ជំងឺក្រិនថ្លើម គឺជាជំងឺថ្លើមដំណាក់កាលចុងក្រោយ ដែលជាលិកាថ្លើមប្រែទៅជាក្រិន។ នៅពេលជំងឺក្រិនថ្លើមវិវដ្ដ ជាជាលិកាថ្លើមប្រែទៅជាក្រិនកាន់តែច្រើនឡើងៗដែលធ្វើឱ្យថ្លើមពិបាកដំណើរការ។ ជាលទ្ធិផលវាអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិត។ តើអ្នកជំងឺក្រិនថ្លើមមានអាការៈអ្វីខ្លះ?
អាការៈជំងឺក្រិនថ្លើម គឺអាស្រ័យលើភាពធ្ងន់ធ្ងរនៃជំងឺ។ នៅដំណាក់កាលដំបូងយើងប្រហែលជាមិនមានអាការៈអ្វីទេ។ ប្រសិនបើមាន យើងអាចច្រឡំអាការៈទាំងនោះនឹងអាការៈជំងឺផ្សេងៗទៀត។
អាការៈ និងរោគសញ្ញាដំបូងនៃជំងឺក្រិនថ្លើមរួមមាន៖
- មិនឈ្លានអាហារ
- ខ្សោយ ឬអស់កម្លាំង
- ចង្អោរ
- គ្រុន
- ស្រកទម្ងន់ដោយគ្មានមូលហេតុ
នៅពេលជំងឺក្រិនថ្លើមវិវដ្ដកាន់តែធ្ងន់ធ្ងរ នឹងចេញអាការៈកាន់តែច្រើនទៀតដូចជា៖
- លាមកមានពណ៌ស្រាល
- ទឹកនោមមានពណ៌ទឹកក្រូច ឬពណ៌ត្នោត
- ងាយឈាមច្រមុះ ឬអញ្ចាញធ្មេញ
- ងាយជាំ
- ហើមជើង ប្រអប់ជើង ឬកជើង
- រមាស់ស្បែក
- ស្បែកនិងភ្នែកប្រែជាលឿង (ជំងឺខាន់លឿង)
- កើតទាចទឹក
- ឡើងសរសៃឈាមដូចពីងពាងនៅលើស្បែក
- ក្រហមបាតដៃ
- បាត់រដូវទាំងមិនទាន់ដល់អាយុអស់រដូវ (ស្រ្តី)
- បាត់បង់ចំណង់ផ្លូវភេទ សុដន់រីកធំ ឬស្វិតពងស្វាស (បុរស)
- វង្វេងវង្វាន់
- និយាយត្រដិត
- មានឈាមក្នុងឈាមក
ប្រសិនបើយើងមានអាការៈណាមួយដូចដែលបានរៀបរាប់ខាងលើ ត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់។ ជាទូទៅការខូចខាតថ្លើមដែលបណ្តាលមកពីជំងឺក្រិនថ្លើមមិនអាចជាវិញទេ។ ប៉ុន្តែប្រសិនបើយើងឆាប់ដឹងថាមានជំងឺក្រិនថ្លើម និងធ្វើការព្យាបាលទាន់ពេល យើងអាចបញ្ឈប់ថ្លើមពីការខូចខាតបន្ថែមទៀតបាន។
[embed-health-tool-bmr]