តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ស្រ្តីមាន​ផ្ទៃពោះ ធ្វើម៉េច​ដឹង​ថា​កំពុងខ្វះជាតិស្ករ?

    ស្រ្តីមាន​ផ្ទៃពោះ ធ្វើម៉េច​ដឹង​ថា​កំពុងខ្វះជាតិស្ករ?

    ការខ្វះ​ជាតិ​ស្ករ​​​ក្នុង​ឈាម​ ឬ​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ គឺ​​មិន​សូវ​កើត​មាន​ជា​ញឹកញាប់​ឡើយ​ ប៉ុន្តែ​វា​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។ ​បញ្ហា​​នេះ​អាច​កើត​ឡើង​ដោយសារ​បម្រុង​កើត​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ ឬ​ប្រភេទ​២​ ឬ​ការវិវត្ត​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​គភ៌​។ ការ​​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​នេះ​ដែរ​ គឺ​កើត​មាន​ជា​ទូទៅ​ចំពោះ​ស្ត្រី​មាន​គភ៌ ដែល​កំពុង​ប្រើប្រាស់​ថ្នាំ​​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ថយ​ចុះ​ ដូចជាចាក់​​អាំងស៊ុយលីន​ ឬ​ថ្នាំ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ជាក់លាក់​មួយ​ចំនួន​។​ យ៉ាង​ណា​មិញ​ ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ក៏​អាច​ប៉ះពាល់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មិន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ដូច​គ្នា​។

    ហេតុអ្វី​បាន​ជា​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ នៅ​អំឡុង​ពេល​ពពោះ​?

    ជាតិ​ស្ករ​ក្នុង​ឈាម​ ឬ​គ្លុយកូស​ គឺ​ជា​ប្រភព​ថាមពល​ដ៏​សំខាន់​របស់​រាងកាយ​។​ រាងកាយ​ទទួល​បាន​គ្លុយកូស​ចម្បង​​ ​តាម​រយៈ​ការ​ធ្វើ​មេតាប៉ូលីស​កាបូអ៊ីដ្រាត​នៅ​ក្នុង​អាហារ។​ អ័រម៉ូន​អាំងស៊ុយលីន​​ជួយ​បម្លាស់ទី​គ្លុយកូស​ចេញ​ពី​ចរន្ត​ឈាម​ និង​ចូល​ទៅ​ក្នុង​កោសិកា​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ទៅ​ជា​ថាមពល​។

    យ៉ាង​ណា​មិញ អ្នក​ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ មិន​អាច​ផលិត​អាំងស៊ុយលីន​គ្រប់គ្រាន់​ ឬ​ប្រើប្រាស់​វា​ប្រកប​ដោយ​ប្រសិទ្ធភាព​ឡើយ​។​ ដោយ​គ្មាន​សកម្មភាព​អាំងស៊ុយលីន​គ្រប់គ្រាន់​ គ្លុយកូស​​​កកើត​ឡើង​នៅ​ក្នុង​ចរន្ត​ឈាម​ ដែល​បណ្ដាល​ឲ្យ​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​។​ ជា​លទ្ធផល​ មនុស្ស​ជា​ច្រើន​ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ត្រូវការ​ប្រើប្រាស់​ថ្នាំ​ដើម្បី​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ត្រលប់​មក​រក​កម្រិត​ធម្មតា​វិញ​។​ ប៉ុន្តែ​ ការ​ប្រើប្រាស់​ថ្នាំ​ច្រើន​ហួសហេតុ​​ ក៏​អាច​បណ្ដាល​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ទាប​ជ្រុល​ផង​ដែរ​។

    រោគ​សញ្ញា​នៃ​ជំងឺ​ខ្វះ​ជាតិ​ស្ករ​​​ក្នុង​ឈាម

    ​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​៧០មីល្លីក្រាម​/ដេស៊ីលីត្រ ឬ​តិច​ជាង​នេះ​ បង្ហាញ​ថា​យើង​មាន​ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​។​ រោគ​សញ្ញា​នៃ​ជំងឺ​នេះ​អាច​វិវត្តយ៉ាង​ឆាប់​រហ័ស​។​ ប្រសិនបើ​ពុំ​មាន​ការ​ព្យាបាល​ទេ​នោះ​ ​បញ្ហាខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​បណ្ដាល​ឲ្យ​ម៉ាក់​ៗ​ចាំបាច់​ត្រូវ​ធ្វើការ​សង្គ្រោះ​បន្ទាន់​ផង​ដែរ​។​ រោគ​សញ្ញា​របស់​​បញ្ហា​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​រួម​មាន​៖

    • ឆាប់​ឃ្លាន​
    • ឆាប់​ខឹង​
    • មាន​អារម្មណ៍​ញ័រ​
    • វង្វេង​ស្មារតី​
    • វិល​មុខ
    • បែក​ញើស​
    • ខ្សោយ​ ​ឬ​អស់​កម្លាំង

    នៅ​ក្នុង​ករណី​ធ្ងន់ធ្ងរ​ ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​បណ្ដាល​ឲ្យ​យើង​សន្លប់​ ឬ​ស្លាប់​ក៏​មាន​។

    ​​ការ​ព្យាបាល​ជំងឺ​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម

    ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ ចាំបាច់​ត្រូវការ​ការ​ព្យាបាល​ភ្លាម​ៗ​ ដោយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​កាបូអ៊ីដ្រាត​។​ អាហារ​ប្រភេទ​នេះ​មាន​ដូចជា​ស្ករ​គ្រាប់​ ឬ​ទឹក​ផ្លែឈើ​ជា​ដើម។​ ពិត​ណាស់​ រាងកាយ​របស់​យើង​ធ្វើ​មេតាប៉ូលីស​កាបូអ៊ីដ្រាត​ទាំង​នេះ​យ៉ាង​ឆាប់​រហ័ស​ ដែល​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ភ្លាម​ៗ​។

    ជម្រើស​អាហារ​ល្អ​ៗ​ដែល​មាន​ជាតិ​កាបូអ៊ីដ្រាត​រួម​មាន​៖

    • ទឹក​ផ្លែឈើ​កន្លះ​ពែង​
    • ស្ករ​គ្រាប់​ចំនួន​២ឬ៣​គ្រាប់​
    • ស្ករ​ស ឬ​ទឹក​ឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ​
    • ថ្នាំ​គ្រាប់​​គ្លុយកូស​ចំនួន​៣ ឬ​៤​គ្រាប់

    ជាតិស្ករទាប២

    តើ​យើង​ការពារ​បញ្ហា​ខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​​ នៅ​ពេល​មាន​ផ្ទៃពោះ​យ៉ាង​ដូចម្ដេច​?

    ​​​​​​វិធី​ការពារ​កុំ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​​ចុះ​ទាប​ គឺ​ម៉ាក់​ៗ​ត្រូវ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​នៅ​ថេរ​ពេញ​មួយ​ថ្ងៃ​។​ ស្ត្រី​ពពោះ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​គប្បី​ញ៉ាំ​អាហារ​តិចតួច​ និង​​ឲ្យ​បាន​ញឹកញាប់​។​ ចូរ​ញ៉ាំ​អាហារ​​មាន​តុល្យភាព​ល្អ​ ដែល​ផ្ទុក​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​ កាបូអ៊ីដ្រាត​ ​(complex carbs) ​ដូចជា​គ្រាប់ធញ្ញជាតិ​ និង​បន្លែ​ ជា​ដើម​​។​ បន្ថែម​ពី​នេះ​ ចូរ​កុំ​ខកខាន​ក្នុង​ការ​ញ៉ាំ​អាហារ​ឲ្យ​សោះ​ និង​ត្រូវ​តាមដាន​ជាតិ​ស្ករ​ក្នុង​ឈាម​ នៅ​អំឡុង​ពេល​ និង​បន្ទាប់​ពេល​ធ្វើ​លំហាត់​ប្រាណ​រួច​។​ នៅ​អំឡុង​ពេល​មាន​គភ៌​ ការ​ធ្វើ​លំហាត់​ប្រាណ​មាន​សារសំខាន់​ណាស់​​ ពីព្រោះ​វា​អាច​ជួយ​ឲ្យ​រាងកាយ​ប្រើប្រាស់​អាំងស៊ុយលីន​ប្រកប​ដោយ​ប្រសិទ្ធភាព​ ដែល​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ថយ​ចុះ​។​ ប៉ុន្តែ​ ការ​ធ្វើ​លំហាត់​ប្រាណ​ច្រើន​ជ្រុល​ ដោយ​ពុំ​​បាន​​ញ៉ាំ​អាហារ​ត្រឹមត្រូវ​ ក៏​អាច​បណ្ដាល​ឲ្យ​ម៉ាក់​ៗ​កើត​មាន​បញ្ហាខ្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​ផង​ដែរ​។

    health-tool-icon

    ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

    រង្វាស់សុខភាពមួយនេះអាចប្រើប្រាស់ក្នុងករណីស្ត្រីពពោះថាតើស្ថិតក្នុងចន្លោះណាមានសុខភាពល្អទាំងខ្លួនឯងនិងកូនក្នុងផ្ទៃ ផ្អែកទៅលើទម្ងន់មុនពេលដឹងខ្លួនមានផ្ទៃពោះ។

    28

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.livestrong.com/article/463690-hypoglycemic-when-pregnant/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 16/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត