បាន​លឿន លាប​ ២ ដង​/ថ្ងៃ ​រយៈ​ពេល ៤-៨ សប្តាហ៍ (អាស្រ័យ​ទៅ​តាម​ស្ថាន​ភាព​ និង​ប្រភេទ​មេរោគ​នៅ​លើ​ស្បែក)។

– ព្យាបាលជំងឺ Cutaneous Candidiasis៖ លាប​ថ្នាំ Clotrimazole ឲ្យ​បាន​សព្វ​លើ​ស្បែក​ដែល​ឆ្លង​រោគ និង​តំបន់​ជុំវិញ​នោះ​ឲ្យ​បាន​លឿន លាប​ ២ ​ដង​ក្នុង​មួយ​ថ្ងៃ ​រយៈ​ពេល ២-៤​ សប្តាហ៍​ (អាស្រ័យ​ទៅ​តាម​ស្ថាន​ភាព​ និង​ប្រភេទ​មេរោគ​នៅ​លើ​ស្បែក)។

– ព្យាបាលជំងឺ Tinea Versicolor៖ លាប​ថ្នាំ Clotrimazole ឲ្យ​បាន​សព្វ​លើ​ស្បែក​ដែល​ឆ្លង​រោគ និង​តំបន់​ជុំវិញ​នោះ​ឲ្យ​បាន​លឿន លាប​ ២ ដង​ក្នុង​មួយ​ថ្ងៃ ​រយៈ​ពេល ២-៤ សប្តាហ៍ (អាស្រ័យ​ទៅ​តាម​ស្ថាន​ភាព​ និង​ប្រភេទ​មេរោគ​នៅ​លើ​ស្បែក)។

១១- ក្មេងត្រូវប្រើកម្រិតណា?

– ព្យាបាលជំងឺ Tinea Corporis លើ​ក្មេង​អាយុ​ ៣ ​ឆ្នាំឡើង៖ លាប​ថ្នាំ Clotrimazole ឲ្យ​បាន​សព្វ​លើ​ស្បែក​ដែល​ឆ្លង​រោគ និង​តំបន់​ជុំវិញ​នោះ​ឲ្យ​បាន​លឿន លាប​ ២ ​ដង​/ថ្ងៃ ​រយៈ​ពេល ៤​ សប្តាហ៍ (អាស្រ័យ​ទៅ​តាម​ស្ថាន​ភាព​ និង​ប្រភេទ​មេរោគ​នៅ​លើ​ស្បែក)។

– ព្យាបាលជំងឺ Tinea Cruris លើ​ក្មេង​អាយុ​ ៣ ​ឆ្នាំឡើង៖ លាប​ថ្នាំ Clotrimazole ឲ្យ​បាន​សព្វ​លើ​ស្បែក​ដែល​ឆ្លង​រោគ និង​តំបន់​ជុំវិញ​នោះ​ឲ្យ​បាន​លឿន លាប​ ២ ​ដង​ក្នុង​មួយ​/ថ្ងៃ ​រយៈ​ពេល ២​ សប្តាហ៍​ (អាស្រ័យ​ទៅ​តាម​ស្ថាន​ភាព​ និង​ប្រភេទ​មេរោគ​នៅ​លើ​ស្បែក)។

-ព្យា​បាល​ទឹក​ស៊ី​ជើង (Tinea Pedis) លើក្មេង​អាយុ​ ៣ ​ឆ្នាំឡើង៖ លាប​ថ្នាំ Clotrimazole ឲ្យ​បាន​សព្វ​លើ​ស្បែក​ដែល​ឆ្លង​រោគ និង​តំបន់​ជុំវិញ​នោះ​ឲ្យ​បាន​លឿន លាប​ ២ ​ដង/ថ្ងៃ ​រយៈ​ពេល ៤-៨​ សប្តាហ៍​ (អាស្រ័យ​ទៅ​តាម​ស្ថាន​ភាព​ និង​ប្រភេទ​មេរោគ​នៅ​លើ​ស្បែក)។

-ព្យាបាល​ជំងឺ Cutaneous Candidiasis លើក្មេង​អាយុ​ ៣ ​ឆ្នាំឡើង៖ លាប​ថ្នាំ Clotrimazole ឲ្យ​បាន​សព្វ​លើ​ស្បែក​ដែល​ឆ្លង​រោគ និង​តំបន់​ជុំវិញ​នោះ​ឲ្យបានលឿន​លាប​ ២ ​ដង​/​ថ្ងៃ ​រយៈ​ពេល ២-៤​ សប្តាហ៍​ (អាស្រ័យ​ទៅ​តាម​ស្ថាន​ភាព​ និង​ប្រភេទ​មេរោគ​នៅ​លើ​ស្បែក)។

-ព្យាបាល​ជំងឺ Tinea Versicolor លើ​ក្មេង​ក្មេង​អាយុ​ ៣ ​ឆ្នាំឡើង៖​ លាប​ថ្នាំ Clotrimazole ឲ្យ​បាន​សព្វ​លើ​ស្បែក​ដែល​ឆ្លង​រោគ និង​តំបន់​ជុំវិញ​នោះ​ឲ្យបានលឿន លាប​ ២ ​ដង/​ថ្ងៃ ​រយៈ​ពេល ២-៤​ សប្តាហ៍​ (អាស្រ័យ​ទៅ​តាម​ស្ថាន​ភាព​ និង​ប្រភេទ​មេរោគ​នៅ​លើ​ស្បែក)។

១២- មានទម្រង់បែបណាខ្លះ?

ថ្នាំ Clotrimazole ​មាន​ក្នុង​កម្រិត និង​ទម្រង់​ដូច​ខាង​ក្រោម៖

– ថ្នាំ​លាប​ប្រភេទ​ជែល កម្រិត ១​ភាគរយ

– ថ្នាំ​គ្រាប់​សុល​តាម​ទ្វារ​មាស ១០០​មិល្លីក្រាម និង ៥០០​មិល្លីក្រាម

– ថ្នាំ​លាប​លើ​ស្បែក កម្រិត ១​ភាគ​រយ។

១៣- ករណី​បន្ទាន់​​ ឬ​ប្រើ​ថ្នាំ​លើស​កម្រិត

សូម​ទូរសព្ទ​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ ១១៩ ឬ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។

១៤- ករណី​ភ្លេច​ប្រើ​ថ្នាំ

បើ​ភ្លេច​លាប​ថ្នាំ សូម​លាបវិញ​ភ្លាម ប៉ុន្តែ​បើ​កៀក​ពេល​ត្រូវ​ប្រើ​ថ្នាំ​បន្ទាប់ ត្រូវ​រំលង​ថ្នាំ​ភ្លេច​នោះ ប្រើ​ថ្នាំ​តាម​ពេល​​ត្រូវ​ប្រើ​បន្ត​បាន​ហើយ កុំ​លាប​ថ្នាំ​ពីរ​កម្រិត​ក្នុង​ពេល​តែ​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Dec 19, 2019

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម